លោក ចន ឃែរី ជួបព្រះចៅអាប់ដាឡាទី២ នៅហ្សកដានី ស្តីពីបញ្ហាស៊ីរី
វិបត្តិនៅស៊ីរី នៅតែមិនទាន់មានច្រកចេញនៅឡើយ ថ្វីបើមានការកំណត់ឲ្យភាគីទាំងអស់ ធ្វើការទម្លាក់អាវុធបណ្តោះអាសន្នក៏ដោយ។ ថ្ងៃអាទិត្យទី ២១ កុម្ភៈនេះ លោក ចន ឃែរី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងតែមានវត្តមាននៅក្នុងប្រទេសហ្សកដានី ដើម្បីចូលគាល់ព្រះចៅអាប់ដាឡា ស្តីពីបញ្ហាសង្រ្គាមនៅស៊ីរីនេះ។ ចំណែក នៅទីក្រុងហូម ប្រទេសស៊ីរីឯណោះមានភេរវកម្មពីរផ្ទួនៗគ្នា បានបង្ករឡើង បើតាមព័ត៌មានបឋម មានមនុស្សស្លាប់ប្រមាណជា៤៦នាក់ ដែលភាគច្រើនសុទ្ធសឹងជាប្រជាជនស្លូតត្រង់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៥:៤៧
កម្មវត្ថុនៃជំនួបពិសេសរបស់លោកចន ឃែរី ជាមួយនឹងព្រចៅអាប់ដាឡាទី២ នៃរាជាណាចក្រហ្សកដានី នៅថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើវិបត្តិស៊ីរីនេះឯង។ ក៏ប៉ុន្តែគេមិនបានប្រាប់ឲ្យដឹងទេ ថាថ្នាក់ដឹកនាំទាំងពីរ នឹងលើកឡើងពីចំណុចអ្វីខ្លះទេ។ យ៉ាងណាក៏ដោយ គឺវាគ្មានអ្វីក្រៅពីរកដំណោះស្រាយ ដែលហ្សកដានីអាចចូលរួមជួយ ដើម្បីធ្វើយ៉ាងណា បញ្ចប់សង្រ្គាមនៅស៊ីរី។
ហ្សកដានីជា ជុំរំជនភៀសខ្លួនស៊ីរី៖
ជាដំបូង យើងអាចទទួលស្គាល់បានថា ហ្សកដានី មានទួនាទីមនុស្សធម៌ដ៏សំខាន់សម្រាប់ជនភៀសខ្លួន ស៊ីរី ដែលរត់គេចពីសង្រ្គាម ពីការកាប់សម្លាប់របស់ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម នៅភាគខាងត្បូងស៊ីរី។ ហ្សកដានីមានព្រំដែនជាប់ជាមួយ ស៊ីរីនិងអ៊ីរ៉ាក់ ប្រវែង៥៦០គីឡូម៉ែត្រ ដែលព្រំដែននេះសំខាន់ណាស់ សម្រាប់ប្រជាជនស៊ីរី និងអ៊ីរ៉ាក់ ដែលរស់នៅភាគខាងត្បូង ព្រោះជាច្រកចេញចូលទំនិញ សម្ភារៈគ្រប់មុខ។ ចាប់តាំងពីឆ្នាំ២០១១ នៅពេលដែលសង្រ្គាមស៊ីរី បានលេចរូបរាង្គ ហ្សកដានីបានទទួលជនភៀសខ្លួនច្រើនណាស់។
ព្រះចៅអាប់ដាឡាទី២ ក៏ធ្លាប់មានបន្ទូលដែរ កាលពីដើមខែកុម្ភៈនេះថា ហ្សកដានីកំពង់តែដើរដល់ចំណុចុងក្រោយ មិនអាចទទួលយកជនភៀសខ្លួនថែមទៀតបានទេ។ ក្នុងបញ្ហាជនភៀសខ្លួននេះ ហ្សកដានី ត្រូវការជំនួយ ត្រូវការឲ្យវិបត្តិនៅស៊ីរីចប់ដែរ ព្រោះខ្លួនកំពុងតែជួបអាសន្នដែរ។ នេះយើងនៅមិនទាន់និយាយពីការគម្រាមកំហែងរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម ដែលមានទីតាំងនៅភាគខាងត្បូងស៊ីរី មិនឆ្ងាយប៉ុន្មានពីព្រំដែនហ្សកដានី។
ហ្សកដានីសម្ព័ន្ធមិត្តរបស់គ្រប់គ្នា៖
កន្លងមក ហ្សកដានី បានប្រកាន់ជំហរ មិនគាំទ្រខាងណា ប្រឆាំងខាងណាឲ្យច្បាស់ទេ។ ថ្វីបើពីដំបូង រដ្ឋាភិបាលហ្សកដានី បានឧបត្ថម្ភគាំទ្រក្រុមឧទ្ទាមសេរីស៊ីរី ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល របស់បាស្ឆា អាល់អាសាដមែន ក៏ប៉ុន្តែហ្សកដានី នៅតែរក្សាទំនាក់ទំនងបន្តិចបន្តួចជាមួយរដ្ឋាភិបាលក្រុងដាម៉ាសដដែល។ បន្ថែមពីនេះទៀត ហ្សកដានីបានសហការជាមួយរុស្ស៊ី ក្នុងអន្តរាគមន៍ទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅស៊ីរី។ យើងដឹងហើយថា រុស្ស៊ីចូលមកធ្វើសង្រ្គាមនៅស៊ីរី ដើម្បីការពារបាស្ឆា អាល់អាសាដ។ ទន្ទឹមនឹងនេះ ហ្សកដានី ក៏អនុញ្ញាតឲ្យកងទ័ពបារាំង ឈរជើង ដើម្បីចេញយន្តហោះទៅកម្ទេចក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាមដែរ។ មួយវិញទៀត ពីមុន អាមេរិកធ្លាប់បានបញ្ជូនជំនួយយោធា ទៅជួយក្រុមឧទ្ទាមសេរីស៊ីរី ឆ្លងកាត់តាមហ្សកដានីដែរ។
បើតាមការស្មាន ពេលនេះ អាមេរិក ត្រូវការជំនួយពីហ្សកដានី ក្នុងប្រតិបត្តិការជួយក្រុមឧទ្ទាមសេរីស៊ីរីឡើងវិញ និងប្រតិបត្តិការកម្ទេចក្រុមជីហាដអ៊ីស្លាម ព្រោះអាមេរិកដឹងថា ហ្សកដានីចង់បានតែមួយគត់ គឺធ្វើយ៉ាងណា ឲ្យសង្រ្គាមចប់នៅស៊ីរី ទោះមានបាស្ឆា រឺគ្មានបាស្ឆា មិនសំខាន់។សំខាន់ធ្វើយ៉ាងណាកម្ទេចក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាមឲ្យបាន។
លោក ចន ឃែរីថា រុស្ស៊ីព្រមផ្អាកទម្លាក់គ្រាប់បណ្តោះអាសន្ន៖
លោកចន ឃែរី បានថ្លែងទៅកាន់អ្នកកាសែត នៅទីក្រុងអាមាន់ ក្រោយបានចូលគាល់ព្រះចៅអាប់ដាឡាថា អាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នារួចហើយ អំពីលក្ខខណ្ឌជាច្រើន ដែលត្រូវគោរព ដើម្បីឲ្យការដាក់អាវុធឈប់បាញ់បណ្តោះអាសន្ន នៅស៊ីរី បានជោគជ័យ។ ហើយលោក បារ៉ាក់ អូបាម៉ា និងទូរស័ព្ទទៅនិយាយជាមួយលោកពូទីន ក្នុងពេលឆាប់ៗនេះ។ កាលពីថ្ងៃម្សិលមិញដែរ លោកចន ឃែរី បាននិយាយទូរស័ព្ទជាមួយលោក ស៊ែកហ្គៃ ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ថាត្រូវធ្វើយ៉ាងណា គោរពការដាក់អាវុធបណ្តោះអាសន្ននេះឲ្យបាន។
ការដាក់អាវុធបណ្តោះអាសន្ន ធ្វើបានជោគជ័យ ល្គិកណាភាគីទាំងអស់គោរព។ បើមាននរណាម្នាក់នាំអាថទិ គឺថាការបាញ់បោះដាក់គ្នានឹងធ្វើឡើងសារជាថ្មី។ អញ្ចឹងហើយ បានជាក្រុមឧទ្ទាមបានទាមទារថា រុស្ស៊ីត្រូវតែផ្អាកឈប់ទំលាក់គ្រាប់ឲ្យខាងតែបាន។
តួកគី កំពុងតែចូលមកបំផ្លាញការទម្លាក់អាវុធបណ្តោះអាសន្ន?
ពីមុនយើងថា បើរុស្ស៊ីគោរពការដាក់អាវុធបណ្តោះអាសន្ន មិនទម្លាក់គ្រាប់ គឺអ្វីៗនឹងប្រព្រឹត្តិទៅតាមសម្រួល។ ក៏ប៉ុន្តែឥឡូវស្ថានការណ៍ បានផ្លាប់ប្តូរទាំងស្រុង ដោយសារមានតួអង្គមួយទៀត កំពុងតែសម្តែងដែរ គឺតួកគី ដែលបានបង្កើនការទម្លាក់គ្រាប់បែក នៅតាមមូលដ្ឋានរបស់ក្រុមឧទ្ទាមគួដ។ តួកគីចោទក្រុមនេះ ថាជាក្រុមភេរវកម្ម បានបង្ករភេរវកម្មអត្តឃាតនៅក្រុងអង់ការ៉ា កាលពីបីថ្ងៃមុននេះ។ លោក ប្រធានាធិបតីតួកគី បានប្រកាសនៅថ្ងៃម្សិលមិញថា ការទម្លាក់គ្រាប់លើក្រុមគួដនៅស៊ីរី គឺជាសិទ្ធិការពារខ្លួន ដោយស្របច្បាប់របស់តួកគី ហើយគ្មាននរណាមកហាមបានទេ។
ដូច្នេះគេកំពុងតែចាំមើលថា រុស្ស៊ីនឹងមានចិត្តអត់ធ្មត់ មិនធ្វើអីសោះក្នុងកំឡុងពេលនេះ ក្នុងខណៈដែរ តួកគីឯណោះទម្លាក់គ្រាប់យ៉ាងសប្បាយដៃដែររឺទេ។ នយោបាយតួកគី ធ្វើនេះមួយផ្នែកចង់សងសិកក្រុមគួដ តែក៏ចង់សងសឹករុស្ស៊ីដែរ។ តួកគីចង់ឃើញរុស្ស៊ីបាក់មុខ ធ្វើឲ្យគម្រោងការទម្លាក់អាវុធ ដែលរុស្ស៊ីយកមុខមកធានា ត្រូវបរាជ័យ។
សម្រាប់ពេលនេះ អ្វីៗស្ថិតនៅលើការអត់ធ្មត់ ការតាំងចិត្តរបស់ភាគីធំៗ ដូចជារុស្ស៊ី និងអាមេរិកជាដើម។ លោកហ្សង់ម៉ាក អេរ៉ូ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់បារាំង បានថ្លែងនៅថ្ងៃនេះថា អាមេរិក និងរុស្ស៊ីត្រូវតែប្រកាន់ជំហរ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដនៅស៊ីរីឲ្យច្បាស់លាស់។ ការកម្ទេចក្រុមជីហាដ គឺជារឿងបន្ទាន់ដែលត្រូវតែធ្វើ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ