rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

យេម៉ែន បារាំង អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង​អំពាវនាវ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​ឈប់​ឡោមព័ទ្ធ​ និង​ទំលាក់​គ្រាប់បែក​លើ​យេម៉ែន

media
កុមារីយេម៉ែន កំពុងនៅតាមផ្លូវ ក្បែរផ្ទះ​​​ដែល​ត្រូវ​​​កំទេច​​ដោយ​​គ្រាប់បែក​ ​​ក្នុង​​ក្រុង​​ Hodeida។ ថ្ងៃទី​២៥​ ធ្នូ​ ២០១៧​ REUTERS/Abduljabbar Zeyad

លោក​ប្រធានាធិបតី​បារាំង ​អេម៉ានុយអែល ​ម៉ាក្រុង  ​បាន​អំពាវនាវ ​ទៅកាន់​ព្រះចៅ​សាល់ម៉ាន់ ​របស់​អារ៉ាប៊ីសាអូឌីត ​ ឲ្យ​កងទ័ព​សម្ព័ន្ធមិត្ត​អារ៉ាប់ ​ដែល​ដឹកនាំ​ដោយ​កងទ័ព​អារ៉ាប៊ីសាអូឌីត​នោះ​ ​ដកចេញ​ទាំង​ស្រុង​ ​នូវ​ការ​ឡោមព័ទ្ធ ​និង​ឈប់​ទំលាក់​គ្រាប់បែក ​លើ​ប្រទេស​យេម៉ែន ​តទៅ​ទៀត។ ដោយសារ​តែ​ការ​ឡោមព័ទ្ធ​​ទាំង​​ស្រុង​​នេះ  ​ប្រជាជន​យេម៉ែន​ ប្រមាណ​៨​លាន​នាក់​ កំពុង​ប្រឈមមុខ​ នឹង​គ្រោះ​ទុរភិក្ខ ​ព្រមទាំង​​គ្រោះ​មហន្តរាយ​​ផ្សេង​ទៀត  ​​យ៉ាង​ធ្ងន់ធ្ងរ។


វិមានប្រធានាធិបតីបារាំង បានចេញលិខិតមួយ ប្រកាសឲ្យដឹងថា លោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានទូរស័ព្ទទៅនិយាយជាមួយ ព្រះចៅសាល់ម៉ាន់ របស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្នុងកិច្ចសន្ទនានោះ លោកប្រធានាធិបតីបារាំង បានថ្លែងពីការព្រួយបារម្ភ ទាក់ទិនទៅនឹងស្ថានភាព​ទុក្ខលំបាក របស់ប្រជាជន​យេម៉ែន ដោយសារតែសង្រ្គាមរ៉ាំរ៉ៃ ៣ឆ្នាំមកនេះ។

លិខិតដដែលបានអះអាងថា  លោកប្រធានាធិបតីបារាំង បាននិយាយអំពាវនាវ ឲ្យព្រះចៅសាល់ម៉ាន់ បញ្ជា​ទៅកងទ័ពអារ៉ាប៊ីសាអូឌីត ដែលកំពុងតែដឹកនាំកងទ័ពសម្ព័ន្ធមិត្តអារ៉ាប់ ធ្វើសង្រ្គាមនៅយេម៉ែននោះ ថា​​ឲ្យ​ត្រូវ “ដកចេញទាំងស្រុង នូវការឡោមព័ទ្ធយេម៉ែន”។ ត្រូវ​ឈប់​ឡោមព័ទ្ធ​យេម៉ែន ហើយត្រូវបើកព្រំដែន ​ផ្លូវទឹក ផ្លូវអាកាស និងផ្លូកគោក ឲ្យដល់យេម៉ែនវិញ  ដើម្បីឲ្យគេអាចបញ្ជូនស្បៀង ជំនួយមនុស្សធម៌ ក៏ដូចជាទំនិញចាំបាច់នានា ទៅឲ្យប្រជាជនយេម៉ែន។

សូមបញ្ជាក់ថា កាលពីចុងខែ វិច្ឆិកាកន្លងទៅ  កងទ័ពសម្ព័ន្ធមិត្តអារ៉ាប់ ដែលកំពុងដឹកនាំការវាយប្រហារនៅយេម៉ែន  បានសម្រេចឡោមព័ទ្ធ បិទច្រកព្រំដែនយេម៉ែនគ្រប់ច្រកល្ហក​ ដើម្បីកុំឲ្យក្រុមឧទ្ទាមហ៊ូទី ទទួល​បានជំនួយ ពីអ៊ីរ៉ង់។ ការសម្រេចឡោមព័ទ្ធយេម៉ែនទាំងស្រុងនេះ គឺនៅ​ក្រោយពេលដែល ក្រុមឧទ្ទាម​ហ៊ូទី បានបាញ់មីស៊ីលមួយគ្រាប់សំដៅ​ទៅរាជធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីត។ តែយ៉ាងណា កាលពីថ្ងៃ១៩ធ្នូថ្មីៗនេះ ក្រុមហ៊ូទី បានបាញ់មីស៊ីលមួយគ្រាប់ទៀត សំដៅទៅ​រីយ៉ាដ តែត្រូវអារ៉ាប៊ីសាអូឌីត កំទេចបាន។

ដោយឡែក លោកប្រធានាធិបតីបារាំង បានលើកឡើងផងដែរ ថាបារាំង ថ្កោលទោសចំពោះទង្វើដែលក្រុមហ៊ូទី បានបាញ់មីស៊ីលសំដៅទៅរាជធានីរបស់អារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែបារាំងជឿថា ​ការឡោមព័ទ្ធ ការទំលាក់គ្រាប់បែក ការវាយប្រហារតាមផ្លូវយោធា មិនមែនជាដំណោះស្រាយទេ។ វិធីតែមួយគត់ ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាព និងដើម្បីបិទបញ្ចប់ការរង​ទុក្ខវេទនា  របស់ប្រជាជនយេម៉ែន  គឺមានតែការចូលអង្គុយក្នុងតុចរចា តែប៉ុណ្ណោះ។

ដូចគ្នាដែរ  លោកប្រធានការិយាល័យ​​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ ​នៃអង្គការ​សហប្រជាជាតិ ​បានអំពាវនាវ កាលពីដើមខែធ្នូនេះ ថាអារ៉ាប៊ីសាអូឌីត ត្រូវតែដកចេញនូវការឡោមព័ទ្ធយេម៉ែន​ទាំងស្រុង ឲ្យបាន​ឆាប់ជាទីបំផុត។ ប្រជាជនយេម៉ែន ប្រមាណ៨លាននាក់ កំពុងប្រឈមមុខ​ជាបន្ទាន់នឹងគ្រោះទូរភិក្ខ។ នេះនៅមិនទាន់រាប់ទាំងបញ្ហាសុខភាព ជំងឺឆ្លងរាតត្បាត ដូចជាជំងឺអាសន្នរោគ ជាច្រើនករណីផងទេ។ ចាប់តាំងពីផ្ទុះសង្រ្គាមមក មានប្រជាជនស្លូតត្រង់ ស្លាប់ប្រមាណ១ម៉ឺននាក់រួចមកហើយ៕