អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​ត្រីភាគី​រវាង​ រុស្សី ​តួកគី ​និង​អ៊ីរ៉ង់ ​ស្តីពី​បញ្ហា​ស៊ីរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធ ទី៤មេសានេះ ប្រធានាធិបតីតួកគី កំពុងតែដឹកនាំការប្រជុំត្រីភាគីមួយ ស្តីពីបញ្ហាស៊ីរី នៅក្រុងអង់ការ៉ា ជាមួយនឹងលោកហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ និងលោកពូទីន ប្រធានាធិបតីរុស្ស៊ី។ ប្រទេសទាំង៣នេះ បានក្លាយជាតួអង្គដ៏សំខាន់ នៅក្នុងវិបត្តិសង្រ្គាមនៅស៊ីរី ខណៈដែលសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត បានដកថយ គ្មានវត្តមានមកដោះស្រាយវិបត្តិនេះ ទាល់តែសោះ។ តើការប្រជុំត្រីភាគី រវាងតួកគី រុស្ស៊ី និងអ៊ីរ៉ង់ ស្តីពីសំណុំរឿងស៊ីរីនេះ អាចនឹងនាំដល់ដំណោះស្រាយស្វែងរកសន្តិភាព បញ្ចប់សង្រ្គាមនៅស៊ីរីដែរឬទេ ឬក៏គ្រាន់តែជាការជួបជុំ ដើម្បីស្រុះស្រួលគ្នា បែកចែកផលប្រយោជន៍គ្នា តែប៉ុណ្ណោះ ទៅវិញទេ?

លោកអ៊ែរដូហ្កាន់ ចាប់រលាក់ដៃ ជាមួយ​លោក​ពូទីន នៅក្រុងអង់ការ៉ា ​ថ្ងៃទី​ ៣មេសា​ ២០១៨​
លោកអ៊ែរដូហ្កាន់ ចាប់រលាក់ដៃ ជាមួយ​លោក​ពូទីន នៅក្រុងអង់ការ៉ា ​ថ្ងៃទី​ ៣មេសា​ ២០១៨​ Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានរៀបចំកិច្ចប្រជុំពិសេសមួយ នៅក្រុងសុតឈីល កាលពីខែមករា ដើម្បីស្វែងរកដំណោះស្រាយដល់សង្រ្គាមនៅស៊ីរី  នៅថ្ងៃនេះប្រទេសទាំង៣ រុស្ស៊ី តួកគី និងអ៊ីរ៉ង់ កំពុងតែជួបប្រជុំគ្នាជាថ្មី នៅក្រុងតេអេរ៉ង់។ កិច្ចប្រជុំទាំងនេះ គឺជាការប្រជែង នឹងដំណើរការចរចាស្វែងរកសន្តិភាព ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។

អ្នកណា​ហ៊ានដាក់​ទ័ព​មកអន្តរាគមន៍ អ្នកនោះនឹងមានឥទ្ធិពល

ចាប់ពីពេលនេះទៅ គ្មានអ្វីអាចមកប្រកែកបានទេ ប្រទេសទាំង៣នេះ បានក្លាយជាតួអង្គសំខាន់ នៅក្នុងសំណុំរឿងស៊ីរីហើយ។ ក្លាយជាតួអង្គសំខាន់ ក៏ព្រោះតែគ្មាននរណាផ្សេងទៀត ហ៊ានមកប្រឡូក។ បើនិយាយពីអង្គការសហប្រជាជាតិ ដំណើរការចរចសន្តិភាព ដែលធ្លាប់បានធ្វើនៅក្រុងហ្សឺណែវ ច្រើនដងមកហើយនោះ បានបរាជ័យ ធ្លាក់ទឹក គ្មានបានលទ្ធផលអ្វីទាល់តែសោះ។

ហើយបើនិយាយពីសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច មានបារាំង និងអង់គ្លេសជាដើម ក៏ពុំមានវត្តមានដែរ។​ ចង់មានទំងន់ មានទឹកមាត់ប្រៃក្នុងការចរចា គឺទាល់តែប្រទេសនីមួយៗនោះ មានដែនដីគ្រប់គ្រង និងមានកូនចៅនៅស៊ីរី។ ប៉ុន្តែ តាំងតែ​ពី​ដំបូង អាមេរិក និងបារាំង មិនបានបញ្ជូនទ័ព ទៅចូលរួមធ្វើសង្រ្គាម ជួយខាង​ណាមួយ ក្នុងវិបត្តិនៅស៊ីរីទេ។ អន្តរាគមន៍យោធា ដែលអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើ គឺផោ្តតតែទៅលើការកំទេច បោសសម្អាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម តែប៉ុណ្ណោះ។

ជាងនេះទៅទៀត កាលពីថ្ងៃ៣០ ខែមីនាថ្មីៗនេះ លោកដូណាល់ ត្រាំ បានថែមទាំងប្រកាសថា អាមេររិកនឹងដកទ័ពចេញពីប្រតិបត្តិការបោសសម្អាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងនៅអ៊ីរ៉ាក់នេះ ក្នុងពេលដ៏ឆាប់ខាងមុខនេះទៀងផង។​ ដូច្នេះមានន័យថា សហរដ្ឋអាមេរិក កាន់តែលែងមានវត្តមានទៅទៀតហើយ នៅក្នុងតំបន់នេះ។ សម្រាប់បារាំងវិញ មានព័ត៌មានលេចឮថា ក្រសួងការបរទេសបារាំង បានស្នើទៅតួកគីដែរ ថាចង់ឲ្យលោកម៉ាក្រុង ទៅចូលរួមការប្រជុំនៅថ្ងៃនេះ ក៏ប៉ុន្តែសំណើរនេះ ត្រូវបានភាគីអ៊ីរ៉ង់ ជំទាស់។ តែយ៉ាងណា ខាងក្រសួងការបរទេសបារាំង បានអះអាងថា រដ្ឋាភិបាលបារាំង មិនបានទៅស្នើសុំចូលប្រជុំជាមួយគេទេ។

ជារួម បើយើងក្រឡេកទៅមើលសមរភូមិជាក់ស្តែង នៅស៊ីរី គឺយើងឃើញថា មានតែប្រទេសបីនេះប៉ុណ្ណោះ ដែលកំពុងតែធ្វើអន្តរាគមន៍ គឺកងទ័ពរុស្ស៊ី កងទ័ពតួកគី និងកងទ័ពអ៊ីរ៉ង់។ គឺការដែលហ៊ានប្រថុយបញ្ជូនទ័ពទៅនេះហើយ ដែលធ្វើឲ្យប្រទេសបីនេះ មានទំងន់ខ្លាំង និងមានឥទ្ធិពលនាពេលនេះ។

បង្កើតគណកម្មាធិការធម្មនុញ្ញ សម្រាប់ស៊ីរី

ការជួបនិយាយគ្នា រវាងប្រទេសទាំង៣នេះ គឺជាការបន្តនូវយន្តការចរចា ក្រុង Astana ដែលយន្តការនេះ បានអនុញ្ញាត ឲ្យប្រទេសទាំង៣នេះ ត្រូវរូវគ្នា បង្កើតតំបន់សន្តិសុខគ្មានការប្រយុទ្ធចំនួន៤កន្លែង។ ជាការពិត ការបង្កើតតំបន់សន្តិសុខទាំងនេះ គឺវាបានជួយកាត់បន្ថយការប្រយុទ្ធ ការទំលាក់គ្រាប់បែកបានខ្លះដែរ។ តែយ៉ាងណា ភាគីនីមួយៗ កំពុងបញ្ឆេះកាណុង នៅតាមសមរភូមិផ្សេងទៀត រៀងៗខ្លួន ជាក់ស្តែងសមរភូមិ នៅតំបន់Ghouta និងនៅតំបន់Idlep។

បើតាមប្រភពផ្លូវការ ពីរដ្ឋាភិបាលតួកគី បានឲ្យដឹងថា តួកគីនៅតែបន្តប្រកាន់គោលជំហរ ប្រឆាំងនឹងបាឆា អាល់អាសាដ ដដែលទេ។ បន្ថែមពីនេះ តួកគី នឹងបន្តទាមទារឲ្យរុស្ស៊ី បើកផ្លូវ ឲ្យមានតំបន់សន្តិសុខ ដើម្បីឲ្យជនភៀសខ្លួនស៊ីរី ដែលបញ្ចុប្បន្នកំពុងស្នាក់នៅតួកគី​រាប់ម៉ឺននាក់នោះ បានត្រលប់ទៅស្រុកភូមិវិញ។ បើតាមប្រភពដដែល ក៏បានឲ្យដឹងថា គឺនឹងនិយាយគ្នាបន្ត អំពីការបង្កើត គណកម្មាធិការធម្មនុញ្ញមួយ សម្រាប់ស៊ីរី។ នៅថ្ងៃនេះ ភាគីទាំង៣ នឹងនិយាយគ្នា ដើម្បីកំណត់អំពីការបែងចែកសមាជិក នៃគណកម្មាធិការពិសេសនេះ ដែលតាមព័ត៌មានលេចឮ គឺមានសមាជិក១៥០នាក់ ដោយប្រទេសមួយ បញ្ជូនមក៥០ម្នាក់។

ដើម្បី​សន្តិភាព ឬ​ដើម្បី​បែងចែកប្រយោជន៍​រៀងខ្លួន?

តាមពិតទៅ អ្នកវិភាគច្រើនណាស់ បានសម្លឹងឃើញថា ជំនួបប្រជុំរវាងមេដឹកនាំទាំងបីប្រទេស នាពេលនេះ គឺគេមិនមែននិយាយគ្នា អំពីផែនការឈានទៅស្វែងរកដំណោះស្រាយសន្តិភាព ឲ្យដល់ប្រទេស៊ីរីទេ។ តែ​ធាតុពិត វាគឺជាការប្រជុំ ដើម្បីស្វែងរកការស្រុះស្រួលគ្នា បែងចែកផលប្រយោជន៍គ្នា​តែ​ប៉ុណ្ណោះ។ ពោលគឺភាគីនីមួយៗ សុទ្ធតែចង់បានអ្វីមួយ នៅស៊ីរី ដូច្នេះ ត្រូវនិយាយគ្នា កុំឲ្យមានការប៉ះទង្គិចគ្នា​។

កម្មវត្ថុរបស់ប្រទេសទាំង៣នេះ មិនដូចគ្នាទេ។ រុស្ស៊ី និងអ៊ីរ៉ង់ គាំទ្របាឆា អាល់អាសាដ តែតួកគីវិញ មិនគាំទ្រទេ ក៏ប៉ុន្តែតួកគី អាចបំភ្លេចរឿងនេះចោល បើសិនជារុស្ស៊ី និងអ៊ីរ៉ង់ ព្រមធ្វើសម្បទានអ្វីមួយមកវិញ។​ ដូច្នេះរុស្ស៊ី និងអ៊ីរ៉ង់ ក៏អាចចង់ឲ្យតួកគី ទៅនិយាយបញ្ចុះបញ្ចូលក្រុមឧទ្ទាមស៊ីរី ដែលជាកូនចៅខ្លួននោះ ឲ្យឈប់តវ៉ាទាមទារឲ្យបាឆា ចុះចេញពីតំណែង តទៅទៀត។

តួកគី កំពុងធ្វើអន្តរាគមន៍យោធា នៅតាមបណ្តោយព្រំដែនខាងជើងស៊ីរី ដែលជាតំបន់គ្រប់គ្រងដោយក្រុមកួដស៊ីរី។ បើតាមការវិភាគ របស់លោកស្រី Elyzabeth Teoman អ្នកជំនាញនៅ Institut of Study of War បានលើកឡើងថា អ្វីដែលជាការចង់បានរបស់តួកគី គឺចង់ឲ្យកងទ័ពរុស្ស៊ី និងកងទ័ពអ៊ីរ៉ង់ បើកផ្លូវឲ្យ​ខ្លួន ទៅវាយបំបែកក្រុមកួដស៊ីរី។ បន្ទប់មកទៀត តួកគី និងបញ្ជូន​ក្រុមឧទ្ទាមស៊ីរី ដែលជាកូនចៅខ្លួននោះ ទៅគ្រប់គ្រងតំបន់នោះ។ ពេលនេះ តួកគី បានវាយដណ្តើមបានមួយផ្នែកធំហើយ។

ឯចំណែកកម្មវត្ថុរបស់រុស្ស៊ីវិញ គឺធ្វើយ៉ាងណា ការពារមូលដ្ឋានទ័ពអាកាស និងកំពង់ផែនាវាចម្បាំងរបស់ខ្លួន នៅតំបន់មាត់សមុទ្រមេឌីទែរ៉ាណេឲ្យបាន។ ចំណែកអ៊ីរ៉ង់ វិញធ្វើយ៉ាងណា ឲ្យក្រុមយោធារបស់បាឆា អាល់អាសាដ ដែលស្និទនឹងខ្លួននោះ អាចបន្តដឹកនាំស៊ីរីតទៅទៀត ដើម្បីជាឈ្នាន់ ពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់ ដេញកុំឲ្យមានវត្តមានរបស់អាមេរិក និងអារ៉ាប៊ីសាអូឌីត នៅក្នុងតំបន់នេះទៀត។

បំបែកបំបាក់ផ្ទៃក្នុង OTAN

ជាការពិតណាស់ វាក៏អាចជាសង្រ្គាមយុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់ផ្ទៃក្នុងអង្គការអូតង់។ លោក Aron Lund អ្នកវិភាគនៅ American Century Foundation បានលើកឡើងថា រុស្ស៊ីសង្ឃឹមថា អាចកេងចំណេញ​ពីកំហឹងរបស់តួកគីបាន ដើម្បីធ្វើឲ្យតួកគី និងអាមេរិក លែងត្រូវគ្នា។ រុស្ស៊ី និងអ៊ីរ៉ង់ អាចនឹងជំរុញតួកគី ឲ្យទៅវាយដណ្តើមដែនដីពីក្រុមកួដស៊ីរី ដែលជាកូនចៅរបស់អាមេរិក។ ការវាយដណ្តើមដែនដី ពីក្រុមកួដស៊ីរីនេះ គឺមានន័យថា វានឹងបង្កគ្រោះថ្នាក់ ដល់កងទ័ពអាមេរិក ដែលកំពុងតែឈរជើង នៅស៊ីរី និងអ៊ីរ៉ាក់។ តួកគី អាចនឹងកាត់ផ្តាច់​ផ្លូវទំនាក់ទំនង ដឹកជញ្ជូនស្បៀង ឬសម្ភារៈរបស់កងទ័ពអាមេរិក។

ប៉ុន្តែជារួម ការសហការរវាងប្រទេស៣នេះ មានលក្ខណៈផុយស្រួយណាស់​ ព្រោះដោយសារតែម្នាក់ៗ មានប្រយោជន៍ខុសគ្នា។​ តួកគី ដែលកំពុងតែសម្រុកដណ្តើមបានភាគខាងជើងស៊ីរីនោះ ហាក់មានកំលាំង និងឥទ្ធិពលកាន់តែខ្លាំង ដែលធ្វើឲ្យរដ្ឋាភិបាលបាឆា អាល់អាសាដបារម្ភមិនស្ទើរទេ។ បាឆា អាល់អាសាដ ក៏អាចមិនព្រមធ្វើតាមរុស្ស៊ីដែរ បើសិនជាតួកគីបង្កគ្រោះថ្នាក់ខ្លាំងពេក។ ចំណែកអ៊ីរ៉ង់វិញ មានកម្មវត្ថុតែមួយគត់ គឺរក្សាអំណាចរបស់បាឆាអាល់អាសាដ។ ដូច្នេះហើយ បានជាគេមិនសង្ឃឹមថា ជំនួបទាំង៣ប្រទេស នេះ នឹងហុចផលអ្វីជាធំដុំទេ សម្រាប់សន្តិភាពនៅស៊ីរី ក្រៅតែពីការហែកហួរ ដណ្តើមភោគផលគ្នាតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ