អានតួអត្ថបទ

លោកម៉ាក្រុង ទៅទស្សនកិច្ច​នៅអេហ្ស៊ីប និយាយ​ពី​សិទ្ធិ​មនុស្ស ​និង​ស្ថិរភាព​តំបន់

បើទោះបីជានៅក្នុងប្រទេសបារាំង កំពុងមានបញ្ហា រកាំរកូសជាច្រើនក៏ដោយ​ តែលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានឆ្លៀតទៅធ្វើទស្សនកិច្ច នៅប្រទេសអេស្ស៊ីប រយៈពេល៣ថ្ងៃ។ សូមបញ្ជាក់ថា សម្រាប់បារាំង អេហ្ស៊ីប គឺជាប្រទេសយុទ្ធសាស្ត្រមួយដ៏សំខាន់ នៅតំបន់ដើមបូព៌ា និងទ្វីបអាហ្វ្រិកមួយទាំងមូល។ តែយ៉ាងណាក៏ដោយ ទស្សនកិច្ចរបស់លោកម៉ាក្រុងនាពេលនេះ ត្រូវបានអង្គការ និងសកម្មជនការពារសិទ្ធិមនុស្ស រំពឹងរងចាំ ចង់ឲ្យលោកប្រធានាធិបតីបារាំង និយាយត្រង់ទៅត្រង់មក ជាមួយនឹងប្រធានាធិបតីអេហ្ស៊ីប ស្តីពីបញ្ហាសិទ្ធិមនុស្ស។

លោកម៉ាក្រុង ពេលជួបជាមួយលោក​​ អាល់ ស៊ីស៊ី នៅប៉ារិសខែ តុលា ឆ្នាំ២០១៧​
លោកម៉ាក្រុង ពេលជួបជាមួយលោក​​ អាល់ ស៊ីស៊ី នៅប៉ារិសខែ តុលា ឆ្នាំ២០១៧​ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

អមដំណើរ ដោយលោករដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស លោកអេម៉ានុយអែល ម៉ាក្រុង ព្រមទាំងភរិយា ត្រូវទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅរសៀលថ្ងៃទី២៧មករានេះ។ ក្នុងទស្សនកិច្ច៣ថ្ងៃ លោកប្រធានាធិបតីបារាំង និងអញ្ជើញទៅកាន់ ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ Abou Simbel នៃអាណាចក្រអេហ្ស៊ីប មុននឹងជួបពិភាក្សាការងារ ជាមួយនឹងលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sissi។

គួររំលឹកថា អេហ្ស៊ីប គឺជាប្រទេសយុទ្ធសាស្ត្រមួយដ៏សំខាន់បំផុត នៅអាហ្វ្រិក និងតំបន់ដើមបូព៌ា។ អេហ្ស៊ីប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរកផ្លូវដោះស្រាយ ក្នុងសំណុំរឿងជាច្រើន ដូចជាវិបត្តិនៅលីប៊ី សំណុំរឿងអ៊ីស្រាអែល ប៉ាឡេស្ទីន ព្រមទាំងយុទ្ធនាការបោសសំអាត ក្រុមភេរវកម្មអ៊ីស្លាមជ្រុលនិយមជាដើម។ ជាងនេះទៅទៀត ចាប់ពីខែកុម្ភៈទៅ គឺដល់វេនអេហ្ស៊ីប ត្រូវធ្វើជាប្រធានវិលជុំ នៃសហព័ន្ធអាហ្វ្រិក។ ក្រៅពីសំណុំរឿងយុទ្ធសាស្ត្រការបរទេសទាំងនេះ វិមានប្រធានាធិបតីបារាំង បានបញ្ជាក់ថា លោកម៉ាក្រុង ក៏នឹងនិយាយអំពីស្ថានភាពសិទ្ធិមនុស្ស នៅអេហ្ស៊ីប ជាមួយនឹងលោកប្រធានាធិបតី Al-Sissi ដែរ។

គួររំលឹកថា យោងតាមតួលេខរបស់ Human Rights Watch ចាប់តាំងពីលោក Al-Sissi បានឡើងកាន់តំណែងនៅឆ្នាំ២០១៣មក គឺមានមនុស្សយ៉ាងហោចណាស់ ៦ម៉ឺននាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន និងរងទារុណកម្ម នៅអេហ្ស៊ីប។ កន្លងមក រដ្ឋាភិបាលបារាំង ត្រូវបានមតិមួយចំនួនរិះគន់ ថាមិនបានយកបញ្ហាសិទ្ធិមនុស្ស មកនិយាយត្រង់ទៅត្រង់​មក ​ជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបទេ។

ជាងនេះទៅទៀត យោងតាម Amnesty International សម្ភារៈយោធា ដូចជារថពាសដែក ដែលបារាំង អះអាងថាបានលក់ទៅឲ្យអេហ្ស៊ីប ក្នុងក្របខណ្ឌនៃប្រតិបត្តិការយោធា ក៏ប៉ុន្តែរថពាសដែក​ទាំងនោះ គឺត្រូវបានកងទ័ពអេហ្ស៊ីប យកមកប្រើ ដើម្បីដេញបំបែកក្រុមបាតុករតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ។ ប្រភពពីអង្គការសិទ្ធិមនុស្សខ្លះទៀត លើកឡើងថា ក្រុមហ៊ុនបារាំង ជាច្រើន កំពុងសហការជាមួយអេហ្ស៊ីប ដើម្បីលក់សម្ភារៈ និងប្រព័ន្ធតាមដានសម្ងាត់ ហើយដែលរដ្ឋាភិបាលអេហ្ស៊ីប យកទៅប្រើ ដើម្បីតាមដាន ក្តោបក្តាប រាល់សម្លេងប្រឆាំងនានា។

លោក Bahey el-Din អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវទីក្រុងគែរ បានលើកឡើងថា មតិសាធារណៈអេហ្ស៊ីប មានការខកចិត្តណាស់ ដែលលោកម៉ាក្រុង មិនបាននិយាយ​ពីបញ្ហាសិទ្ធិមនុស្ស នៅពេលដែលលោក Al-Sissi មកធ្វើទស្សនកិច្ចនៅបារីស កាលពីខែតុលា ឆ្នាំ២០១៧។ អ្វីដែលប្រជាជនអេហ្ស៊ីប រំពឹងរងចាំនាពេលនេះ គឺចង់ឃើញបារាំង បង្ហាញគោលជំហរមួយច្បាស់លាស់ ក្នុងការថ្កោលទោស សកម្មភាពរំលោភសិទ្ធិមនុស្ស នៅអេហ្ស៊ីបបច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ