rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

យេម៉ែន អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យេម៉ែន៖ ​ស្លាប់​ប្រជាជន​ស្លូតត្រង់​៦៨​នាក់ ​ក្នុង​ថ្ងៃ​តែមួយ ​ក្រោម​គ្រាប់បែក​អារ៉ាប៊ីសាអូឌីត​២គ្រាប់

media
គ្រាប់បែក​អារ៉ាប៊ីសាអូឌីត ទំលាក់​នៅ​ក្រុង​សាណា ថ្ងៃទី​​២៥ ​សីហា ​២០១៧ (រូបភាពឯកសារ) REUTERS/Khaled Abdullah

យ៉ាងហោចណាស់​ មានការទំលាក់គ្រាប់បែក ២កន្លែង​នៅយេម៉ែន​ ដោយកងទ័ពអារ៉ាប៊ីសាអូឌីត​ កាលពីថ្ងៃទី២៨ ធ្នូ ម្សិលមិញ ដោយបានផ្តាច់ជីវិតប្រជាជនយេម៉ែនស្លូតត្រង់ សរុប​ប្រមាណ៦៨នាក់។ មន្ត្រីទទួលបន្ទុកកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោស ភាគីទាំងសងខាង នៃសង្រ្គាមនៅយេម៉ែន​ ថាមិនបានផ្តល់អាទិភាពដល់អាយុជីវិត របស់ប្រជាជនស្លូតត្រង់ទេ។ ក្រៅពីស្លាប់ ដោយសារគ្រាប់បែក របស់អារ៉ាប៊ីសាអូឌីត ប្រជាជនយេម៉ែនរាប់លាននាក់ កំពុងប្រឈមមុខនឹង ជំងឺអាសន្នរោគ និងគ្រោះទុរភិក្ខ យ៉ាងធ្ងន់ធរ។


គ្រាប់បែកទីមួយ ត្រូវបានកងទ័ពអាកាសរបស់អារ៉ាប៊ីសាអូឌីត ទំលាក់ពីលើទីប្រជុំជនផ្សារមួយកន្លែង ក្នុងខេត Taëz ភាគនិរតីយេម៉ែន ដោយបានបណ្តាលឲ្យស្លាប់មនុស្ស ៥៤នាក់ សុទ្ធសឹងតែជាប្រជាជនស៊ីវីល ក្នុងចំណោមនោះមាន៨នាក់ ជាកុមារ។ ចំណែកគ្រាប់បែកទី២ របស់អារ៉ាប៊ីសាអូឌីត ដដែល ត្រូវគេទំលាក់នៅខេត្ត Hodeida  ជាប់មាត់សមុទ្រក្រហម បណ្តាលឲ្យស្លាប់មនុស្ស១៤នាក់។ នេះបើតាមការប្រកាសឲ្យដឹង ពីសំណាល់ លោក Jamie McGoldrick អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំនៅយេម៉ែន។

មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានថ្លែងថា វាជារឿងដ៏សោកសង្រេងបំផុត ដោយឃើញភាគីទាំងពីរនៃជំលោះនៅយេម៉ែន​ មិនថាក្រុមហ៊ូទី ឬអារ៉ាប៊ីសាអូឌីតេទេ ម្នាក់ៗ គ្មាននរណាខ្វាយខ្វល់ ពីអាយុជីវិតរបស់ប្រជាជនយេម៉ែនស្លូតត្រង់ឡើយ។ ការទំលាក់គ្រាប់បែក ពីសំណាក់កងទ័ពអារ៉ាប៊ីសាអូឌីត មកលើទីផ្សារ ទីប្រជុំជន ដែលសំបូរសុទ្ធតែជាប្រជាជនស្លូតត្រង់ បានបង្ហាញឲ្យឃើញច្បាស់ថា អារ៉ាប៊ីសាអូឌីត មិនបានផ្តល់តំលៃដល់អាយុជីវិត ជនជាតិយេម៉ែន សូម្បីតែបន្តិច។

គួរបញ្ជាក់ថា ចាប់តាំងពីក្រុមឧទ្ទាមហ៊ូទី បានបាញ់គ្រាប់មីស៊ីលថ្មីមួយទៀត កាលពីថ្ងៃទី ១៩ធ្នូ សំដៅកំទេចទីក្រុងរីយ៉ាដ  កងទ័ពអារ៉ាប៊ីសាអូឌីត បានបន្ថែមការវាយប្រហារកាន់តែញឹកញាប់ ទៅលើដែនដីយេម៉ែន ​ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាមហ៊ូទី។ ក្រៅពីជនរងគ្រោះស្លាប់ ទាំង៦៨នាក់ ក្នុងថ្ងៃព្រហស្បតិ៍ទី ២៨ធ្នូនេះ នៅមានប្រជាជនស្លូតត្រង់ ៤១នាក់ផ្សេងទៀត ដែលបានស្លាប់ ក្នុងរវាង១០ថ្ងៃចុងក្រោយនេះ ដោយសារតែគ្រាប់បែក របស់អារ៉ាប៊ីសាអូឌីត។

សង្រ្គាមយេម៉ែន ដែលធាតុពិត គឺជាសង្រ្គាមប្រជែងឥទ្ធិពលនៅឧបទ្វីបអារ៉ាប៊ី រវាងអារ៉ាប៊ីសាអូឌីត​ និងអ៊ីរ៉ង់​​នោះ បានចាប់ផ្តើមឡើងអស់ជាង៣ឆ្នាំមកហើយ ហើយបានផ្តាច់ជីវិតមនុស្សជិត១ម៉ឺននាក់។ បច្ចុប្បន្នអង្គការមនុស្សធម៌ជាច្រើន បានទាញសញ្ញាអាសន្ន ម្តងហើយម្តងទៀត ថាប្រជាជនយេម៉ែន កំពុងប្រឈមមុខនឹងជំងឺអាសន្នរោគ ព្រមទាំងគ្រោះទុរភិក្ខ ដោយសារតែអារ៉ាប៊ីសាអូឌីត បានឡោមព័ទ្ធ បិទច្រកព្រំដែនទាំងស្រុង។ យ៉ាងណាមិញ កាលពីថ្ងៃពុធ កន្លងទៅនេះ លោកប្រធានាធិបតីបារាំង បានអំពាវនាវ ឲ្យអារ៉ាប៊ីសាអ៊ូឌីត ត្រូវបញ្ឈប់ជាបន្ទាន់ នូវការឡោមព័ទ្ធយេម៉ែន ហើយត្រូវរៀបចំយន្តការចរចា  ជាមួយនិងក្រុមហ៊ូទីយេម៉ែន ដើម្បីបញ្ចប់សង្រ្គាម៕