អវសាននៃដែនដីចុងក្រោយ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី
ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី កំពុងតែឈានទៅបរាជ័យ បាត់បង់ដែនដីទាំងស្រុង ក្នុងពេលដ៏ឆាប់ៗនេះ។ ក្រុមសម្ព័ន្ធមិត្តអារ៉ាប់ និងគួក រួមជាមួយក្រុមប្រជាធិបតេយ្យស៊ីរី បានឲ្យដឹងថា គេកំពុងតែវាសង្រ្គប់ ដណ្តើមយកដែនដីចុងក្រោយទំហំប្រមាណតែ១គីឡូម៉ែត្រការ៉េ ដែលក្រុមជីហាតកំពុងសំងំលាក់ខ្លួន។ ទោះបីជាមិនមែនជាការងាយស្រួល តែក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី អះអាងថា ជ័យជំនះចុងក្រោយ កំពុងតែខិតជិតមកដល់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
លោកមេបញ្ជាការ Jia Furat នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ប្រចាំនៅមូលដ្ឋាន al-Omar ភាគខាងកើតស៊ីរី បានឲ្យដឹងថា សមរភូមិចុងក្រោយបង្អស់ គឺស្ថិតនៅភូមិ Baghouz ក្បែរព្រំដែនជាមួយអ៊ីរ៉ាក់។ ក្រុមជីហាត កំពុងសំងំលាក់ខ្លួននៅទីនោះ ក្នុងផ្ទៃដីប្រមាណតែ១គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។
បើតាមប្រភពពីអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានឲ្យដឹងថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី កំពុងឡោមព័ទ្ធ នឹងចូលទៅក្នុងតំបន់នោះបន្តិចម្តងៗ ដើម្បីស្វែងរកក្រុមជីហាត ដែលលាក់ខ្លួននៅតាមរូងក្រោមដី។ ប៉ុន្តែចំណោទធំ គឺនៅមានប្រជាជនស៊ីវីល ជាច្រើននាក់ទៀត នៅក្នុងតំបន់នេះ។
អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយដែរថា គេអាចនឹងដាក់គ្រាប់បែបបំផ្ទុះកម្ទេចរូងក្រោមដី ដើម្បីសម្លាប់ក្រុមជីហាត ក៏ប៉ុន្តែវាជាការប្រថុយ ដោយសារតែក្រុមជីហាត បានចាប់យកប្រជាជនស៊ីវីល និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីមួយចំនួន ជាចំណាប់ខ្មាំង។
គួរកត់សំគាល់ថា ថ្វីបើសមរភូមិចុងក្រោយនេះ មានទំហំតូចក្តី តែវាមិនមែនជាការងាយស្រួលក្នុងការយកឈ្នះទេ។ សកម្មភាពប្រយុទ្ធនិងអន្តរាគមន៍ទំលាក់គ្រាប់បែក ពីសំណាក់កងទ័ពអាមេរិក ត្រូវបានធ្វើដោយប្រុងប្រយ័ត្ន និងតិតតួចបំផុត ដើម្បីចៀសវាងស្លាប់ប្រជាជនស៊ីវីល។ ប្រជាជនដែលបានរត់គេចចេញមក បានអះអាងថា ក្រុមជីហាត បានយកប្រជាជនស៊ីវីល មានស្ត្រី មានកុមារជាដើម ធ្វើជាខែល។
សូមរំលឹកដែរថា ចាប់តាំងពីបើកសមរភូមិប្រយុទ្ធចុងក្រោយនេះ កាលពីខែធ្នូមក មានមនុស្សយ៉ាងហោចណាស់៤ម៉ឺននាក់ហើយ ដែលបានរត់គេចេញពីសមរភូមិ ភាគខាងកើតស៊ីរីនេះ។ បើតាមប្រភពគួរទុកចិត្តបាន នៅតំបន់នេះ មានជនជីហាត មិនតិចជាង៣៨០០នាក់ទេ។ ក្នុងចំណោមនោះ មានជនជីហាត ជាជនជាតិបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ុយក្រែន រុស្ស៊ី និងភាគច្រើនបង្អស់ជាជនជាតិអ៊ីរ៉ាក់។
កាលពីយប់ថ្ងៃសៅរ៍ លោកដូណាល់ ត្រាំ បានសរសេរ លើទំព័រTwitter ដោយបានអំពាវនាវ ឲ្យប្រទេសអឺរ៉ុប ត្រូវប្រមូលយកជនជីហាតដែលជាជនជាតិខ្លួន សុរបប្រមាណ៨០០នាក់ ចូលទៅស្រុកវិញ ដើម្បីកាត់ទោស ព្រោះថាកងទ័ពអាមេរិក និងក្រុមប្រជាធិបតេយ្យស៊ីរី មិនអាចបន្តឃុំពួកនេះ បានទៀតទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ