អានតួអត្ថបទ
ប៉ាឡេស្ទីន

ប៉ាឡេស្ទីន៖ ក្រុម​ហាម៉ាស និង​ក្រុម​ហ្វាតា ចុះ​កិច្ច​ព្រមព្រៀង​ជានា​គ្នា​វិញ

អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ​ដែល​ប៉ាឡេស្ទីន  ​បាន​បែកខ្ញែក​គ្នា​ជា​ពីរ ​មួយ​គឺ​ក្រុម​ហ្វាតា ​ដែល​គ្រប់គ្រង​អំណាច​កណ្តាល​នៃ​អាជ្ញាធរ​ប៉ាឡេស្ទី ​ហើយ​ដែល​សហគម​អន្តរជាតិ​ទទួល​ស្គាល់  ​ឯ​មួយ​ទៀត​ គឺ​ក្រុម​ហាម៉ាស​ ដែល​គ្រប់គ្រង​ដែនដី​ហ្កាហ្សា។ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​អេហ្ស៊ីប ​ ក្រុម​ភាគី​នយោបាយ​ប៉ាឡេស្ទីន​ទាំង​ពីរ​ក្រុម​នេះ  ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១២​តុលា​។ យោង​តាម​កិច្ច​ព្រមព្រៀង​នេះ ​ក្រុម​ហាម៉ាស​ និង​ប្រគល់​តំបន់​ហ្កាហ្សា ​ទៅ​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​គ្រប់គ្រង​វិញ​ នៅ​រវាង​ខែ​ធ្នូ ​ចុង​ឆ្នាំ​ ២០១៧​នេះ។

តំណាង​គណប្រតិភូ​ហាម៉ាស ​Saleh Arouri (ឆ្វេង) ចុះ​​ហត្ថលេខា​​ជាមួយ​តំណាង​​ក្រុម​ហ្វាតា​ Azzam Ahmad លើ​កិច្ច​ព្រមព្រៀង​​ជានា​គ្នាវិញ​ នៅ​ក្រុង​គែរ ថ្ងៃទី​១២​ តុលា​ ២០១៧
តំណាង​គណប្រតិភូ​ហាម៉ាស ​Saleh Arouri (ឆ្វេង) ចុះ​​ហត្ថលេខា​​ជាមួយ​តំណាង​​ក្រុម​ហ្វាតា​ Azzam Ahmad លើ​កិច្ច​ព្រមព្រៀង​​ជានា​គ្នាវិញ​ នៅ​ក្រុង​គែរ ថ្ងៃទី​១២​ តុលា​ ២០១៧ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ចេញ​ពី​ទីក្រុង​គែរ​ ​អាជ្ញាធរ​អេហ្ស៊ីប ​ទទួល​បន្ទុក​សម្រប​សម្រួល​ការ​ចរចា​ រវាង​ក្រុម​ហាម៉ាស ​និង​ក្រុម​ហ្វាតា ​បាន​បញ្ជាក់​ថា ​ ភាគី​ប៉ាឡេស្ទីន​ទាំងពីរនេះ ​ បាន​យល់​ព្រម​ជា​នា​នឹង​គ្នា​ឡើងវិញ​ហើយ។ ភាគី​ទាំងពីរ​ ត្រូវការ​ពេល​២ខែ ​ពីនេះ​រហូត​ដល់​ដើម​ខែ​ធ្នូ ​ដើម្បី​ចាត់ចែង ​ការ​ផ្ទេរ​អំណាច​គ្រប់គ្រង​រដ្ឋបាល​ នៅ​តំបន់​ហ្កាហ្សា  ​ហើយ​ចាប់​ពី​ខែ​ធ្នូ​ទៅ ​ ​គឺ​ក្រុម​ហ្វាតា ​ដែល​ជា​អាជ្ញាធរ​កណ្តាល​ប៉ាឡេស្ទីន ​ដែល​នឹង​ត្រូវមក​គ្រប់គ្រង់​តំបន់​ហ្កាហ្សា។ ភាគី​ទាំងពីរ ​នឹង​ជួប​ប្រជុំ​គ្នា​ម្តង​ទៀត ​នៅ​ថ្ងៃ​ទី​ ​២១​ វិច្ឆិកា។

តែ​យ៉ាងណា ​ចំណុច​លំអិត ​ស្តីពី​ដំណើរការ​ប្រព្រឹត្តិទៅ​ នៃ​ការ​ផ្ទេរ​អំណាច​គ្រប់គ្រង​នៅ​ហ្កាហ្សានេះ​  មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​ទេ។ តែ​បើតាម​ប្រភព​ស្និទ​នឹង​ការ​ចរចា​ បាន​ឲ្យ​ដឹង​ថា​ខ្លះៗថា  ​នគរបាល​នៃ​អាជ្ញាធរ​ប៉ាឡេស្ទីន​ ចំនួន​៣០០០​​នាក់​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​ហ្កាហ្សា។ ហើយ​បើតាម​ប្រភព​ដដែល  ​លោក​ Mahmoud  Abbas ​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ហ្កាហ្សា  ​ក្នុង​ពេល​ខាង​មុខ​នេះ។ ប្រមុខអាជ្ញាធរប៉ាឡេស្ទីន ក៏នឹងដកទណ្ឌកម្មចេញពីក្រុមហាម៉ាស ក្នុងពេលដ៏ឆាប់នេះដែរ។

សូមរំលឹកថា ក្រុមហាម៉ាស ប៉ាឡេស្ទីន បានគ្រប់គ្រងតំបន់ហ្កាហ្សា ជាឯកតោភាគី តាំងតែពីឆ្នាំ២០០៦ បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោត តែការបោះឆ្នោតនោះ ពុំត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។ ចំណែកក្រុមហ្វាតា ដែលគ្រប់គ្រងតំបន់ស៊ីហ្សកដានី ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា ជាអាជ្ញាធរប៉ាឡេស្ទីនស្រប​ច្បាប់ តែមួយគត់។ យ៉ាងណាមិញ អ៊ីស្រាអែល បានចាត់ទុកថា ក្រុមហាម៉ាសនៅហ្កាហ្សា គឺជាក្រុមភេរវកម្ម។ ដើម្បី​ចាប់​បង្ខំ ឲ្យ​ក្រុម​ហាម៉ាស យល់​ព្រម​ត្រលប់​មករក​​តុ​ចរចា​​ អាជ្ញាធរប៉ាឡេស្ទីន​ បានចេញវិធានការទណ្ឌកម្ម ជាច្រើនទៅលើតំបន់ហ្កាហ្សា ដូចជាការកាត់ផ្តាច់ចំនួយថវិកាជាដើម។

គួរកត់សម្គាល់ដែរថា ការជានាគ្នាឡើងវិញ រវាងក្រុមនយោបាយប៉ាឡេស្ទីនទាំងពីរក្រុមនេះ គឺជាការចាំបាច់បំផុត សម្រាប់ប្រជាជន​នៅតំបន់ហ្កាហ្សា។ ១០ឆ្នាំ ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស តំបន់ហ្កាហ្សា បានរងសង្រ្គាមផ្ទុះអាវុធជាមួយអ៊ីស្រាអែល​៣ដង​មក​ហើយ។ វិបត្តិ​សេដ្ឋកិច្ច  គ្មាន​ទំនិញ​ប្រើប្រាស់ គ្មានចំណីអាហារ គ្មានការងារធ្វើ បានធ្វើឲ្យប្រជាជនហ្កាហ្សា ទាំង២លាននាក់ ជាពិសេសយុវជន រស់នៅក្នុងក្តីអស់សង្ឃឹមជាខ្លាំង។ ការជានាគ្នាឡើងវិញ រវាងក្រុមហ្វាតា និងក្រុមហាម៉ាសនេះ ក៏ជាដំណឹងដ៏ល្អដែរ សម្រាប់អនាគត នៃការស្វែងរកអធិបតេយ្យភាពនៃដែនដីប៉ាឡេស្ទីន ព្រោះថាកន្លងមក ការបែកបាក់គ្នាជាពីរនេះ បានធ្វើឲ្យរាំងស្ទះ ដល់ដំណើរការចរចាស្វែងរកសន្តិភាពជាមួយអ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ