rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យេម៉ែន៖ អ្នក​ជំនាញ​អ.ស.ប. លើក​ឡើង​អំពី ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ច្រើន​ករណី

media
សាកសព​​​មនុស្ស​ស្លាប់ក្រោម​គំនរអាគារ បន្ទាប់​​ពី​ត្រូវ​គ្រាប់​​រ៉ូកែត របស់​អារ៉ាប៊ីសាអូឌីត។ យេម៉ែន​ ថ្ងៃទី ២ កញ្ញា ២០១៩ REUTERS/Mohamed al-Sayaghi

អ្នកជំនាញមួយក្រុម នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ​សហ​ប្រជាជាតិ បានធ្វើរបាយការណ៍មួយស្តីពីបទឧក្រិដ្ឋកម្ម​សង្រ្គាម​ ដែលបង្កឡើង នៅក្នុងប្រទេសយេម៉ែន។ យោងតាមរបាយការណ៍នេះ គឺមាន​ករណី​ឧក្រិដ្ឋកម្មសង្រ្គាម ជាច្រើនសណ្ឋាន ដែលបាន​ធ្វើឡើងដោយភាគី ផ្សេង ៗគ្នា ទៅលើប្រជាជនស្លូតត្រង់យេម៉ែន ក្នុងរវាង​ប្រមាណ​៥ឆ្នាំនៃសង្រ្គាម​ស៊ីវីល​នេះ។


ឆ្លងកាត់ការស៊ើបអង្កេត នៅយេម៉ែន មានករណី​ឧក្រិដ្ឋកម្មសង្រ្គាម ជាច្រើនសណ្ឋាន និងច្រើនករណី។ ក្រុមអ្នកជំនាញ​នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានសន្និដ្ឋាន​ និងបាន​កំណត់ឈ្មោះបុគ្គលជាច្រើននាក់ ដែលអាចជាប់ចោទ ជាអ្នកទទួលខុសត្រូវលើបទល្មើស ឧក្រិដ្ឋកម្មសង្រ្គាម ធ្វើទៅលើ​ប្រជាជន​យេម៉ែន។ ឈ្មោះទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់ លោកអគ្គស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។

បើទោះបីជាមិនបានទទួលការសហការ ពីរដ្ឋាភិបាលយេម៉ែន ក៏ដូចជាក្រុមប្រទេសសម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្តី ក៏អ្នកជំនាញ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស បាន​ឈានទៅសម្រេច​របាយការណ៍នេះ ដោយផ្អែកលើ​ សក្ខីកម្ម និងភស្តុតាង ជាច្រើន ដែលផ្តល់ឲ្យដោយជនរងគ្រោះ និងសាក្សី។

បទល្មើសឧក្រិដ្ឋកម្មសង្រ្គាមទាំងនោះ មានជាអាទិ៖ ការបាញ់រះ ការទំលាក់គ្រាប់បែក ឬមីស៊ីល ដោយឥតរើសមុខ សំដៅទៅលើទីប្រជុំជន​មនុស្សស្លូតត្រង់ ការប្រើប្រាស់ការបង្អត់ចំណីអាហារ ជាអាវុធធ្វើបាបមនុស្ស ការធ្វើទារុណកម្ម ការរំលោភសេពសន្ទវៈ ការឃុំខ្លួន​មនុស្ស​ដោយគ្មានបទចោទប្រកាន់ ការចាប់បង្ខំឲ្យគេចខ្លួន ព្រមទាំងការ​បង្ខំ​ក្មេង​អាយុក្រោម១៥ឆ្នាំ ឲ្យធ្វើជាទាហានជាដើម។

លោក Kamel Jendoubi ប្រធានក្រុមជំនាញធ្វើរបាយការណ៍នេះ បានលើកឡើងថា ចាប់តាំងពីសង្រ្គាមយេម៉ែនបានផ្ទុះឡើង ប្រមាណ​៥ឆ្នាំមកនេះ ឧក្រិដ្ឋកម្មសង្រ្គាម បាននិងកំពុងតែបន្តប្រព្រឹត្តិ ទៅលើប្រជាជនយេម៉ែនស្លូតត្រង់ ដោយគ្មានភាគីណា ឬប្រទេសណាអើពើទាល់តែសោះ ។ លោកបាន​សង្កត់ធ្ងន់ផងដែរថា អំពីការទទួលខុសត្រូវរបស់ប្រទេសមួយចំនួន ពីបទផ្សំគំនិត ក្នុងអំពើឧក្រិដ្ឋកម្មសង្រ្គាមទាំងនោះ តាមរយៈការផ្តល់ ឬលក់អាវុធ។ ក្នុងនាមក្រុមជំនាញរបស់ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​ លោកសុំស្នើទៅសហគមអន្តរជាតិ ឲ្យពិចារណាឡើងវិញ អំពីការផ្គត់ផ្គង់អាវុធ ដែលអាចធ្លាក់ទៅលើដៃភាគីណាមួយ ក្នុងសង្រ្គាមយេម៉ែន ហើយដែលអាវុធទាំងនោះ នឹងត្រូវគេយកទៅប្រើ ដើម្បីសម្លាប់ជីវិតប្រជាជនស្លូតត្រង់។

សូមបញ្ជាក់ថា របាយការណ៍លើកទី២ ស្តីពីអំពើឧក្រិដ្ឋកម្មសង្រ្គាមនៅយេម៉ែននេះ នឹងត្រូវយកទៅបង្ហាញនៅ​អង្គសន្និបាទក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី​៩កញ្ញា​ខាងមុខនេះ។ ក្រុមអ្នកជំនាញ សង្ឃឹមថា ក្រុមប្រឹក្សានេះ នឹងប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងនិទណ្ឌភាព ព្រមទាំងការមិនយកចិត្តទុកដាក់​ ចំពោះ​អាយុជីវិត ប្រជាជនយ៉េមែន៕