rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាតា បារាំង ដើមបូព៌ា ប្រេងកាត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមហ៊ុនTotal ​របស់​បារាំង ចុះ​កិច្ចសន្យា​បូមប្រេង​ ជាមួយ​កាតា​​

media
ទីស្នាក់ការ​របស់ Qatar Petroleum នៅក្រុងដូហា Reuters

តំណាង​ក្រុមហ៊ុន​Total​ ដែល​ជា​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​បារាំង ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​គេ​នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ​ទី ​១១​កក្កដា​នេះ ​ជាមួយ​នឹង​ប្រទេស​កាតា ​ដើម្បី​បង្កើត​ក្រុមហ៊ុន​បូមប្រេង។ ការ​ចុះ​កិច្ចសន្យា​នេះ​ វា​ស្ថិត​ចំពេល ​ដែល​ប្រទេស​មហាសេដ្ឋី​ប្រេង ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស ​មាន​ជា​អាថទិ៍​ អារ៉ាប៊ីសាអ៊ូឌីត ​បាន​នាំគ្នា​ផ្តាច់​ចំណង​ការទូត ​ជាមួយ​កាតា ​ហើយ​ក៏​បាន​គំរាម​ ក្រុមហ៊ុន​ណា​ដែល​រក​ស៊ី​ជាមួយ​កាតា​ទៀត​ផង។


កិច្ចសន្យា​សហប្រតិបត្តិការ​រយៈពេល​២៥​ឆ្នាំ ​រវាង​ក្រុមហ៊ុន​ Qatar ​Petroleum ​និង​ក្រុមហ៊ុន​យក្ស​របស់​បារាំង ​Total​ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ។ កិច្ច​សន្យា​នេះ ​ នឹង​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​បូមប្រេង​មួយ ​ឈ្មោះ ​North Oil Company ​ដោយ​ក្រុមហ៊ុន ​Qatar Petroleum ​កាន់កាប់​ភាគ​ហ៊ុន​៧០% ​ហើយ​ក្រុមហ៊ុន​Total​ កាន់​៣០%។ ក្រុមហ៊ុន​ថ្មី​នេះ ​នឹង​ធ្វើ​ប្រតិបត្តិការ​បូម​ប្រេង ​​នៅ​ចំងាយ​៨០​គីឡូម៉ែត្រ ​ពី​ឆ្នេរ​ខាង​កើត​របស់​កាតា។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​កាតា​កំពុង​មាន​ជម្លោះ​ការទូត ​ជាមួយ​ប្រទេស​មហាសេដ្ឋី​ប្រេង​ក្នុង​តំបន់​ ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត​ អេហ្ស៊ីប ​បារ៉ែន​ និង​អេមៀរ៉ាត់​អារ៉ាប់រួម​ បាន​ចោទ​កាតា ​ថាបាន​ទំនុកបំរុង​គាំទ្រ ​ក្រុម​បណ្តាញ​ភេរវកម្ម​ ហើយ​នឹង​មាន​ទំនោរ​ងៀក​ទៅ​ខាង​អ៊ីរ៉ង់។

កាតា ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ ហើយ​បដិសេធ ​មិន​ព្រម​ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​ទាំង​១៣​ចំណុច ​ដែល​គេ​ដាក់​មក​លើ​ខ្លួន។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​កាតា ​ថែមទាំង​បាន​ប្រកាស​ថា ​គេ​នឹង​បន្ថែម​ការ​បូម​យក​ឧស្ម័ន្ម​ធម្មជាតិ ​ឲ្យបាន​៣០% ​បន្ថែមទៀត ​នៅ​រវាង​ឆ្នាំ​២០២៤។ អគ្គនាយក​ធនាគារ​កណ្តាល​កាតា ​បាន​ឆ្លើយ​ថា ​រាល់​ថ្ងៃ​នេះ​ កាតា​មាន​ប្រាក់​សន្សំ​ចំនួន​ ៣៤០​ពាន់​លាន​ដុល្លារ។ ដូច្នេះ ​កាតា ​មិន​ឈឺ​ក្បាល​វិលមុខ​ នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដែល​ប្រទេស​ដ៏ទៃ ​ដាក់​មក​លើ​ខ្លួន​ទេ។

ថ្មីៗ​នេះ ​ អារ៉ាប៊ីសាអូឌីត ​និង​បក្សពួក ​​បាន​​និយាយ​ថា ​គេ​នឹង​ពិនិត្យ​សើររើ​កិច្ច​សន្យា ​ជាមួយ​ក្រុមហ៊ុន​បរទេស​ណា ​ដែល​បន្ត​រកស៊ី​ជាមួយ​កាតា។ ការដែល​ក្រុមហ៊ុន​ប្រេង​បារាំង​ ចុះ​កិច្ច​សន្យា​ សហការ​ជាមួយ​កាតា​នា​ពេលនេះ ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​ក្តៅ​ក្រហាយ ​ជាក់ជា​មិន​ខាន។ មួយវិញ​ទៀត ​ក្រុមហ៊ុន​Total​ បារាំង ​ក៏ទើប​តែ​បាន​ចុះ​កិច្ចសន្យា ​កាល​ពី​ថ្ងៃ​ទី​៣​កក្កដា ​ថ្មីៗ​នេះ ​ជាមួយ​នឹង​អ៊ីរ៉ង់ ​​ធ្វើការ​បូមយក​ឧស្ម័ន​ធម្មជាតិ ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​ជិត ​៥ពាន់​លាន​ដុល្លារ។

វិមាន​ប្រធានាធិបតី​បារាំង​ ធ្លាប់បាន​ប្រកាស​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​បារាំង ​មិន​កាន់​ជើង​ខាង​ណា​មួយ​ទេ ​ទាក់ទិន​នឹង​វិបត្តិ​នៅ​ឈូង​សមុទ្រ​នេះ។ បារាំង ​សំណូមពរ​ឲ្យ​ភាគី​ទាំង​អស់​ចរចា​គ្នា ​រក​ច្រក​ចេញ​ដោយ​សន្តិវិធី។ ទាក់ទិន​នឹង​វិបត្តិ​នេះ​ដែរ ​លោក​ អេមៀរ Tamim Ben Hammed al-Thani ​ប្រមុខ​រដ្ឋាភិបាល​កាតា ​នឹង​អញ្ជើញ​មក​ជួប​លោក​ប្រធានាធិបតី​បារាំង ​នៅ​ក្រុង​ប៉ារីស​ នៅ​រវាង​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ៕