អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ខាស្ហូហ្ស៊ី អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត ដែល​ហ៊ាន​រិះគន់​ព្រះអង្គម្ចាស់​រាជទាយាទ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អំពើឃាតកម្ម ទៅលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត​ ប្រចាំទីក្រុង អ៊ីស្តង់ប៊ូល កំពុងធ្វើឲ្យអារ៉ាប៊ីសាអូឌីត រងការរិះគន់ជាខ្លាំង។ ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ រាជទាយាទនៃរាជវង្សអារ៉ាប៊ីសាអូឌីត ស្ថិតនៅចំណុចកណ្តាលនៃការរិះគន់ទាំងនេះ ដោយសារតែមានការសង្ស័យថា គឺព្រះអង្គម្ចាស់រាជទាយាទរូបនេះ ដែល​ជាអ្នកប្រើមនុស្សជំនិតជាង១០នាក់ ឲ្យទៅសម្លាប់លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី នៅលើទឹកដីតួកគី។​ តើអ្នកកាសែត ឈ្មោះហ្សាម៉ាល់ ខាស្ហូហ្ស៊ីនេះ ជានរណា ហើយបើសិនជាព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ ជាអ្នកនៅពីក្រោយ ឃាតកម្មនេះពិតមែន តើវាដោយសារ មានហេតុផលអ្វីខ្លះ?

ព្រះអង្គម្ចាស់រាជទាយាទ Mohammed Ben Salmane
ព្រះអង្គម្ចាស់រាជទាយាទ Mohammed Ben Salmane ©BANDAR AL-JALOUD/Saudi Royal Palace/AFP
ផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ ដែលអាចធ្វើផ្គរធ្វើភ្លៀងបាន នៅអារ៉ាប៊ីសាអូឌីត គឺមិនមែនព្រះចៅសាល់ម៉ាន់ទេ តែគឺជាព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់។ ក្នុងវ័យ៣៣ឆ្នាំ ព្រះអង្គម្ចាស់រាជទាយាទរូបនេះ ត្រូវបានបីតា ដែលមានព្រះជនជាង៨០វស្សារទៅហើយនោះ ជ្រើសរើស ឲ្យក្លាយជាអ្នកស្នងរាជ្យ ហើយបើទោះបីរាជបាល្ល័ង្គ នៅមិនទាន់បានប្រគល់ទៅឲ្យក្តី តែអំណាចគ្រប់គ្រងសឹងគ្រប់វិស័យ មិនថាសង្គម សេដ្ឋកិច្ច ឬការពារជាតិ គឺស្ថិតក្នុងដៃព្រះអង្គម្ចាស់រាជទាយាទនេះ រួចទៅហើយ តាំងតែពីឆ្នាំ២០១៥។

ព្រះអង្គម្ចាស់ធ្វើកំណែទម្រង់ ឬព្រះអង្គម្ចាស់ផ្តាច់ការ?

ប្រមាណ​៤ឆ្នាំ មកនេះ មានរឿងរ៉ាវកើតឡើងជាច្រើននៅអារ៉ាប៊ីសាអូឌីត ទាំងល្អទាំងអាក្រក់ ហើយដែលគ្រប់គ្នាដឹង ថាសុទ្ធជាស្នាដៃរបស់លោកព្រះអង្គម្ចាស់រាជទាយាទ។ មតិភាគច្រើន សម្លឹងឃើញថា ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ គឺជាមេដឹកនាំម្នាក់ ដែលមានចរិករឹងរូស ចិត្តដាច់ ហ៊ានធ្វើអ្វីដែលអ្នកដ៏ទៃជំនាន់មុនៗ មិនហ៊ានធ្វើ។

ផែនការកំណែទម្រង់ជាច្រើន ត្រូវបានព្រះអង្គម្ចាស់ រាជទាយាទរូបនេះ បានដាក់ចុះ ដើម្បី​បើកច្រកសេដ្ឋកិច្ចថ្មីឲ្យអារ៉ាប៊ីសាអូឌីត ចៀសវៀងកុំរំពឹងតែទៅលើវិស័យ​បេ្រងកាត។ ក្រៅពីសេដ្ឋកិច្ច ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ បានធ្វើកំណែទម្រង់​សង្គមខ្លះ ដោយបានអនុញ្ញាតឲ្យស្រ្តីអាចមានសិទ្ធិបើកបរ ហើយព្រមទាំងអនុញ្ញាត​ឲ្យមានរោងភាពយន្តជាដើម។

ទន្ទឹមនឹងត្រូវគេដាក់ងារ ថាជាព្រះអង្គម្ចាស់ធ្វើកំណែទម្រង់ អនាគតមហាក្សត្រអារ៉ាប៊ីសាអូឌីត រូបនេះ ក៏ត្រូវបានគេចាត់ទុក ថាជាព្រះអង្គម្ចាស់កណ្តាប់ដៃដែក និងផ្តាច់ការផងដែរ។ អ្នកជំនាញវិភាគភូមិសាស្ត្រនយោបាយ នៅតំបន់ដើមបូព៌ា បានទទួលស្គាល់ សឹងតែគ្រប់គ្នា ថាកំណែទម្រង់របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ មិនមែនជាកំណែទម្រង់ធម្មតាទេ តែជាកំណែទម្រង់ ដើម្បីក្តោបក្តាប់អំណាច​ឲ្យកាន់តែរឹងមាំ ក្នុងកណ្តាប់ដៃគ្រួសារសាល់ម៉ាន់។

គោលជំហរមួយទៀត របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ ដែលគេគ្រប់គ្នាឃើញយ៉ាងច្បាស់ គឺគោលជំហរ សំដែងឬទ្ធបារមី អាងខ្លួន ជាមេកន្ទ្រាញក្នុងដំបន់ ដោយយកអ៊ីរ៉ង់ ជាសត្រូវសួរពូជ។ ក្នុងន័យនេះហើយ បានជាព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បាននាំប្រទេសអារ៉ាប់ផ្សេងទៀត ទៅទំលាក់គ្រាប់បែកលើប្រទេស​យេម៉េន ដើម្បីធ្វើសង្រ្គាមជាមួយក្រុមហ៊ូទាមហ៊ូទី ដែលគេចោទថា ជាក្រុមឧទ្ទាមកូនអុករបស់អ៊ីរ៉ង់។ ៤ឆ្នាំមកនេះ យេម៉េន សឹងតែក្លាយជាផេះ ដោយសារគ្រាប់បែករបស់អារ៉ាប៊ីសាអូឌីត។ បន្ថែមពីនេះទៀត ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ ឈ្លោះរក​រឿង​ជាមួយ​កាតា ផ្តាច់ទំនាក់ទំនងទូត បិទច្រកព្រំដែនដើម្បីបំបាក់កាតា ដោយ​ចោទ​ថា​កាតា ស្និទ​នឹង​អ៊ីរ៉ង់ជ្រុលពេក។

សមាជិកគ្រួសារញាតិវង្សខ្លះ មិនពេញចិត្តទេ

ពិតណាស់ ដែលថា​ ការសម្រេចទាំងអម្បាលម៉ាន របស់ព្រះអង្គម្ចាស់រាជទាយាទនេះ គឺមិនមែនសុទ្ធតែមានការគាំទ្រទាំងស្រុង នៅក្នុងចំណោមគ្រួសារញាតិវង្សអារ៉ាប៊ីសាអូឌីត នោះទេ។ តែព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ នៅតែបន្តបោសសំអាត និងទាញទម្លាក់ អ្នកណាដែលអាចថ្លើមធំ ហានពើងទ្រូងប្រជែងនឹងខ្លួន។ ជាក់ស្តែង ព្រះអង្គម្ចាស់រាជទាយាទ បានបញ្ជាឲ្យចាប់សកម្មជនលើកកំពស់សិទ្ធិស្ត្រី ដាក់គុកជាច្រើននាក់។

បន្ទាប់មកទៀត ព្រះអង្គម្ចាស់ បានបញ្ជាឲ្យចាប់ប្រមូលព្រះអង្គម្ចាស់ គ្រួសារញាតិវង្ស និងអ្នកជំនួញធំៗ សរុបប្រមាណ៣០០នាក់ ហើយដាក់ឃុំក្នុងសណ្ឋាគារមួយ ក្នុងក្រុងរីយ៉ាដ ហើយបង្ខំឲ្យបង់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីរួចខ្លួនបាន។ ថ្វីបើប្រតិបត្តិការនេះ ត្រូវព្រះអង្គម្ចាស់រាជទាយាទ អះអាងថាជាការប្រមូលយកប្រាក់ពុករលួយ​គេចពន្ធ ដាក់បញ្ចូលក្នុងថវិកាជាតិក្តី តែធាតុពិត គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាជាប្រតិបត្តិបញ្ចេញចង្កូម បង្ហាញសាច់ដុំ សំឡុតសមាជិកគ្រួសារញាតិវង្សផ្សេងទៀត ដែលមិនស្របនឹងព្រះអង្គ។ សូម្បីតែលោក សាដ ហារីរី នាយករដ្ឋមន្ត្រីលីបង់ ក៏ជាប់ក្នុងសំណាញ់នេះដែរ។ រឿងរ៉ាវនេះ បានបង្កឲ្យក្លាយជាវិបតិ្តនយោបាយនៅលីបង់ថែមទៀតផង។

លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ជាអ្នកកាសែតតែម្នាក់គត់​ ដែលហ៊ានចេញមុខរិះគន់

ភាពក្អេងក្អាង របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់នេះ បានបង្កើតជាសត្រូវមិនតិចទេ ប៉ុន្តែមិនដែលមាននរណា ហ៊ានចេញមុខរិះគន់ ជាសាធារណៈឡើយ។ លើកលែង​មនុស្សម្នាក់គត់ គឺលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ដែលជាអ្នកកាសែត។ ដោយហេតុនេះ​ហើយ បានជាក្នុងឆ្នាំ២០១៧ លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី បានសម្រេចចិត្តទៅសុំសិទ្ធិជ្រកកោន​នៅសហរដ្ឋអាមេរិក ព្រោះខ្លាចត្រូវគេសម្លាប់។ លោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី បានសរសេរអត្ថបទវិភាគជាច្រើន នៅក្នុងកាសែតកាសែត The Washington Post ដោយលោក​មិនបានសំចៃពាក្យនោះទេ ក្នុងការរិះគន់នយោបាយ និងការសម្រេចនានា របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់។

លោក Jamal Khashoggi អ្នកកាសែត ដែលត្រូវគេសម្លាប់​ក្នុងអាគារស្ថាន​​កុងស៊ុយអារ៉ាប៊ីសាអូឌីត ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល កាល​ពី​ថ្ងៃ​ទី​២ ​តុលា ២០១៨​
លោក Jamal Khashoggi អ្នកកាសែត ដែលត្រូវគេសម្លាប់​ក្នុងអាគារស្ថាន​​កុងស៊ុយអារ៉ាប៊ីសាអូឌីត ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល កាល​ពី​ថ្ងៃ​ទី​២ ​តុលា ២០១៨​ MOHAMMED AL-SHAIKH

លោកហ្សាម៉ាល់ ខាស្ហូជី បានយកសំណេរក្នុងអត្ថបទកាសែត ដើម្បីប្រកាសសង្រ្គាមជាមួយព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់។ អត្ថបទមួយចុះផ្សាយថ្ងៃទី៥វិច្ឆិកា ២០១៧ លោកខាស្ហូហ្ស៊ី បានចាត់ទុកព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ ថាមានចរិកធ្វើការបែបព្រហ៊ើនក្អេងក្អាង មិនខុសពីលោកពូទីនទេ។ ក្នុងអត្ថបទដដែលនេះ លោកខាស្ហូហ្ស៊ី បានចាត់ទុកថា ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ គឺជាអ្នកបានបង្កវិបត្តិនយោបាយ ឲ្យវិកវរ នៅក្នុងប្រទេសលីបង់។

នៅថ្ងៃទី១១ វិច្ឆិកា ២០១៧ លោកខាស្ហូហ្ស៊ី បានសរសេររិះគន់ ថាការទំលាក់គ្រាប់បែករបស់អារ៉ាប៊ីសាអូឌីត នៅយេម៉ែន គឺជាអំពើឧក្រិដ្ឋ និងដ៏អាម៉ាសបំផុត សម្រាប់អារ៉ាប៊ីសាអូឌីត។ លោក ខាស្ហូហ្ស៊ី បានសរសេរថា “ព្រះអង្គម្ចាស់រាជទាយាទ ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវអំពើឧក្រិដ្ឋនេះ ហើយស្រោចស្រង់ត្រលប់មកវិញ នូវកិត្តិយសរបស់អារ៉ាប៊ីសាអូឌីត ដែលធ្លាប់ជាទឹកដីពិសិដ្ឋ នៃសាសនាអ៊ីស្លាម”។

និម្មិតរូប បំផុសមតិប្រឆាំង នឹងកណ្តាប់ដៃដែក

ជាការពិត សំណេររិះគន់ ដោយឥតសំចៃមាត់ នៅក្នុងអត្ថបទកាសែតដ៏ធំ របស់អាមេរិក ហើយដែលមនុស្សមួយសកលលោកអាចអានបាននោះ គឺត្រូវបានព្រះអង្គម្ចាស់​ម៉ូហាម៉េដ បេន​សាល់ម៉ាន់ ចាត់ទុកថាគឺជាសង្រ្គាមមួយដ៏ធំ ដែលលោកខាស្ហូហ្ស៊ី ធ្វើ​មកលើ។ គេអាចចាត់ទុកថា លោក ខាស្ហូហ្ស៊ី គឺជាជនជាតិអារ៉ាប៊ីសាអូឌីត តែម្នាក់គត់ ដែល​ហាន​ចេញមុខរិះគន់ ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ ​ជាសាធារណៈ។

សម្រាប់អ្នកវិភាគជាច្រើនយល់ថា សំណេរវិភាគរិះគន់ របស់អ្នកកាសែតរូបនេះ បានក្លាយ​ទៅ​ជានិមិ្មតរូបនៃទឹកចិត្តប្រឆាំង នៅក្នុងផ្ទៃក្នុង នៃគ្រួសារញាតិវង្សអារ៉ាប៊ីសាអូឌីត​។ សម្តីរិះគន់ដែលចេញផ្សាយរាល់ដង គឺវាបានដាស់សតិស្មារតីប្រឆាំង នៅ​អារ៉ាប៊ីសាអូឌីត​ មិនថាក្នុងចំណោមប្រជាជនសាមញ្ញ ឬក្នុងចំណោមគ្រួសារព្រះញាតិវង្ស ដែល​រងសំពង កណ្តាប់ដៃដែក របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់។

ទោះចង់មិនចង់ លោកខាស្ហូហ្សី បានក្លាយជាមនុស្សម្នាក់ ដែលបានបំផុសគំនិត ងើប​ឈរ​តវ៉ា រិះគន់ ប្រឆាំងនឹងការដឹកនាំ កាន់តែផ្តាច់ការរបស់ព្រះអង្គម្ចាស់រាជទាយាទ។ យ៉ាងណាមិញ​ កាលពីខែមីនាកន្លងទៅនេះ មានពាក្យចចាមអារ៉ាមលិចឮ ពីផ្ទៃក្នុងគ្រួសារ​ញាតិវង្ស ថានឹងអាចមានរដ្ឋប្រហារ។ នៅ​រវាងខែមេសា សម្លេងកាំភ្លើងជាច្រើនគ្រាប់ ត្រូវបានគេឮចេញពីដំណាក់ស្តេចមួយកន្លែង ក្នុងក្រុងរីយ៉ាដ ហើយក្រោយមកដំណឹងនេះ ត្រូវបានគេបិទខ្ទប់ជិតឈឹង។

“កត់ឈ្មោះជនក្បត់ ក្នុងបញ្ជីខ្មៅ”

គេនៅចាំបាន កាលពីថ្ងៃទី ១៧ កក្កដា ២០១៧ ព្រះអង្គម្ចាស់ Saoud Al-Qahtani ទីប្រឹក្សាពិសេស របស់ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បានសរសេរ​សារ​លើTwitter ដោយបានគំរាមថា នឹងធ្វើបញ្ជីខ្មៅមួយ ចុះឈ្មោះជនក្បត់ទាំងអស់ ដែលហ៊ានប្រឆាំងនឹងព្រះអង្គម្ចាស់រាជទាយាទ ហ៊ានគាំទ្រកាតា ឬគាំទ្រអ៊ីរ៉ង់។ តើលោក ខាស្ហូហ្សី អាចមានឈ្មោះក្នុងបញ្ជីខ្មៅ នេះ​ដែរឬទេ? សំណួរនេះ គ្មាននរណាឆ្លើយបានទេ ក្រៅពីព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់។

ពេលនេះ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ទទួលស្គាល់ហើយ ថា លោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី ពិតជាត្រូវបានគេសម្លាប់ នៅក្នុងស្ថានកុងស៊ុល ប្រចាំក្រុងអ៊ីស្តង់ប៊ូលពិតមែន។ ជនសង្ស័យជាង១០នាក់ ដែលសុទ្ធតែជាមនុស្សជំនិត នឹងព្រះអង្គម្ចាស់រាជទាយាទ ត្រូវបានចាប់ខ្លួនជាបណ្តើរៗ។ ចុះសម្រាប់ ព្រះអង្គម្ចាស់ផ្ទាល់? តើនឹងមានរឿងអ្វីកើតឡើងទៀត?

បើយោងតាម ទំព័រTwitter មួយ ឈ្មោះ @mujtahidd ដែលអះអាងខ្លួន ថាជាសមាជិកម្នាក់ នៃគ្រួសារញតិវង្សអារ៉ាប៊ីសាអូឌីត តែសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា រឿងរ៉ាវសម្លាប់អ្នកកាសែត ឈ្មោះ ហ្សាម៉ាល់ ខាស្ហូហ្ស៊ី នេះ មិនយូរមិនឆាប់ នឹងធ្វើឲ្យរាជវង្សសាអ៊ូដ ត្រូវតែបង្ខំចិត្ត ទម្លាក់ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ចោល ហើយរើស រាជទាយាទថ្មី ម្នាក់ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ