rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កងទ័ពស៊ីរី​ បាញ់​ទំលាក់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល

media
សមត្ថកិច្ចអ៊ីស្រាអែល ចុះ​ទៅពិនិត្យ​​យន្តហោះ ​F16 ​ដែល​ធ្លាក់នៅ​​ខាងជើង​​អ៊ីស្រាអែល ​ថ្ងៃ​ទី​​១០ កុម្ភៈ ២០១៨​ REUTERS/Ronen Zvulun

នៅព្រឹកថ្ងៃសៅរ៍ទី ១០ កុម្ភៈនេះ កងទ័ពអាកាសស៊ីរី បានប្រកាសថា គេបានរុញច្រាន​ការឈ្លានពានរបស់អ៊ីស្រាអែល ដោយបានបាញ់ទំលាក់​យន្តហោះចម្បាំងមួយគ្រឿង។ បើតាមការផ្តល់ដំណឺង ពីកងទ័ពអ៊ីស្រាអែល ពិតជាមានយន្តហោះចម្បាំង ប្រភេទF16 របស់អ៊ីស្រាអែល​ បានធ្លាក់មួយគ្រឿងមែន ដែលយន្តហោះនោះ បំរុងហោះទៅបើកការវាយប្រហារ លើមូលដ្ឋានទ័ពអ៊ីរ៉ង់ ក្នុងទឹកដីស៊ីរី។


ទីភ្នាក់ងារព័ត៌មាន Sana របស់ស៊ីរី បានប្រកាសឲ្យដឹង ដោយយោងតាមប្រភពពីកងទ័ពស៊ីរីថា៖ “ពួកអ៊ីស្រាអែលឈ្លានពាន បានបង្ហោះយន្តហោះ​ចម្បាំង បំរុងនឹងវាយប្រហារលើមូលដ្ឋានទ័ពរបស់យើងជាថ្មីម្តង​ទៀត ក៏ប៉ុន្តែ ផែនការនេះ ត្រូវបរាជ័យ ដោយសារកងកម្លាំងការពារ​ដែន​​អាកាស​របស់យើង បានវាយបកទៅវិញ”

យោងតាមប្រភពដដែលនេះ កងទ័ពស៊ីរីអះអាងថា បានបាញ់ត្រូវយន្តហោះ​ចម្បាំងជាច្រើនគ្រឿង របស់អ៊ីស្រាអែល ហើយមានយ៉ាង​ហោច​មួយគ្រឿង ដែលបានធ្លាក់ផ្ទុះ។ យ៉ាងណាមិញ ប្រភពពីកងទ័ពអ៊ីស្រាអែល ឯណោះ បានឲ្យដឹងថា ពិតជាមានយន្តហោះប្រភេទ F16 បាន​ធ្លាក់ មួយគ្រឿងមែន នៅភាគខាងជើងអ៊ីស្រាអែល។ អ្នកបើកបរទាំង​២នាក់​ បានចុចប៊ូតុង ហក់ចេញតាមឆ័ត្រយោង ធ្លាក់មកដល់ដី ដោយ​ត្រូវ​របួសជាទំងន់។

កងទ័ពអ៊ីស្រាអែល បានចេញលិខិតប្រកាសឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល F16 ជាច្រើនគ្រឿង បានចេញ​ប្រតិបត្តិការនៅវេលា​ទៀបភ្លឺ ថ្ងៃទី១០កុម្ភៈនេះ ដើម្បីវាយសំដៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់ នៅក្នុង​ទឹកដីស៊ីរី។ ប្រតិបត្តិការនេះ គឺជាការឆ្លើយតប បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចាប់បាននូវយានដ្រូនមួយគ្រឿង របស់អ៊ីរ៉ង់​ដែលបង្ហោះ​ចេញពីមូលដ្ឋាននោះ សំដៅមកអ៊ីស្រាអែល។ លោកមេបញ្ជាការ​ Jonathan Conricus អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានសរសេរ​តាមTwitter ថា អ្នកបង្ករឿងនេះមុន គឺអ៊ីរ៉ង់។​ លោកថា អ៊ីស្រាអែល ត្រូវតែរកវិធី​ ដើម្បីទប់ទល់នឹងការរំលោភដែនអធិបតេយ្យ របស់​ខ្លួន។

ដោយឡែក បើតាមប្រសាសន៍លោក Rami Abdel Rahmane អគ្គនាកយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅស៊ីរី បានឲ្យដឹងថា យន្តហោះ​អ៊ីស្រាអែល​​ទំនង​ជា​មានបំណង ហោះទៅបើកប្រតិបត្តិការ នៅ​ភាគខាងកើតខេត្ត Homs ក្នុងទឹកដីស៊ីរី ព្រោះទីនោះ មានបន្ទាយធំរបស់​កងទ័ពអ៊ីរ៉ង់​ និងក្រុមហេសបូឡាលីបង់។

គួរកត់សម្គាល់ថា អ៊ីស្រាអែល​ថ្វីបើព្យាយាមនៅឆ្ងាយ ពីវិបត្តិសង្រ្គាមនៅស៊ីរី មែនពិត​ តែអ៊ីស្រាអែល ព្រួយបារម្ភ និងតាមដានយ៉ាងស្អិត ទាក់ទិន​ទៅនឹងជំនួយយោធារបស់អ៊ីរ៉ង់ ដែលផ្គត់ផ្គង់កងទ័ពរដ្ឋាភិបាល​ស៊ីរី។ អ៊ីរ៉ង់ ដែលជាសត្រូវធំបំផុតរបស់អ៊ីស្រាអែលនោះ ត្រូវអ៊ីស្រាអែល​​សង្ស័យថា កំពុងលួចលាក់ ដំឡើង និងផលិតអាវុធសាហាវៗ​ នៅក្នុងទឹកដីស៊ីរី ព្រមទាំងបានបញ្ជូនអាវុធ ទៅឲ្យក្រុម​ហេសបូឡាលីបង់ ទៀតផង។ យ៉ាងណាមិញ អ៊ីស្រាអែល​បានបាញ់មីស៊ីល​ជាច្រើនលើក សំដៅកំទេច ទីតាំងស្តុកអាវុធ និងក្បួនដឹកជញ្ជូនអាវុធ​ នៅក្នុងទឹកដីស៊ីរី។

យ៉ាងណាក៏ដោយ នេះជាលើកទៅមួយហើយ ដែលអ៊ីស្រាអែល ប្រកាស​ជាផ្លូវការ ថាខ្លួន បានប្រើយន្តហោះចម្បាំង ទៅវាយប្រហារលើមូលដ្ឋាន​ទ័ពរបស់អ៊ីរ៉ង់ ដោយចំៗតែម្តង។ បើទោះបីជាមិនទាន់ចេញរូបរាង​ជាផ្លូវការមែនពិត តែគ្រប់គ្នាដឹងក្នុងចិត្តយ៉ាងច្បាស់​ថា សមរភូមិថ្មី​​រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅក្នុងទឹកដីស៊ីរី អាចនឹងផ្ទុះឡើង ដោយ​ចៀសមិនរួច បើសិនជាមានករណីផ្ទុះអាវុធ ស្លាប់ប្រជាជនស្លូតត្រង់ នៅភាគីខាងណាមួយ៕