អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់​បាញ់​សាក​មីស៊ីល ​បាន​ជោគជ័យ ​ខណៈ​សហរដ្ឋ​អាមេរិក​ គំរាម​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយថ្ងៃ​ក្រោយ​ការ​ធ្វើ​ការ​ដង្ហែរ​ក្បួន​យោធា​ បង្ហាញ​គ្រាប់​មីស៊ីល ​និង​គ្រឿង​សព្វាវុធ​ ទូរទស្សន៍​ជាតិ ​អ៊ីរ៉ង់​ បាន​ប្រកាស​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ​ទី២៣​កញ្ញា​នេះថា​ កងទ័ព​អ៊ីរ៉ង់​ បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ថ្មី ​របស់​អ៊ីរ៉ង់​ បាន​ដោយ​ជោគជ័យ។ សូម​បញ្ជាក់​ថា ​ការ​បាញ់​សាក​ល្បង​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថ្កោលទោស​អ៊ីរ៉ង់ ​នៅ​ចំពោះមុខ​មហា​សន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ​ព្រមទាំង​បាន​គំរាម​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀតផង។

មីស៊ីល ​Khoramshahr របស់អ៊ីរ៉ង់ ដែល​តាំង​បង្ហាញ​នៅ​ថ្ងៃទី ២២ កញ្ញា ២០១៧​
មីស៊ីល ​Khoramshahr របស់អ៊ីរ៉ង់ ដែល​តាំង​បង្ហាញ​នៅ​ថ្ងៃទី ២២ កញ្ញា ២០១៧​ STR / AFP
ផ្សាយពាណិជ្ជកម្ម

តើ​ការ​បាញ់​សាក​ល្បង​មីស៊ីល​ថ្មី​របស់​អ៊ីរ៉ង់​នេះ ​នឹង​បង្ក​ជា​ផលវិបាក​អ្វីខ្លះ ​ដល់​ទំនាក់ទំនង​រវាង​អាមេរិក​ និង​អ៊ីរ៉ង់​ និង​ជា​ពិសេស​ដល់ ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០១៥?

មីស៊ីល​ក្បាល​ច្រើន

ទូរទស្សន៍ជាតិ​អ៊ីរ៉ង់​ បាន​ផ្សាយ​រូបភាព​ជាច្រើន ​នៅ​ថ្ងៃសៅរ៍​ទី​២៣ ​កញ្ញា​នេះ ​ដោយ​រូបភាព​នោះ​បង្ហាញ​ពី​សកម្មភាព​បាញ់​បង្ហោះ​មីស៊ីល។ បន្ទាប់​មក​ទៀត ​ក៏មាន​រូបភាព​ ដែល​ថត​ចេញ​ពី​ក្នុង​មីស៊ីល ​ក្នុង​ពេល​ហោះ​ឡើង​ទៅ​លើ​ទៀតផង។ មីស៊ីល ​ដែល​គេ​បាញ់​សាក​ល្បង​នេះ ​មាន​ឈ្មោះ​ថា​ Khoramshahr​ ដែល​អាច​ហោះ​បាន​ចំងាយ ​២០០០​គីឡូម៉ែត្រ។ លក្ខណៈ​ពិសេស ​របស់​មីស៊ីល​នេះ ​គឺថា​ វាអាច​បំពាក់​ក្បាល​គ្រាប់​បាន​ច្រើន ​ពោល​គឺ​មាន​ន័យ​ថា ​មីស៊ីល​តែមួយ​គ្រាប់ ​តែ​វា​អាច​បំបែក​ក្បាល ​ចេញ​ទៅ​បាញ់​គោល​ដៅ​ផ្សេងគ្នា ​បាន​ច្រើន។ នេះបើ​តាម​ការ​ប្រកាស​របស់​ លោក​ Amir Ali Hadjizadeh ​អគ្គបញ្ជាការ​កម្លាំង​អវកាស​របស់​អ៊ីរ៉ង់។

ក្នុង​ព័ត៌មាន​ដែល​ផ្សាយ ​គេ​មិន​បាន​បញ្ជាក់​ថា ​បាញ់​សាកកាល​ពី​ថ្ងៃ​ណា​ទេ។ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃសុក្រ ​ទី ​២២​កញ្ញា​នេះ ​នៅក្រុង​តេអេរ៉ង់​​ មាន​ពិធី​ដង្ហែរ​ក្បួន​យោធា​មួយ​ដ៏​ធំ ​ដើម្បី​រំលឹក​ថ្ងៃ​ផ្ទុះ​សង្រ្គាម​អ៊ីរ៉ាក់​ អ៊ីរ៉ង់​នៅ​ឆ្នាំ​១៩៨០​ ដែល​ក្នុង​ឱកាស​នោះ ​គេ​ឃើញ​ទូរទស្សន៍​អ៊ីរ៉ង់​ ផ្សាយ​រូបភាព​ដង្ហែរ​មីស៊ីល។ បន្ទាប់​មក​ក្នុង​ឱកាស​នោះ ​មន្ត្រី​ធំៗ​របស់​អ៊ីរ៉ង់​ បាន​អះអាង​ថា​ជា​មីស៊ីល​ថ្មី​របស់​គេ ​ហើយ​នឹង​ត្រូវ​អាច​ប្រើប្រាស់​បាន​ក្នុងពេល​ដ៏ឆាប់​ខាង​មុខ។ ដូច្នេះ ​ក្នុងន័យ​នេះ ​គឺ​គេ​អាច​សន្និដ្ឋាន​ថា​គ្រាប់​មីស៊ីល​ក្បាល​ច្រើន ​ថ្មី​របស់​អ៊ីរ៉ង់​នេះ ​អាច​ត្រូវ​បាន​គេ​បាញ់​សាកល្បង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​តែម្តង។

ក្រៅ​ពី​មីស៊ីល​ក្បាល​ច្រើន​ថ្មី ​ឈ្មោះ ​Khoramshahr ​នេះ ​អ៊ីរ៉ង់​​មាន​មីស៊ីល ​ពីរ​ប្រភេទ​ទៀត​ ឈ្មោះ ​Ghadr-F​ និង​ Sejil​ ដែល​សុទ្ធ​តែ​រត់​បាន​ចំងាយ​២០០០​គីឡូម៉ែត្រ។ ​មាន​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ ខ្លះ ​បាន​អះអាង​ថា​ អ៊ីរ៉ង់​ មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​ហើយ ​ដើម្បី​អភិវឌ្ឍន៍ ​មីស៊ីល​គេ​ ឲ្យ​រត់​បាន​ចំងាយ​ឆ្ងាយ​ជាង​នេះ។

អ៊ីរ៉ង់ថា ​មាន​មីស៊ីល​ការពារខ្លួន​ គឺជា​សិទ្ធិ​របស់​អ៊ីរ៉ង់!

កាល​ពីថ្ងៃ​ទី ​១៩​ កញ្ញា​ នៅ​ចំពោះ​មុខ​អង្គ​មហាសន្និបាត ​នៃ​អង្គការ​សហប្រជាជាតិ ​លោក​ដូណាល់ ត្រាំ​ បាន​បរិហារ​អ៊ីរ៉ង់​ថា ​ជា​ប្រទេស ​យូកូង។ យើង​អាច​កាត់យល់​ថា ​មីស៊ីល​ថ្មី​នេះ ​​គឺ​ជា​ការ​ឆ្លើយតប ​ទៅនឹង​សម្តី​របស់​លោក​ដូណាល់ ត្រាំ ​ដែល​ខាង​ភាគី​អ៊ីរ៉ង់​ ចាត់​ទុក​ថា​ជា​សម្តី​មើលងាយ ​និង​គំរាម​កំហែង។ អ៊ីរ៉ង​​ តែងតែ​ប្រកាន់​គោល​ជំហរ​ខ្លួន​ ជានិច្ច​ថា ​រឿង​កម្មវិធី​នុយក្លេអ៊ែរ ​និង​រឿង​អាវុធ​មីស៊ីល​ការពារ​ខ្លួន​គឺ​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក។ សម្រាប់​អ៊ីរ៉ង់​ វាគឺ​ជា​សិទ្ធិ​ស្របច្បាប់ ​របស់​អ៊ីរ៉ង់​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ​ពេញ​អធិបតេយ្យ ​គឺគេ​មាន​សិទ្ធិ​មាន​អាវុធ​ ដើម្បី​ការពារ​ខ្លួន។ សិទ្ធិ​នេះ ​ប្រទេស​ណាក៏​មាន​ដែរ ​មិនមែន​មាន​តែ​សម្រាប់​អាមេរិក​មួយ​ទេ។

នៅក្នុង​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ ​ដែល​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ ​ជាមួយ​មហាអំណាច​៦​ប្រទេស ​បារាំង​ អាមេរិក​ ចិន​ រុស្ស៊ី​ អង់គ្លេស ​និង​អាល្លឺម៉ង់ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​ នោះ ​គឺ​គេ​ពុំបាន​ចែង​ស្តីពី ​ការ​ហាមឃាត់​នូវ​ការ​អភិវឌ្ឍន៍​អាវុធ​បាលីស្ទីក​ទេ។ សម្រាប់​អ៊ីរ៉ង់​ ចំណុច​នេះ​គឺ​ច្បាស់​ណាស់។ ក្នុង​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៥​ គឺ​គ្រប់គ្រង​តែ​ សកម្មភាព​ចំរាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម ​ដែល​អាច​យក​ទៅ​ប្រើ​ធ្វើជា​អាវុធ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ។ តែ​ក្រោយ​មក ​នៅខែ​ឧសភា ​ឆ្នាំ​២០១៦ ​គឺ​សេចក្តី​សម្រេចចិត្ត​លេខ​ 2231​ របស់​អង្គការ​សហប្រជាជាតិ​ទេ​ ដែល​បាន​ហាម​ឃាត់​បន្ថែម ​ថា​អ៊ីរ៉ង់​មិន​ត្រូវ​អភិវឌ្ឍ​ កម្មវិធី​កាំជ្រួច​បាលីស្ទីក​ ​ដែល​មាន​ទិសដៅ ​យកទៅ​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ឡើយ។

ក៏ប៉ុន្តែ ​ទាំងលើក​នេះ​ ទាំង​លើក​មុន​ អ៊ីរ៉ង់​ អះអាង​ថា ​កាំជ្រួច​មីស៊ីល​របស់​គេ ​គឺ​ជា​កាំជ្រួច​សាមញ្ញ ​ហើយ​មិនមែន​ផលិត​ឡើង ​ក្នុង​បំណង​យក​ទៅ​បំពាក់​ក្បាល​គ្រាប់​នុយក្លែងអ៊ែរ​ឡើយ។ ជាង​នេះ​ទៅទៀត​ អ៊ីរ៉ង់​ ពុំមាន​កម្មវិធី​ ចំរាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​ ដើម្បី​យក​ទៅ​ផលិត​ក្បាល​នុយក្លេអ៊ែរ​ទេ។ តែ​ សំណួរ​សួរ​ថា​ សហគមន៍​អន្តរជាតិ ​អាច​ជឿ​ការ​អះអាង​របស់​អ៊ីរ៉ង់​នេះ​ កំរិត​ណា?​ ​ត្រង់នេះ​ហើយ​​ដែល ​ធ្វើឲ្យ​រដ្ឋាភិបាល ​និង​ថ្នាក់​ដឹក​នាំ​អាមេរិក​ខ្លះ​ ចោទ​ប្រកាន់​អ៊ីរ៉ង់​ ថា​កំពុង​លេង​ខ្សែ​លើ។

លោក​ដូណាល់ ត្រាំ ​អាច​ដក​ខ្លួន​អាមេរិក ​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ដែរ​ឬ​ទេ?

ដូចយើង​បាន​ឃើញ​ហើយ ​លោក​ដូណាល់ ត្រាំ​ បាន​សន្យា​កាល​ពី​ពេល​ឃោសនា​បោះឆ្នោត ​ថា​គាត់​នឹង​ដក​អាមេរិក​ចេញ​ ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ ​ហើយ​គាត់​បាន​ធ្វើ​មែន។ ដូចគ្នា​ដែរ​ គាត់​បាន​សន្យា​ថា ​បើ​គាត់​ឡើង​កាន់​តំណែង ​គាត់​នឹង​ហែក ​កិច្ច​ព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចោល។ យ៉ាងណាមិញ ​ក្នុង​សន្ទរក​ថា ​កាល​ពី​ថ្ងៃ​ទី​១៩​កញ្ញា​ នៅ​អង្គការ​សហប្រជាជាតិ ​យើង​ឃើញ​ថា​ លោក​ដូណាល់​ត្រាំ ​មិន​បាន​ផ្លាស់ប្តូរ​គោល​ជំហរ​នេះទេ។ គាត់​បាន​និយាយ​ក្នុង​ន័យ​គំរាម​ ថា​គាត់​អាច​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។

នៅថ្ងៃទី ​១៥​ ខែ​តុលា​ខាង​មុខ​នេះ ​គឺដល់​ពេល​គំរប់​៣ខែ​ម្តង ​ដែល​លោក​ដូណាល់​ ត្រាំ ​ត្រូវ​ឆ្លើយ​នៅ​មុខ​អង្គសភា ​Congres ​របស់​អាមេរិក​ ថា​តើ​អ៊ីរ៉ង់​បាន​គោរព​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ បាន​ត្រឹមត្រូវ​ដែរ​ឬទេ។ បើ​លោក​ដូណាល់ ត្រាំ ​ឆ្លើយ​ថា​អត់​ទេ ​នោះ​មាន​ន័យ​ថា ​សមាជិក​សភា​អាមេរិក​ អាច​នឹង​បោះឆ្នោត​ដើម្បី​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។

កន្លង​មក​២លើក​ហើយ ​ដែល​រដ្ឋា​ភិបាល​លោក​ត្រាំ ​បាន​ឆ្លើយ​ទាំង​ទើស​ទ័ល ​ថា​អ៊ីរ៉ង់​ បាន​សហការ​គោរព​កិច្ច​ព្រមព្រៀង​បាន​ត្រឹមត្រូវ​ទេ ​ដោយ​ស្រប​តាម​ការ​អះអាង​របស់​ភ្នាក់ងារ​នុយក្លេអ៊ែរ​អន្តរជាតិ។ តែ​លើក​នេះ ​គេ​កំពុង​តែ​បារម្ភ​ថា​ លោកត្រាំ ​អាច​នឹង​មិន​ស្តាប់ ​ឬ​មិន​យល់​ស្រប​ ទៅតាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​ AIEA​ ទេ។ ជាពិសេស ​បន្ថែម​ជាមួយ​នឹង​ការ​បាញ់​សាកល្បង​មីស៊ីល​ថ្មី​របស់​អ៊ីរ៉ង់​ នៅថ្ងៃ​នេះ​ទៀត ​អ្នក​វិភាគ​កាន់តែ​បារម្ភ​ថា ​លោក​ដូណាល់ ត្រាំ ​ប្រហែល​ជា​អាច​សម្រេច ​ដក​ខ្លួន​អាមេរិក​ ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​មែន ​ហើយ​ទាមទារ​ឲ្យ​ចរចា​សា​ឡើង​វិញ។

អាមេរិក​ដកខ្លួន​ចេញ ​គឺដូច​លើក​ទឹកចិត្ត​អ៊ីរ៉ង់ ​ឲ្យមាន​នុយក្លេអ៊ែរ

ទាំង​អ៊ីរ៉ង់​ ទាំង​ប្រទេស​មហា​អំណាច​ហត្ថលេខី​៥​ផ្សេង​ទៀត ​គេ​បាន​បញ្ជាក់​ហើយ​ថា ​គេ​នឹង​មិន​រុះរើ​កិច្ច​ព្រមព្រៀង​នេះ ​ហើយ​ចរចា​ធ្វើ​កិច្ច​ព្រមព្រៀង​ថ្មី​ណាមួយ ​តាម​តែ​សហរដ្ឋ​អាមេរិក​ ទាមទារ​ចង់​បាន ​នោះ​ទេ​។ សឹងតែ​១០​ឆ្នាំ ​ទំរាំ​បាន​កិច្ច​ព្រមព្រៀង​មួយ​នេះ ​ហើយ​បើ​ទោះបី ​​វា​មិន​ល្អ​ឥតខ្ចោះ ​តែ​គេ​បាន​ទទួល​ការ​សហការ​ច្រើន ​ពី​សំណាក់ ​អ៊ីរ៉ង់។

បើ​អាមេរិក​ដកខ្លួន​ចេញ ​កិច្ច​ព្រមព្រៀង​នេះ ​ក៏​នៅ​តែ​មាន​សុពលភាព​ដែរ។ ​ក៏​ប៉ុន្តែ ​អវត្តមាន​របស់​អាមេរិក​ អាច​ប៉ះពាល់​ទៅ​ដល់​ វិសាលភាព ​នៃ​ការ​អនុវត្ត​របស់​កិច្ច​ព្រមព្រៀង​នេះ។ អាមេរិក​ អាច​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ​ដែល​រកស៊ី ​នៅ​អ៊ីរ៉ង់​ ឬ​រកស៊ី​ជាមួយ​អ៊ីរ៉ង់។ ក្នុង​បញ្ហា​នេះ ​វា​អាច​ស្មុគស្មាញ​បន្តិច​ ព្រោះថា​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម ​និង​ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន ​មាន​ក្រុមហ៊ុន​ធំៗ​ មាន​សាខា​នៅ​ពាស​ពេញ។ ក្រុមហ៊ុន​អ៊ឺរ៉ុប​ខ្លះ ​ក៏រក​ស៊ី​នៅ​អាមេរិក។ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ ខ្លះ​ បាន​ចុះកិច្ច​សន្យា​រយៈ​ពេល​វែង ​ជាមួយ​អ៊ីរ៉ង់​រួចហើយ ​ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន​បារាំង ​Total​ និង​ Renault​ ​ជាដើម។ បើ​អាមេរិក​ ហ៊ាន​តែ​រករឿង ​គឺ​ច្បាស់ ​ជាមាន​បញ្ហា​ជា​មួយ​សហភាព​អឺរ៉ុប​ ជាក់ជា​មិន​ខាន។

ជាង​នេះ​ទៅទៀត​ បើ​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង គឺ​វា​នឹង​បង្កើត​ឡើង​វិញ ​នូវ​បរិយាកាស​តានតឹង ​ប្រឈម​មុខ​គ្នា ​ជា​ផ្លូវការ​រវាង​អាមេរិក​ និង​អ៊ីរ៉ង់។​ របួស​ចាស់ ​និង​រើ​ឡើងវិញ ​កំហឹង​គុំគួន ​ដែល​មាន​ពី​អតីតកាល​ និង​ឆេះ​ក្តៅ​ឡើង​វិញ។ ហើយ​ថា​មិនត្រូវ​ អ៊ីរ៉ង់​ អាច​នឹង​សម្រេច ​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​ដែរ​ ក៏​ថា​បាន។ បើ​ដូច្នេះមែន​ នោះ​គឺ​មិន​ខុស​ពី​ ជំរុញ​អ៊ីរ៉ង់​ ឲ្យមាន​អាវុធ​នុយក្លេអ៊ែរ ​ដោយ​ចំហរ​នោះ​ទេ។​ អ្នក​ជំនាញ​ខ្លះ​បាន​លើក​ឡើង​ថា ​បើ​អាមេរិក​ នៅ​តែ​បន្ត​គំរាម​អ៊ីរ៉ង់​ បែបនេះ​ត​ទៅទៀត ​អ៊ីរ៉ង់​ នឹង​ក្លាយ​ជា​កូរ៉េ​ខាងជើង​នៅ​ដើម​បូព៌ា។ បើ​អាមេរិក​ យក​អ៊ីរ៉ង់​ ​ជា​សត្រូវ ​ទៅតាម​ការ​ចាក់​របស់​អ៊ីស្រាអែល ​និង​ អារ៉ាប៊ីសាអូឌីត ​គឺ​ជា​រឿង​មួយ​ ខុស​ធ្ងន់​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ