rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេហ្ស៊ីប អាកាសចរណ៍ បារាំង ក្រិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពេទ្យ​កោសល្យវិច្ច័យ​អេហ្ស៊ីប៖ បំណែកតូចៗ​របស់​សាកសព​​​ធ្វើ​ឲ្យ​គេ​ជឿថា យន្តហោះ​ផ្ទុះ​មុន​ធ្លាក់

media
បំណែក​​របស់​យន្តហោះ​MS804 របស់​អេហ្ស៊ីបអ៊ែរដែល​ធ្លាក់​ទៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ១៩​ឧសភា Egyptian Military/ Reuters

តើ​ការស៊ើបអង្កេត ស្វែងរក​យន្តហោះ​អេហ្ស៊ីប​របស់​ក្រុមហ៊ុន​អេហ្ស៊ីបអ៊ែរ បាន​ឈាន​ដល់​កម្រិត​ណា? ៦​ថ្ងៃ​ក្រោយ​យន្តហោះ​ជើងហោះហើរ​ប៉ារីស គែរ​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ គេ​នៅ​បន្ត​រុករក​បំណែក​យន្តហោះ និង​ជនរងគ្រោះ នៅក្នុង​បរិវេណ​របស់​យន្តហោះ​ធ្លាក់។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ពេទ្យ​កោសល្យវិច្ច័យ​អេហ្ស៊ីប​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន អាមេរិកាំង AP ពី​សមត្មិកម្ម​ដែល​ថា យន្តហោះ​បាន​ធ្លាក់​ដោយសារ​កម្លាំង​ផ្ទុះ ប៉ុន្តែ ការអះអាង​នេះ​ត្រូវ​បាន​ប្រធាន​ផ្នែក​កោសល្យវិច្ច័យ​អេហ្ស៊ីប​បដិសេធ មិនទទួល​ស្គាល់ នៅ​ប៉ុន្មាន​ម៉ោងក្រោយ។

 


មួយថ្ងៃ​ក្រោយ​ទាត់​ចោល​ការអះអាង​របស់​ភាគី​ក្រិក ដែល​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អេហ្ស៊ីបអ៊ែរ​បាន​ផ្លាស់ប្តូរ​ខ្សែ​គោចរ នៅមុន​ពេល​ធ្លាក់​ពី​រ៉ាដា នៅថ្ងៃ​អង្គារ​ម្សិលមិញ អាជ្ញាធរ​អេហ្ស៊ីប​បាន​ចេញមុខ​ម្តងទៀត បដិសេធ​ព័ត៌មាន​របស់​គ្រូពេទ្យ​ជំនាញ​អេហ្ស៊ីប គ្នាឯង ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិកាំង AP​ថា យន្តហោះ​ទំនងបានផ្ទុះ​មុន​​នឹង​ធ្លាក់​ចូលទឹក​សមុទ្រ។ ​ការផ្ទុះ ដែល​គេ​នៅ​មិនទាន់​ដឹង​ថា តើ​បាន​បណ្តាល​មក​ពី​គ្រាប់ផ្ទុះ ឬ​មូលហេតុ​​អ្វីផ្សេង។

 
រហូត​មក​ដល់​ថ្ងៃ​អង្គារ គេ​នៅ​មិនទាន់​រកឃើញ នៅ​ឡើយទេ ដាន ជាតិ​គ្រឿងផ្ទុះ នៅ​លើ​បំណែក​យន្តហោះ ឬ​ឥវ៉ាន់​របស់​អ្នកដំណើរ ដែល​កងទ័ព​អេហ្ស៊ីប ប្រមូល ស្រង់​បាន​ពី​ទឹកសមុទ្រ។ ប៉ុន្តែ អ្នកទទួល​ខុសត្រូវ​គ្រូពេទ្យ​កោសល្យវិច្ច័យ​អេហ្ស៊ីប​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិកាំង AP​ថា បើ​មើល​ទៅ​លើ​ទំហំ​របស់​បំណែក​សាកសព​ដែល​ដាច់ជា​ដុំៗ​តូចៗ គេជឿថា យន្តហោះ​អេហ្ស៊ីប​អាច​រង​កម្លាំង​ផ្ទុះ​មុន​នឹង​ធ្លាក់​ក្នុង​ទឹកសមុទ្រ។ តាម​អ្នកទទួល​ខុសត្រូវ​អេហ្ស៊ីប​ដដែល បំណែក​សាកសព ​ធំជាងគេ ដែល គេ​ស្រង់ ប្រមូល​បាន​តាំង​ពី​ថ្ងៃ​អាទិត្យ​មក មាន​ទំហំ​ធំបំផុត ប៉ុនបាតដៃ និង​ត្រូវ​គេ​ច្រក​ចូល​ក្នុង​ស្បោង ចំនួន ២៣​ស្បោង។
 
នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អេហ្ស៊ីប Mena ប្រធាន​ស្ថាប័ន កោសល្យវិច្ច័យ​អេហ្ស៊ីប បាន​ចាត់ទុក ដំណឹង​ផ្តល់​ទៅ​ដល់​អ្នកកាសែត​បរទេស គឺ​ជា​រឿងមិនពិត និង​មិនបាន​ស្តែង​ចេញ​ពី​ជំហរ​របស់​អាជ្ញាធរ​អេហ្ស៊ីបទេ។
 
នៅ​ថ្ងៃ​អាទិត្យ ការិយាល័យ​ស៊ើបអង្កេត និង​វិភាគ​របស់​បារាំង BEA​ធ្លាប់​បាន​បញ្ជាក់​ព័ត៌មាន​របស់​កាសែត​អាមេរិកាំង​ពីការណ៍​ដែល​ថា គេ​ទទួល​បាន​សារ​ស្វ័យប្រវត្តិ ដែល​បង្ហាញ​ថា​យន្តហោះ​MS804​របស់​ក្រុមហ៊ុន​អេហ្ស៊ីបអ៊ែរ​មាន​ផ្សែងចេញ​ពី​បង្គន់ និង​ពីបន្ទប់​ខ្សែភ្លើង ដែល​ស្ថិតនៅ​ក្រោម​បន្ទប់អ្នកបើកបរ គឺ​នៅ​៣នាទី មុន​ដែល​យន្តហោះ​បាន​ធ្លាក់​បាត់​ពីរ៉ាដា។ សម្រាប់​អ្នកឯកទេស​បារាំង សារ​ខាងលើ​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​គេ​ហ៊ាន​កំណត់​ដើមហេតុ​ដែល​ធ្វើ​ឲ្យមាន​ផ្សែង។ យ៉ាងណាក៏ដោយ ទាំង​អេហ្ស៊ីប និង​បារាំង ដែល​ចូលរួម​ក្នុង​ការស៊ើបអង្កេត​លើកនេះ មិនបាន​ទាត់ចោល​សម្មតិកម្ម​ណាទាំងអស់ មិនថា គ្រោះថ្នាក់​បច្ចេកទេស គឺ​គម្រោង​បំផ្ទុះគ្រាប់បែក​បំផ្លាញ​យន្តហោះ។
 
តាំង​ពី​ថ្ងៃចន្ទ បារាំង​បាន​បញ្ជូន​នាវា​ល្បាត​ទៅក្នុង​ដែនទឹក ដែល​គេ​ស្រង់​បាន​បំណែក​យន្តហោះ​អេហ្ស៊ីប។ បើទោះជា​មាន​បេសកកម្ម​ចំបង​ជួយ​ស្រង់​យក​បំណែក​យន្តហោះ និង​សាកសព​ជនរងគ្រោះ នាវា​ល្បាត​បារាំង​សំដៅ​ផងដែរ ស្វែងរក​ប្រអប់ខ្មៅ នៅក្នុង​ទឹកសមុទ្រ ដែល​នឹង​មាន​សមត្ថភាព​ផ្តល់​សញ្ញា​យ៉ាងយូរ មួយខែ៕