អានតួអត្ថបទ
ដើមបូព៌ា

អាមេរិក ​ចង់​បង្កើត​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​នៅ​មជ្ឈឹមបូព៌ា ដើម្បី​ទប់ទល់​ជាមួយ​អ៊ីរ៉ង់​

បើតាមប្រភពជាច្រើន ទាំងពីខាងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលប្រទេសអារ៉ាប់តំបន់មជ្ឈឹមបូព៌ា បានឲ្យដឹងថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ កំពុងតែពិចារណា បង្កើតក្រុមសម្ព័ន្ធភាពយុទ្ធសាស្ត្រមួយ ជាមួយនឹងប្រទេសអ៊ីស្លាមស៊ូនីត នៅតំបន់ដើមបូព៌ា។ ប្រភពទាំងអស់ អះអាងថា សម្ព័ន្ធយុទ្ធសាស្ត្រ ដែល​គេ​យក​គំរូ​តាម​សម្ព័ន្ធ​អង្គការ​OTAN​នេះ​ នឹង​មាន​តួនាទី​ទប់ទល់ ​នឹង​ការ​គំរាម​កំហែង របស់​​មហច្ឆិតា​យោធា របស់​អ៊ីរ៉ង់។

លោកដូណាល់ ត្រាំ ​បង្ហាញ​កាតាឡុក​គ្រឿង​សព្វាវុធ​អាមេរិក ក្នុង​ពេល​​ជួប​ជាមួយព្រះអង្គម្ចាស់​​រាជទាយាទ​អារ៉ាប៊ីសាអូឌីត ។ សេតវិមាន ថ្ងៃទី២០ មីនា ២០១៨
លោកដូណាល់ ត្រាំ ​បង្ហាញ​កាតាឡុក​គ្រឿង​សព្វាវុធ​អាមេរិក ក្នុង​ពេល​​ជួប​ជាមួយព្រះអង្គម្ចាស់​​រាជទាយាទ​អារ៉ាប៊ីសាអូឌីត ។ សេតវិមាន ថ្ងៃទី២០ មីនា ២០១៨ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក កំពុងរិះគិត អំពីការបង្កើត សម្ព័ន្ធភាពយុទ្ធសាស្ត្រមួយ ក្នុងតំបន់ដើមបូព៌ា ដោយយកគំរូតាមអង្គការអូតង់។ ប្រទេសដែលអាចចូលរួម ក្នុងបក្សសម្ព័ន្ធយោធានេះជាមួយអាមេរិក គឺក្រុមប្រទេសអារ៉ាប់ឈូងសមុទ្រទាំង៦ មានអារ៉ាប៊ីសាអូឌីត អេមៀរ៉ាត់អារ៉ាប់រួម អូម៉ង់ កូវ៉េត កាតា និងបារ៉ែន រួមទាំងប្រទេស២ទៀត គឺអេហ្ស៊ីប និង​ហ្សកដានី។

យោងតាមប្រភពបួន​ផ្សេងគ្នា គឺសហរដ្ឋអាមេរិក មានចេតនារិតចំណងសម្ព័ន្ធភាព ជាមួយ​ប្រទេសអ៊ីស្លាម​និកាយស៊ូនីតទាំងនេះ ដែលក្នុងនោះ មានជាពិសេស អារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់អារ៉ាប់រួម ក្នុងវិស័យយុទ្ធសាស្ត្រយោធា ការទប់ស្កាត់បណ្តាញភេរវកម្ម ការទប់ទល់នឹងប្រព័ន្ធមីស៊ីល ព្រមទាំងលើកកំពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការទូត។ គំរោង ដែលគេដាក់ឈ្មោះបណ្តោះអាសន្នថា សម្ព័ន្ធភាពយុទ្ធសាស្ត្រដើម្បីតំបន់មជ្ឈឹមបូព៌ា (ASMO) អាចនឹងត្រូវគេលើកមកពិភាក្សាគ្នាជាផ្លូវការ នៅក្នុងជំនួបកំពូល ដែលនឹងត្រូវធ្វើនៅខែតុលា ខាងមុខ នៅក្រុងវ៉ាស៊ីនតោន។

ប្រភពផ្លូវការ ពីសេតវិមានអាមេរិក បានទទួលស្គាល់ថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ពិតជាកំពុងតែពិចារណាលើគំរោងនេះមែន។ ប្រភពពីមន្ត្រីទូតអាមេរិក បានលើកឡើង​ថា សំណើបង្កើតសម្ព័ន្ធភាពយោធានេះ ត្រូវបានលើកឡើង ដោយថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត កាល​ពី​ឆ្នាំទៅ នៅមុនពេលលោកដូណាល់ ត្រាំទៅធ្វើទស្សនកិច្ចនៅ​រីយ៉ាត។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ក៏បានទទួលស្គាល់ដែរថា សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​នៅមជ្ឈឹមបូព៌ានេះ គឺជាឧបករណ៍មួយដើម្បីរក្សស្ថិរភាពតំបន់ ហើយវា​នឹង​ក្លាយ​ជាខែល​មួយ​ដ៏រឹងមាំ ដើម្បីការពារប្រទេសក្នុងតំបន់នេះ ពីមហិច្ឆិតាវាទីរបស់អ៊ីរ៉ង់។

សូមបញ្ជាក់ថា បើសិនជាសម្ព័ន្ធយុទ្ធសាស្ត្រយោធា រវាងអាមេរិក និងក្រុមប្រទេសអ៊ីស្លាមស៊ូនីតនេះ ពិតជាអាចចាប់បដិសន្ធិមែននោះ វានឹងរិតតែធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ ដែលជាមេក្រុមប្រទេសអ៊ីស្លាមឈីអ៊ីត កាន់តែអាក្រក់ទៅៗ។ រដ្ឋាភិបាល​ថ្មី​របស់អាមេរិក ក្រោយការចូលកាន់តំណែងរបស់លោកដូណាល់ ត្រាំ បាន​បែរខ្នង​ដាក់​អ៊ីរ៉ង់ទាំងស្រុង តាមរយៈការដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​​ ហើយទន្ទឹម​នឹង​នេះ រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានបោះដៃហុចទៅអារ៉ាប៊ីសាអូឌីត កាន់តែ​ខ្លាំង។ ក្នុងពេលទស្សនកិច្ចលោកដូណាល់ ត្រាំ នៅក្រុងរីយ៉ាដ សហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត បានចុះកិច្ចសន្យានឹងគ្នាក្នុងទឹកប្រាក់ ៣៥០ពាន់លានដុល្លារ ដែលក្នុងនោះគ្រាន់តែកិច្ចសន្យាទិញសព្វាវុធ គឺមានតំលៃ១១០ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ