rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អ៊ីស្រាអែល ប៉ាឡេស្ទីន ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកម៉ាក្រុង​ថា បារាំង​មិន​ចង់​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​នាពេល​នេះ​ទេ ​ព្រោះ​វា​គ្មាន​ប្រយោជន៍​

media
ប្រធានាធិបតីបារាំង Emmanuel Macron (ស្តាំ) និងប្រមុខ​​ដឹកនាំ​ប៉ាឡេស្ទីន ​Mahmoud ​Abbas​​ ​ពេលធ្វើ​​សន្និសីទ​កាសែត​​ថ្ងៃ​​ទី​​២២ ធ្នូ​ ២០១៧​ REUTERS/Francois Mori/Pool

មួយថ្ងៃក្រោយអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តថ្កោលទោស​សហរដ្ឋអាមេរិក ស្តីពីបញ្ហាការទទួលស្គាល់ក្រុងហ្សេរូសាឡឹមនោះ  លោកម៉ាសមូដ អាបាស ប្រមុខដឹកនាំចលនាប៉ាឡេស្ទីន  បានទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃ​សុក្រ ទី២២ធ្នូ ដើម្បីជួបលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ លោកម៉ាសមូដ អាប៉ាស បានថ្លែងថា ចាប់ពីពេលនេះទៅ សហរដ្ឋអាមេរិក លែងមានមុខមាត់អ្វី ​មកធ្វើជាអាជ្ញាកណ្តាល ក្នុងការស្វែងរកដំណោះស្រាយ ឲ្យវិបត្តិអ៊ីស្រាអែល -ប៉ាឡេស្ទីន ទៀតឡើយ។ ដោយឡែក លោកប្រធានាធិបតីបារាំង បានប្រកាសជាថ្មីថា បារាំងមិនគាំទ្រ ទង្វើរបស់សហរដ្ឋអាមេរិក ជាដាច់ខាត តែទន្ទឹមនឹងនេះ បារាំង ក៏មិនអាចប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន  ក្នុងពេលនេះដែរ។


លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង៖ 

"សួរថា បើសិនជាយើង សម្រេចទទួលស្គាល់ដែនដីប៉ាឡេស្ទីន ជារដ្ឋអធិបតេយ្យ នៅក្នុងពេលនេះ  តើវាអាចជះផលវិជ្ជមាន​ ពិតប្រាកដជាក់ស្តែងណាមួយ ទៅដល់ស្ថានការណ៍បច្ចុប្បន្ននេះ ដែរឬទេ? ខ្ញុំជឿថា វាមិនមែនជារឿងល្អទេ សម្រាប់ពេលនេះ។ ព្រោះអ្វី? ព្រោះថាបើធ្វើដូច្នេះ គឺប្រៀបបីដូចជាយើងឆ្លើយតប ទៅវិញ  ចំពោះសេចក្តីសម្រេចយ៉ាងអត្តនោម័តមួយ ដែលទើបតែធ្វើឡើង ហើយដែលទង្វើនេះហើយ ដែលបានបណ្តាលឲ្យកើតចលាចល និងហិង្សានៅក្នុងតំបន់។

ក្នុងបញ្ហាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលជាបញ្ហាដ៏សំខាន់បំផុតនេះ  ខ្ញុំមិនចង់ឲ្យបារាំង សម្រេចធ្វើអ្វីមួយ ដោយគ្មានការប្រុងប្រយ័ត្ននោះទេ។ បារាំង មិនអាចយកបញ្ហានេះ មកធ្វើកម្មវត្ថុនៃប្រតិកម្ម ​ដើម្បី ឆ្លើយតបទៅនឹងការសម្រេចរបស់ សហរដ្ឋអាមេរិក ទាក់ទិននឹងក្រុងហ្សេរុយសាឡឹមនោះទេ។

បើសិនជាយើងធ្វើដូច្នោះមែន គឺមានន័យថា យើងកំពុងធ្វើរឿងមួយខុសធ្ងន់ធ្ងរណាស់។ ខុសធ្ងន់ ព្រោះថា យើងយកបញ្ហាវិបត្តិជាក់ស្តែងមួយ នៅក្នុងតំបន់ ដែលយើងមិនទាន់ទាំងរកដំណោះស្រាយឃើញផង យកវាមកពង្រីក ឲ្យកាន់តែធំនៅលើឆាកអន្តរជាតិបន្ថែមទៀត។

ដូចខ្ញុំនិយាយច្រើនដងហើយ ថា សហរដ្ឋអាមេរិក បានគិតខុស ដែលគិតថា ខ្លួនឯងតែម្នាក់ឯង អាចដោះស្រាយវិបត្តិ​អ៊ីស្រាអែល -ប៉ាឡេស្ទីន នេះពីចំងាយបាន ដោយគ្រាន់តែសម្រេចទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ថាជារបស់អ៊ីស្រាអែល ទាំងដែលសហរដ្ឋអាមេរិក មិនដឹង មិនយល់ពីស្ថានការណ៍ជាក់ស្តែងពិតប្រាកដ ថាវាយ៉ាងណា។ គិតបែបនេះខុសហើយ ព្រោះវិបត្តិអ៊ីស្រាអែល -ប៉ាឡេស្ទីន​ និងការទទួលស្គាល់ក្រុងហ្សេរុយសាឡឹម  ទាំងអស់នេះ គឺមិនអាចដោះស្រាយចេញទេ បើគ្មានការព្រមព្រៀងពីសាម៉ីខ្លួន គឺប៉ាឡេស្ទីន និងអ៊ីស្រាអែល។

ខ្ញុំក៏ធ្លាប់ប្រកាសជំហររបស់ខ្ញុំរួចហើយថា ដំណោះស្រាយមានតែមួយគត់ គឺការចរចាសន្តិភាព រវាងភាគីទាំងពីរ។ ដូច្នេះ វាចៀសមិនផុតទេ ថាដល់ពេលចុងបញ្ចប់  ​នៃដំណើរការចរចាសន្តិភាព សហគមអន្តរជាតិ នឹងត្រូវប្រកាសទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋអធិបតេយ្យពេញឯករាជ្យ។ ហើយបារាំង ក៏ដូចជាប្រទេសជាមិត្តផ្សេងទៀត អមដោយអង្គការសហប្រជាជាតិផង កំពុងតែព្យាយាម ជំរុញ ឲ្យមានដំណោះស្រាយសន្តិភាពនេះ ហើយនឹងឈានទៅប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋពេញសិទ្ធិ។ ប៉ុន្តែ ខ្ញុំសូមធ្វើវា នៅពេលណាមួយ ដែលសមស្រប ដល់ពេលដែលគួរធ្វើ ហើយធ្វើទៅ ឲ្យវាមានប្រយោជន៍ មានប្រសិទ្ធិភាព ដល់ការកសាងសន្តិភាព ស្ថិរភាព​ជាក់ស្តែងពិតប្រាកដ  ​សម្រាប់ប៉ាឡេស្ទីន និងអ៊ីស្រាអែល"៕