អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ជំនួប​ដ៏​កម្ររវាង រដ្ឋមន្ត្រី​អ៊ីស្រាអែល​ម្នាក់​ និង​​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន នៅ​រ៉ាម៉ាឡា​

កាលពី​ថ្ងៃ​ពុធ ទី៣១​ ឧសភា​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ីស្រាអែល ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​លោក ​​រដ្ឋមន្ត្រី​ ប៉ាឡេស្ទីន ​នៅ​ទីក្រុង​រ៉ាម៉ាឡា ​ដែល​ជា​ដែនដី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់មុខ​ របស់​អាជ្ញាធរ​ប៉ាឡេស្ទីន​ នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី។ ​នេះ​គឺជា​ជំនួប​ដ៏​កម្រ​បំផុត​ រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ ​ដែល​តាម​ការឲ្យ​ដឹង​ គឺ​ដើម្បី​ជួប​ប្រជុំ​គ្នា​ ស្តី​ពី​ចំណុច​មួយ​ចំនួន​ ​ដែល​អ៊ីស្រាអែល​ បាន​យល់ព្រម​កែ​សម្រួល ​​ ក្នុង​ទិសដៅ​ជួយ​​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ នៅ​តំបន់​ស៊ីហ្សកដានី។

លោក Moshé Kahlon រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសមាជិក​ការិយាល័យ​សន្តិសុខ​ជាតិ​ អ៊ីស្រាអែល
លោក Moshé Kahlon រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសមាជិក​ការិយាល័យ​សន្តិសុខ​ជាតិ​ អ៊ីស្រាអែល Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួប​ រវាង​លោក ​ Moshé Kahlon ​​​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​​និង​ជាសមាជិក​មួយរូប​ នៃ​ការិយាល័យ​សន្តិសុខ​អ៊ីស្រអែល ​ជាមួយ​នឹង​​លោក​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន ​Rami Hamdallah ​ បាន​ផ្តោត​ទៅ​លើ​ចំណុច​ធំៗ ​មួយ​ចំនួន​ ដែល​អ៊ីស្រាអែល​ បាន​សន្យា​ នៅក្នុង​ឱកាស ​ដែល​លោក​ដូណាល់​ត្រាំ ​បាន​មក​បំពេញ​ទស្សនកិច្ច ​កាលពី​ថ្ងៃ​ទី​ ២២ ​និង​ ២៣​ ឧសភា ​កន្លង​ទៅ។ តាំងតែ​ពី​ឆ្នាំ​២០០០​មក ​មិន​ដែល​មាន​សមាជិក​ការិយាល័យ​សន្តិសុខ​អ៊ីស្រាអែល​ណា ​បាន​ឈាន​ជើង​ មក​ជាន់​តំបន់​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​​ទាំង​ស្រុង​ របស់​អាជ្ញាធរ​ប៉ាឡេស្ទីន​ឡើយ។

 
អ្នក​នាំពាក្យ​រដ្ឋាភិបាល​ប៉ាឡេស្ទីន ​បាន​បញ្ជាក់​ថា ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ ​ បាន​និយាយ​គ្នា ​អំពី​ចំណុច​ធំៗ​សំខាន់ៗ ​ដែល​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ស្នើ​សុំ​ ទាក់ទង​នឹង​តំបន់​ Zone C​ ក្នុង​ដែនដី​ស៊ីហ្សកដានី​ ដែល​ផ្ទៃដី​តំបន់​នេះ ​ប្រមាណ​ជា​៦០% ​ស្ថិត​ក្រោមការ​ក្តោបក្តាប់​ផ្តាច់​មុខ ​របស់​ទាហ៊ាន​អ៊ីស្រាអែល។ ចំណុច​សំខាន់​ទាំង​នោះ​ មាន​ដូចជា​​ ការ​ផ្តល់​អាជ្ញាបណ្ណ​សាងសង់​ ព្រមទាំង​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ​ដល់​ប្រជាជន​ប៉ាឡេស្ទីន ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ។

ក្រៅ​ពី​ចំណុច​នេះ ​អាជ្ញាធរ​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ បង្កើត​តំបន់​ឧស្សាហកម្ម​ពិសេស ​នៅ​តំបន់​Hébron​  ភាគ​ខាង​ត្បូង​ស៊ីហ្សកដានី។ ចំណែក​ច្រក​ចេញ​ចូល ​Allenby  រវាង​តំបន់​ស៊ីហ្សកដានី​និង ​ប្រទេស​ហ្សកដានី ​ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អ៊ីស្រាអែល​នោះ  ​នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​ពេញ​២៤​ម៉ោង ​​លើក​លែង​តែ​ថ្ងៃ​សៅរ៍​អាទិត្យ។

គួ​ររំលឹក​ថា​ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​អាជ្ញាធរ​អ៊ីស្រាអែល ​បាន​វាយ​បំផ្លាញ​រំលំ​អាគារ​លំនៅដ្ឋាន​​របស់​ប្រជាជន​ប៉ាឡេស្ទីន​ ដ៏​ច្រើន​លើស​ឆ្នាំ​មុនៗ​ ដោយ​សំអាង​ថា ​ជា​សំណង់​អាណាធិបតេយ្យ​ គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ។ ដោយឡែក​ អង្គការ​សហ​ប្រជាជាតិ ​ធ្លាប់​បាន​ចេញ​របាយការណ៍​ ​ចោទ​ប្រកាន់​អាជ្ញាធរ​អ៊ីស្រាអែល ​ ថា​បានធ្វើ​គ្រប់​យ៉ាង ​ដើម្បី​បដិសេធ ​មិនចេញ​ច្បាប់​សាងសង់​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន។

គួរ​បញ្ជាក់​ដែរ​ថា របាយការណ៍​ធនាគារ​ពិភពលោក​ឆ្នាំ២០១៣  ​បាន​បង្ហាញ​ថា ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ អាច​នឹង​រីក​ចំរើន​បាន​ប្រសើរ ​បើសិន​ជា​អ៊ីស្រាអែល ​ធ្វើការ​បន្ធូរបន្ថយ​ខ្លះ ​នៅក្នុង​តំបន់​ Zone C ​នៃ​តំបន់​ស៊ីហ្សកដានី។ សេដ្ឋកិច្ច​ប៉ាឡេស្ទីន ​ត្រូវ​ខាត​បង់​មួយ​ឆ្នាំៗ ​ជិត​៣០០​លាន​ដុល្លារ ​ដោយសារ​ឧបសគ្គ ​បង្ករ​ឡើង​ដោយ​អាជ្ញាធរ​អ៊ីស្រាអែល។ ជាងនេះ​ទៅ​ទៀត ​ការ​កំណត់​ពន្ធ​បន្ថែម​ ពី​សំណាក់​អាជ្ញាធរ​អ៊ីស្រាអែល ​ទៅ​លើ​ទំនិញ ​នាំចូល​សម្រាប់​ប៉ាឡេស្ទីន ​ក៏​បាន​បន្ថែម​ការ​លំបាក​ មួយ​កំរិត​ទៀត​ ដល់​សេដ្ឋកិច្ច​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ