អានតួអត្ថបទ
យេម៉ែន

យេម៉ែន​ឆ្លងកាត់​សោកនាដកម្ម​សង្រ្គាម​ពីរឆ្នាំ ដោយ​គ្មាន​សង្ឃឹម​ថា​មាន​ច្រកចេញ

ជាង​ពីរ​ឆ្នាំ​មក​ហើយ​ ​ដែល​សង្រ្គាម​នៅ​យេម៉ែន ​បាន​ផ្ទុះ​ឡើង ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូទី ​និង​កង​ទ័ព​រដ្ឋាភិបាល​យេម៉ែន។ សង្រ្គាម​ ដែល​មាន​លក្ខណៈ​សាសនា​នេះ ​ ត្រូវ​បាន​គេ​ជឿ​ថា ​មាន​អ៊ីរ៉ង់ ​ជា​អ្នក​លូក​ដៃ​ជួយ​ក្រុម​ហ៊ូទី​ ដែល​កាន់​សាសនា​អ៊ីស្លាម​ និកាយ​ឈីអ៊ីត ​ដូច​គ្នា។ អារ៉ាប៊ី​សាអូឌីត​ និង​​សម្ព័ន្ធមិត្ត​អារ៉ាប់​អ៊ីស្លាម​ស៊ុនីត ​ជាច្រើន​ទៀត​ បាន​សម្រេច​ចិត្ត​ចូលរួម​ធ្វើ​សង្រ្គាម ​នៅ​យេម៉ែន ​ដើម្បី​ជួយ​កងទ័ព​រដ្ឋាភិបាល​យេម៉ែន។ ២ឆ្នាំ​នៃ​សង្រ្គាម ​គ្មាន​ច្រក​ចេញ ​ បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​ស្លូត​ត្រង់​រាប់ពាន់​នាក់ ​ហើយ​ប្រទេស​យេម៉ែន​ទាំងមូល ​ ត្រូវ​បែក​ខ្ទិច​ជា​ចំរៀក។

ស្ត្រីម្នាក់​​​គូរគំនូរ ឧទ្ទិស​​ដល់​សន្តិភាព​​សម្រាប់​យេម៉ែន នៅរដ្ឋធានីសាណា
ស្ត្រីម្នាក់​​​គូរគំនូរ ឧទ្ទិស​​ដល់​សន្តិភាព​​សម្រាប់​យេម៉ែន នៅរដ្ឋធានីសាណា Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​២៦​មីនា​ ឆ្នាំ​២០១៥​ ជា​ថ្ងៃ​ដែល​សម្ព័ន្ធ​មិត្ត​អារ៉ាប់​ស៊ុនីត ​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត  ​បាន​សម្រេច​ចិត្ត​ ចាប់​ផ្តើម​ទំលាក់​គ្រាប់បែក ​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី ​នៅ​យេមែន។ ២ឆ្នាំ​មក​ហើយ ​ដែល​សង្រ្គាម​នេះ ​បាន​អូសបន្លាយ ​ក្លាយ​ជា​ជំងឺ​មហារីក​ ស៊ីរូង​ប្រទេស​ដ៏​ក្រ​បំផុត​ នៃ​តំបន់​ឧបទ្វីប​អារ៉ាប់​មួយ​នេះ។ ការ​ចូលរួម ​ទម្លាក់​គ្រាប់បែក​ដោយ​កំរោល ​ដោយ​គ្មាន​យុទ្ធសាស្ត្រ ​និង​ផែនការ​ច្បាស់លាស់ ​ពី​សំណាក់​អារ៉ាប៊ីសាអូឌីត​ មិន​ត្រឹមតែ​មិន​បាន​ជួយ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ទេ ​តែថែម​ទាំង​បាន​បង្ក​នូវ​សោកនាដកម្ម ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ ​ទៅ​លើ​ប្រជាជន​ស្លូត​ត្រង់​យេម៉ែន។

 
កងទ័ព​សម្ព័ន្ធមិត្ត​អារ៉ាប់​ស៊ុនីត ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ បាន​ទម្លាក់​គ្រាប់បែក​សឹងតែ​ជា​ប្រចាំថ្ងៃ ​នៅ​យេម៉ែន។ ជានិច្ច​ជាកាល ​គ្រាប់បែក​ទាំង​នោះ ​បាន​ធ្លាក់​ទៅ​លើ​ផ្ទះ​ប្រជាជន​ សាលារៀន ​មន្ទីរពេទ្យ ​និង​វិហារ​ម៉ូស្កេ​ជាដើម។ ជាក់ស្តែង ​ថ្ងៃ​ទី​២៨​ កញ្ញា ​ឆ្នាំ​២០១៥ ​គ្រាប់បែក​របស់​សម្ព័ន្ធមិត្ត​អារ៉ាប់ ​បាន​ធ្លាក់​ទៅ​លើ​ពិធី​រៀប​មង្គល​ការ​មួយ​កន្លែង​ នៅ​តំបន់​Mokha ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៣១​នាក់។ ថ្ងៃទី​១៥​សីហា ​ឆ្នាំ​២០១៦​ គ្រាប់បែក​របស់​អារ៉ាប៊ីសាអូឌីត​ បាន​ធ្លាក់​ទៅ​លើ​មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង ​Abs ​ដែល​បណ្តាល​​ ឲ្យ​ស្លាប់​មនុស្ស​១៩នាក់ ​នឹង​របួស​រាប់​សិប​នាក់។ ករណី​ឧទាហរណ៍ ​ដ៏​សង្វេក​មួយ​ទៀត​ គឺ​នៅ​ថ្ងៃ​ទី ៨ ​តុលា ​ឆ្នាំ​២០១៦​ ដែល​កងទ័ព​អារ៉ាប៊ីសាអូឌីត ​បាន​ទម្លាក់​គ្រាប់បែក ​ទៅ​លើ​ពិធី​បុណ្យសព​មួយ ​នៅ​ក្រុង​សាណា ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់ ​មនុស្ស​១៤០​នាក់ ​នឹង​របួស​ជាង​៥០០​នាក់។

បើតាម​​តួលេខ​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​រយៈពេល​២ឆ្នាំ​មក​នេះ ​មាន​មនុស្ស​ស្លាប់ ​៧៧០០​នាក់ ​អ្នក​របួស​ប្រមាណ​៤២៥០០​នាក់ ​ព្រម​ទាំង​មនុស្ស​៣លាន​នាក់ ​ដែល​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចោល​ផ្ទះ​សម្បែង។ គម្រោង​ការ​ចរចា​ និង​ទម្លាក់​អាវុធ ​ ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ ​ត្រូវ​បាន​បរាជ័យ​៧ដង​មក​ហើយ​ ​ដោយសារ​តែ​គ្មាន​ភាគីណា​មួយ​គោរព។ អង្គការ​សហប្រជាជាតិ ​បាន​លើក​ឡើង​ថា ​ស្ថានភាព​នៅ​យេម៉ែន ​ គឺ​ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​មនុស្ស​ជាតិ ​ជា​ពិសេស​គ្រោះ​ទុរភិក្ស​កំពុង​តែ​គំរាម​កំហែង ​ប្រទេស​ដ៏​ក្រីក្រ​មួយនេះ។

សង្រ្គាម​នៅ​យេម៉ែន​ បាន​ដើរ​ដល់​ដំណាក់​កាល​មួយ​ ដែល​គ្មាន​នរណា​ស្តាប់​អ្នកណា។ អ្នក​ចេះ​ដឹង​មាន​សមត្ថភាព​របស់​យេម៉ែន​ មិន​មាន​នរណា​យក​ពេលមក​គិតគូរ ​រក​ច្រក​ចេញ​ទេ ​គឺ​បាន​នាំគ្នា​យក​តែ​ប្រាស​អាយុ​រៀង​ខ្លួន។ បន្ថែមពី​នេះ​ទៀត​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​និង​ក្រុម​អាល់កាយដា ​កំពុង​តែ​ពង្រីក​ដែន​ដី​របស់ខ្លួន ​ស្រប​ពេល​ដែល​យេម៉ែន ​ ធ្លាក់​ក្នុង​កលយុគ ​គ្មាន​រដ្ឋាភិបាល​គ្រប់គ្រង។ កងទ័ព​អាមេរិក​ ក្រោយ​ពេល​ដែល​លោក​ដូណាល់ ត្រាំ​ឡើង​កាន់​តំណែង ​បាន​បន្ថែម​ការ​ទម្លាក់​គ្រាប់បែក​នៅ​យេម៉ែន​ សំដៅ​កម្ទេច​ក្រុម​អាល់កាយដា​ ដែល​ការ​នេះ​ហាក់​បាន​ជួយ​បន្ថែម​ចំនួន​អ្នកស្លាប់ ​ព្រម​ទាំង​រុញ​យេម៉ែន ​ឲ្យ​ធ្លាក់​កាន់​ជ្រៅ​ក្នុង​ជ្រោះ​មរណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ