rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អ៊ីរ៉ង់ បារ៉ែន អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចនឃេរី សុំឲ្យ​អ៊ីរ៉ង់​ចូលរួម​ឲ្យ​បាន​ច្រើន ក្នុង​ការ​កសាង​សន្តិភាព​ក្នុង​តំបន់​ដើមបូព៌ា

media
លោកចន ឃែរី និង​លោក​​រដ្ឋមន្ត្រី​​ការបរទេស​រាជាណាចក្រ​បារ៉ែន ថ្ងៃទី​៧ មេសា២០១៦ REUTERS/Jonathan Ernst

លោក ចន ឃែរី​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ ដែល​មាន​វត្តមាន ​ក្នុង​ប្រទេស​បារ៉ែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៧​មេសា ​បាន​ថ្លែង​ថា ​លោក​សុំ​ឲ្យ​ថ្នាក់​ដឹកនំា​របស់​អ៊ីរ៉ង់​ ចូលរួម​ឲ្យបាន​ច្រើន ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​បញ្ចប់​សង្រ្គាម​នានា ​នៅ​តំបន់​ដើមបូព៌ា។ ការ​ថ្លែង​បែបនេះ​ មួយ​ផ្នែក​ត្រូវ​បាន​គេ​យល់​ថា ​លោក​ចន ឃែរី ​ចង់​ថ្នមចិត្ត​រាជាណាចក្រ​បារ៉ែន​ ព្រោះ​ប្រទេស​នេះ​ជា​កូនចៅ​របស់​អារ៉ាប៊ីសាអូឌីត​ ហើយ​បាន​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ ​កាល​ពី​ខែ​មករា​ ដើមឆ្នាំ​នេះ។


បាន​ទៅ​ដល់​ទីក្រុង​ម៉ាណាម៉ា ​រាជាណាចក្រ​បារ៉ែន ​ លោក​ចន ឃែរី​ ​បាន​ថ្លែង​សន្ទរកថា​ ដោយ​បាន​លើក​ឡើង​ពី​អ៊ីរ៉ង់។​ ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​កាសែត ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​បារ៉ែន ​ លោក​ឃែរី ថ្លែង​ថា​ អ៊ីរ៉ង់​ ត្រូវ​បង្ហាញ​ប្រាប់​ដល់​សហគម​អន្តរជាតិ ​ថា​ខ្លួន​ពិត​ជា​សមាជិក​ម្នាក់​ដែល​ចង់​ចូល​រួម​ជួយ​កសាង​សន្តិភាព​ និង​ស្ថិរភាព ​ហើយ​និង​ជួយ​ធ្វើ​យ៉ាង​ណា ​ជួយរក​វិធី​បញ្ចប់​សង្រ្គាម​នៅ​ស៊ីរី ​និង​នៅ​យេមែន​ មិនមែន​យក​ប្រេង​ទៅ​ជះ​ពី​លើ​ភ្លើង​បន្ថែម​ទេ។

 
ចំណែក​លោក ​ខាលីដ បិន អាម៉េដ អាល់ ខាលីហ្វា ​រដ្ឋមន្ត្រី​ការបរទេស​បារ៉ែន ​បាន​ថ្លែង​បន្ត​ថា ​ យើង​ចង់​ឲ្យ​អ៊ីរ៉ង់ ​ធ្វើការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន ​ ហើយ​ឈប់​ជះ​ឥទ្ធិពល​បង្ក​ជម្លោះ​នៅ​ក្នុង​តំបន់​តទៅ​ទៀត។

សូម​បញ្ជាក់​ថា ​រាជាណាចក្រ​បារ៉ែន​ គឺ​ជា​រាជាណាចក្រ​អ៊ីស្លាម​ស៊ុនីត ​ផ្តាច់ការ​រណប​នឹង​អារ៉ាប៊ីសាអ៊ូឌីត។ រាជាណាចក្រ​នេះ ​បាន​ផ្តាច់​ទូត​ជាមួយ​អ៊ីរ៉ង់​ នៅ​ខែ​មករា​កន្លង​មក​បន្ទាប់​ពី​មាន​បាតុកម្ម​ដុត​ទូត​អារ៉ាប៊ីសាអូឌីត ​នៅ​ទីក្រុង​តេអេរ៉ង់។ អារ៉ាប៊ីសាអូឌីត ​និង​បារ៉ែន​ ជា​ប្រទេស​អ៊ីស្លាម​ស៊ុនីត ​ដែល​បាន​ធ្វើ​បាប​ប្រជាជន​និកាយ​ឈីអ៊ីត​ជាខ្លាំង។ ត្រង់​ចំណុច​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​អ៊ីរ៉ង់​លូកដៃ​ដោយ​ប្រយោល ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ក្រុម​ឧទ្ទាម​ឈីអ៊ីត។

ក្រោយ​ពេល​ដែល​អ៊ីរ៉ង់​ បាន​ចុះ​ហត្ថលេខា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ​ជាមួយ​ក្រុម​ប្រទេស​មហា​អំណាច​ ប្រទេស​បារ៉ែន​ អារ៉ាប៊ីសាអូឌីត ​ក៏ដូច​ជា​ប្រទេស​អារ៉ាប់​ស៊ុនីត ​ដ៏ទៃ​ទៀត​ក្នុង​តំបន់ ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ខ្លាច​ក្រែង​សហរដ្ឋ​អាមេរិក​ បោះបង់​ខ្លួន​ចោល​ទៅ​ត្រូវរូវ​គ្នា​ជាមួយ​អ៊ីរ៉ង់​ ដែល​ជា​ប្រទេស​អ៊ីស្លាម​ឈីអ៊ីត។

សម្តី​បែប​បន្ទោស ​ក្រើន​រំលឹក​លើ​អ៊ីរ៉ង់​ ដែល​លោក​ចន ឃែរី ​ថ្លែង​នា​ពេល​នេះ​ ត្រូវគេ​យល់ថា​ ដោយសារ​អាមេរិក​ចង់​ ធ្វើឲ្យ​បារ៉ែន ​ក៏​ដូច​ជា​ប្រទេស​អ៊ីស្លាម​ស៊ុនីត​ផ្សេង​ទៀត ​មាន​ការ​ទុកចិត្ត​ ថា​អាមេរិក​នៅ​តែ​ជាមិត្ត​ដដែល ​ហើយ​អាមរិក​ មិន​ងៀក​ទៅ​ខាង​អ៊ីរ៉ង់​ទេ។ មួយវិញ​ទៀត ​ក្នុង​ពីរ​សប្តាហ៍​ទៀត​នេះ ​ លោក​បារ៉ាក់ ​អូបាម៉ា ​និង​ទៅ​ប្រជុំ​ជាមួយ​មេ​ដឹកនាំ​ប្រទេស​អារ៉ាប់​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ ​ក្នុង​ជម្លោះ​មួយ​ ត្រូវ​មាន​ភាគី​ពីរ។ មិនមែន​អ៊ីរ៉ង់​តែ​ម្នាក់​ឯង​ទេ ​ដែល​ត្រូវ​ព្យាយាម​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ​ក្នុង​ការ​កសាង​សន្តិភាព​ក្នុង​តំបន់​ដើមបូព៌ា។​ ប្រទេស​អារ៉ាប់​ស៊ុនីត ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ផ្សេង​ទៀត ​ ដូចជា​អារ៉ាប៊ីសាអូឌីត ​ក៏ត្រូវ​ធ្វើ​ដូចគ្នា​ដែរ។ គេ​មិន​ត្រូវ​ភ្លេច​ទេ ​ថា​អ្នក​ដែល​ទំលាក់​គ្រាប់បែប​ បំផ្លាញ​ និង​សម្លាប់​ជីវិត​ប្រជាជន​ស្លូតត្រង់​នៅ​យេមែន​ ជិត​មួយ​ឆ្នាំ​មក​នេះ​គឺ ​អារ៉ាប៊ីសាអូឌីត ​និង​បក្សពួក​អ៊ីស្លាម​ស៊ុនីត​នេះ​ឯង ​ មិនមែន​អ៊ីរ៉ង់​ទេ៕