អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើនឹង​មាន​អ្វីកើត​ឡើង ​បន្ទាប់​ពី​តំបន់​រ៉ាខា ​ត្រូវរំដោះ​បាន​ពីដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​​អ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​៣ឆ្នាំ​ បន្ទាប់​ពី​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​កាន់​កាប់​តំបន់​រ៉ាខា ​នៃ​ប្រទេស​ស៊ីរី ​ហើយ​បាន​យក​ទីក្រុង​នេះ ​ជា​ទីតាំង​ធំ​បំផុត​របស់​ខ្លួន ​ ទី​បំផុត​ទៅ​ ទីក្រុង​នេះ ​ត្រូវ​បាន​រំដោះ​មក​វិញ​ទាំង​ស្រុង​ហើយ​ កាល​ពីដើម​សប្តាហ៍​នេះ។ ជាមួយ​នឹង​ការ​បាត់បង់​ទីតាំង​ដ៏​ធំ​របស់​ខ្លួន​នេះ ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ កំពុង​តែ​ចុះថយ​ នឹង​ឈាន​ទៅ​បាត់បង់​ដែនដី​កាន់​កាប់​ទាំងស្រុង ​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់។ តែ​យ៉ាង​ណា​ វាសនា​តំបន់​រ៉ាខា ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល ​ដោយសារ ​សហរដ្ឋ​អាមេរិក ​ដែល​ជា​អ្នក​ទំនុកបំរុង​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​ក្នុង​ការ​រំដោះ​តំបន់​រ៉ាខា ​អាច​ដក​ខ្លួន​ចេញ​គ្រប់​ពេល​វេលា ​ទុកឲ្យ​ក្រុម​នេះ ​ប្រឈម​មុខ​នឹង​រដ្ឋាភិបាល​ស៊ីរី ​តែ​ម្នាក់​ឯង។

កងកម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី ពេល​ចួលទៅ​ដល់​​ក្រុង​​រ៉ាខា ថ្ងៃទី​​១៧ តុលា ២០១៧
កងកម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី ពេល​ចួលទៅ​ដល់​​ក្រុង​​រ៉ាខា ថ្ងៃទី​​១៧ តុលា ២០១៧ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

ជ័យជំនះ​ដ៏ធំ​ របស់​អាមេរិក​ និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី

ក្រុងរ៉ាខា​ ដែល​ជា​សំបុក​ធំ​បំផុត​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី ​ត្រូវ​បាន​រំដោះ​មក​វិញ​ ទាំងស្រុង​ កាល​ពី​ថ្ងៃទី​ ១៧ ​ខែ​តុលា​នេះ។ ក្រុម​កម្លាំង​ ដែល​បាន​ប្រយុទ្ធ​ឈ្នះ ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​រ៉ាខា ​គឺ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី (FDS)។ ក្រុម​នេះ ​គឺ​ជា​ទូទៅ ​គេ​ចាត់ទុក​ថា​ជា​ក្រុម​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាឆា ​អាល់អាសាដ ​ដូច​នឹង​ក្រុម​កងកម្លាំង​សេរី​រំដោះ​ស៊ីរី​ដែរ។ កន្លង​មក​ច្រើន​ឆ្នាំ​មក​នេះ ​ គឺ​ក្រុម​ប្រជាធិបតេយ្យ​ស៊ីរី​នេះ​ហើយ ​ ដែល​បាន​ខិតខំ​ប្រយុទ្ធ​តតាំង ​ជាមួយ​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ភាគ​ខាង​ជើង​ស៊ីរី។

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​នេះ  ​មាន​ភាគ​ច្រើន​គឺ​ជា​ទាហាន​មក​ពី​សហគមន៍​ជនជាតិ​កួដ​  ​និង​មួយ​ចំនួន​ គឺ​ក្រុម​អារ៉ាប់​ដែល​ស្និទ​នឹង​កង​ទ័ព​សេរី​ស៊ីរី ​និង​ចលនា​មហាជន ​មកពី​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ស៊ីរី​ផងដែរ។ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​នេះ ​ គឺ​ជា​សម្ព័ន្ធ​មិត្ត​របស់​កងទ័ព​អាមេរិក ​ក្នុង​យុទ្ធនាការ ​កំទេច​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដូច្នេះ  ​ជ័យជំនះ ​រំដោះ​បាន​ក្រុង​រ៉ាខា ​ពីក្រុម​ជីហាត ​កាល​ពី​ថ្ងៃទី​ ​១៧ ​តុលា​នេះ ​គឺជា​ជោគជ័យ ​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​ដោយ​មាន​ជំនួយ​យ៉ាង​សកម្ម​ ពី​កងទ័ព​អាកាស​របស់​អាមេរិក។

អាមេរិក​អាច​ដកថយ ​ទុកឲ្យ​ក្រុម​ប្រជាធិបតេយ្យ​ស៊ីរី ​ទន់​ខ្សោយ

ក្រុម​ជនជាតិកួដ ​ដែល​កាន់កាប់​តំបន់​ខាងជើង​ស៊ីរី​នេះ ​ធ្លាប់​ប្រកាស​ថា​នឹង​បង្កើត​តំបន់​ស្វយ័ត​ដាច់​ដោយឡែក​មួយ។ តើ​ក្នុងន័យ​នេះ​ មាន​ន័យ​ថា ​ទីក្រុង​រ៉ាខា ​អាច​នឹង​ត្រូវ​ក្រុម​នេះ ​ចាត់​បញ្ចូល​ទៅ​ជា​ក្នុង​តំបន់ស្វយ័ត​កួដស៊ីរី ​ដែរ​ឬទេ?

ត្រង់នេះ​ហើយ​ ដែល​ជា​ភាព​មិន​ទាន់​ប្រាកដ​ប្រជា ​នៃ​អនាគត​របស់​តំបន់​រ៉ាខា។ ទីក្រុង​នេះ​រំដោះ​បាន​មកវិញ​មែន​ តែ​ពេល​នេះ ​ ពុំមាន​អាជ្ញាធរ​គ្រប់គ្រង ​ពិត​ប្រាកដ​ទេ។ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​និង​ក្រុម​កួដ ​នេះ ​គឺ​មាន​តែ​កម្លាំង​អាវុធ ​និង​ដោយ​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ផងទេ តែ​​ពួក​គេ​ពុំមាន​កម្លាំង​គ្រប់គ្រាន់ ​ក្នុងការ​គ្រប់គ្រង​រដ្ឋបាល ​នៅ​ទីក្រុង​រ៉ាខា​ទាំងមូល​​បានទេ ​ហើយ​ក៏គ្មាន​លទ្ធភាព​កសាង​ទីក្រុង​នេះ​ឡើង​វិញ​ដែរ។

ជាងនេះ​ទៅទៀត ​សហរដ្ឋ​អាមេរិក​  អាច​នឹង​ដោះ​ដៃចោល​ក្រុម​ប្រជាធិបតេយ្យ​ស៊ីរី​នេះ​ ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។ លោក ​Fabrice Balanche ​អ្នក​វិភាគ​នៅ​សកលវិទ្យាល័យ ​Stanford ​បាន​លើក​ឡើង​ថា ​កម្មវត្ថុ​របស់​អាមេរិក​ ​គឺ​កំទេច​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់។ អ្វីផ្សេង​ទៀត ​មិនមែន​ជា​អាទិភាព​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​ឡើយ។ ពេលនេះ ​ក្រុង​រ៉ាខា ​រំដោះពី​ដៃ​ក្រុម​ជីហាត​មក​វិញ​ហើយ ​ដូច្នេះ ​អាមេរិក​ លែង​មាន​ហេតុផល​អ្វី ​ត្រូវ​នៅ​ពីក្រោយ​ជួយ​ក្រុម​កួដ ​ឬ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ ទៀត​ឡើយ។

ក្រុមកួដ​ អាច​បង្ខំចិត្ត​ ខិត​ទៅ​ជិត​រដ្ឋាភិបាល​ស៊ីរី

បើលែង​មាន​អាមេរិក​នៅ​ពីក្រោយ  ​​ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ នឹង​ទន់​ខ្សោយ​គ្មាន​បង្អែក ​ មិនអាច​តតាំង ​នឹង​រដ្ឋាភិបាល​ស៊ីរី ​ដែល​មាន​រុស្ស៊ី​ផង ​មាន​អ៊ីរ៉ង់​ផង ​និង​តួកគី​ផង​នៅ​ពីក្រោយ​ នោះ​ទេ។ យ៉ាងណា​មិញ ​លោក​ Aron Stein​ អ្នក​ជំនាញ​នយោបាយ​ដើម​បូព៌ា ​បាន​លើក​ឡើង​ថា ​ក្រុម​កួដ​ ដែល​ដណ្តើម​បាន​ក្រុង​រ៉ាខា ​នាពេល​នេះ ​នឹង​គ្មាន​ជំរើស​អ្វី ​ក្រៅតែ​ពី​ខិត​ទៅ​ជិត​ ចាប់ដៃ​ជា​មួយ​រដ្ឋាភិបាល​ស៊ីរី​ទេ។

ដូចគ្នា​ដែរ ​លោក ​Bassam Abou Abdallah ​អ្នក​វិភាគ​ស្និទ​នឹង​របប​ បាឆា អាល់អាសាដ ​បាន​លើក​ឡើង​ថា ​គេ​កំពុង​ចាប់ផ្តើម​ពិចារណា ​បើក​ការ​ចរចា​ រវាង​រដ្ឋាភិបាល​ស៊ីរី ​និង​ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី  ​ដើម្បី​សម្រួល​ការ​ប្រគល់​តំបន់​រ៉ាខា ​មក​ឲ្យ​ស្ថិត​ក្នុង​អំណាច​នយោបាយ ​របស់​រដ្ឋាភិបាល​ស៊ីរី។ បើទោះ​បី​តំបន់​រ៉ា​ខា​នេះ​ មិនមែន​ជា​តំបន់​យុទ្ធសាស្ត្រ ​អាទិភាព​ធំ​របស់​រដ្ឋាភិបាល​ស៊ីរី​មែន ​ តែ​រដ្ឋាភិបាល​នេះ ​មិន​អាច​អនុញ្ញាត ​ឲ្យ​មាន​ការ​ពុះច្រៀក​ទឹកដី​ស៊ីរី ​ជា​ពីរ​ជា​បី​ទេ។

រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ខ្វះ​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង?

ជាការពិត ​បច្ចុប្បន្ន​នេះ ​មូលហេតុ​ធំ​បំផុត​ និង​តែមួយ​គត់​ នៃ​អន្តរាគម​របស់​អាមេរិក ​នៅ​តំបន់​នេះ​  ​គឺ​ដើម្បី​បោសសំអាត ​បំបែក​សំបុក​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដូច្នេះ​ចា​ប់ពី​ពេល​នេះ ​អាមេរិក​ លែង​មាន​ហេតុផល​អ្វី ​ ដែល​ត្រូវ​នៅ​ទៀត​ហើយ។

ត្រង់​ចំណុច​នេះ​ហើយ ​ដែល​អ្នក​វិភាគ​មួយ​ចំនួន ​ បាន​រិះគន់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​ ​ថា​ ​ខ្វះ​យុទ្ធសាស្ត្រ​រយៈពេល​វែង ​ដែល​ប្រមើរមើល​ឲ្យ​បាន​ឆ្ងាយ ​ ក្រោយ​យក​ជ័យជំនះ ​ពី​ក្រុម​ជីហាត។ លោក ​Jim Jeffrey ​អតីតមន្ត្រី​ទូត​អាមេរិក​ ម្នាក់​ បាន​លើកឡើង​ថា ​ រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​ងុបងល់ ​តែ​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ពេក ​ ភ្លេចគិត​ពី​បញ្ហា​ផ្សេង​ទៀត ​ ដែល​កំពុង​ចោទ​ឡើង​នៅ​តំបន់​ស៊ីរី ​អ៊ីរ៉ាក់​នេះ។ ត្រង់​ចំណុច​នេះ​ គឺ ​លោក​ដូណាល់ ត្រាំ ​បាន​ដើរ​ក្រោយ ​រុស្ស៊ី​ តួកគី ​និង​អ៊ីរ៉ង់​មួយ​ជំហាន​ធំ។

ជាក់ស្តែង ​បញ្ហា​ដែល​កំពុង​ចោទឡើង ​និង​អាច​បង្ករ​អស្ថិរភាព​ថ្មី​មួយ​ទៀត ​សម្រាប់​តំបន់​នេះ ​គឺ​បញ្ហា​អធិបតេយ្យភាព ​របស់​ដែនដី​កួដឌីស្ថាន​នេះ​តែម្តង។ ក្រុម​កួដ​នៅ​អ៊ីរ៉ាក់​ កំពុង​តែ​ប្រយុទ្ធ​ទាមទារ​ អធិបតេយ្យភាព។ បញ្ហា​នេះ ​សហរដ្ឋ​អាមេរិក​ កំពុង​តែ​ឈរ​មើល ​ទាំង​មិន​ដឹង​ធ្វើ​អ្វី​បាន ​ ព្រោះ​ហារ​ទៅ​វា​ស្លាក់​ ខ្ជាក់​ទៅ​វា​ស្លែង។

តាំងពី​ដើមមក​ អាមេរិក​ បាន​ជួយ​ទំនុក​បំរុង​ក្រុម​កួដ  ​ដើម្បី​ផ្តួល​រំលំ​របប​ សាដាម​ហ៊ូសេន ​ហើយ​ក្រោយ​មក​ ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ ​អាមេរិក​ ​ក៏បាន​ជួយ​បំពាក់​បំប៉ន ​កងទ័ព​អ៊ីរ៉ាក់​ដែរ។ ឥឡូវ​ កងទ័ព​អ៊ីរ៉ាក់ ​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​កួដ ​ដើម្បី​ដណ្តើម ​តំបន់​គៀរគូក ។ សម្រាប់​ពេល​នេះ ​រដ្ឋាភិបាល​លោកត្រាំ ​ត្រូវ​រួញ​ខ្លួន ​ មិន​កាន់​ជើង​អ្នកណា​ទាំងអស់។ តែការ​ប្រកាន់​ជំហរ​នៅ​កណ្តាល​នេះ  ​គឺវា​ដូច​ហុច​ដងដាវ ​ទៅឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ ព្រោះថា​រដ្ឋាភិបាល​នេះ ​នឹង​ទទួល​ជំនួយ​ពី​កងទ័ព​ឈីអ៊ីត​អ៊ីរ៉ង់ ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​កួដ។

នៅ​ដើម​បូព៌ា ​ អាមេរិក ​មាន​សត្រូវ​ជុំទិស ​ គឺ​រុស្ស៊ី​ផង​ តួកគី​ផង ​ អ៊ីរ៉ង់​ផង ​ ដូច្នេះ ​ក្រុម​ទាំងបី​នេះ​ នឹង​ធ្វើ​គ្រប់យ៉ាង ​ដើម្បី​កំចាយ​ឥទ្ធិពល​របស់​អាមេរិក ​ មិនឲ្យ​ទៅ​រំខាន​នៅ​ក្បែរ​ផ្ទះ​របស់​គេ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ