rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី តួកគី រុស្ស៊ី ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី៖ ពួក​ឧទ្ទាម ​បាញ់​​ទំលាក់​​យន្តហោះ​​ចម្បាំង​​របស់​​រុស្ស៊ី​

media
រូបភាពយន្តហោះឆេះខ្ទេច ​ដែលក្រុម​ឧទ្ទាម​អះអាង​​ថា ​គឺជា​យន្តហោះ​រុស្ស៊ី ដែល​ត្រូវ​​បាន​បាញ់ទំលាក់ ថ្ងៃទី​៣ កុម្ភៈ ២០១៨​ Reuters

ស្ថានភាពនៅស៊ីរី នៅតែមិនទាន់ស្ងប់នៅឡើយទេ។ សមរភូមិ ជាច្រើនចំណុច នៅតែក្តៅគគុក ដោយមានការប្រឈមមុខដាក់គ្នា រវាងកងកម្លាំង ច្រើនក្រុមផ្សេងៗគ្នា។ យ៉ាងណា​មិញ យោងតាមការអះអាង​ របស់ក្រុមការងារឃ្លាំមើលសិទ្ធិមនុស្ស នៅស៊ីរី បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ទី ៣ កុម្ភៈ ក្រុមឧទ្ទាមស៊ីរី មួយក្រុមនៅតំបន់ខេត្ត អ៊ីដឡិប បានបាញ់មីស៊ីល កំទេចយន្តហោះចំបាំង របស់រុស្ស៊ី មួយគ្រឿង ដែលកំពុងតែធ្វើប្រតិបត្តិការ ទំលាក់គ្រាប់បែក នៅទីនោះ។ នៅមិនឆ្ងាយពីនោះប៉ុន្មានដែរ កងទ័ពតួកគី មានស្លាប់៧នាក់ ក្នុងការវាយតទល់គ្នា ជាមួយក្រុមកម្លាំងកួដស៊ីរី។


យន្តហោះទំលាក់គ្រាប់បែករបស់រុស្ស៊ី ប្រភេទ Soukhoï SU-25 ត្រូវបានក្រុមឧទ្ទាមបាញ់ទំលាក់ នៅក្បែរក្រុងMaasran ភាគខាងជើងស៊ីរី កាលពីថ្ងៃសៅរ៍។ លោក Abdel Rahmane នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបាន ឲ្យដឹងថា ក្រុមឧទ្ទាម ដែលបានបាញ់កំទេចយន្តហោះនោះ គឺជាក្រុម Hayat-Tahrir al-Cham ដែលជាក្រុមឧទ្ទាមស៊ីរី ស្និទនឹងក្រុមអាល់កាយអ៊ីដា។ យោងតាមប្រភពដដែល បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ រុស្ស៊ី បានបញ្ជូនយន្តហោះ​មក​ទំលាក់​គ្រាប់ ជាច្រើនចំណុច ក្នុងខេត្តIdleb ដែលបច្ចុប្បន្ន នៅ​សល់​តែ​តំបន់​នេះ​មួយ​ប៉ុណ្ណោះ ដែល​មិនស្ថិត​ក្រោម​ការ​កាន់កាប់ របស់​រដ្ឋាភិបាល​​ស៊ីរី។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី ក៏បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា យន្តហោះ​ទំលាក់​គ្រាប់បែក​របស់​រុស្ស៊ី​មួយ​គ្រឿង ពិត​ជា​ត្រូវបាន​ក្រុមឧទ្ទាម​ស៊ីរី បាញ់កំទេចមែន។ ចំណែកអ្នកបើកបរយន្តហោះនោះ បាន​ចុច​ប៊ូតុង លោតចេញ​តាម​ឆ័ត្រយោង ​មកខាងក្រៅ​ មុននឹង​បាន​យកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង ពេលធ្លាក់មកដល់ដី។ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា មីស៊ីល ដែល​ក្រុមឧទ្ទាម​ប្រើប្រាស់​នោះ អាច​ជា​ប្រភេទ​មីស៊ីល​បាញ់​កំទេច​លើអាកាស។ បើសិន​ជាក្រុម​ឧទ្ទាមនេះ មាន​មីស៊ីល​ប្រភេទនេះ​ប្រើមែន គឺមាន​ន័យថា វាជា​គ្រោះថ្នាក់​ធំណាស់​ ដល់​ប្រតិបត្តិការ​របស់​យន្តហោះ​ចំបាំង​​នៅ​តំបន់នោះ មិន​ថាតែ​យន្តហោះ​របស់​រុស្ស៊ី​ ​ឬ​យន្តហោះ​របស់​អាមេរិក នោះទេ។

ដោយឡែក នៅតំបន់Afrine ឯនោះ ទាហានតួកគី៧នាក់ បានស្លាប់ ក្នុង​ការប្រឈមមុខបាញ់តទល់ ជាមួយនឹងក្រុមកួដស៊ីរី។ តួកគី បានបញ្ជូន​ទ័ព ចូលមកក្នុងដីស៊ីរី តាំងតែពីថ្ងៃ២០មករា ដោយអះអាងថា គឺដើម្បី​កំទេច​ក្រុមភេរវកម្ម​ដែល​នៅ​តាម​បណ្តាយ​ព្រំដែន រវាងស៊ីរី និង​តួកគី។

គួរកត់​សម្គាល់​ថា​ ក្រុមភេរវកម្មដែលតួកគីលើកឡើងនោះ គឺជាក្រុម​កួដ​ស៊ីរី ដែលក្រុមនេះ គឺជាសម្ព័ន្ធមិត្តរបស់កងទ័ពអាមេរិក ក្នុងការប្រយុទ្ធ​បោស​សម្អាត ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ប្រការនេះ បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតីតួកគី ត្រូវប្រទេសមួយចំនួន រិះគន់ជាខ្លាំង ថាកំពុងឈ្លានពានស៊ីរី។ យ៉ាងណាមិញ លោក​អ៊ែរដូហ្កាន់ បានឆ្លើយតប​នឹង​​ការរិះគន់​ របស់​លោក​ម៉ាក្រុង​វិញ​ថា សូម​បារាំង​កុំភ័យអី តួកគី​គ្មានបំណង​​​ឈ្លានពាន​ស៊ីរីទេ។​ តួកគីចូលទៅកំទេចក្រុមភេរវកម្មតែប៉ុណ្ណោះ។

ដោយឡែក បើតាមប្រភពពីវិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា លោកម៉ាក្រុង និងលោកអ៊ែរដូហ្កាន់ បាននិយាយគ្នាតាមទូរស័ព្ទ អំពីកាលវិភាគ​ នៃគំរោងស្វែងរកសន្តិភាពនៅស៊ីរី។ សម្រាប់តួកគី ដល់ពេលមួយ ប្រធានាធិបតី​ស៊ីរី​ បាឆាអាល់អាសាដ ត្រូវតែចុះចេញ​ពីអំណាច ដើម្បីអាចសម្រុះសម្រួលភាគីស៊ីរី​ទាំងអស់​ឡើងវិញ៕