rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ដើមបូព៌ា តួកគី ស៊ីរី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តួកគី​ប្រកាសថា​បាន​បើក​ប្រតិបត្តិការ​វាយ​​ក្រុម​កួដ នៅ​ខាងជើង​ស៊ីរី

media
រថក្រោះរបស់​តួកគី កំពុង​បើក​​ប្រតិបត្តិការ​​នៅ​តំបន់Afrin ភាគ​ខាងជើង​ស៊ីរី Reuters

លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានប្រកាស កាលពីថ្ងៃសៅរ៍ ទី២០មករានេះថា កងទ័ពតួកគី បានចាប់ផ្តើម បើកប្រតិបត្តិការយោធា វាយប្រហារទៅលើក្រុមកួដស៊ីរី នៅតាមតំបន់ Afrin ស្ថិតនៅភាគខាងជើងស៊ីរី ក្បែរព្រំដែនជាមួយតួកគី។ ការសម្រេចវាយប្រហារក្រុមកួដ ក្នុងទឹកដីស៊ីរី ពីសំណាក់តួកគីនេះ កំពុងធ្វើឲ្យកងទ័ពអាមេរិក មានការព្រួយបារម្ភ ដោយសារក្រុមកួដស៊ីរី គឺជាសម្ព័ន្ធមិត្តនឹងកងទ័ពអាមេរិក ក្នុងយុទ្ធនាការបោសសំអាត ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។


បន្ទាប់ពីសមរភូមិ នៅតំបន់ Afrin ដែលបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី ២០ មករា កងទ័ពតួកគី នឹងបន្តទៅសមរភូមិ Minbej បន្តទៀត ដែលទីក្រុងទាំង២នេះ សុទ្ធស្ថិតនៅភាគខាងជើងស៊ីរី តាមបណ្តោយជាប់ព្រំដែន ជាមួយតួកគី។ នេះគឺជាសម្តីប្រកាសរបស់លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី។ លោកប្រធានាធិបតីតួកគី បានបន្ថែមថា បន្តិចម្តងៗ លោកសូមសន្យាថា តួកគី នឹងសំអាតមេរោគ រាតត្បាតរបស់ពួកកួដ ឲ្យ​អស់ មិនឲ្យឆ្លងចូលមកបង្ករបញ្ហានៅតួកគី។

គួររំលឹកថា តំបន់ភាគខាងជើងស៊ីរី មួយផ្នែកធំ ស្ថិតក្រោមការកាន់កាប់ របស់កងកម្លាំងកួដស៊ីរី (YPG) បន្ទាប់ពីក្រុមនេះ បានយកឈ្នះទៅលើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ក្រុមកួដស៊ីរីនេះ គឺជាសម្ព័ន្ធមិត្តរបស់អាមេរិក និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយប្រយុទ្ធបោសសំអាត ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី។ ក៏ប៉ុន្តែក្រុមកួដស៊ីរី ត្រូវតួកគីចាត់ទុកថា ជាក្រុមភេរវកម្ម ព្រោះក្រុមនេះ មានទំនាក់ទំនងយ៉ាងស្និត ជាមួយនឹងក្រុមកួដនៅតួកគី(PKK)។ តួកគីខ្លាចក្រែងក្រុមទាំងពីរនេះ ព្រួតដៃគ្នា វាយបំបែក​ទឹកដីនៅ ចន្លោះខាងជើងស៊ីរី និងខាងត្បូងតួកគី។

ថ្មីៗនេះ កងទ័ពសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិក បានប្រកាសពីគំរោង បង្កើតកម្លាំងចំនួន៣ម៉ឺននាក់ ដែលភាគច្រើនជាពួកកួដស៊ីរី ដើម្បីការពាររក្សាស្ថិរិភាព នៅភាគខាងជើងស៊ីរី។ គឺដំណឹងនេះហើយ ដែលបានធ្វើឲ្យប្រធានាធិបតីតួកគីឆេះដុំ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មេបញ្ជាការកងទ័ពតួកគី បានទៅដល់ក្រុមម៉ូស្គូ ដែលតាមការស្មាន គឺដើម្បីនិយាយពីបញ្ហាកងកម្លាំងកួដស៊ីរីនេះ។

យោងតាមអ្នកវិភាគ កងទ័ពតួកគី មិនអាចចេះតែបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅខាងជើងស៊ីរីបានទេ ព្រោះតំបន់នេះ ក៏ជាមូលដ្ឋានតាំងទី របស់កងទ័ពរុស្ស៊ីដែរ។​ ដូច្នេះ បើគ្មានរុស្ស៊ីបើកភ្លើងខៀវ គឺតួកគីមិនអាចធ្វើទៅបានទេ។ ជាងនេះទៅទៀត រុស្ស៊ី ក៏មានទំនាក់ទំនងល្អជាមួយកងកម្លាំងកួដស៊ីរីដែរ។

ទាក់ទិនទៅនឹងការប្រកាស ពីការបើកសមរភូមិប្រយុទ្ធនៅក្នុងទឹកដីស៊ីរីនេះ  មន្ត្រីក្រសួងការបរទេសស៊ីរី បានគំរាមថា បើសិនជាមានយន្តហោះទាហានតួកគី ហោះមកធ្វើសកម្មភាពលើដែនអាកាសស៊ីរី គឺគេនឹងបាញ់កម្ទេចចោល។ ដោយឡែក អ្នកយកព័ត៌មាន  AFP ប្រចាំនៅខេត្តHatay ខាងត្បូងតួកគី បានសង្កេតឃើញថា មានមានក្បួនរថក្រោះ និងរថយន្តដឹកកងទាហានតួកគីជាច្រើនគ្រឿង បានបើកសំដៅទៅតំបន់ព្រំដែនជាមួយនឹងស៊ីរី៕