អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្កាហ្សា៖ កំដៅ​នៃ​ភាព​តានតឹង អាច​បង្ក​ជា​ភ្លើង​សង្រ្គាម​សាជាថ្មី​ បាន​គ្រប់​ពេល​វេលា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅតំបន់ហ្កាហ្សា ភាពតានតឹង និងការប្រឈមមុខដាក់គ្នា នៅតែបន្តមាន មួយថ្ងៃក្រោយមានបាតុកម្មរបស់ប្រជាជនប៉ាឡេស្ទីនតំបន់ហ្កាហ្សា និងការបង្រ្កាបរបស់ទាហានអ៊ីស្រាអែ​ល ដែលបាន​បណ្តាល​ឲ្យស្លាប់មនុស្សប្រមាណ១៦នាក់។ អង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យមានការស្ងប់ស្ងាត់ ព្រមទាំងបានទាមទារ ដោយក្លាចក្រែងបញ្ហានេះ នឹងក្លាយជាចំណុចចាប់ផ្តើម នៃសង្រ្គាមថ្មីមួយទៀត រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស​ប៉ាឡេស្ទីន។ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវ ឲ្យ​មានការស៊ើបអង្កេតដោយឯករាជ្យ ស្តីពីករណីស្លាប់បាតុករជនជាតិប៉ាឡេស្ទីន ទាំង១៦នាក់ ផងដែរ។

យុវជន​ប៉ាឡេស្ទីន ​នៅ​តំបន់​ហ្កាហ្សា ក្បែរតំបន់​ព្រំដែន​ ថ្ងៃទី​៣០ មីនា ២០១៨​
យុវជន​ប៉ាឡេស្ទីន ​នៅ​តំបន់​ហ្កាហ្សា ក្បែរតំបន់​ព្រំដែន​ ថ្ងៃទី​៣០ មីនា ២០១៨​ REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

បាតុកម្មអហិង្សា ក្លាយជាការផ្ទុះអាវុធ

ការជួបជុំគ្នា​ដែលក្រុមជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានរៀបចំធ្វើ កាលពីថ្ងៃសុក្រ ទី៣០មីនា​ គឺជាការជួបជុំដែលមានលក្ខណៈសន្តិភាពនិយម។ ក៏ប៉ុន្តែ​ វាបានឈានក្លាយទៅជាការប្រឈមមុខដាក់គ្នា ជាមួយទាហានអ៊ីស្រាអែល​ ដែលនៅយាមតាមព្រំដែន ហើយអំពើហិង្សាក៏បានផ្ទុះឡើង។ ទាហានអ៊ីស្រាអែល បានបាញ់គ្រាប់កាំភ្លើង ដើម្បីបំបែក​ក្រុមបាតុករ។ មានជនប៉ាឡេស្ទីន​យ៉ាងហោចណាស់ ១៦នាក់ស្លាប់ និងប្រមាណ​១៤០០នាក់ បានរងរបួស។

សូមបញ្ជាក់ថា ការជួបជុំកាលពីថ្ងៃម្សិលមិញនេះ គឺជាការរំលឹកខួប ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ​១៩៧៦ ដែលជាថ្ងៃ ដែលជនជាតិអារ៉ាប់អ៊ីស្រាអែល ៦នាក់ត្រូវគេសម្លាប់ ដោយសារ​តែ​បាន​តវ៉ា​ប្រឆាំង នឹងការ​ទន្រាន​យកទឹកប៉ាឡេស្ទីន​ ពីសំណាក់អ៊ីស្រាអែល។​ ចាប់តាំង​ពី​ពេលនោះ​មក ទិវានេះ ត្រូវបានប្រជាជនប៉ាឡេស្ទីន ចាត់ទុកជា”ទិវាទឹកដី” ហើយរំលឹក​ខួប​ជារៀងរាល់ឆ្នាំ ដើម្បីទាមទារសិទ្ធិឲ្យជនជាតិប៉ាឡេស្ទីន​ អាចត្រលប់ទៅកាន់ទឹកដីគេវិញ ដែល​បច្ចុប្បន្ន ស្ថិតក្នុងការគ្រប់គ្រងរបស់អ៊ីស្រាអែល។

ការជួបជុំកាលពីថ្ងៃទី៣០មីនានេះ មានមនុស្សចូលរួមប្រមាណ៣ម៉ឺននាក់ នៅតាមបណ្តោយ​ព្រំដែនរវាងតំបន់ហ្កាហ្សា និងអ៊ីស្រាអែល។ ការរំលឹកខួបដោយអហិង្សានេះ រៀបចំ​ដោយ​ក្រុមអង្គការសង្គមស៊ីវីល តែក៏បានក៏មានការជួយគាំទ្រពីក្រុមហាម៉ាស ដែល​ជា​ក្រុម​ប្រដាប់អាវុធ គ្រប់គ្រងសន្តិសុខ និងនយោបាយ នៅតំបន់ហ្កាហ្សា។ បើតាមការ​អះអាង​ជាផ្លូវការ ក្រុមហាម៉ាស បានបញ្ជូនមនុស្ស ឲ្យមកយាម ដើ​ម្បីការពារកុំឲ្យហ្វូង​​បាតុករ​ ខិតទៅក្បែរព្រំដែនពេក ព្រោះនៅតាមបណ្តោយព្រំដែន មានរបងបន្លាលួសខណ្ឌ ហើយតែកាលណាទៅក្បែរពេក ទាហានអ៊ីស្រាអែល អាចធ្វើការវាយបក។

ទាហានអ៊ីស្រាអែល កំពុង​ត្រៀម​ខ្លួន​ នៅ​តាម​បន្ទាត់​​ព្រំដែន​​ខាងជើង​​តំបន់​​ហ្កាហ្សា ​ ថ្ងៃទី​៣០ មីនា ២០១៨
ទាហានអ៊ីស្រាអែល កំពុង​ត្រៀម​ខ្លួន​ នៅ​តាម​បន្ទាត់​​ព្រំដែន​​ខាងជើង​​តំបន់​​ហ្កាហ្សា ​ ថ្ងៃទី​៣០ មីនា ២០១៨ REUTERS/Amir Cohen

ដូច​យើង​ដឹងហើយ​ ថាយុវជនប៉ាឡេស្ទីនក្មេងៗ ដែលអត់ការងារធ្វើ គ្មានសង្ឃឹម គ្មានអនាគត់ គឺពួកគេប្រកបដោយកំហឹង ពុះកញ្ជ្រោលស្អប់អ៊ីស្រាអែល។ ដូច្នេះ ពេលមានបាតុកម្ម​ម្តងៗ ​គេមិនអាចទប់បានងាយៗទេ។ ដូច្នេះហើយ បានជាវាបានរាលដាល ​ក្លាយ​ទៅ​ជាអំពើហឹង្សា។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានអះអាងថា ក្រុមបាតុករ​ប៉ាឡេស្ទីន​ បានយកដុំថ្ម ដបប្រេង និងសំបកកង់រថយន្តឆេះដោយភ្លើង គប់មកលើច្រក​យាម​ព្រំដែន និងទាហានអ៊ីស្រាអែល។

ទាហានអ៊ីស្រាអែល បានប្រើយានដ្រូន ដើម្បីបើកយកឧស្ម័នបង្ហូរទឹកភ្នែកទៅបាញ់ពីលើ ដើម្បីបំបែកហ្វូងបាតុករ។ ភាពជ្រួលច្របល់នេះ ធ្វើឲ្យកំហឹងបាតុការកាន់តែឆេះឡើង ហើយ​ក៏​ផ្ទុះអាវុធតែម្តង។ ទាហានអ៊ីស្រាអែល បានបាញ់ទៅលើហ្វូងបាតុករ។ តែយ៉ាងណា​ គេនៅមិនទាន់ដឹង ថាអ្នកស្លាប់និងរបួសទាំងអស់នោះ សុទ្ធតែត្រូវគ្រាប់កាំភ្លើង​អ៊ីស្រាអែល​ ទាំងអស់នោះទេ។

ក្រុមប្រឹក្សាសន្តិសុខកោះប្រជុំបន្ទាន់ តែគ្មានសេចក្តីថ្លែងការរួម

កាលពី​យប់ថ្ងៃសុក្រ ដោយមានការស្នើសុំពីប្រទេសកូវ៉េត  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បានប្រជុំបន្ទាន់មួយ ក៏ប៉ុន្តែជាសំណាងអាក្រក់ ថ្ងៃម្សិលមិញនេះ គឺជាថ្ងៃបុណ្យប៉ាក់តាមប្រពៃណីសាសនាកាតូលិក ហើយក៏ជាបុណ្យ ប៉េស្សា របស់សាសនាជ្វីហ្វដែរ។ ដូច្នេះហើយ មិនមានតំណាងប្រទេសអ៊ីស្រាអែល ចូលរួមប្រជុំទេ។ បន្ថែមពីនេះ ក្នុងចំនោមប្រទេសសមាជិក ទាំង១៥ ភាគច្រើន បានបញ្ជូនតែអ្នកតំណាងជាន់ទាបមកចូលរួម ប៉ុណ្ណោះ។ ដូច្នេះហើយ បានជាចុងបញ្ចប់នៃការប្រជុំ ​ក្រុមប្រឹក្សាសន្តិសុខ មិនបានចេញសេចក្តីថ្លែងការរួមអ្វីទេ។

តែយ៉ាងណា លោកអនុ​ប្រធានការិយាល័យកិច្ចការអន្តរជាតិ​ របស់អង្គការសហប្រជាជាតិ បានលើកឡើងថា អ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវ ជំពោះមុខនឹងការបាត់បង់ជីវិតជនស្លូតត្រង់។ លោកម្នាក់នេះ បានអះអាងថា ទាហានអ៊ីស្រាអែល​ អាចប្រើកាំភ្លើងបាញ់តបទៅលើក្រុមបាតុករបាន លុះណាតែស្ថិតក្នុងករណីចាំបាច់បំផុត។ ដូច្នេះ ក្នុងនាមអង្គការសហប្រជាជាតិ លោកសូមអំពាវនាវ ឲ្យមានការស៊ើបអង្កេតមួយ ដោយឯករាជ្យ ស្តីពីហេតុការណ៍ ដែលបានកើតឡើង កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីកំណត់​ថា តើទាហានអ៊ីស្រាអែល ពិតជាបានបាញ់រះសំដៅលើក្រុមបាតុករ ដោយគ្មានហេតុផល​ អាចទទួលយកបានឬយ៉ាងណា។

ប៉ុន្តែ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីយប់ថ្ងៃសុក្រ ម្សិលមិញថា គឺក្រុមយុវជនប៉ាឡេស្ទីនទេ ដែលបង្ករឿងដោយខ្លួនឯង ព្រោះពួកគេ បានសម្រុក​ចូល​មកក្បែរព្រំដែន ដែលជាតំបន់ហាមឃាត់នោះ ជ្រុលហួសពេក ដោយបាន​គប់​ដុំថ្ម ​ដបប្រេង និងភ្លើង មកលើទាហានអ៊ីស្រាអែល។

សង្រ្គាម អាចផ្ទុះឡើងសាជាថ្មី បានគ្រប់ពេលវេលា

មកត្រឹមពេលនេះ ស្ថានការណ៍នៅមិនទាន់ស្ងប់នៅឡើយទេ ហើយអាចនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងផង បើសិនជាភាគីទាំងសងខាង​ មិនព្រមបន្ទន់ខ្លះ។ តាមការគ្រោងទុក ក្បួនបាតុកម្មតាមបណ្តោយព្រំដែន រវាងហ្កាហ្សា និងអ៊ីស្រាអែលនេះ គឺគេនឹងធ្វើរយៈពេល៦សប្តាហ៍ រហូតដល់ពាក់កណ្តាលខែឧសភាឯណោះ។ ដូច្នេះ មានន័យថា​ស្ថានការណ៍ ពុះកញ្ជ្រោលរបៀបនេះ នឹងអាចមានជាថ្មីទៀត បានគ្រប់ពេលទាំងអស់។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវ ឲ្យភាគីទាំងសងខាង រក្សាការអត់ធ្មត់ កុំធ្វើអ្វីឲ្យជ្រុលហួសហេតុ ព្រោះថា អំពើហិង្សាទាំងនេះ​ អាចនឹងក្លាយជាចំណុចចាប់ផ្តើម នៃសង្រ្គាមផ្ទុះអាវុធ ជាថ្មី រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ ដោយឡែក កាលពីយប់ថ្ងៃសុក្រ ក្រុមហាម៉ាស ក៏បានប្រកាស​ដែរ ថាកុំឲ្យក្រុមបាតុករ ខិតទៅជិតព្រំដែនពេក ដើម្បីចៀសវាង ការប៉ះទង្គិចជាថ្មី។

យើងនៅចាំបាននូវ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់​ហ្កាហ្សា ចំនួន២លើក ឆ្នាំ២០០៨ និងឆ្នាំ២០១៤។ សង្រ្គាមនេះ អ្នកដែលរងគ្រោះបំផុត គឺប្រជាជន​ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដែលត្រូវក្លាយជាខែល ការពារក្រុមហាម៉ាស ហើយ​ទីបំផុត រងគ្រាប់ប្លោងរបស់អ៊ីស្រាអែល។ តំបន់ហ្កាហ្សា ដែលត្រូវអ៊ីស្រាអែល ហ៊ុំព័ទ្ធ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកណាស់ទៅហើយ បើបន្ថែមសង្រ្គាម និងគ្រាប់កាំភ្លើង​ទៀត នោះកំហឹងស្អប់អ៊ីស្រាអែល ពីសំណាក់ប្រជាជនប៉ាឡេស្ទីន នឹងកាន់តែរីកធំឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ