rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

លីបង់ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាយករដ្ឋមន្ត្រីលីបង់​ ផ្តល់បទ​សម្ភាសន៍​ ថា​នឹង​អាច​ត្រលប់​ចូល​ស្រុក​វិញ​ក្នុង​ពេល​ដ៍ឆាប់

media
លោក Saad Hariri នាយក​រដ្ឋមន្ត្រី​លីបង់ ​ពេល​ផ្តល់​​បទសម្ភាសន៍​នៅ​ទូរទស្សន៍​Future TV ថ្ងៃទី​១២ វិច្ឆិកា ២០១៧​ FUTURE TV / AFP

លោកនាយករដ្ឋមន្ត្រីលីបង់ ដែលបានប្រកាសចុះចេញពីតំណែងកាលពីថ្ងៃទី៤ វិច្ឆិកានោះ ទើបតែបានលេចមុខ មកផ្តល់បទសម្ភាសន៍មួយ ដោយលោកអះអាងថា គឺពុំមាននរណារារាំង មិនឲ្យលោកដើរហើរទេ​ ហើយលោកអាចនឹងត្រលប់ចូលស្រុកវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បទសម្ភាសន៍របស់លោកនាយករដ្ឋមន្ត្រីលីបង់នេះ គឺធ្វើឡើង​បន្ទាប់ពីមានពាក្យចចាមអារ៉ាម ចោទប្រកាន់ជាច្រើន ថាលោក ត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអូឌីតចាប់បង្ឃាំងទុក ហើយបានបង្ខំឲ្យចុះចេញពីតំណែង។


បន្ទាប់ពីបានបាត់មុខរយៈពេលជាងមួយសប្តាហ៍ លោក សាអាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់​ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍លីបង់មួយ កាលពីថ្ងៃអាទិត្យ ទី១២វិច្ឆិកា ពីទីក្រុងរីយ៉ាដ រាជធានីអារ៉ាប៊ីសាអូឌីត។ ក្នុងបទសម្ភាសន៍ លោកហារីរី បានអះអាងថា នៅទីនេះលោកមានសិទ្ធិសេរីភាពពេញលេញ ចង់ចេញចង់ដើរទៅណាក៏បាន។ លោក បន្តថា លោកអាចនឹងត្រលប់ទៅលីបង់វិញ ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ ដើម្បីសម្រេចនីតិវិធីលាចេញពីតំណែង ទៅតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក សាអាដ ហារីរី បានឆ្លៀតនិយាយបន្ថែមថ្កោលទោសអ៊ីរ៉ង់ ថាបានលូកដៃកកូរកាយ កិច្ចការផ្ទៃក្នុងរបស់លីបង់ ក៏ដូចជានៅតាមប្រទេសអារ៉ាប់ផ្សេងទៀត។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីលីបង់ បានព្រលយពាក្យ ក្នុងន័យថា លោកអាចនឹងពិចារណាឡើងវិញ រឿងលាឈប់ពីតំណែង បើសិនជាមានការធ្វើសម្បទាន ណាមួយ។ លោកហារីរី បានបញ្ជាក់ថា ការប្រកាសលាលែងពីតំណែងដែលលោកបានធ្វើ កាលពីថ្ងៃទី៤ វិច្ឆិកា គឺលោកធ្វើដោយចិត្តឯង សរសេរដោយដៃខ្លួនហើយ។ លោកធ្វើនេះ គឺក្នុងគោលបំណង ឲ្យមានការភ្ញាក់ផ្អើលធំមួយ ​ដែលអាចជះផលវិជ្ជមាន ដល់នយោបាយលីបង់ ក៏ដូចជាដល់តំបន់ដើមបូព៌ាទាំងមូល។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីលីបង់ សាអាដ ហារីរី ដែលមានសញ្ជាតិអារ៉ាប៊ីសាអូឌីត​ផងដែរនោះ បានប្រកាសចុះចេញពីតំណែង ពីទីក្រុងរីយ៉ាដ ដែលធ្វើឲ្យគេមានការងឿងឆ្ងល់ជាពន់ពេក។ រហូតមកទល់ពេលនេះ លោកប្រធានាធិបតីលីបង់ មិនទាន់បានចុះហត្ថលេខា យល់ព្រមនឹងការលាឈប់ពីតំណែងនេះទេ។ ផ្ទុយទៅវិញ លោកប្រធានាធិបតីលីបង់ បានចាត់ទុកថា​ការប្រកាសលាឈប់របស់ហារីរី មានលក្ខណៈគួរឲ្យសង្ស័យ ដែលលោកអាចត្រូវគេចាប់បង្ខំ និងបង្ឃាំងទុក នៅឯអារ៉ាប៊ីសាអូឌីត។

គួកត់សម្គាល់ដែរថា តាំងតែពីដើមមក លោកហារីរី​ មានទំនាក់ទំនងស្និទនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែមានការសង្ស័យថា លោកហារីរី ហាក់ដូចជាមិនសូវស្វាហាប់ ក្នុងការប្រឆាំងតទល់ ជាមួយក្រុមហេសបូឡាលីបង់ ដែលជាកូនចៅរបស់អ៊ីរ៉ង់ទេ ទើបធ្វើឲ្យអារ៉ាប៊ីសាអូឌីត រកវិធីដាក់សំពាធ។ អ្នកវិភាគជាច្រើនលើកឡើងថា នៅពីក្រោយបញ្ហានេះ រឿងដែលធំ គឺជារឿងប្រជែងអំណាចគ្នា រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ឯណោះទៅវិញទេ។

យ៉ាងណាមិញ ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីតជាមេដឹកនាំ​ បានកោះប្រជុំបន្ទាន់មួយ នៅថ្ងៃអាទិត្យក្រោយ នៅទីក្រុងគែរ ដើម្បីជជែកគ្នា អំពីសកម្មភាពឈ្លានពានវាទទី របស់អ៊ីរ៉ង់ នៅក្នុង​តំបន់ដើមបូព៌ា។ ដោយឡែក ដោយបារម្ភថា លីបង់អាចធ្លាក់ទៅក្នុងភ្លឿងសង្គ្រាមជាថ្មី លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានប្រកាសនៅថ្ងៃចន្ទនេះថា ដើម្បីដោះស្រាយបញ្ហាលីបង់ គ្រប់ភាគី មិនត្រូវព្យាយាមប្រទាញលីបង់ ឲ្យស្ថិតក្រោមបង្គាប់ខ្លួនទេ។ អ្វីៗ វាជាសិទ្ធិសេរីភាពរបស់លីបង់៕