rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អ៊ីស្រាអែល ប៉ាឡេស្ទីន ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង​ចង់ឃើញ​សន្តិភាព ​អ៊ីស្រាអែល-ប៉ាឡេស្ទីន ​ដោយ​ការ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន

media
លោក Mahmoud Abbas (ស្តាំ) ចាប់ដៃ​ជាមួយ​​លោក​​រដ្ឋមន្ត្រី​​ការបរទេស​​បារាំង​​ Jean-Yves Le Drian។ ក្រុង Ramallah ​ថ្ងៃ​២៦ ​មីនា ​២០១៨ Abbas Momani/Pool via Reuters

លោករដ្ឋមន្ត្រីការបរទេសបារាំង ដែលកំពុងតែបំពេញទស្សនកិច្ច នៅអ៊ីស្រាអែល និងក្នុងដែនដីប៉ាឡេស្ទីន​នោះ បានលើកឡើង​ថា រដ្ឋាភិបាលបារាំង បានត្រៀមខ្លួនជានិច្ច ក្នុងការជួយជ្រោមជ្រែង ផែនការស្វែងរក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ លោក​បាន​បញ្ជាក់​ថា សម្រាប់​បារាំង វិធី​មានតែ​មួយ​គត់ គឺ​ការ​ចរចា ដើម្បី​ឈាន​ទៅ​ទទួល​ស្គាល់​ប៉ាឡេស្ទីន ជា​រដ្ឋ​អធិបតេយ្យឯករាជ្យ ស្មើភាព​គ្នា​ជាមួយ​អ៊ីស្រាអែល។ ស្ថិតក្នុង​កម្មវត្ថុនេះ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​ នឹង​អញ្ជើញ​ទៅ​ប៉ាឡេស្ទីន​ ​និង​អ៊ីស្រាអែល ​ក្នុង​រវាង​ត្រីមាស​ចុងក្រោយ​ ឆ្នាំ​២០១៨​នេះ។


“យើងជឿជាក់ថា ដំណោះស្រាយ ដោយការទទួលស្គាល់ប្រទេសអធិបតេយ្យ និងឯករាជ្យ២ស្មើភាពគ្នា គឺជាដំណោះស្រាយតែមួយគត់​ ដែលយុត្តិធម៌ និងដែលអាចធានាឲ្យមានសន្តិភាពស្ថិតស្ថេរ រវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន”។ នេះ គឺជាប្រសាសន៍របស់លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង ក្នុងឱកាសជួបជាមួយលោក ម៉ាសមូដ អាបាស មេដឹកនាំប៉ាឡេស្ទីន នៅក្រុងរ៉ាម៉ាឡា កាលពីថ្ងៃចន្ទ ទី២៦មីនា។

លោក រដ្ឋមន្ត្រីបារាំង បានឆ្លៀតបន្ថែមថា “ដើម្បីឈានទៅសម្រេចគោលដៅនេះ ផ្លូវដើរមានតែមួយគត់គឺគឺត្រូវតែឆ្លងកាត់ការចរចាសន្តិភាព រវាងភាគីទាំងអស់ ដោយមានការជួយជ្រោមជ្រែង ពីសហគមអន្តរជាតិ។ សម្រាប់បារាំង បារាំង បានត្រៀមខ្លួនជានិច្ច ក្នុងការជួយភាគីទាំងពីរ ឲ្យចូលតុចរចា​ស្វែងរកដំណោះស្រាយ”។ ទាក់ទិននឹងការទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី  លោករដ្ឋមន្ត្រីការបរទេសបារាំង បានបញ្ជាក់ថា “ដល់ពេលមួយ ក្នុងក្របខណ្ឌនៃការចរចា ក្រុង​ហ្សេរុយសាឡឹម នឹងត្រូវបានគេប្រកាសទទួលស្គាល់ ជារដ្ឋធានីរបស់ប្រទេសទាំងពីរ ដោយមិនអាចប្រគល់ទៅឲ្យនរណាតែម្នាក់ឡើយ​ “

ដើម្បីបញ្ជាក់អំពីការតាំងចិត្តរបស់បារាំង លោករដ្ឋមន្ត្រីការបរទេសបារាំង បានប្រកាសថា នៅខែឧសភា លោកEdouard Philippe នាយករដ្ឋមន្ត្រីបារាំង និងអញ្ជើញទៅ អ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយនៅរវាងរដូវស្លឹកឈើជ្រុះ ចុងឆ្នាំនេះ លោកប្រធានាធិបតីម៉ាក្រុង ក៏នឹងអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅអ៊ីស្រាអែល និងក្នុងដែនដីប៉ាឡេស្ទីនដែរ។

គួររំលឹកថា កាលពីខែធ្នូ ចុងឆ្នាំទៅ លោកដូណាល់ ត្រាំ បានបង្កការជ្រួលច្របល់ទូទាំងពិភពលោក ដោយបានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ថាជារដ្ឋធានីរបស់អ៊ីស្រាអែល ទាំងដោយគ្មានឆ្លងកាត់ការស្រុះស្រួលគ្នា ពីសហគមនអន្តរជាតិ និងពីភាគីប៉ាឡេស្ទីនទេ។ លោកដូណាល់ ត្រាំ បានស​ម្រេ​ច ឲ្យផ្ទេរអាគារស្ថានទូតអាមេរិក ពីទីក្រុងតែលអាវីវ ទៅទីក្រុងហ្សេរុយសាឡឹម នៅរវាងពាក់កណ្តាលខែឧសភាខាងមុខ ឲ្យចំថ្ងៃបុណ្យខួបនៃការបង្កើតរដ្ឋអ៊ីស្រាអែលតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលអាមេរិក បានថែមទាំងប្រកាសថា គេនឹងដាក់ស្នើនូវផែនការសន្តិភាព ឲ្យប៉ាឡេស្ទីន និងអ៊ីស្រាអែល ពិនិត្យ​ទទួលយក ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ក៏ប៉ុន្តែ ភាគីប៉ាឡេស្ទីន បានប្រកែកមិនទទួលយកអន្តរាគមន៍ របស់សហរដ្ឋអាមេរិកជាដាច់ខាត ចាប់ពីពេលនេះទៅ។ លោកម៉ាសមូដ អាបាស បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យបង្កើតក្រុមការងារចំរុះមួយ ដើម្បីឈានទៅរៀបចំសន្និសីទអន្តរជាតិ ដោះស្រាយវិបត្តិដ៏រាំរ៉ៃនេះ នៅរវាងពាក់កណ្តាលឆ្នាំ២០១៨៕