អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីតទទួលស្គាល់ ថា​ឃាតកម្ម​លើ​លោក​ខាស្ហូហ្ស៊ី ​ជា​ឃាតកម្ម​គិត​ទុក​ជាមុន

បន្ទាប់ពីបានប្រកែក ថាលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី មិនបានស្លាប់ ហើយក្រោយមក បានទទួលស្គាល់ថា មានលោកបានស្លាប់ ដោយសារតែមានការវាយតប់គ្នា ជ្រុលដៃ ស្រាប់​តែ​នៅថ្ងៃសុក្រ ទី២៦តុលានេះ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានទទួលស្គាល់ថា លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ពិតជាត្រូវបានគេសម្លាប់ ហើយជាអំពើឃាតកម្ម ដែលមានការរៀបចំគំរោងគិតទុកជាមុន។ ដោយឡែកក្រុមស៊ើបអង្កេត របស់តួកគី បានលើកឡើងថា នៅមានសំណួរជាច្រើន​ដែលភាគីអារ៉ាប៊ីសាអូឌីត ត្រូវតែឆ្លើយ ដើម្បីបំភ្លឺការពិត ជុំវិញអំពើឃាតកម្មនេះ។

បាតុករ​​ទាមទារស្វែងរក​ការពិត ជុំវីញ​​ឃាតកម្ម​លើ​រូបលោក​Jamal Khashoggi។ ថ្ងៃទី៩ តុលា ២០១៨។
បាតុករ​​ទាមទារស្វែងរក​ការពិត ជុំវីញ​​ឃាតកម្ម​លើ​រូបលោក​Jamal Khashoggi។ ថ្ងៃទី៩ តុលា ២០១៨។ OZAN KOSE / AFP
ផ្សាយពាណិជ្ជកម្ម

ឃាតកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី គឺជាឃាតកម្មគិតទុកជាមុន។ នេះជាការប្រកាសរបស់ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត ដែលទទួលបន្ទុកសំណុំរឿងនេះ នៅក្នុងក្រុមការងារស៊ើបអង្កេតរួមគ្នា តួកគី អារ៉ាប៊ីសាអូឌីត។

គួរកត់សំគាល់ថា កាលពីមួយសប្តាហ៍មុននេះ ភាគីអារ៉ាប៊ីសាអូឌីត បានប្រកែក ថាលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី បានចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំក្រុងអ៊ីស្តង់ប៊ូល​កាលពីថ្ងៃទី២តុលាមែន តែបានចេញមកវិញក្នុងថ្ងៃដដែល។ ក្រោយមក បន្ទាប់ពីមានការទំលាយភស្តុតាងនានា ពីសំណាក់អាជ្ញាធរតួកគី ភាគីអារ៉ាប៊ីសាអូឌីត បានទទួលស្គាល់ថា លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី បានស្លាប់នៅក្នុងស្ថានកុងស៊ុលមែន ប៉ុន្តែដោយសារតែមានការប្រទូស្តរាយ វាយដំគ្នារហូតដល់ស្លាប់។ បន្ទាប់មកទៀត ភាគីអារ៉ាប៊ីសាអូឌីត បានប្រែសម្តីថា គឺជាអំពើឃាតកម្ម ដែលធ្វើឡើងដោយមនុស្សមួយក្រុម តែពុំបានទទួលការបញ្ជា ចេញពីថ្នាក់លើនោះទេ។ ទើបតែពេលនេះទេ ដែលអារ៉ាប៊ីសាអូឌីត ទទួលស្គាល់ថា វាជាអំពើឃាតកម្ម ហើយជាឃាតកម្ម គិតទុកជាមុន។

បើតាមការអះអាងរបស់ក្រុមការងារស៊ើបអង្កេតរបស់តួកគី បានលើកឡើងថា ឃាតកម្ម​លើ​រូបលោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី នៅថ្ងៃទី២តុលា គឺជាឃាតកម្ម ដែលមានការរៀបចំគំរោងទុកជាមុន យ៉ាងល្អិតល្អន់បំផុត ហើយឃាតករ គឺជាមនុស្សមួយក្រុម បញ្ជូនមកជាពិសេស ពីរាជធានីរីយ៉ាដ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី បានលើកឡើង នៅថ្ងៃសុក្រនេះថា នៅមានសំណួរជាច្រើន​ដែលអារ៉ាប៊ីត្រូវតែឆ្លើយ។ លោករដ្ឋមន្ត្រីរូបនេះ​និយាយថា អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានចាប់ឃាត់ខ្លួនមនុស្ស១៨នាក់​ ដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ។ ដូច្នេះពេលនេះ អារ៉ាប៊ីសាអូឌីត ត្រូវតែឆ្លើយថា មនុស្សទាំង១៨នាក់ នោះជានរណា មានមុខងារអ្វី ហើយបានទទួលការបញ្ជាពីនរណា? ចំណុចមួយទៀត ថាតើ សាកសពលោក​ខាស្ហូហ្ស៊ី ត្រូវគេយកទៅចោលនៅកន្លែងណា?

បើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានតួកគី បានឲ្យដឹងថា ក្រុមស៊ើបអង្កេតតួកគី បានស្រង់យកទឹកក្នុងអណ្តូងមួយ ដែលស្ថិតក្នុងបរិវេនស្ថានកុងស៊ុល យកទៅពិសោធន៍។ ប្រភពដដែល អះអាងថា អគ្គកុងស៊ុលអារ៉ាប៊ីសាអូឌីត បានបដិសេធ មិនឲ្យគេ​ចុះទៅពិនិត្យ នៅក្នុងអណ្តូងនោះទេ។

ដោយឡែក លោកស្រីអគ្គនាយកCIA អាមេរិក ដែលបានមកជួបអាជ្ញាធរតួកគី បានត្រលប់ ទៅដល់ក្រុងវ៉ាស៊ីនតោន ដោយបានចូលជួបលោកប្រធានាធិបតីដូណាល់ ត្រាំ ប្រាប់អំពីការសន្និដ្ឋានរបស់លោកស្រី។ ខាតសេតវិមានមិនបានបញ្ជាក់ទេថា ការសន្និដ្ឋាន​នោះមានខ្លឹមសារយ៉ាងណា។ យ៉ាងណាក៏ដោយ អាមេរិក ​បានសម្រេចដាក់វិធានការ​ទណ្ឌកម្ម ជាលើកដំបូង លើអារ៉ាប៊ីសាអូឌីត ដោយបានដកហូតទិដ្ឋាកា ពីជនជាតិអារ៉ាប៊ីសាអូឌីតចំនួន២១នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងឃាតកម្មនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ