អានតួអត្ថបទ

អង្គការសហប្រជាជាតិ និង​អាមេរិក​នាំគ្នា​បារម្ភ ពី​ការ​លេចមុខ​របស់​កូនប្រុស​បេនឡានដិន

កូនប្រុសរបស់បេនឡាដិនម្នាក់ ឈ្មោះ ហាំហ្សា បេនឡាដិន កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការព្រួយបារម្ភជាខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។ ជនឈ្មោះ ហាំហ្សា បេនឡាដិន នេះ ត្រូវគេសង្ស័យថា អាចនឹងក្លាយជា អនាគតមេដឹកនាំបណ្តាញអាល់កៃដា ដែលជាបណ្តាញភេរវកម្មអ៊ីស្លាមជ្រុលនិយម ធំជាងគេបំផុត។

ក្រសួងការបរទេសអាមេរិក ប្រកាស​ប្រគល់រង្វាន់១លានដុល្លារ ដល់អ្នកដែលអាច​ផ្តល់​ដំណឹង​​ស្តីពី​កន្លែង​​​លាក់​ខ្លួន​​របស់​ជន​ឈ្មោះ ហាំហ្សា បេនឡាដិន។ ថ្ងៃទី​១មីនា ២០១៩​
ក្រសួងការបរទេសអាមេរិក ប្រកាស​ប្រគល់រង្វាន់១លានដុល្លារ ដល់អ្នកដែលអាច​ផ្តល់​ដំណឹង​​ស្តីពី​កន្លែង​​​លាក់​ខ្លួន​​របស់​ជន​ឈ្មោះ ហាំហ្សា បេនឡាដិន។ ថ្ងៃទី​១មីនា ២០១៩​ State Department/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

Hamza Oussama Muhammad Ben Laden អាចនឹងមកស្នងតំណែងរបស់ឪពុកខ្លួន ក្នុងនាមជាមេដឹកនាំ បណ្តាញភេរវកម្មអាល់កៃដា។ នៅថ្ងៃទី ១មីនា គណកម្មការអង្គការសហប្រជាជាតិ ប្រឆាំងនឹងបណ្តាញ​ភេរវកម្មអន្តរជាតិ ទើបតែបានចាត់បញ្ចូល ជនឈ្មោះ​ ហាំហ្សា បេនឡាដិន នេះ ទៅក្នុងបញ្ជីខ្មៅ ដែលត្រូវជាប់ទណ្ឌកម្មហិរញ្ញវត្ថុ និងត្រូវហាមឃាត់ មិនឲ្យធ្វើដំណើរ។ នៅថ្ងៃដដែលនេះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ ចំនួន១លានដុល្លារ ដល់អ្នកណា ដែលអាចផ្តល់ព័ត៌មាន ស្តីពីទីតាំងលាក់ខ្លួន របស់ជនឈ្មោះ ហាំហ្សា បេនឡាដិននេះ។

ហាំហ្សា បេនឡាដិន កើតនៅថ្ងៃទី៩ ឧសភា ឆ្នាំ១៩៨៩ ជាកូនទី១៥  ក្នុងចំណោមកូនប្រមាណជាង២០នាក់របស់បេនឡាដិន។ តាំងតែពីជំទង់ដឹងក្តី ជននេះ ត្រូវបានឪពុកត្រៀមបង្វឹកហាត់ ឲ្យក្លាយជាភេរវករជ្រុលនិយមនៃបណ្តាញអាល់កៃដា។ យោងតាមប្រភព ពីអ្នកជំនាញនៅអង្គការសហប្រជាជាតិ កាលពីខែ សីហា ឆ្នាំ២០១៥ មេបណ្តាញអាល់កៃដា ឈ្មោះ Ayman al-Zawahari បានប្រកាសតែងតែង ហាំហ្សា បេនឡាដិន ជាសមាជិកពេញសិទ្ធិ នៃបណ្តាញអាល់កៃដា។ ហើយនៅថ្ងៃអនាគត ហាំហ្សា បេនឡាដិន អាចនឹងក្លាយជាមេក្រុមអាល់កៃដាទាំងមូល។

នៅក្នុងសារជាសម្លេង ដែលផ្សព្វផ្សាយដោយបណ្តាញអាល់កៃដា កាលពីខែសីហា ឆ្នាំ២០១៥ ហាំហ្សា បេនឡាដិន បាននិយាយរំលឹកដល់វីរៈភាពរបស់ឪពុកខ្លួន ព្រមទាំងបងប្រុសខ្លួន ឈ្មោះ Khalid។ ហាំហ្សា បេនឡាដេន បានប្រកាសអំពាវនាវ ឲ្យភេរវករ​អ៊ីស្លាមអាល់កៃដាទាំងអស់ ចេញប្រយុទ្ធវាយប្រហារ មិនថានៅអាហ្វហ្កានីស្ថាន នៅអ៊ីរ៉ាក់ នៅអ៊ីស្រាអែល នៅអាមេរិក ឬនៅអឺរ៉ុបទេ។ នៅក្នុងវីដេអូមួយទៀត របស់ពួកអាល់កៃដា​ នៅថ្ងៃទី១០ កញ្ញា ២០១៧ គេឃើញមានរូបអាគារភ្លោះ World Trade Center កំពុងតែឆាប​ឆេះ ហើយនៅលើអណ្តាតភ្លើង មានរូប បេនឡាដិន និងរូបកូនប្រុស ឈ្មោះហាំហ្សា នេះ។

ការលេចមុខ របស់ហាំហ្សា បេនឡាដិន នៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមអាល់កៃដា ជាញឹកញាប់​ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យអ្នកវិភាគយល់ថា ជននេះកំពុងតែឡើងឥទ្ធិពល ក្លាយជាមេបណ្តាញ​​អាល់កៃដា។ ដោយសារ ជននេះជាកូនប្រុសរបស់​បេនឡាដេន ដូច្នេះបណ្តាញអាល់កៃដា ត្រូវការយកឈ្មោះនេះ មកផ្សព្វផ្សាយ ដើម្បីទាក់ទាញ និងប្រមូលកម្លាំងភេរវកម្ម​ឲ្យបានច្រើន។ បើតាមការវិភាគ ជននេះមិនមែនទាក់​ទាញកម្លាំង តែក្នុងក្រុមភេរវកម្មអាល់កៃដាទេ តែក្រុមជីហាតអង្គការដ្ឋអ៊ីស្លាម ដែលកំពុង​តែបាក់ទ័ព រត់ប្រសេចប្រសាចនៅស៊ីរី និងអ៊ីរ៉ាក់ ក៏អាចស្ម័គ្រចូលបំរើក្រុម​អាល់កៃដា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ