អានតួអត្ថបទ

រដ្ឋមន្ត្រី​ការពារជាតិ​បារាំង អំពាវនាវ​ឲ្យ​បញ្ចប់​សង្រ្គាម​នៅ​យេម៉ែន​ជា​បន្ទាន់

លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានថ្លែងអំពាវនាវ​ តាមកញ្ចក់ទូរទស្សន៍ថា វាដល់ពេលហើយ ដែលសង្រ្គាមនៅយេម៉ែន ត្រូវតែបិទបញ្ចប់ ដើម្បីអនុញ្ញាត​ឲ្យ មានការដឹកជំនួយមនុស្សធម៌ ទៅជួយជីវិតប្រជាជនយេម៉ែន​។ លោកស្រីលើកឡើងថា សង្រ្គាមេយ៉ែន​ បានបង្កជាមហន្តរាយ ធ្ងន់ធ្ងរបំផុត ដល់ប្រជាជនយ៉េមែន ហើយលោកស្រីអះអាងថា បារាំង ជាប្រទេសតែមួយគត់ ដែលបានប្រឹងស្វះស្វែងគ្រប់វិធី ដើម្បីអូសទាញឲ្យសង្រ្គាមនេះ ត្រូវតែដល់ពេលបិទបញ្ចប់។

កុមារជនជាតិយេម៉ែន Ghazi Ali bin Ali អាយុ១០ឆ្នាំ ​នៅ​មន្ទីរពេទ្យ​Jabal Habashi ​ជាយក្រុុង​​Taiz ថ្ងៃទី​៣០ តុលា ២០១៨​
កុមារជនជាតិយេម៉ែន Ghazi Ali bin Ali អាយុ១០ឆ្នាំ ​នៅ​មន្ទីរពេទ្យ​Jabal Habashi ​ជាយក្រុុង​​Taiz ថ្ងៃទី​៣០ តុលា ២០១៨​ Ahmad AL-BASHA / AFP
ផ្សាយពាណិជ្ជកម្ម

វាដល់​ពេលហើយ វាហួសពីដល់ពេលទៅទៀត ដែលសង្រ្គាមនៅយេម៉ែន ត្រូវតែបិទបញ្ចប់! វាជារឿងសំខាន់បំផុត ហើយគឺជាអទិភាពរបស់បារាំង ដែលត្រូវរកច្រកចេញ ដើម្បីធ្វើយ៉ាងណា សម្រាលទុកលំបាករបស់ប្រជាជនយេម៉ែន ដែលកំពុងតែវេទនាបំផុត។ នេះគឺជាប្រសាសន៍ របស់លោកស្រី Florence Parly  រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ដែលថ្លែងក្នុងបទសម្ភាសន៍​ តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអង្គារ ទី៣០តុលា។

សម្រាប់លោកស្រី ក៏ដូចជារដ្ឋាភិបាលបារាំង ស្ថានភាពនៅយេម៉ែនបច្ចុប្បន្ននេះ គឺជាស្ថានភាពដ៏ដុនដាបបំផុត ដែលមិនអាចឲ្យគេអត់ទ្រាំមិនឈឺឆ្អាលបានទេ។ ជាងនេះទៅទៀត វាគឺជាស្ថានភាពដែលទ័លច្រក មានតែការកាប់សម្លាប់ ពុំមានច្រកចេញផ្នែកនយោបាយ។

លោកស្រីបាននិយាយបន្ថែមថា ដោយហេតុនេះហើយ បានជាលោកប្រធានាធិបតីម៉ាក្រុង បានប្រឹងប្រែង រៀបចំសន្និសិទ្ធិនៅទីក្រុងប៉ារីស ស្តីពីការស្វែងរកសន្តិភាពនៅ យេម៉ែន។ ហើយមានតែបារាំងម្នាក់គត់ ដែលបានចេញមុខ ចាត់ចែងរឿងនេះ ហើយដែល​​សន្និសីទនោះ ក៏មានការចូលរួម ពីសំណាក់ អារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាត់អារ៉ាប់រួមដែរ។

សូមបញ្ជាក់ថា ៣ឆ្នាំមកហើយ ដែលស្ថានភាពនៅយេម៉ែន កាន់តែដុនដាប បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានសម្រេចដឹកនាំទ័ពសម្ព័នអារ៉ាប់ ទៅទំលាក់គ្រាប់បែកលើយេម៉ែន។ អារ៉ាប៊ីសាអូឌីត អះអាងថាគ្រាប់បែកខ្លួន គឺសំដៅកំទេចទីតាំងរបស់ក្រុមឧទ្ទាមហ៊ូទីស ដែលបានទទួលការទំនុកបំរុងពីអ៊ីរ៉ង់។ ក៏ប៉ុន្តែយោងតាមរបាយការណ៍ជាច្រើន អះអាង ថា គ្រាប់បែករបស់អារ៉ាប៊ីសាអូឌីត ត្រូវបានទម្លាក់គ្រប់ទីប្រជុំជន ដោយឥតរើសមុខ។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពអារ៉ាប៊ីសាអូឌីត បានឡោមព័ទ្ធយេម៉ែន មិនឲ្យមានការនាំចូលទំនិញ ចំណីអាហារ ថ្នាំសង្កូ​វ និងប្រេងឥទ្ធនៈជាដើម។

ចោទសួរពីការដែលបារាំង លក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត លោកស្រីរដ្ឋ​មន្ត្រីការពារជាតិបារាំង បានទទួលស្គាល់ថា​បារាំង បានលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត ជាយូរមកហើយ។ ក៏ប៉ុន្តែ បើតាមលោកស្រីដឹង គ្រឿងសព្វាវុធ ដែលបារាំងទើបតែបានលក់និងប្រគល់ឲ្យអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ គឺអារ៉ាប៊ីសាអូឌីត មិនបានយកទៅប្រើ ក្នុងសង្រ្គាមនៅយេម៉ែនទេ។

សូមរំលឹកថា សង្រ្គាមយេម៉ែន​ បានផ្តាច់ជីវិតមនុស្សប្រហែល១សែននាក់ ហើយ​បើ​យោង​តាម​តួលេខរបស់អង្គការសហប្រជាជាតិ មនុស្សប្រហែល១៤លាននាក់ទៀត ពោលគឺពាក់កណ្តាលប្រទេស កំពុងតែប្រឈមមុខនឹងគ្រោះទុរភិក្ស និងជំងឺធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ