អានតួអត្ថបទ

ជនជីហាត​ជនជាតិ​បារាំង​១១នាក់ ត្រូវ​បាន​តុលាការ​អ៊ីរ៉ាក់ សម្រេច​ទោស​ប្រហារ​ជីវិត

ជនជីហាតជាជនជាតិបារាំង​ សរុបចំនួន​១១នាក់ និងម្នាក់ទៀត ជាជនជាតិទុយណេស៊ី ដែលគេបានបញ្ជូនខ្លួន ពីតំបន់កួដស៊ីរី មកអ៊ីរ៉ាក់ ត្រូវបានតុលាការក្រុងបាកដាដ សម្រេច​ឲ្យជាប់ទោសប្រហារជីវិត​។ សម្រាប់បារាំង ដែលពុំមានទោសប្រហារជីវិត កំពុងស្ថិតនៅចំណុចមួយរារែក ដោយមតិមួយ មិនចង់យកជនជីហាតទាំងនោះមកបារាំងវិញ ឯមតិមួយទៀត ក៏មិនចង់ឲ្យជនជាតិខ្លួន ត្រូវគេប្រហារជីវិតនៅអ៊ីរ៉ាក់។

ជនជីហាតជនជាតិបារាំង ៨នាក់ ក្នុងចំណោម​១១នាក់ ដែល​ត្រូវបាន​តុលាការ​​អ៊ីរ៉ាក់ សម្រេច​ទោស​​ប្រហារ​ជីវិត។
ជនជីហាតជនជាតិបារាំង ៨នាក់ ក្នុងចំណោម​១១នាក់ ដែល​ត្រូវបាន​តុលាការ​​អ៊ីរ៉ាក់ សម្រេច​ទោស​​ប្រហារ​ជីវិត។ AFP
ផ្សាយពាណិជ្ជកម្ម

ជនឈ្មោះ Bilel Kabaoui អាយុ ៣២ឆ្នាំ និង Mourad Delhomme អាយុ៤១ឆ្នាំ ត្រូវបានតុលាការប្រឆាំងអំពើភេរវកម្មក្រុងបាកដាដ សម្រេចឲ្យជាប់ទោសប្រហារជីវិត ដោយព្យួរករ ពីបទ បានចូលរួមប្រយុទ្ធ និងបំរើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

សូមរំលឹកថា កាលពីថ្ងៃអាទិត្យ ទី​២ មិថុនា តុលាការអ៊ីរ៉ាក់ បានចាប់ផ្តើមបើកសវនាកា កាត់ទោសជនជីហាត​ចំនួន​១២នាក់ ក្នុងនោះ មានជនជាតិបារាំង ចំនួន​១១ និងជនជាតិទុយណេស៊ីម្នាក់។ ជារួម ជនជីហាតទាំង១២នាក់ ត្រូវបានតុលាការសម្រេចទោសប្រហារជីវិត ដោយការព្យួរក។ ជនជីហាតទាំង១២នាក់នេះ ត្រូវបានគេបញ្ជូនខ្លួន ពីតំបន់កួកឌីស្ថានស៊ីរី មកកាន់ក្រុងបាកដាដ កាលពីខែមករា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមជីហាតអង្គការដ្ឋអ៊ីស្លាមបានបាក់ទ័ពបរាជ័យ។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃបារាំង បានលើកឡើងថា នៅមាន​ជនជីហាតជនជាតិបារាំង ចំនួនយ៉ាងហោច៤៥០នាក់ទៀត ដែលកំពុងតែជាប់ឃុំ នៅឯប្រទេសស៊ីរី។ ដោយសារស៊ីរី ពុំមានទំនាក់ទំនងការទូតជាមួយបារាំង ដូច្នេះជនជីហាតទាំងនោះ ក៏អាចត្រូវគេ​បញ្ជូន មកឲ្យកាត់ទោសនៅអ៊ីរ៉ាក់ដែរ។

សូមបញ្ជាក់ថា កាលពីខែមេសា ប្រភពពីរដ្ឋាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា អ៊ីរ៉ាក់សុខចិត្តកាត់ទោសជនជីហាតជនជាតិបរទេសទាំងអស់​ ជាថ្នូរនឹងប្រាក់ថ្លៃសេវាកម្ម ចំនួន​២លានដុល្លារ ក្នុងម្នាក់ ដែលប្រទេសរបស់ជនជីហាត ត្រូវបង់ឲ្យអ៊ីរ៉ាក់។

តែយ៉ាងណាក៏ដោយ ការទុកជនជាតិខ្លួន ឲ្យប្រទេសផ្សេងកាត់ទោសប្រហារជីវិត​ កំពុងតែធ្វើឲ្យ​រដ្ឋាភិបាល​បារាំង រងការរិះគន់ជាខ្លាំង។ ក្រុមមេធាវីការពារគ្រួសារ​ជន​ជីហាត ក៏ដូចជាអង្គការការពារសិទ្ធិមនុស្ស បាន​លើកឡើងថា ក្នុងនាមបារាំង ជាប្រទេសគោរព​សិទ្ធិមនុស្ស និងគ្មានទោសប្រហារជីវិត គឺបារាំង​ត្រូវតែធានាឲ្យបាននូវការកាត់ក្តី ដែលមានសុក្រិត្យភាពយុត្តិធម៌ត្រឹមត្រូវ។ អង្គការ Human Rights Watch បានអះអាងថា សវនាការដែលបានធ្វើនៅអ៊ីរ៉ាក់ គឺមានភាពខ្វះចន្លោះច្រើនណាស់៕

ទាក់ទិននឹងការកាត់ទោសជនជីហាតជាជនជាតិបារាំងនេះ មានសំណួរបានចោទឡើង ទាក់ទិននឹងលទ្ធភាព ក្នុងការយកជនជីហាតទាំងនោះ មកកាត់ទោសនៅប្រទេស​បារាំង។ ស្មាមួយអំរែក២ បារាំង មិនចង់យកជនជីហាត ឲ្យចូលស្រុកវិញ តែទន្ទឹមនឹងនេះ បារាំង​ក៏​មិនចង់ឲ្យគេរិះគន់ខ្លួន ថាបណ្តោយឲ្យជនជាតិខ្លួន រងទោសប្រហារជីវិត នៅអ៊ីរ៉ាក់។ តែយ៉ាងណា រដ្ឋាភិបាលបារាំងបានអះអាងថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព មិនឲ្យ​ជនជាតិខ្លួន ត្រូវគេប្រហារជីវិតនៅអ៊ីរ៉ាក់ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ