rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក នុយក្លេអ៊ែរ អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ង់​គំរាម​ថា​អាមេរិក​នឹង​ស្តាយក្រោយ ​បើ​សិន​ជា​ចាកចេញ ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

media
លោក ហាសាន់ រ៉ូហានី ប្រធានាធិបតី អ៊ីរ៉ង់ Reuters

ក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅសល់មិនដល់មួយសប្តាហ៍ទៀតទេ គឺដល់ថ្ងៃឱសានុវាទ ដែលលោកដូណាល់ ត្រាំបានដាក់កុំហិត ឲ្យប្រទេសហត្ថលេខីផ្សេងទៀត ពិចារណារកកិច្ចព្រមព្រៀងថ្មីដែលប្រសើរជាងមុន ពុំនោះទេ អាមេរិកនឹងចាកចេញពីកិច្ចព្រមព្រៀងនេះ។ ឆ្លើយតបនឹងការដាក់កំហិតនេះ លោកប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងនៅថ្ងៃនេះថា បើសិនជាសហរដ្ឋអាមេរិក ចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ នោះអាមេរិក នឹងមានស្តាយក្រោយ ជាក់ជាមិនខាន ព្រោះថាអ៊ីរ៉ង់មានផែនការផ្សេង គិតទុករួចជាស្រេច។


ថ្ងៃទី១២ ឧសភា ខាងមុខនេះ គឺជាថ្ងៃចុងក្រោយ ដែលលោកដូណាល់ ត្រាំ បានដាក់កំហិត ឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវសម្រេចឲ្យបាននូវអត្ថបទកិច្ចព្រៀងថ្មីមួយទៀត។ ព្រោះពុំនោះទេ សហរដ្ឋអាមេរិក នឹងចាកចេញ ពីកិច្ចព្រមព្រៀងនេះ។ ពេលវេលាកាន់តែខិតជិតមកដល់ ប្រទេសហត្ថលេខីផ្សេងទៀត មាន ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស ហាក់គ្មានបំណង ធ្វើតាមការចង់បានរបស់លោកដូណាល់ ត្រាំឡើយ។

នៅថ្ងៃអាទិត្យនេះ នៅតាមកញ្ចក់ទូរទស្សន័ជាតិអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា សហរដ្ឋអាមេរិក និងមានវិប្បដិសារី ស្តាយក្រោយអស់មួយជីវិត បើសិនជាអាមេរិក ចាកចេញពីកិច្ចព្រមព្រៀងនេះមែន។ លោកបានបន្ថែមទៀតថា អ៊ីរ៉ង់ បានត្រៀមលក្ខណៈ រៀបផែនការ រៀបផ្លូវដើរថ្មីមួយទៀតរួចជាស្រេច បើសិនជាអាមេរិក សម្រេចបំផ្លាញកិច្ចព្រមព្រៀងនេះមែន។ ដោយមិនបាននិយាយលំអិត ថាផែនការថ្មីនោះ មានលក្ខណៈបែបណា លោកហាសាន់ រ៉ូហានី គ្រាន់តែបានបញ្ជាក់ថា លោកបានដាក់ចុះនូវបទបញ្ជា ទៅកាន់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរជាតិអ៊ីរ៉ង់ រួចជាស្រេច តាំងតែពី ២-៣ខែ​មកហើយ។

ដោយឡែក បើតាមប្រភពពីទីប្រឹក្សាពិសេសផ្នែកកិច្ចការអន្តរជាតិ របស់​លោកអាយ៉ាតូឡា អាលី ខាមឺណី បានឲ្យដឹងថា​ អ៊ីរ៉ង់ អាចនឹងសម្រេច​ចិត្ត ដើរចេញពីកិច្ចព្រមព្រៀងនេះដែរ ប្រសិនបើសហរដ្ឋ​អាមេរិក សម្រេចចិត្តដកខ្លួនមែននោះ។

គួររំលឹកថា ចាប់តាំងពីឡើងកាន់តំណែង លោកដូណាល់ ត្រាំ តែងតែប្រកាសគំរាម ថានឹងហែកចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រោះសម្រាប់លោក កិច្ចព្រមព្រៀងនោះមានភាពខ្វះចន្លោះច្រើនណាស់ ហើយប្រទេសមហាអំណាចកំពុងតែចាញ់បោកអ៊ីរ៉ង់។ ដូច្នេះហើយ បានជាលោកដូណាល់ ត្រាំបានដាក់កំហិត ឲ្យធ្វើកិច្ចព្រមព្រៀងថ្មី។

ក្នុងដំណើរទស្សនកិច្ចទៅអាមេរិក លោកម៉ាក្រុង បានព្យាយាមបញ្ចុះបញ្ចូលលោកត្រាំ កុំឲ្យដកខ្លួនចេញពីកិច្ចព្រមព្រៀង តែហាក់គ្មានលទ្ធផលនោះទេ។ បើតាមប្រភពពីអ្នកស្និទនឹងសេតវិមាន បានឲ្យដឹងថា លោកដូណាល់ ត្រាំ បានគិតក្នុងចិត្តរួចស្រេចទៅហើយ ថានឹងដកខ្លួនអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះ គ្រាន់តែថា គាត់មិនដឹង ថាត្រូវធ្វើដោយរបៀបណា។

យ៉ាងណាមិញ កាលពីល្ងាចថ្ងៃសៅរ៍ទី៥ ឧសភា លោកដូណាល់ ត្រាំ បានទូរស័ព្ទនិយាយជាមួយលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ស្តីពីសំណុំរឿងជាច្រើន ដែលក្នុងនោះគឺមានសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានបញ្ជាក់ថា ត្រូវតែរក្សាកិច្ចព្រមព្រៀងនេះឲ្យគង់។ អំណេះតទៅ សន្លឹកបៀរចុងក្រោយ គឺស្ថិតនៅក្នុងដៃរបស់លោកដូណាល់ ត្រាំតែម្នាក់ឯងប៉ុណ្ណោះ៕