អានតួអត្ថបទ

ណេតាន់យ៉ាហ៊ូ បញ្ជាក់​​ថាបើ​ឈ្នះឆ្នោត នឹង​បញ្ចូល​ដែន​អាណានិគម​ស៊ីហ្សកដានី ទៅ​ក្នុង​ដី​អ៊ីស្រាអែល

នៅតែ៣ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតសភាអ៊ីស្រាអែល​ ហើយដែលជាការបោះឆ្នោត ដើម្បីកំណត់វាសនានយោបាយ របស់បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ដើម្បីបន្តតំណែងនាយករដ្ឋមន្ត្រីមួយអាណតិ្តទៀត។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ផ្សាយនៅថ្ងៃសៅរ៍ទី​៦មេសា​ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា បើសិនជាលោកឈ្នះឆ្នោត នោះលោកមានគំរោង ចាត់បញ្ចូលដែនដីអាណានិគម ទាំងធំទាំងតូច ដែលមាននៅក្នុងតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន មកក្នុងទឹកដីរបស់អ៊ីស្រាអែល។

តំបន់​អាណានិគម​មួយ​របស់អ៊ីស្រាអែល នៅ Maale Adumim ក្នុងទឹកដី​ស៊ីហ្សកដានី របស់ប៉ាឡេស្ទីន។​​ រូបភាព​ឯកសារ នៅឆ្នាំ២០១៧​
តំបន់​អាណានិគម​មួយ​របស់អ៊ីស្រាអែល នៅ Maale Adumim ក្នុងទឹកដី​ស៊ីហ្សកដានី របស់ប៉ាឡេស្ទីន។​​ រូបភាព​ឯកសារ នៅឆ្នាំ២០១៧​ REUTERS/Ammar Awad/File Photo
ផ្សាយពាណិជ្ជកម្ម

នៅតាម​កញ្ចក់​ទូរទស្សន៍អ៊ីស្រាអែល លោកបេនយ៉ាមីន​ ណេតាន់យ៉ាហ៊ូ បានឆ្លើយ យ៉ាងម៉ឺងម៉ាត់ថា លោកពិតជាមានគម្រោងចាត់បញ្ចូលមកក្នុងទឹកដីអ៊ីសា្រអែល នូវតំបន់អាណានិយគមជ្វីហ្វ​ ដែលមាននៅក្នុងទឹកដីស៊ីហ្ស​ក​ដានីរបស់ប៉ាឡេស្ទីនពិតមែន​ ក្នុងករណីដែលលោកជាប់ឆ្នោតអាណត្តិថ្មី។ លោកណេតាន់យ៉ាហ៊ូ បន្តទៀតថា លោកនឹងអនុវត្តនូវអធិបតេយ្យភាពដែនដីអ៊ីស្រាអែល ទៅលើតំបន់អាណានិគមជ្វីហ្វ នៅតំបន់ស៊ីហ្សកដានី មិនថាជាដែនអាណានិគមធំ ឬមួយក៏ជាដីអាណានិគម តូចៗ ដាច់រាយប៉ាយនោះទេ។

បន្ទាប់ពីបានស្តាប់​ការប្រកាសនេះ លោកSaeb  Erakat មន្ត្រីជាន់ខ្ពស់ម្នាក់ នៃចលនាតស៊ូរំដោះប៉ាឡេស្ទីន បាន​លើកឡើងថា លោកគ្មានអ្វីភ្ញាក់ផ្អើលទេ ដែលបានឮសំដីនេះ ចេញពីមាត់លោកណេតាន់យ៉ាហ៊ូ។ លោកបន្ថែមថា បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ និងបន្តទន្ទ្រានឈ្លានពានទឹកដីប៉ាឡេស្ទីន ដោយគ្មានអៀនខ្មាស និងដោយបំពានទៅនឹងច្បាប់អន្តរជាតិ ដរាបណា សហគមអន្តរជាតិ នៅតែបន្តបិទភ្នែក មិនព្រមធ្វើអ្វីសោះ។

គួររំលឹកថា ដែនដីអាណានិគមអ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលបានធ្វើក្រោយឆ្នាំ១៩៦៧ គឺមិនត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ទេ។ មានតែព្រំដែនពុះចែកទឹកដី នៅមុនឆ្នាំ១៩៦៧ទេ ដែលអង្គសហប្រជាជាតិទទួលស្គាល់។ ការចាត់បញ្ចូលដែនដីអាណានិគមថ្មីទៀត មកក្នុងដីអ៊ីស្រាអែល គឺជាឧបសគ្គ រារាំង​ដល់ការចរចាសន្តិភាព។

សូមបញ្ជាក់ផងដែរថា នៅតែ៣ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតសភា​ ហើយដែលតាមការប៉ាន់ស្មាន លោកណេតាន់យ៉ាហ៊ូ អាចនឹងជួបអាសន្ន ដោយសារគូរប្រជែងមកពីបក្សកណ្តាលនិយម ឈ្មោះបេន្នី ហ្កាន់ស៍​ កំពុងឡើងប្រជាប្រិយភាព។ ការប្រកាសចាត់បញ្ចូល​តំបន់អាណានិគមស៊ីហ្សកដានី មកក្នុងដីអ៊ីស្រាអែលនេះ ត្រូវបានគេមើលឃើញ​ថា គឺលោកណេតាន់យ៉ាហ៊ូ សង្ឃឹមបានការគាំទ្រកាន់តែច្រើន ពីសំណាក់ប្រជាជនអ៊ីស្រាអែល​ អ្នក​ជាតិនិយមជ្រុល និងសហគមន៍ជ្វីហ្វ ដែលរស់នៅតាមតំបន់អាណានិគមស៊ីហ្សកដានី។

នៅដែនដីអាណានិគមអ៊ីស្រាអែល ក្នុងតំបន់ស៊ីហ្សកដានីប៉ាឡេស្ទីន មានប្រជាជនអ៊ីស្រាអែល រស់នៅ​ប្រមាណជា៤សែននាក់។ ដោយឡែក កាលពីពេលជួបលោក​ដូណាល់ ត្រាំ នៅខែ​មីនា លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកមិនទទួលយកផែនការ​សន្តិភាពណាទាំងអស់ បើផែនការនោះ តម្រូវឲ្យប្រជាជនអ៊ីស្រាអែល ចាកចេញពីដែនដីអាណានិគម កុំថាឡើយសូម្បីតែម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ