rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អ៊ីរ៉ង់ ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកហាសាន់ រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់ថា ​ទ្វារ​ចរចា​ជាមួយ​អាមេរិក នៅ​តែ​បើក​ចំហរ

media
លោហាសាន់ រ៉ូហានី ក្នុង​កិច្ចប្រជុំ​ខុទ្ទកាល័យ​លោក នៅតេអេរ៉ង់​ថ្ងៃទី​​៨ឧសភា​ ២០១៩ HO / Iranian Presidency / AFP

លោកហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងឲ្យដឹង​ នៅថ្ងៃពុធទី២៩ឧសភាម្សិលមិញថា ទ្វារ​ចរចាជាមួយសហរដ្ឋអាមេរិក នៅតែបើកចំហរជានិច្ច មិនដែលបិទម្តងណាទេ។ សម្តីនេះ អាចជាការប្រតិកម្មតប ទៅនឹងសម្តីលោកដូណាល់ ត្រាំ ដែលបានបង្ហើបឲ្យដឹងថា អាមេរិកជឿថាអ៊ីរ៉ង់ ចង់ចរចាធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក។ គួររំលឹកថា ប្រមាណ២សប្តាហ៍​កន្លងមកនេះ កំដៅជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក បានឡើងដល់ចំណុចកំពូល បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានបញ្ជូន​នាវាផ្ទុកដោយយន្តហោះចម្បាំង ទៅចូលកៀកអ៊ីរ៉ង់។


បើអាមេរិក សុខចិត្តលប់ចោលនូវទណ្ឌកម្ម ដែលខ្លួនបានដាក់មកលើអ៊ីរ៉ង់ ទាំងអយុត្តិធម៌ ហើយសុខចិត្តត្រលប់មកកាន់តុចរចាគ្នាវិញ គឺទ្វារនៅតែបើកចំហរ រងចាំស្វាគមន៍។ នេះគឺជាប្រសាសន៍លើកឡើង របស់លោកហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ ដែលត្រូវបានគេចាក់ផ្សាយតាមទូរទស្សន៍ជាតិអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធទី២៩ឧសភា។

គួរកត់សំគាល់ថា សម្តីរបស់លោកហាសាន់ រ៉ូហានីនេះ គឺអាចជាប្រតិកម្មឆ្លើយតប ទៅនឹងការលើកឡើង របស់លោក​ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅ។ លោក​ដូណាល់ ត្រាំ បាននិយាយថា លោកជឿជាក់ក្នុង​ចិត្ត​ថា អ៊ីរ៉ង់មានចិត្តចង់ចរចា​។ បើគិតចង់​ចរចាមែន គឺវាជាគំនិតឆ្ងាតវៃ ហើយការចរចាពិតជាអាច​ មានមធ្យោបាយ​ធ្វើទៅបាន។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហាញជំហរប្រុងប្រយត្ន័ខ្លាំង ដោយបានអះអាងថា រហូតមកទល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានណាមួយ បញ្ជាក់​ថាអាចនឹងមានការចរចា រវាងភាគីអាមេរិក និងអ៊ីរ៉ង់នោះទេ។

សូមរំលឹកថា បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់ រដ្ឋាភិបាលអាមេរិក បានថែមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ច សង្រ្គប់មកលើអ៊ីរ៉ង់។ អាមេរិកដាក់ទណ្ឌកម្មពិន័យ លើក្រុមហ៊ុនទាំងអស់ ដែលហានទិញប្រេងឆៅពីអ៊ីរ៉ង់ ឬក៏រកស៊ីវិនិយោគ​ជាមួយអ៊ីរ៉ង់។ យ៉ាងណាមិញ នៅក្នុងរវាងខែឧសភានេះ ការផលិតប្រេងឆៅរបស់អ៊ីរ៉ង់ បានធ្លាក់ចុះ ចំនួន​៤សែនធុងបារីល ក្នុងមួយថ្ងៃ។ ភាគច្រើននៃការនាំចេញ ដែលអ៊ីរ៉ង់ ត្រូវបានបាត់បង់ទីផ្សារ គឺនៅតាមប្រទេសតំបន់អាស៊ី។

គួរកត់សំគាល់ដែរថា វិបត្តិជាមួយអ៊ីរ៉ង់ បានស្តែងឲ្យឃើញ នៅគោលជំហរ២ផ្ទុយគ្នា នៅក្នុងសេតវិមានប្រធានាធិបតីអាមេរិក។ មានម្ខាងគាំទ្រឲ្យប្រើកម្លាំងដាក់អ៊ីរ៉ង់ ដើម្បីផ្តួលរំលំរបបសាធារណៈរដ្ឋអ៊ីស្លាម និងម្ខាងទៀត គាំទ្រឲ្យមានការចរចា បើកចំហរទំនាក់ទំនងឡើងវិញ។ រហូតមកទល់ពេលនេះ គេសង្កេតឃើញថា លោកដូណាល់ ត្រាំ ប្រកាន់ជំហរចង់ចរចា ជាជាងការប្រើកម្លាំងជាមួយអ៊ីរ៉ង់។ ការធ្វើសង្រ្គាម ដែលអាចនាំអន្តរាយ ដល់ការឃោសនារកសម្លេងឆ្នោតសម្រាប់អាណត្តិថ្មី របស់លោក ដូណាល់ ត្រាំ៕