អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ​អារ៉ាប៊ីសាអូឌីត ​លោក​ដូណាល់ ត្រាំ ​ត្រូវ​ថ្លែង​សន្ទរកថា​បង្រួបបង្រួម​ប្រទេស​អ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ​​ដូណាល់ ត្រាំ ​កំពុង​បន្ត​ទស្សនកិច្ច ​នៅ​តំបន់​អារ៉ាប់​ដើមបូព៌ា​ ដោយ​ថ្ងៃ​អាទិត្យ​នេះ ​លោក​ត្រូវ​ធ្វើ​សន្ទរកថា ជា​ផ្លូវការ​ នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត ​និង​ប្រមុខ​ដឹកនាំ​ប្រទេស​ឥស្លាម​ប្រមាណ​ជា​៥០​ប្រទេស។ ជា​សន្ទរកថា​ ដែលគេ​រំពឹង​ចាំស្តាប់​ ព្រោះ​គ្រប់​គ្នា ​សង្ឃឹម​ថា​ លោក ដូណាល់ ត្រាំ ​និង​ប្រកាស​ អំពាវនាវ​ឲ្យ​ប្រទេស​អ៊ីស្លាម ​គ្រប់​និកាយ​ទាំងអស់​ រួម​សាមគ្គីគ្នា ​ដើម្បី​បោស​សំអាត​ ចលនា​ភេរវកម្ម។​

លោក​ដូណាល់ ត្រាំ និង​ភរិយា អម​ដំណើរ​ដោយ ព្រះចៅ​សាល់ម៉ាន់ របស់​អារ៉ាប៊ីសាអូឌីត
លោក​ដូណាល់ ត្រាំ និង​ភរិយា អម​ដំណើរ​ដោយ ព្រះចៅ​សាល់ម៉ាន់ របស់​អារ៉ាប៊ីសាអូឌីត Reuters
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអូឌីត ​បាន​ទទួល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​ព្រមទាំង​ភរិយា ​បាន​យ៉ាង​អធិកអធម​បំផុត។ អ្នក​សង្កេត​ការណ៍​ព័ត៌មាន​ជាច្រើន ​បាន​លើក​ឡើង​ថា ​លោកត្រាំ ​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត ​ ទទួល​ស្វាគម ​បាន​ល្អ ​នឹង​ធំដំ​ជាង​កាល​ពី​ពេល​ដែល​លោក ​អូបាម៉ា​ទៅ ​ធ្វើ​ទស្សនកិច្ច ​កាល​ពី​ឆ្នាំមុន។

“រួមគ្នា​ យើង​នឹង​បាន​ជោគជ័យ !”

ព្រះ​ចៅ​សាលម៉ាន់ ​របស់​អារ៉ាប៊ីសាអូឌីត​ បាន​មកឈរ​ ​ចាំ​ទទួល​លោក​ដូណាល់ ត្រាំ ​នៅនឹង​ជណ្តើរ​យន្តហោះ​តែម្តង ​ហើយបាន​ចាប់​រលាក់​ដៃ​គ្នា ​ក្នុង​ទឹក​មុខ​ញញឹម​ញញែម​បំផុត។ នៅតាម​ផ្លូវវិញ ​គេ​មាន​ចង​បដា ​បាញ់​ភ្លើង​រូបថត​ របស់​មេ​ដឹកនាំ​ទាំង​ពីរ​នាក់។ លើ​បដា​មាន​សរសេរ​ឃ្លាថា ​“រួមគ្នា ​យើង​នឹង​បាន​ជោគជ័យ”។​ ជា​ការ​កត់​សម្គាល់​មួយ​ទៀត​នោះ ​គឺ ​លោកស្រី​ មេឡានា ​ភរិយា​លោក​ដូណាល់ ត្រាំ ​មិន​មាន​ទទូល​ក្រណាត់ ​គ្រប​ក្បាល​ ទេ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ករណី​ពិសេស​ណាស់ ​សម្រាប់​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ព្រោះថា​ប្រទេស​មួយនេះ ​តែងតែ​ពិន័យ​ ផ្តន្ទាទោស ​មនុស្ស​ស្រី​ណា ​ដែល​មិន​យក​ក្រណាត់​មក​ជូត​ក្បាល ​ឲ្យ​ជិត។

ជា​ការ​កត់​សម្គាល់​មួយ​ទៀត​នោះ ​ ​គឺ​ទស្សនកិច្ច​ថ្ងៃ​ទីមួយ​ ពោរពេញ​ទៅ​ដោយ​ ជំនួញ​រកស៊ី។ គ្មានអ្វី​គួ​រឲ្យភ្ញាក់​ផ្អើល​ទេ ​ព្រោះថា ​លោក​ដូណាល់ ត្រាំ ​គឺជា​អតីត​អ្នក​ជំនួញ។ លោកត្រាំ ​បាន​នាំ​កូន​ស្រី​ច្បង ​លោកស្រី ​អ៊ីវង់កា ​និង​ស្វាមី ​ទៅជាមួយ ​ដែល​អ្នក​ទាំង​ពីរ​នេះ ​ត្រូវ​គេ​ដឹង​យ៉ាង​ច្បាស់​ថា​ គឺ​ជា​មនុស្ស​ស្និតស្នាល​បំផុត​នឹង​លោក​ត្រាំ ​ហើយ​ជា​អ្នក​គ្រប់គ្រង ​កិច្ចការ​រកស៊ី ​របស់​អណាចក្រ​ក្រុមហ៊ុន​ត្រាំ ​ ទូទាំង​ពិភពលោក។

រដ្ឋាភិបាល​លោក ​ដូណាល់ ត្រាំ​ បាន​ចុះ​កិច្ច​សន្យា​លក់​អាវុធ​ ឲ្យ​អារ៉ាប៊ីសាអូឌីត ​ ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា​១១០​ពាន់លាន​ដុល្លារ ​ដែល​ចំនួន​នេះ ​ច្រើន​មិន​ធ្លាប់​មាន​ទេ ​សម្រាប់​វិស័យ​អាជីវកម្ម​អាវុធ​របស់​អាមេរិក។ ក្រៅ​ពី​នេះ ​នៅមាន​កិច្ចសន្យា ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ​ជា​២៧០​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត។ កុំភ្លេចថា​ នៅ​អារ៉ាប៊ីសាអូឌីត ​មាន​ក្រុមហ៊ុន​ជាច្រើន​ ដែល​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​នឹង​ក្រុមហ៊ុន​ត្រាំ ​របស់​កូនចៅ​លោក​ដូណាល់ ត្រាំ។ នេះនៅ​មិន​ទាន់​រាប់​ពីក្រុមហ៊ុន​អចលនទ្រព្យ​ច្រើន​សេ្អកស្កះ ​របស់​លោកត្រាំ ​ដែល​មាន​នៅ​កាតា ​និង​នៅ​អេមៀរ៉ាត​អារ៉ាប់រួម​ ផងទេ។

សត្រូវ​របស់​មិត្តខ្ញុំ​ ក៏គឺ​ជា​សត្រូវ​របស់ខ្ញុំ!
 
កន្លងមក ​អាមេរិក​ តែង​តែ​ជា​សម្ព័ន្ធមិត្ត​ របស់​អារ៉ាប៊ីសាអូឌីត​ ហើយ​មាន​គោល​ជំហរ​ ប្រឆាំង​នឹង​អ៊ីរ៉ង់។ ក៏​ប៉ុន្តែ​អ្វីៗ​ បាន​ប្រែប្រួល​ខ្លះ ​កាល​ពី​នៅ​ក្នុង​អាណត្តិ​ចុងក្រោយ​ របស់​លោក​អូបាម៉ា។ លោក ​អូបាម៉ា ​មិន​ចង់​កាន់​ជើង​អ្នកណា​ទេ។ លោក​អូបាម៉ា​ បាន​ជ្រើស​យក​ការ​បើកផ្លូវ​ ​ឲ្យ​អ៊ីរ៉ង់​ វិល​ត្រលប់​មក​រក​ឆាក​អន្តរជាតិ​វិញ ​ តាម​រយៈ​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ។ គឺត្រង់​នេះហើយ ​ដែល​អារ៉ាប៊ីសាអូឌីត ​មិន​សូវ​ពេញចិត្ត​លោក​អូបាម៉ា។

ក៏ប៉ុន្តែ​ជាមួយ​នឹង​ លោក​ដូណាល់ ត្រាំ ​អ្វីៗ ​វា​ផ្ទុយ​ស្រលះ​ពី​លោក​អូបាម៉ា។ លោកត្រាំ ​មិន​ដែល​លាក់​ទេ​ ​ថា​គាត់​ស្អប់​អ៊ីរ៉ង់។ គ្មាន​មូលហេតុ​អ្វី​ផ្សេង ​ ក្រៅពី​មូលហេតុ ​ជំនួញ​ទេ។ ពោលគឺ​ លោកត្រាំ ​ស្អប់​អ៊ីរ៉ង់​ ដើម្បី​បំពេញ​ចិត្ត​ ប្រទេស​ផ្សេង​ទៀត ​ដែល​ស្អប់​អ៊ីរ៉ង់​ដែរ។ ប្រទេស​ទាំង​នោះ ​គឺមាន​ ជា​អាទិ៍ ​គឺ​អារ៉ាប៊ីសា​អូឌីត ​នេះឯង​ ហើយ​សុទ្ធ​តែ​ជា​ប្រទេស​ ដែល​ក្រុមហ៊ុន​លោកត្រាំ ​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ។​

ប្រទេស​អារ៉ាប់​ដែល​ស្អប់​អ៊ីរ៉ង់​ គ្មាន​នរណា​ចង់​ឲ្យ​អ៊ីរ៉ង់​ អាច​បើក​ទ្វារ​សេដ្ឋកិច្ច ​មក​ដណ្តើម​ទីផ្សារ​លក់​ប្រេង​របស់​ពួក​គេទេ។ អញ្ចឹង​ហើយ​បាន​ជា​លោក​ដូណាល់ ត្រាំ ​ខំស្រែក ​ថាលោក​នឹង​ហែក​កិច្ច​ព្រមព្រៀង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញពី​អ៊ីរ៉ង់ ​ចោល។ យ៉ាងណាមិញ​ កាល​ពី​ថ្ងៃ​ទី១៨​ ឧសភា​ នេះ ​រដ្ឋាភិបាល​លោកត្រាំ​ បាន​សម្រេច​បន្ត ​មិន​ព្រម​លប់​ទណ្ឌកម្ម​ផ្នែក​ខ្លះ​ ដែល​ដាក់​លើ​អ៊ីរ៉ង់។ ធ្វើនេះ ​ក្នុង​បំណង​តែមួយ​គត់​​ គឺ​បញ្ជោរ​អារ៉ាប៊ីសាអូឌីត ​២ថ្ងៃ​មុន​លោក​ត្រាំ​ទៅ​ដល់។

ចាត់ទុកអ៊ីរ៉ង់ ​ជា​សត្រូវ​នៃ​សន្តិភាព​ ក្នុង​តំបន់​ដើមបូព៌ា ​ដើម្បី​យក​លេស​លក់​អាវុធ

ទាក់ទិន​នឹង​ការ​លក់​អាវុធ​ ក្នុង​ទឹកប្រាក់​ដ៏​មហាសាល ​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ នាពេលនេះ​ គេ​សង្កេត​ឃើញ​ថា ​រដ្ឋាភិបាល​លោកត្រាំ ​បានប្រើ​យុទ្ធសាស្ត្រ​មួយ ​ ដោយ​ចាត់​ទុក​អ៊ីរ៉ង់ ​ជា​សត្រូវ​ និង​ជា​គ្រោះថ្នាក់ ​សម្រាប់​តំបន់​ដើមបូព៌ា។ ដូច្នេះ ​វិធី​តែ​មួយគត់​ ដើម្បី​ទប់ទល់​ជាមួយ​ អ៊ីរ៉ង់ ​គឺ​ជួយ​ផ្គត់ផ្គង់​អាវុធ​ ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត។ កាល​ពីខែ​មេសា​កន្លង​ទៅ​ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ Jim Mattis ​បាន​ទៅ​អារ៉ាប៊ីសាអូឌីត​ដែរ ​ហើយ​បាន​និយាយ​ថា៖ “ក្រឡេក​មើល​ចុះ ​នៅ​តំបន់​ដើមបូព៌ា ​ទីណា​មាន​បញ្ហា​ មាន​សង្រ្គាម ​គឺទីនោះ​ហើយ ​ដែល​មាន​ការ​លូកដៃ​កកូកកាយ ​ពី​សំណាក់​អ៊ីរ៉ង់”។ លោកម្នាក់​នេះ ​បាន​ចាត់ទុក​អ៊ីរ៉ង់​ ថា​ជា​សត្រូវ​នៃ​សន្តិភាព ​ក្នុង​តំបន់​ដើមបូព៌ា ​ទៀតផង។

ជាងនេះ​ទៅទៀត ​ក្នុង​ឱកាស​ចុះ​កិច្ចសន្យា​លក់​អាវុធ​ កាល​​ពី​ថ្ងៃ​ ទី២០ ឧសភា​​នេះ ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Rex Tillerson ​បាន​និយាយ​ ដោយ​ត្រង់ៗ​តែ​ម្តង​ថា៖ “អាវុធ​ដែល​អាមេរិក​ លក់​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត​នេះ ​គឺ​ដើម្បី​ទប់ទល់ ​នឹង​សកម្មភាព​គំរាមកំហែង ​របស់​អ៊ីរ៉ង់”។
 
រដ្ឋាភិបាល​លោកត្រាំ ​បាន​យក​អ៊ីរ៉ង់​ ជា​ចំណាប់ខ្មាំង​ ជា​សត្រូវ ​ដើម្បី​បំពេញ​បំណង​ម៉ូយ​ទិញ​អាវុធ​ និង​ អ្នក​រកស៊ី​ជា​មួយ​ខ្លួន ​គឺ​ អារ៉ាប៊ីសាអូឌីត ​ព្រមទាំង​ប្រទេស​មហាសេដ្ឋី​អ៊ីស្លាម​ស៊ុនីត ​មួយ​ចំនួន​ទៀត។
 
លោកត្រាំ ​ត្រូវ​បង្ខំចិត្ត​ ថ្លែង​សន្ទរកថា​បង្រួបបង្រួម​ប្រទេស​អ៊ីស្លាម ​ទាំង​កុហក​ខ្លួនឯង
 
យ៉ាងណា​ក៏ដោយ ​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ លោកត្រាំ ​កំពុង​តែ​ត្រៀមខ្លួន​ ថ្លែងសារ​ មួយ​ដ៏​សំខាន់ ​បំផុត​ ដែល​តំរូវ​ឲ្យ​លោក ​​ប្រយ័ត្ន​មាត់​ប្រយ័ត្នក ​មិនមែន​ដូចកាល​ជំនាន់​ឃោសនា​បោះឆ្នោត​ទេ។ សន្ទរកថា ​ដែល​តាម​ការ​រំពឹង​ទុក ​គឺ​ត្រូវ​មាន​ខ្លឹមសារ ​បង្រួបបង្រួម ​អំពាវនាវ ​ឲ្យ​ប្រទេស​សាសនា​អ៊ីស្លាម ​ក្នុង​តំបន់​ដើម​បូព៌ា​ទាំង​អស់ ​រួមគ្នា ​ទប់​ស្កាត់​ ចលនា​ភេរវកម្ម។

តាម​ការវិភាគ ​ក្រុម​ការងារ​លោកត្រាំ ​កំពុង​ពិចារណា ​ថ្លឹងថ្លែង​ប្រើ​ពាក្យ​ពេជន៍​ណា ​ឲ្យ​សមរម្យ។ កន្លង​មក​ ពាក្យ​មួយ​ឃ្លា​ដែល​លោក​ត្រាំ​ចូល​ចិត្ត​ប្រើ​នោះ ​គឺ​ ចលនា​ភេវកម្ម​ ដែល​បង្ក​ដោយ​ពួក​អ៊ីស្លាម​ផ្តាច់ការ។ ក្នុង​ឃ្លា​នេះ ​ មាន​ប្រទេស​អ៊ីស្លាម​ខ្លះ ​គេ​មិន​ពេញចិត្ត​ទេ​ ដោយ​គេ​គិត​ថា​​ វា​បាន​លាបពណ៌​ ឲ្យ​ប្រឡាក់​ប្រឡូស​សាសនា​អ៊ីស្លាម​ទាំងមូល។

តាម​ពិត​ទៅ ​សម្តី​ បែប​ញុះញ៉ង់ ​លាប​ពណ៌ ​បង្កាច់បង្ខូច ​គឺលោក​ត្រាំ ​ចូលចិត្ត​និយាយ​ណាស់ ​កាល​ពី​ជំនាន់​ឃោសនា​បោះឆ្នោត។​ ក្រោយ​មកទៀត ​ក្រោយ​បាន​ឡើង​ជា​ប្រធានាធិបតី ​ លោកត្រាំ ​មិនមែន​ត្រឹមតែ​និយាយ​ទេ​ តែ​ថែមទាំង​បាន​ចេញ​វិធានការ ​ដែល​មាន​ខ្លឹមសារ​រើសអើង ​ដាក់​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំងមូល ​ទៅ​ក្នុង​បណ្តុំ​តែមួយ ​នៃ​ពួក​ភេរវកម្ម​ជ្រុល​និយម​តែ​ម្តង។

ចង់​មិនចង់ ​សន្ទរកថា ​ដែល​លោក​ត្រាំ ​មាន​បំណង​ឲ្យ​ប្រទេស​អ៊ីស្លាម​រួបរួម​គ្នា ​ដែល​គេ​រំពឹង​ចាំ​នា​ពេល​នេះ​ គឺ​​វា​ផ្ទុយស្រលះ​ពី​អ្វី​ដែល​លោក​ត្រាំ​បាន​ធ្វើ ​ពោល​គឺ​មិន​ខុស​ពី​លោកត្រាំ ​និយាយ​កុហក​ខ្លួន​ឯងទេ។ កុហក​ត្រង់ថា ​ចង់​ឲ្យ​ប្រទេស​អ៊ីស្លាម​រួបរួម​គ្នា ​តែ​ខ្លួន​ឯង​បែរ​ជា​ហាម​ប្រជាជន​អ៊ីស្លាម​ប្រទេស​ក្រីក្រ​ខ្លះ​ មិនឲ្យ​ជាន់​ដី​អាមេរិក​ ចំណែក​ប្រទេស​អ៊ីស្លាម​អ្នកមាន ​និង​ជា​សំបុក​ពួក​ភេរវកម្ម ​ដូច​អារ៉ាប៊ីសាអូឌីត​ជាដើម ​ឲ្យ​ចូល​អាមេរិក​បាន​ដដែល។ លោកត្រាំ ​កុហក​មួយ​ទៀត​នោះ ​គឺ​កុហក​ត្រង់ថា ​អំពាវនាវ​ឲ្យ​ប្រទេស​អ៊ីស្លាម​សាមគ្គី​គ្នា ​ក៏​ប៉ុន្តែ​ ទន្ទឹម​គ្នា​នោះ​ គាត់​ចាត់​ទុក​អ៊ីរ៉ង់​ ដែល​ជា​ប្រទេស​អ៊ីស្លាម​ដ៏​ធំមួយ​ដែរ​នោះ ​ជា​សត្រូវ​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ