rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ស៊ីរី យេម៉ែន សម្ព័ន្ធអារ៉ាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប៉ាគីស្ថាន​ចង់​ដើរតួ​ជា​អាជ្ញាកណ្តាល​ក្នុង​ជម្លោះ​អ៊ីរ៉ង់-អារ៉ាប៊ី សាអូឌីត

media
នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន(ស្តាំ) និង​មេទ័ព​កំពូល​របស់​ប៉ាគីស្ថានដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ នៅថ្ងៃ​ចន្ទ និង​អង្គារ​ទី ១៨ និង​១៩​មករា ២០១៦ © PAKISTAN PRESS INFORMATION DEPARTMENT / AFP

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ នៅ​ដើម​សប្តាហ៍​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ប្រទេស​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត ដើម្បី​ដើរតួ​ជា​អ្នកសម្របសម្រួល ជួយបន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​គូសត្រូវ​ទាំងពីរ។ នៅ​សប្តាហ៍​មុន អារ៉ាប៊ី សាអូឌីត និង​ប្រទេស​អារ៉ាប់​ជិតខាង​មួយចំនួន​បាន​ប្រកាស​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ នៅក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ​ទៅលើ​ស្ថានទូត​អារ៉ាប៊ី សាអូឌីត ពីសំណាក់​បាតុករ​អ៊ីរ៉ង់ ដែល​ផ្ទុះកំហឹង​ដោយសារ​ការប្រហារជីវិត​មេដឹកនាំ​សាសនា និកាយ​ស្ហ៊ីអ៊ីត នៅ​រាជាណាចក្រ​អារ៉ាប៊ី សាអូឌីត។


ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ ​ធ្វើដំណើរ​ទៅប្រទេស​អារ៉ាប៊ី សាអូឌីត នៅ​ថ្ងៃ​ចន្ទ ជាទី ដែល​លោក​ចូល​​គាល់​ព្រះមហាក្សត្រ​ស៉ាល់មាន។ នៅថ្ងៃ​បន្ទាប់ លោក​នឹង​ធ្វើដំណើរ​ទៅ​ជួប​ពិភាក្សា​ជាមួយ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី។

តាម​រដ្ឋមន្រ្តី​ព័ត៌មាន​ប៉ាគីស្ថាន គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ស្ហារីហ្វ​ទៅ​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ គឺ​ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ ដែល​កើនឡើង​កំដៅ​ខ្លាំង ចាប់​តាំង​ពី​ដើម​ខែ​មករា​នេះ។ “ជម្លោះ​ផ្ទុះ​ឡើង​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត​គឺ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​ប៉ាគីស្ថាន” នេះ​ជា​ការលើកឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ប៉ាគីស្ថាន មុន​នឹង​បន្ថែមថា នៅ​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា ដោយ​សន្តិភាព ដើម្បី​ផលប្រយោជន៍​រួម​នៃ​សហគមន៍​អ៊ីស្លាម។
 
ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ទៅ​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ ធ្វើឡើង​នៅ​មួយ​សប្តាហ៍​ក្រោយ វត្តមាន​របស់​រាជបុត្រ​ស្នងរាជ្យ និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​អារ៉ាប៊ី សាអូឌីត​ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាត។ នៅក្រោយ​មាន​ជម្លោះ​ជាមួយ​អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត ដែល​ជា​សម្ព័ន្ធ​យូរឆ្នាំ​របស់​ប៉ាគីស្ថាន ចង់​ដាក់​សម្ពាធ អូសទាញ​ប៉ាគីស្ថាន​ឲ្យ​មក​នៅ​ខាង​ខ្លួន​។ ប៉ុន្តែ ប៉ាគីស្ថាន​ដែល​មាន​ប្រជាជន​៨០ភាគរាយ កាន់​សាសនា​អ៊ីស្លាម និកាយ​ស៊ុននីត និង​២០ភាគរយ និកាយ​ស្ហ៊ីអ៊ីត ដែល​ចង់​​មាន​ទំនាក់ទំនង​ជាមួយ​ទាំង​២ ចង់​ស្ថិតនៅ​អព្យាក្រិត និង​ដើរតួ​ជាអាជ្ញា​កណ្តាល​ឲ្យ​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត។ អារ៉ាប៊ី សាអូឌីត ដែល​មាន​ប្រជាជន​​​ភាគច្រើន​កាន់​និកាយ​ស៊ុននីត ជា​គូប្រជែង នឹង​អ៊ីរ៉ង់ ដែល​មាន​និកាយ​ស៊្ហីអ៊ីត។ ប្រទេស​ទាំងពី កំពុង​គាំទ្រ​ម្ខាងៗ ក្រុមជម្លោះ​ប្រដាប់​អាវុធ នៅក្នុង​ប្រទេស​ស៊ីរី លីបង់ និង​យេម៉ែន៕