rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អារ៉ាប៊ីសាអូឌីត សម្ព័ន្ធអារ៉ាប់ សាសនា ដើមបូព៌ា អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អារ៉ាប៊ីសាអូឌីត​ ដឹកនាំ​សមយុទ្ធ​យោធា​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ​

media
កងកុម្មង់ដូរអន្តរជាតិ​ ពីប្រទេសចំនួន​២០ ដែលចូលរួម​ធ្វើ​សមយុទ្ធយោធា​នៅភាគខាងជើង​អារ៉ាប៊ីសាអូឌីត​ ថ្ងៃទី​២៨ កុម្ភៈ ២០១៦ REUTERS/Saudi Press Agency

នៅ​ថ្ងៃ​អាទិត្យទី ​២៨​ កុម្ភៈ​នេះ ​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត ​មហាសេដ្ឋី​ប្រេង​នៅ​តំបន់​ដើមបូព៌ា ​ បាន​ចាប់ផ្តើម​ដឹកនាំ​មហា​សមយុទ្ធ​យោធា​អន្តរជាតិ​មួយ ​ដែល​មាន​ប្រទេស​ចូលរួម​ដល់​ទៅ​ចំនួន​២០​ប្រទេស។ ការ​ធ្វើ​សមយុទ្ធ​យោធា ​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​បែប​នេះ ​ គឺ​ត្រូវ​បាន​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​ ប្រកាស​ថា​ធ្វើ​ ក្នុង​ទិសដៅ​សហការ​គ្នា ​រវាង​សម្ព័ន្ធមិត្ត​អ៊ីស្លាម​ស៊ុនិត ​ដើម្បី​ត្រៀម​បង្រ្កាប​ក្រុម​ភេរវកម្ម​ ​ដែល​កំពុងតែ​បង្ករ​អស្ថិរភាព ​នៅ​ក្នុង​តំបន់​ដើម​បូព៌ា​ទាំងមូល។


ប្រតិបត្តិការណ៍ “ផ្គរលាន់នៅទិសឧត្តរ”

នេះ​ជា​ការ​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ ​ ធំ​គឺ​ដោយសារ​មាន​ប្រទេស​ចូលរួម​ចំនួន​២០​ប្រទេស។ ក្នុង​ចំណោម​ប្រទេស​ទាំង​២០​នេះ ​យើង​អាច​រាប់​បាន​ត្រួសៗ​គឺ​មាន​ដូចជា​ប្រទេស ​ប៉ាគីស្ថាន ​ម៉ាឡេស៊ី ​តួកគី ​អេហ្ស៊ីប ​ម៉ារ៉ុក​ ស៊ូដង់ ​និង​សេណេហ្គាល់​ជាដើម។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប៊ីសាអូឌីត ​ដែល​ជា​ប្រទេស​ដឹកនាំ​សមយុទ្ធ​នេះ ​គឺ​ថា​វា​ជា​សមយុទ្ធ​យោធា​អន្តរជាតិ ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ទេ ​នៅ​ក្នុង​តំបន់​អារ៉ាប់ ​បើ​និយាយ​ពី​ចំនួន​កម្លាំង​ដែល​ចូលរួម​ និង​សម្ភារៈ​យោធា​ដែល​គេ​ប្រើប្រាស់។
 
សមយុទ្ធ​យោធា​នេះ ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ Ra’ad Al-Shamal (North Thunder) ​ដែល​ប្រែ​មក​ថា​ “ផ្គរលាន់​នៅ​ទិស​ឧត្តរ”។ ដូចក្នុង​ន័យ​ឈ្មោះ​នេះ ​ សមយុទ្ធ​ត្រូវ​រៀបចំ​ធ្វើ​នៅ​ភាគ​ខាង​ជើង​អារ៉ាប៊ីសាអូឌីត​ ក្បែរ​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់។ ក្បួន​សមយុទ្ធ ​គឺ​មាន​ទាំង​ទាហាន​ជើងគោក ​ជើងទឹក ​ និង​ទាហាន​អាកាស​ផងដែរ ​ ដែល​មូលដ្ឋាន​បញ្ជារការ ​នៃ​ប្រតិបត្តិការ​សមយុទ្ធ​នេះ ​ធ្វើ​ចេញ​ពី​អគ្គបញ្ជាការដ្ឋាន​កងទ័ព​នៅ​ក្រុង​រីយ៉ាដ។
 
អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​ បាន​ប្រកាស​តាំង​ពី​ខែ​ធ្នូ​ចុងឆ្នាំ​២០១៥​ម្លេះ ​ថា​គេ​មាន​គំរោង​រៀបចំ​ក្រុម​សម្ព័ន្ធ​យោធា​អ៊ីស្លាម​មួយ ​ ដើម្បី​ប្រយុទ្ធ​បង្រ្កាប​ក្រុម​ភេរវកម្ម​ក្នុង​តំបន់។ អញ្ចឹង​អ្វី​ដែល​គេ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​នេះ​ ​គឺជា​ផ្លូវ​បន្ត​ដែល​អារ៉ាប៊ីសាអូឌីត ​កំពុង​តែ​ដើរ។ បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ​ ព្រឹត្តិការណ៍​សមយុទ្ធ​យោធា​នេះ ​អាច​នឹង​បិទ​បញ្ចប់​នៅ​​ថ្ងៃ​ទី​១០​ខែ​មីនា​ខាង​មុខ​នេះ។
 

តំបន់ Hafr Al-Batin ទីតាំង​សមយុទ្ធ​យោធា


អារ៉ាប៊ីសាអូឌីត ​បងធំ​របស់​ក្រុម​អ៊ីស្លាម​ស៊ុនីត៖
ឆ្លងកាត់​ប្រវត្តិសាស្ត្រ ​និង​ព្រឹត្តិការណ៍​កន្លង​មក ​ យើង​អាច​យល់​បាន​ថា​ អ្វី​ដែល​អារ៉ាប៊ីសាអ៊ូឌីត​ធ្វើ​ គឺ​ក្នុង​ហេតុផល​ភូមិសាស្ត្រ​នយោបាយ​ទាំង​ស្រុង។ កម្មវត្ថុ​ជា​ផ្លូវការ​ នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ​ គឺ​ដើម្បី​សហការ​គ្នា​ទប់ទល់​ជាមួយ​នឹង​ក្រុម​ភេរវកម្ម​ ដែល​កំពុងតែ​បង្ករ​អស្ថិភាព ​ក្នុង​តំបន់​ដើម​បូព៌ា​ទាំងមូល។ ក្រុម​ភេរវកម្ម​នេះ ​ គឺ​គេ​ចង់​សំដៅ​ទៅ​ដល់ ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ​ឯង។
 
នៅ​ពី​ក្រោយ​ការ​ប្រមូល​កម្លាំង​ធ្វើ​សមយុទ្ធ​នេះ ​ គឺ​វា​បង្ហាញ​ពី​ឆន្ទៈ​ចង់​សំដែង​ប្រាប់​ពិភពលោក​ថា​ រាជា​ណាចក្រ​អ៊ីស្លាម​ស៊ុនីត​អារ៉ាប៊ីសាអូឌីត  ​គឺ​ជា​បង​ធំ​ចាំ​ការពារ​តំបន់​អារ៉ាប់​ទាំង​មូល។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ ថា​អារ៉ាប៊ីសាអូឌីត​ បាន​បង្កើត​ក្រុម​សម្ព័ន្ធមិត្ត​មួយ ​ដើម្បី​ធ្វើ​សង្រ្គាម​នៅ​យេមែន ​ដោយ​យក​លេស​បង្រ្កាប​ក្រុម​ឧទ្ទាហ៊ូទី ​ដែល​គេ​ចោទ​ថា​ ជា​ក្រុម​ភេរវកម្ម។ តាម​ពិត​ ​វា​ជា​សង្រ្គាម​និកាយ​សាសនា។ ក្រុម​ហ៊ូទី ​ជាក្រុម​អ៊ីស្លាម​ឈីអ៊ីត​គាំទ្រ​ដោយ ​អ៊ីរ៉ង់​ រីឯ​អារ៉ាប៊ីសាអ៊ូឌីត​ជាក្រុម​អ៊ីស្លាម​ស៊ុនីត។
 
ថ្មីៗ​នេះ ​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ថា ​គេ​ត្រៀម​ខ្លួន​បញ្ជូន​ទ័ព​ថ្មើរ​ជើង​ទៅ​ស៊ីរី ​បើ​សិន​ជា​អាមេរិក​ស្ម័គ្រចិត្ត​ដឹកនាំ​ប្រតិបត្តិការ​នេះ។ ការ​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ត្រូវ​បាន​អ្នក​វិភាគ​ជា​ច្រើន​យល់​ថា ​អារ៉ាប៊ីសាអូឌីត ​កំពុងតែ​ចង់​លាង​ជំរះ​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​ខ្លួន​ផង​ដែរ។ ដូច​យើង​ដឹង​ហើយ​ថា ​ក្រុម​ជីហាដ​អង្គការដ្ឋ​អ៊ីស្លាម ​គឺ​ជា​ក្រុម​ស៊ុនីត ​ ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ឈីអ៊ីត។ ហើយ​កន្លង​មក ​ មាន​ទាំង​ការ​ចោទ​ប្រកាន់​ថា ​អារ៉ាប៊ីសាអូឌីត​នេះ​ឯង ​ ដែល​ជា​អ្នក​ទំនុកបំរុង​ លួច​ផ្តល់​លុយ ​និង​អាវុធ​ទៅ​ឲ្យ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម ​ ដើម្បី​ខ្ចី​ដៃ​ពួក​នេះ​ ទៅ​កំចាយ​ឥទ្ធិពល​របស់​ក្រុម​អ៊ីស្លាម​ឈីអ៊ីត​ នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ង់។ បង្រ្កាប​ឥទ្ធិពល​ក្រុម​ឈីអ៊ីត ​មាន​ន័យ​ថា​បង្រ្កាប​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នេះ​ឯង។
 
ដូច្នេះ​ការ​ដែល​អារ៉ាប៊ីសាអូឌីត​ ប្រកូក​ប្រកាស​ប្រមែរ​ប្រមូលគេ​មក​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​គឺ​មាន​ន័យ​ថា​អារ៉ាប៊ីសាអូឌីត​ចង់​ប្រាប់​គេ​ថា​ខ្លួន​ក៏​ស្អប់​ក្រុម​ភេរវកម្ម​ជីហាដ​នេះ​ដែរ ​ បើទោះ​ជា​កាន់​និកាយ​ស៊ុនីត​ដូចគ្នា​ក៏ដោយ។ អញ្ចឹង​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​និកាយ​ស៊ុនីត​ក្នុង​តំបន់ ​ អារ៉ាប៊ីសាអូឌីត ​មិន​អាច​ឈរ​ឱបដៃ​មើល​ក្រុម​នេះ ​បង្ករ​បញ្ហា​ក្នុង​តំបន់​បាន​ទេ។ យ៉ាងណាមិញបើ​យើង​ក្រលេក​មើល​ក្រុម​ប្រទេស​ដែល​ចូលរួម​សមយុទ្ធ​នេះ ​ គឺ​សុទ្ធតែ​ជា​ប្រទេស​អ៊ីស្លាម​ស៊ុនីត​ទាំងអស់។ ក្នុង​ន័យ​នេះ ​ អារ៉ាប៊ីសាអូឌីត ​គឺ​ជា​វិរៈបុរស​ជិះ​សេះស ​ដែល​មក​ការពារ​ប្រជាជន​អ៊ីស្លាម​ស៊ុនីត ​ពី​ក្រញ៉ាំ​ពួក​ជីហាដ​ជ្រុលនិយម​មួយ​ផ្នែក​ និង​មួយ​ផ្នែក​ទៀត​ពី​ពួក​អ៊ីស្លាម​ឈីអ៊ីត​ ដែល​មាន​អ៊ីរ៉ង់​ ជា​បង​ធំ។
 
ភ្នំមួយ​មិន​អាច​មានខ្លាពីរ៖

អារ៉ាប៊ីសាអូឌីត​​ បង្អួត​រថក្រោះ​ថ្មី​ស្រឡាង​ ក្នុង​ពេល​ធ្វើ​សមយុទ្ធុយោធា​ REUTERS/Saudi Press Agency

ព្រួញ​របស់​អារ៉ាប៊ីសាអូឌីត​តែមួយ ​តែ​បាញ់​បាន​សត្វ​ពីរ​ ទីមួយ​ប្រកាស​ខ្លួន​ជា​មេក្រុម​ស្រប​ច្បាប់​របស់​ក្រុម​អ៊ីស្លាម​ស៊ុនីត ​ មួយទៀត​គឺ​កំញើញ​កម្លាំង​ដាក់​អ៊ីរ៉ង់។ ប៉ុន្តែ​វិលចុះ​វិល​ឡើង ​ វា​នៅ​តែ​ក្នុង​ជម្លោះ​ប្រជែង​គ្នា ​ជាមួយ​អ៊ីរ៉ង់​ដដែល។ គេ​ថា​ភ្នំមួយ​មិន​អាច​មាន​ខ្លា​ពីរ​ទេ។ ដូចគ្នា​ដែរ​ ពិភព​អារ៉ាប់​មួយ​ ​មិន​អាច​មាន​មេ​ដល់ទៅ​ពីរ​បាន​ទេ។
 
បើទោះបី​ជា​អ៊ីរ៉ង់ ​និង​ អារ៉ាប៊ីសាអូឌីត ​ ជា​មេ​ក្រុម​និកាយ​អ៊ីស្លាម​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ក៏ដោយ ​ ក៏​ប៉ុន្តែ​វា​គឺ​ជា​សាសនា​អ៊ីស្លាម​តែមួយ។ ក្នុង​ប្រទេស​អ៊ីស្លាម​នីមួយៗ ​គឺ​មាន​ក្រុម​ស៊ុនីត​ និង​ក្រុម​ឈីអ៊ីត​រស់នៅ​លាយឡំ​គ្នា។ នៅ​អ៊ីរ៉ង់ ​ក៏​មាន​អ្នក​កាន់​និកាយ​ស៊ុនីត ​ នៅ​អារ៉ាប៊ីសាអូឌីត​ក៏​មាន​អ្នកកាន់​និកាយ​ឈីអ៊ីត។ ប្រទេស​ផ្សេង​ទៀត​ ក្នុង​តំបន់​ក៏​អញ្ចឹង​ដែរ ​ ដូច​ជា​បារ៉ែន ​ អ៊ីរ៉ាក់​ជាដើម។ ត្រង់នេះ​ហើយ​ដែល​ជា​ប្រភព​នៃ​បញ្ហា ​ ព្រោះ​មេក្លោង​ទាំង​ពីរ​ព្យាយាម​ប្រើ​ឥទ្ធិពល ​ដើម្បី​អូសទាញ​ប្រទេស​និមួយៗ ​ឲ្យ​ដើរ​តាម​ខ្លួន។ ដូច្នេះវា​បង្ករ​ជា​ជំលោះ​រវាង​និកាយ​ទាំងពីរ​ឲ្យ​កាន់តែ​ធំ។
 
និយាយ​ពី​ការ​កំញើញ​កម្លាំង ​គឺ​អារ៉ាប៊ីសាអ៊ូឌីត​ មាន​ចេត្តនា​ឌឺដង​ ដោយ​ផ្ទាល់​ទៅ​អ៊ីរ៉ង់។ បើ​និយាយ​ពីចំនួន​ទ័ព ​ អ៊ីរ៉ង់​មាន​ចំនួន​ជិត​៦សែន​នាក់ ​ពោល​គឺ​លើស​អារ៉ាប៊ីសាអូឌីត​ពីរ​ដង​ឯណោះ ​ហើយ​កងទ័ព​អ៊ីរ៉ង់ ​មាន​ការ​ហ្វិកហាត់​ខ្ពស់ ​និង​សមត្ថភាព​ល្អ​ជាង។ ប៉ុន្តែ ​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​នេះ ​អារ៉ាប៊ីសាអូឌីត​ មាន​ឱកាស​បញ្ចេញ​គ្រឿង​សព្វាវុធ​ធំនើបៗ ​ដែល​ខ្លួន​បាន​ទិញ​ពី​អាមេរិក​ ពី​បារាំង ​និង​អង់គ្លេស ​ដើម្បី​អួត​អ៊ីរ៉ង់​វិញ។ យ៉ាង​ណា​ក៏​ដោយ ​គេ​មិន​ជឿថា​អ៊ីរ៉ង់ ​នឹង​ប្រើ​កម្លាំង​ទប់ទល់​ដោយ​ផ្ទាល់​ ជាមួយ​អារ៉ាប៊ីសាអូឌីត​ ព្រោះ​អ៊ីរ៉ង់​កំពុង​តែ​ត្រូវ​ការ​កសាង​កេរ្តិ៍​ឈ្មោះ ​និង​ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​ដែរ៕