អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

អ៊ីរ៉ង់៖ លោក​ដូណាល់ ត្រាំ ​​សម្រេច​​រក្សា​​កិច្ច​ព្រម​ព្រៀង​​នុយក្លេអ៊ែរ ​តែ​នឹង​​បន្ថែម​​ទណ្ឌកម្ម​​ផ្សេង​ទៀត

លោក​ដូណាល់ ត្រាំ​ ធ្លាប់​បាន​ប្រកាស​ថា​ នៅពេល​លោក​ឡើង​ជា​ប្រធានាធិបតី​ លោក​នឹង​ហែក​ចោល ​កិច្ច​ព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដែល​លោក​អូបាម៉ា ​បាន​សម្រេច​បាន​ ជាមួយ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត។ ប៉ុន្តែ ​នៅ​ថ្ងៃ​ទី​១៧ ​កក្កដា​ ម្សិលមិញ ​លោក ​ដូណាល់ ត្រាំ​ ទើប​បាន​សម្រេច ​ ថា​រដ្ឋាភិបាល​លោក ​​នឹង​រក្សាទុក ​នូវ​កិច្ច​ព្រម​ព្រៀង​​​គ្រប់​គ្រង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដដែល ​ ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ នឹង​បន្ត ​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផ្សេង​ទៀត ​ទៅ​លើ​អ៊ីរ៉ង់​ ដោយសារ​តែ​អ៊ីរ៉ង់ ​បាន​បន្ត​អភិវឌ្ឍន៍​កាំជ្រួច​បាលីស្ទីក។

លោក ដូួណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក
លោក ដូួណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក ​ នឹង​រក្សាទុក ​នូវ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​​តែ​ រដ្ឋាភិបាល​អាមេរិក​ នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​ទាក់ទិន​ទៅនឹង​កម្មវិធី​អភិវឌ្ឍន៍​កាំជ្រួច​បាលីស្ទីក ​ព្រមទាំង​សកម្មភាព​ដែល​អ៊ីរ៉ង់​បង្ក​អស្ថិរភាព​តំបន់។​ នេះ​គឺការ​សម្រេច​របស់​លោក​ដូណាល់ ត្រាំ។

លោក ​ចាវ៉ាត់ ហ្សារីហ្វ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ ដែល​មាន​វត្តមាន​នៅ​អង្គការ​សហប្រជាជាតិ ​ក្រុង​ញូយ៉ក ​បាន​ប្រតិកម្ម​ថា ​គោល​បំណង​ដាក់​ទណ្ឌកម្ម​បន្ថែម​មក​លើ​អ៊ីរ៉ង់ ​ពី​សំណាក់ ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​នេះ​ ​គឺ​វា​ជា​សញ្ញា​បញ្ច្រសទិស​គ្នា​ ទៅ​នឹង​អ្វី​ដែល​អាមេរិក​បាន​សន្យា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង ​ថា​នឹង​ទណ្ឌកម្ម​បន្តិច​ម្តងៗ។

គួ​ររំលឹកថា​ កិច្ច​ព្រមព្រៀង​កម្មវីធី​នុយក្លេអ៊ែរ ​អ៊ីរ៉ង់ ​ត្រូវបាន​ចុះ​ហត្ថលេខា ​ដោយ​អ៊ីរ៉ង់ ​សហរដ្ឋ​អាមេរិក ​រុស្ស៊ី ​បារាំង ​ចិន​ អង់គ្លេស ​និង​អាល្លឺម៉ង់ ​នៅ​ទីក្រុង​វីយែន ​ថ្ងៃ​ទី​១៤​កក្កដា ​២០១៥។ កិច្ច​ព្រមព្រៀង​នេះ ​ បាន​ឆ្លងកាត់​ការ​ចរចា ​ដោយ​តឹងតែង​បំផុត​ អស់​រយៈពេល​៣ឆ្នាំ ​នឹង​បន្ទាប់​ពី​ឆ្លងកាត់​សង្រ្គាម​ការទូត ​ស្ទើរ​តែ​ឈាន​ទៅដល់​សង្រ្គាម​អាវុធ​ អស់​រយៈពេល​ជិត​២០ឆ្នាំ ​រវាង​សហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់។ លោក​ចន ឃែរី ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ និង​ជា​អ្នក​បាន​ចូលរួម​យ៉ាង​សកម្ម ​ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​នេះ ​បាន​លើក​ឡើង​ថា ​កិច្ច​ព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​គឺ​ជា​ជោគជ័យ​មួយ​ដ៏ធំ ​ព្រោះវា​បាន​លប់​បំបាត់ ​នូវ​ការ​គំរាម​កំញើញ​ជា​ប្រចាំ ​ដែល​មាន​ច្រើន​ទសវត្ស​​មក​ហើយ ​រវាង​អ៊ីរ៉ង់​ និង​សហរដ្ឋ​អាមេរិក។

យោង​តាម​កិច្ច​ព្រមព្រៀង​នេះ ​អ៊ីរ៉ង់​សុខចិត្ត​បោះបង់​ចោល​មហិច្ឆិតា​នុយក្លេអ៊ែរ ​ ជា​ថ្នូរ​ជាមួយ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​ការ​បើក​ច្រក​ពាណិជ្ជកម្ម។ បន្ទាប់​ពី​បាន​ចូល​ជា​ធរមាន​នៅ​ ថ្ងៃ​ទី​១៦ ​មករា​ ២០១៦ ​ ភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ ​AIEA​ ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​ការ​គោរព​ទូទៅ ​បាន​អបអរ ​ចំពោះ​ការ​ដែល​អ៊ីរ៉ង់ ​បាន​គោរព​កាតព្វកិច្ច ​បាន​ត្រឹមត្រូវ ​ក្នុង​រយៈពេល​៦ខែ​កន្លង​មក​នេះ។

តាម​ការវិភាគ​ លោក​ដូណាល់ ត្រាំ ​បាន​សម្រេច​រក្សា​ទុក​កិច្ច​ព្រមព្រៀង​នេះ ​ដោយសារ​លោក​មិន​ចង់​បែរខ្នង​ ដាក់​ប្រទេស​មហាអំណាច​ហត្ថលេខី​ផ្សេងទៀត ​នៃ​កិច្ច​ព្រមព្រៀង​នេះ។ តែ​យ៉ាងណា ​រដ្ឋាភិបាល​លោកត្រាំ ​នៅ​តែ​ព្យាយាម​ បង្កើន​ភាព​តានតឹង​ ផ្នែក​ការទូត​ជាមួយ​អ៊ីរ៉ង់​ដដែល ​ តាម​រយៈ​ការ​ចោទ​ប្រកាន់​ រិះគន់​ទៅ​លើ​អ៊ីរ៉ង់​ ថា​បាន​បំពាក់​បំប៉ន ​ចលនា​ភេរវកម្ម ​និង​បាន​បង្ក​បញ្ហា​នៅ​ក្នុង​តំបន់​ដើមបូព៌ា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ខុស​ពី​លោក​អូបាម៉ា ​ដែល​ខំ​ធ្វើ​ឲ្យ​អាមេរិក​​នៅ​កណ្តាល ​មិន​កាន់​ជើង​ខាង​ណានោះ​ លោក​ដូណាល់ ត្រាំ​បាន​ងៀក​ទៅ​ចាប់​ដៃ​ជាមួយ​អារ៉ាប៊ីសាអូឌីត ​​ដែលជា​សត្រូវ​សួរពូជ​របស់​អ៊ីរ៉ង់។ ដោយឡែក​ កាល​ពី​សប្តាហ៍​មុន ​តុលាការ​អ៊ីរ៉ង់ ​បាន​កាត់​ទោស​ជន​ជាតិ​អាមេរិក​ម្នាក់ ​ឲ្យជាប់​គុក​១០​ឆ្នាំ ​ពីបទ​ធ្វើ​សកម្មភាព​ចារកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ