បោះឆ្នោតប្រធានាធិបតីនៅអ៊ីរ៉ង់៖ ជម្រើសរវាងការបើកចំហរសេដ្ឋកិច្ច និងគំនិតជាតិនិយមបែបឥស្លាមតឹងតែង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៨
ថ្ងៃសុក្រទី ១៩ ឧសភា នេះ ប្រជាជនអ៊ីរ៉ង់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្រាប់អាណត្តិ៤ឆ្នាំទៅមុខ ។ លោក ហាសាន់ រូហានី ប្រធានាធិបតីអ៊ីរ៉ង់បច្ចុប្បន្ន ត្រូវឈរឈ្មោះប្រជែងជាមួយ នឹងលោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ដែលមកពីក្រុមអភិរក្សនិយម ស្និទនឹងលោកអាយ៉ាតុលា អាលី ខេមណី។ តាមការវិភាគ ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់អាណត្តិនេះ ស្ថិតក្នុងបរិបទមួយដ៏សំខាន់បំផុត សម្រាប់សេដ្ឋកិច្ច និងសង្គមអ៊ីរ៉ង់។ ប្រជាជនអ៊ីរ៉ង់ ត្រូវជ្រើសរើសរវាងបេក្ខជនទាំងពីរ ម្ខាងគឺលោកប្រធានាធិបតី រូហានី ដែលជំរុញឲ្យមានការបើកចំហរទ្វារសេដ្ឋកិច្ច ជាមួយសេដ្ឋកិច្ចទីផ្សារសេរី ហើយម្ខាងទៀត គឺលោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ដែលមានគំនិតជាតិនិយម និងមិនចង់បើកទ្វារប្រទេស ឲ្យស្ថិតក្រោមគំនៀបអន្តរជាតិ។
បេក្ខជនឈរឈ្មោះបោះឆ្នោតនៅថ្ងៃនេះ មិនមែនមានតែពីរនាក់ទេ តែមាន៤នាក់។ ពីរនាក់ទៀតជាបេក្ខជន មិនសូវជាល្បីល្បាញទេ ហើយមានម្នាក់ ក្នុងចំណោម២នាក់នេះ បានអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់ បោះឆ្នោតឲ្យលោក ហាសាន់ រ៉ូហានី ទៀតផង ដើម្បីកុំឲ្យបែកសំឡេងឆ្នោត។ លោក ហាសាន់ រ៉ូហានី និង លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី មានទស្សនវិស័យពីរខុសគ្នា ដែលកំពុងប្រកួតនាគ្នាពេលនេះ ដណ្តើមយកកៅអីប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ វាជាជម្រើសមួយដ៏លំបាក សម្រាប់ប្រជាជនអ៊ីរ៉ង់។
លោក ហាសាន់ រ៉ូហានី ដើម្បីអនាគត និងបើកចំហរសេដ្ឋកិច្ច
លោក ហាសាន់ រ៉ូហានី ដែលបានឡើងកាន់តំណែង ជាប្រធានាធិបតីអ៊ីរ៉ង់ ក្រោយឈ្នះឆ្នោតនៅឆ្នាំ២០១៣ កំពុងឈរឈ្មោះអាណត្តិទីពីរនាពេលនេះ។ ក្នុងអាណត្តិកន្លងទៅ លោក ហាសាន់ រ៉ូហានី បានផ្តល់អាទិភាព ដល់ការរំដោះអ៊ីរ៉ង់ ចេញពីរនាំងទណ្ឌកម្មសេដ្ឋកិច្ច ដែលសហគមអន្តរជាតិ បានដាក់មកលើអ៊ីរ៉ង់។ លោក ហាសាន់ រ៉ូហានី បានយល់អំពីតម្រូវការជាក់ស្តែងថា អ៊ីរ៉ង់ មិនអាចបន្តឃុំខ្លួន នៅតែម្នាក់ឯងបានទៀតទេ។ អ៊ីរ៉ង់ ត្រូវតែបើកទ្វារ ចេញទៅខាងក្រៅ មានទំនាក់ទំនងជាមួយអន្តរជាតិ ដើម្បីទទួលបាននូវការបោះទុនវិនិយោគ ដែលជាប្រភពនៃកំនើនសេដ្ឋកិច្ច ព្រមទាំងការបង្កើតការងារក្នុងស្រុក។
ទស្សនវិស្ស័យរបស់លោក ហាសាន់ រ៉ូហានី មានអ្នកខ្លះប្រៀបធៀបទៅនឹងគំរូរបស់ចិន ពោលគឺទុករបបដឹកនាំបែបផ្តាច់ការឲ្យនៅដដែល តែត្រូវបើកចំហរសេដ្ឋកិច្ច ជាមួយនឹងសេដ្ឋកិច្ចទីផ្សារសេរីអន្តរជាតិ។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាលលោក ហាសាន់ រ៉ូហានី បានសម្រេចចុះកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ ជាមួយសហគមន៍អន្តរជាតិ ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។
លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ដើម្បី សង្គមអ៊ីរ៉ង់ តាមប្រពៃណីសាសនាអ៊ីស្លាមដ៏តឹងតែង
ចំណែកបេក្ខជនម្នាក់ទៀត គឺលោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី អាយុ ៥៦ឆ្នាំ ដែលជាប្រមុខសាសនាអ៊ីស្លាមមួយរូប មានទំនោរអភិរក្សសាសនានិយម ហើយស្និទនឹងលោក អាយ៉ាតុលា អាលី ខេមណី ដែលជាប្រមុខសាសនាកំពូល និងប្រមុខរដ្ឋរបស់អ៊ីរ៉ង់។ លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ក៏ដូចជាក្រុមអ៊ីស្លាមអភិរក្សនិយម គឺមានទំនោរជាតិនិយម ប្រកាន់ជំហររឹងទទឹង ហើយស្អប់មហាអំណាច លោកខាងលិចណាស់ ជាពិសេស គឺស្អប់សហរដ្ឋអាមេរិកតែម្តង។
ពាក្យថាទំនោរជាតិនិយមនេះ មានន័យថា ក្រុមនេះ មិនចង់ឲ្យអ៊ីរ៉ង់ ទៅចុះញ៉មប្រទេសមហាអំណាចណាទេ ហើយចង់បិទទ្វារ ថែរក្សាអ៊ីរ៉ង់ ឲ្យស្អាតស្អំ ទៅតាមប្រពៃណីសាសនាអ៊ីស្លាមដ៏តឹងតែង ដែលក្រុមនេះលើកទូលថាជាប្រពៃណីដ៏ល្អផូរផង់។ វិស័យសេដ្ឋកិច្ចបែបជាតិនិយមវិញ គឺលោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ចង់ធ្វើអ្វីឲ្យនៅតែក្នុងស្រុក ផលិត ទិញ និងលក់ តែផលិតផលក្នុងស្រុក មិនត្រូវការ ការបោះទុនវិនិយោគ រឺកិច្ចសហប្រតិបត្តិការ ពីបរទេសណាទាំងអស់។
ផលវិជ្ជមាននៃការដកទណ្ឌកម្មសេដ្ឋកិច្ច
ផលវិជ្ជមាននៃការដកទណ្ឌកម្មសេដ្ឋកិច្ច គឺជាយុទ្ធសាស្ត្រមួយ ដែលខាងលោក ហាសាន់ រ៉ូហានី បានប្រើដើម្បីឃោសនា។ សេដ្ឋកិច្ចអ៊ីរ៉ង់ បានជាប់រនាំង ថប់ដង្ហើមជាង២០ឆ្នាំមកហើយ។ អ៊ីរ៉ង់គ្មានការបោះទុនវិយោគពីបរទេស ហើយធនាគារបរទេសភាគច្រើន មិនអាចបញ្ចេញប្រាក់ វិនិយោគ រឺផ្តល់កម្ចី ក្នុងការរកស៊ីនៅអ៊ីរ៉ង់ទេ។ ជាមួយនឹងការដកទណ្ឌកម្ម ក្រោយការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទីផ្សារវិនិយោគចាប់ផ្តើម មានសកម្មភាពឡើងវិញ។
មុនឆ្នាំ២០១៣ អតិផរណានៅអ៊ីរ៉ង់ មានដល់ទៅ៤០% តែបច្ចុប្បន្ននេះ ធ្លាក់មកនៅត្រឹមតែជាង៩% ប៉ុណ្ណោះ។ ដូច្នេះចង់មិនចង់ យើងឃើញថាសេដ្ឋកិច្ច អ៊ីរ៉ង់ ចាប់ផ្តើមមានដង្ហើមឡើងវិញ ដែលនេះគឺជាលទ្ធផល នៃកំណែទំរង់ បង្វែរទិស ទៅរកការបើកទ្វារចំហរ ដឹកនាំដោយរដ្ឋាភិបាលលោក ហាសាន់ រ៉ូហានី។
អត្រាអ្នកអត់ការងារធ្វើនៅតែខ្ពស់
ក៏ប៉ុន្តែ លោកហាសាន់ រ៉ូហានី ក៏មិនបានគេចផុត ពីការរិះគន់ ពីសំណាក់ បេក្ខជនម្ខាងទៀតដែរ។ លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី បានប្រើយុទ្ធសាស្ត្រមួយ គឺអះអាងថាខ្លួនគាត់ ជាអ្នកការពារនិងជួយប្រជាជនក្រីក្រ។ តាមរយៈយុទ្ធសាស្ត្រនេះ លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ចោទនយោបាយបើកទ្វារសេដ្ឋកិច្ចរបស់លោក ហាសាន់ រ៉ូហានី ថាជានយោបាយផ្តល់ផលប្រយោជន៍ឲ្យតែក្រុមអ្នកមាន។ ចំណែកប្រជាជនក្រីក្រ មនុស្សចាស់ជរា តាមស្រុកភូមិ ត្រូវគេបោះបង់ចោល។
លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ចោទថា កិច្ចព្រមព្រៀងគ្រប់គ្រងកម្មវីធិនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ បានទៅលត់ជង្គង់ចុះហត្ថលេខា ជាមួយប្រទេសមហាអំណាចនោះ មិនបានហុចផលវិជ្ជមានអ្វីឡើយ។ លោក បានលើកយកតួលេខនៃអត្រាអ្នកអត់ការងារធ្វើនៅអ៊ីរ៉ង់ ដែលនៅតែមានកំរិតខ្ពស់ដដែល មកអះអាង។ តួលេខនោះ គឺ អ្នកអត់ការងារធ្វើមានប្រមាណជា១២,៥% នៃចំនួនប្រជាជនពេញវ័យធ្វើការសរុប និង ២៥% ក្នុងចំណោមយុវជនក្មេងៗ អាយុក្រោម២៥ឆ្នាំ។
ជាការពិត តួលេខនេះខ្ពស់ណាស់ ក៏ប៉ុន្តែយ៉ាងណា ការដកទណ្ឌកម្មសេដ្ឋកិច្ច ទើបតែចាប់ផ្តើមធ្វើទៅ មិនទាន់បាន២ឆ្នាំទេ។ មួយវិញទៀត យុវជនអ៊ីរ៉ង់ ដែលមានអាយុពេញវ័យ មួយឆ្នាំៗ កើនឡើងបន្ថែមដល់ទៅ៧សែននាក់។ បន្ថែមពីនេះទៀត រដ្ឋាភិបាលថ្មីរបស់លោកដូណាល់ ត្រាំ តែងតែគម្រាម ដាក់គំនៀប មិនចង់ឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចពីអ៊ីរ៉ង់ទេ ដែលនេះ គឺវាធ្វើឲ្យមានភាពស្ទាក់ស្ទើរដល់ធនាគារ ក៏ដូចជាអ្នកវិនិយោគ។
អ៊ីរ៉ង់ ក្នុងបរិបទភូមិសាស្ត្រនយោបាយដើមបូព៌ា ដ៏សែនវឹកវរ
ចំពោះបរិបទភូមិសាស្ត្រនយោបាយ ក្នុងតំបន់ដើមបូព៌ា អ៊ីរ៉ង់ មានតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពនៅដើមបូព៌ា។ មិនដឹងថាជាការចៃដន្យ រឺយ៉ាងណាទេ ថ្ងៃទី២០ ឧសភានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នឹងអញ្ជើញទៅប្រជុំនៅទីក្រុងរីយ៉ាត ជាមួយក្រុមប្រទេសអ៊ីស្លាមស៊ូនីត ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ ប៉ូលសាសនាពីរធំ តំបន់នេះ គឺម្ខាងក្រុមប្រទេសអ៊ីស្លាមស៊ូនីត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងម្ខាងទៀតក្រុមប្រទេសអ៊ីស្លាមឈីអ៊ីត ដឹកនាំដោយអ៊ីរ៉ង់។ គឺចរន្តសាសនាអ៊ីស្លាមទាំងពីរនេះហើយ ដែលប្រយុទ្ធគ្នា នៅតំបន់ដើមបូព៌ានេះ។
ជាមួយលោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី អ៊ីរ៉ង់នឹងកាន់តែប្រឈមមុខនឹងភាពតានតឹង ជាមួយអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក។ ទស្សនវិស័យបែបជាតិនិយម អភិរក្សនិយមរបស់លោករ៉ៃស៊ី គឺអាចអូសអ៊ីរ៉ង់ ឲ្យកាន់តែឯកោ ដែលមិនអាចដោះស្រាយបញ្ហាជំពាក់វាក់វិននានា នៅក្នុងតំបន់បានទេ។ ទំនោរស្អប់ប្រទេសមហាអំណាច ស្អប់អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនេះ នឹងកាន់តែធំ ហើយមិនអាចផ្តល់ផលល្អដល់ ការកសាងសន្តិភាពក្នុងតំបន់បានទេ។
ផ្ទុយទៅវិញ គំនិតបើកទ្វារ ដោយសន្សឹមៗ ព្រមចរចា ព្រមសហការគ្នា រកដំណោះស្រាយរួម របស់លោក ហាសាន់ រ៉ូហានី ដែលអាចឲ្យគេមានសង្ឃឹមច្រើន។ ជាងនេះទៅទៀត អ៊ីរ៉ង់ ត្រូវតែប្រុងប្រយ័ត្នបំផុត មិនអាចធ្វើរឹងទទឹងជាមួយនឹងអាមេរិកបានទេ។ លោកដូណាល់ ត្រាំ ជាមនុស្សចិត្តក្តៅឆេវឆាវ ហើយគ្មាននរណាអាចស្មានចិត្តដឹងមុននោះទេ។
បើតាមការវិភាគរបស់លោក សាស្ត្រាចារ្យ Pierre Razoux អ្នកស្រាវជ្រាវស្តីពីភូមិសាស្ត្រនយោបាយនៅតំបន់ដើមបូព៌ា បានពន្យល់ថា អ៊ីរ៉ង់ អាចត្រូវតែបង្ខំចិត្ត បន្ទន់ឥរិយបទជាមួយអារ៉ាប៊ីសាអូឌីត និងអាមេរិក បើសិនជាអ៊ីរ៉ង់ ចង់ឲ្យការដកទណ្ឌកម្មសេដ្ឋកិច្ច អាចចូលជាធរមានពេញលេញ។ បន្ថែមពីនេះ អ៊ីរ៉ង់ ក៏ត្រូវពិចារណា ដកកំលាំង ឈប់គាំទ្រក្រុមឧទ្ទាមហ៊ូទី នៅយេមែន ព្រោះនេះ ក៏ជាប្រភពនៃជម្លោះជាមួយ អារ៉ាប៊ីសាអូឌីតដែរ។
ស្ថិរភាព តំបន់ ជាពិសេសនៅស៊ីរី ត្រូវតែជាអទិភាពសម្រាប់អ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់កំពុងរកច្រកចេញ ផ្នែកសេដ្ឋកិច្ច។ អ៊ីរ៉ង់ ត្រូវការសាងសង់បំពង់បង្ហូរប្រេង និងបង្ហូរឧស្ម័នយកទៅលក់នៅអឺរ៉ុប ឆ្លងកាត់ស៊ីរី។ ក៏ប៉ុន្តែអ៊ីរ៉ង់ ក៏ត្រូវតែប្រយ័ត្ន ដើម្បីកុំឲ្យមានទំនាស់ជាមួយរុស្ស៊ី ដែលកំពុងឈរជើងនៅស៊ីរីដែរ។ ដូច្នេះការងាររបស់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺធំធេង និងលំបាកណាស់។ តែអ្វីដែលសំខាន់នោះ គឺស្ថិរភាពសង្គមអ៊ីរ៉ង់ កំណើនជីវភាពក្នុងជីវិតប្រចាំថ្ងៃ ការគោរពសិទ្ធិសេរីភាព ដែលប្រជាជនអ៊ីរ៉ង់ទាំងអស់ កំពុងស្រេកឃ្លាន ចង់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ