អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាតា ប្តឹង​អេមីរ៉ាតអារ៉ាប់​រួម នៅ​តុលាការ​ក្រុង​ឡាអេ ពី​បទ​រំលោភ​សិទ្ធិមនុស្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល១ឆ្នាំមកហើយ ដែលកាតា ត្រូវប្រទេសបួនក្នុងតំបន់ មានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ព្រួតគ្នាដាក់សំពាធ និងផ្តាច់ចំណងការទូត បន្ទាប់ពីចោទថាកាតា គាំទ្រក្រុមភេរវកម្ម និងមានទំនោរខិតទៅរកអ៊ីរ៉ង់។ នៅថ្ងៃទី២៧ មិថុនានេះ រដ្ឋាភិបាលកាតា បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងមួយទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដោយបានចោទទៅលើប្រទេសអេមីរ៉ាតអារ៉ាប់រួម ថាបានធ្វើសកម្មភាពរំលោភសិទ្ធិមនុស្ស និងរើសអើងមកលើកាតា។

លោកអេមៀរ ប្រមុខដឹកនាំកាតា​Tamim bin Hamad al-Thani ក្នុងកិច្ច​ប្រជុំ​កំពូល​​អង្គការ​សហប្រតិបត្តិការឈូងសមុទ្រ។ ក្រុងកូវ៉េតស៊ីធី ថ្ងៃទី៥ ធ្នូ ២០១៧។
លោកអេមៀរ ប្រមុខដឹកនាំកាតា​Tamim bin Hamad al-Thani ក្នុងកិច្ច​ប្រជុំ​កំពូល​​អង្គការ​សហប្រតិបត្តិការឈូងសមុទ្រ។ ក្រុងកូវ៉េតស៊ីធី ថ្ងៃទី៥ ធ្នូ ២០១៧។ GIUSEPPE CACACE / AFP
ផ្សាយពាណិជ្ជកម្ម

រំលោភសិទ្ធិមនុស្ស និងរើសអើងពូជសាសន៍

បណ្តឹងរបស់កាតានេះ គឺគេលើកឡើងអំពីករណីរំលោភសិទ្ធិមនុស្ស និងករណីរើសអើងប្រកាន់​ពូជសាសន៍ ដែលកើតចេញពីវិធានការនានា ដែលរដ្ឋាភិបាលប្រទេសអេមីរ៉ាតអារ៉ាប់រួម  បានអនុវត្តមកលើកាតា។ កាតាចាត់ទុកថា​ វិធានការទាំងនោះ ខុសច្បាប់ ហើយទាមទារឲ្យតុលាក្រុងឡាអេ ដាក់កំហិត​លើ​អេមីរ៉ាតអារ៉ាប់រួម ថាត្រូវលុបចោលវិធានការទាំងនោះចោល។

សំណុំ​ពាក្យបណ្តឹង របស់កាតានេះ គឺផ្អែកលើមូលដ្ឋាន សន្ធិសញ្ញាអន្តរជាតិឆ្នាំ១៩៦៥ ស្តីពីការលប់បំបាត់ នូវការរើសអើងប្រកាន់ពូជសាសន៍គ្រប់ទំរងទាំងអស់។ សន្ធិសញ្ញនេះ ទាំងកាតា ទាំងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែជាប្រទេសហត្ថលេខី។ ដោយផ្អែកលើអត្ថបទច្បាប់អន្តរជាតិនេះ ប្រទេសកាតា មានសិទ្ធិប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ។

តាមការឲ្យដឹង លេខាធិការនៃតុលាការក្រុងឡាអេ បានទទួលពាក្យបណ្តឹងហើយ ហើយក៏បានប្រកាសទទួលស្គាល់យុត្តាធិការខ្លួនដែរ។ បន្ទាប់មកពីទៀត គឺគេនឹងបើកសវនាកា ដែលតាមការឲ្យដឹង នឹងមានរយៈពេល៣ថ្ងៃ។ ថ្ងៃទីមួយ អង្គចៅក្រម និងស្តាប់អំណះអំណាង របស់កាតា ដែលជាភាគីដើមបណ្តឹង។ ថ្ងៃទី២ គេនឹងស្តាប់ការឆ្លើយតប របស់អេមីរ៉ាតអារ៉ាប់រួម ដែលជាភាគីចុង​ចោទ។ ហើយថ្ងៃទី៣ ចុងក្រោយ គឺគេនឹងរៀបចំឲ្យមានការតទល់​អំណះអំណាង​​គ្នា រវាងភាគីទាំង២ នៅមុខអង្គចៅក្រម។

តែយ៉ាងណាក៏ដោយ ដូចយើងធ្លាប់ដឹងហើយ ថាតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេនេះ មានអំណាចត្រឹមតែចេញសេចក្តីសម្រេចសាលក្រ ប្រកាសថាខាងណាឈ្នះ តែប៉ុណ្ណោះ តែពុំមានសិទ្ធិអំណាច ឬលទ្ធភាពអ្វី ក្នុងការអនុវត្តសាលក្រមខ្លួនទេ។ ដូច្នេះ បើសិនជាកាតាឈ្នះ ក៏បានត្រឹមតែឈ្នះ​ជានិម្មិតរូបទេ ការពិតជាក់ស្តែង អេមីរ៉ាតអារ៉ាប់រួម អាចនឹងមិនគោរពការកំណត់របស់សាលក្រមឡើយ។

វិធានាខុសច្បាប់ ធ្វើទៅលើកាតា

បើនិយាយពីវិធានាការទាំងនោះ គឺយើងត្រូវតែត្រលប់ទៅនិយាយអំពី វិបត្តិជម្លោះ ដែលនៅរ៉ាំរ៉ៃមួយឆ្នាំមកហើយ រវាងកាតា ជាមួយនឹងប្រទេសបួនក្បែរខាង គឺអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប។ ប្រទេសទាំង៤នេះ បាន សម្រេចបិទព្រំដែន ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសជាមួយកាតា ដើម្បីដាក់សំពាធ ឲ្យកាតាធ្វើតាមខ្លួន។ ចាប់តាំងពីមានវិបតិ្តឈ្លោះគ្នាមក ប្រទេសទាំង៤ បានព្រួតគ្នា ហាមឃាត់មិនឲ្យប្រជាជនកាតា ចេញចូលទឹកដីប្រទេសគេទេ។ មិនថា អ្នកធ្វើការ អ្នករកស៊ី ឬសិស្សនិស្សិតកាតា គឺត្រូវគេបណ្តេញចេញទាំងអស់។

បញ្ហាចោទធំបំផុតនោះ គឺគ្រួសារ អេមៀរ៉ាត់ ដែលមានប្តី ឬប្រពន្ធ ដែលមានសញ្ជាតិកាតា។ អ្នកខ្លះដែលនៅក្រៅអេមៀរ៉ាតអារ៉ាប់រួម ក្នុងពេលផ្ទុះវិបត្តិនេះ ត្រូវគេហាមឃាត់ មិនឲ្យត្រលប់ទៅជួបក្រុមគ្រួសារវិញទេ។​ អ្នកខ្លះទៀត បានបង្ខំចិត្តសំងំរស់នៅ អេមីរ៉ាតអារ៉ាប់រួម បន្តទៀត។ ប៉ុន្តែបញ្ហាចោទគឺនៅពេលដែលលិខិតឆ្លងដែនផុតកំណត់ គឺប្រជាជនកាតាទាំងនោះ ត្រូវតែបង្ខំចិត្តចាកចេញ ដើម្បីទៅធ្វើលិខិតឆ្លងដែនថ្មី មិនអញ្ចឹងទេ ពួកគេនឹងក្លាយជាមនុស្សគ្មានសញ្ញតិ គ្មានលិខិតស្នាមលើដីអេមីរ៉ាតអារ៉ាប់រួម ហើយអាចប្រឈមមុខនឹងការចាប់ចង។

ប្រជាជនកាតា ដែលបង្ខំចិត្តរស់នៅអេមីរ៉ាតអារ៉ាប់រួម ដោយសារតែចង់ជួបជុំគ្រួសារ គឺពួកគេ ត្រូវអាជ្ញាធរប្រទេសនេះ ដកហូតសិទ្ធិជាមូលដ្ឋាន ដូចជាមិនឲ្យចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដកហូតទ្រព្យសម្បត្តិ មិនឲ្យចុះឈ្មោះចូលរៀន ឬមិនឲ្យមានសិទ្ធិប្តឹងផ្តល់ជាដើម។ គឺវិធានាការទាំងអស់នេះហើយ ដែលកាតា ចាត់ទុកថា ជាវិធានារើសអើងប្រកាន់ពូជសាសន៍ និងរំលោភសិទ្ធិមនុស្ស មកលើប្រជាជនកាតា។

ជាមួយគ្នានេះដែរ កាតា ក៏បានចោទទៅអេមីរ៉ាតអារ៉ាប់រួម ដែរ ថាបានបិទការិយាល័យទូរទស្សន៍ al-Jazeera របស់ខ្លួន ហើយថែមទាំងបាន បិទផ្ទប់ការផ្សាយរបស់ទូរទស្សន៍កាតា ប៉ុស្តិ័ផ្សេងៗទៀត នៅអេមីរ៉ាតអារ៉ាប់រួម ទៀតផង។

ប្តឹងតែអេមីរ៉ាតអារ៉ាប់រួម តែម្នាក់

កាតាប្តឹងតែទៅលើអេមីរ៉ាតអារ៉ាប់រួម មួយទេ ព្រោះថាធាតុពិតជាក់ស្តែង អេមីរ៉ាតអារ៉ាប់រួម បានដាក់វិធានការពិន័យ​ មកលើកាតាច្រើនជាងគេ។ ​បើតាមការវិភាគរបស់លោក stéphane Lacroix សាស្ត្រាចារ្យ នៅសាលាវិទ្យាសាស្ត្រនយោបាយទីក្រុងប៉ារីស បានលើកឡើងថា ប្រទេសដែលនៅពីក្រោយ និងជំរុញឲ្យដាក់សំពាធលើកាតា ខ្លាំងជាងគេបង្អស់ គឺអេមីរ៉ាតអារ៉ាប់រួម នេះតែម្តង។

អេមីរ៉ាតអារ៉ាប់រួម ភ័យខ្លាចបំផុត ពីក្រុមភាតរៈអ៊ីស្លាម ដែលជាក្រុមនយោបាយមនោគមវិជ្ជាអ៊ីស្លាម បែបផ្តាច់ការ ហើយដែលបានឡើងកំលាំងខ្លាំង ក្នុងអំឡុងពេលបដិវដ្តតំបន់អារ៉ាប់។ អេមីរ៉ាតអារ៉ាប់រួម ខ្លាចឥទ្ធិពលពួកនេះ ជ្រាប់ចូលមកក្នុងតំបន់ឈូងសមុទ្រពែក្សទាំងមូល។ ហើយអ្វីដែលអេមីរ៉ាតអារ៉ាប់រួមចោទ ទៅលើកាតា គឺកាតាបានលួចលាក់ ជួយគាំទ្រ និងជួយផ្សាយឃោសនា ឥទ្ធិពលរបស់ក្រុមភាតរៈអ៊ីស្លាមនេះ តាមរយៈការផ្សាយរបស់ទូរទស្សន៍ al-Jazeera។

ម្យ៉ាងវិញទៀត ក្នុងចំណោមប្រទេសក្នុងតំបន់នេះ មានតែកាតាទេ ដែលមានគំរូសេដ្ឋកិច្ច លូតលាល់ និងមានឥទ្ធិពលខ្លាំង លើឆាកអន្តរជាតិ។ កាតា ចេះប្រើប្រាស់លុយ ដាក់វិនិយោគដែលនាំចំណេញ និងជាវិនិយោគយុទ្ធសាស្ត្រទៀតផង។ ដូច្នេះវាអាចបង្កជាការច្រណែនក៏ថាបានដែរ ពីសំណាក់ អេមីរ៉ាតអារ៉ាប់រួម។ ចំណែក អារ៉ាប៊ីសាអូឌីតវិញ ងប់ងល់តែរឿងមួយគត់ គឺរឿងអ៊ីរ៉ង់។

ការសម្រេចចិត្តប្តឹងអេមីរ៉ាតអារ៉ាប់រួម តែម្នាក់នាពេលនេះ គឺអាចជាយុទ្ធសាស្ត្រ ច្បិចយកប្រទេសតែមួយ មកឲ្យទទួលខុស ក្នុងចំណោមប្រទេសទាំង៤។ កាតាដឹងថា សេចក្តីសម្រេចតុលាការយុត្តិធម៌អន្តរជាតិ មានតម្លៃត្រឹមជានិម្មិតរូបប៉ុណ្ណោះ។ ប្តឹងអេមីរ៉ាតអារ៉ាប់រួម ឲ្យខ្មាសគេ មានន័យថាគឺសម្ព័ន្ធនៃប្រទេសទាំង៤ ដែលព្រួតគ្នាធ្វើបាបកាតា ក៏ត្រូវអាម៉ាសដែរ។

កាតាមិនចុះញ៉ម មិនឱនក្បាល

វិបត្តិជំលោះរវាងប្រទេសមហាសេដ្ឋីប្រេងនេះ គឺបានអូសបន្លាយមួយឆ្នាំមកហើយ ដោយគ្មានពន្លឺដោះស្រាយចេញទាល់តែសោះ។ កាតាមិនត្រឹមតែមិនចុះញ៉មទេ តែថែមទាំងបានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិថែមទៀតនាពេលនេះ។ បើពិនិត្យមកដល់ដំណាក់កាលនេះ យើងឃើញថា ពន្លឺនៃការ​វិលត្រលប់ ទៅត្រូវរ៉ូវគ្នាវិញ គឺថាមិនងាយមាននោះទេ។ ប្រទេសទាំង៤នេះ បានដាក់​កំហិត ១៣ចំណុច ឲ្យកាតាធ្វើតាម។ តែកាតាមិនព្រមធ្វើតាម។ កាតាចាត់ទុកថា ការដាក់កំហិតទាំងនោះ គឺជាការបំពានសិទ្ធិអធិបតេយ្យភាពរបស់កាតា ព្រោះគេចង់គូសបន្ទាត់នយោបាយការបរទេស របស់កាតា។ មួយឆ្នាំមកនេះ យើងសង្កេតឃើញថា កាតា បានធ្វើគ្រប់យ៉ាង ដើម្បីគេចចេញពីទណ្ឌកម្ម ពីការដាក់សំពាធ របស់ប្រទេស៤នេះ។

អ្នកវិភាគជាច្រើនលើកឡើងថា កាតា ឆ្លាតណាស់។ ១ឆ្នាំមកនេះ អ្នកដែលកំពុងតែខាត គឺប្រទេសទាំង៤នេះ ឯណោះទេ។ វាបានធ្វើឲ្យកាតា ផ្លាស់ប្តូរទាំងស្រុង។ អំណេះតទៅ ថ្នាក់ដឹកនាំកាតា បានដាក់ចុះនូវគោលនយោបាយមួយ គឺឯករាជ្យភាពគ្រប់វិស័យ។ ផលិតផលចំណីអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ពីមុនដែលនាំចូលទាំងស្រុង ពី អេហ្ស៊ីប ពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម គឺលែងមានទៀតហើយ។

ទីមួយកាតា បានប្រាក់ដំកល់ច្រើន គេបានចំណាយប្រាក់ វិនិយោគក្នុងវិស័យកសិកម្មភា្លមៗ។ មួយទៀត កាតា មានតួកគី ហើយក៏អាចមានអ៊ីរ៉ង់ជាមិត្ត។ ផលិតផលតួកគី និងផលិតផលអ៊ីរ៉ង់ បានមកជំនួស ផលិតផលរបស់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រួចទៅហើយ។ ចំណែកវិស័យហិរញ្ញវត្ថុវិញ លុយវិនិយោគកាតាមាននៅគ្រប់ទីកន្លែង។ ដូច្នេះ កាតាពេលនេះ នៅតែងើបមុខពើងទ្រូងដើរទៅមុខ មិនចុះចាញ់ការសំឡុតរបស់អ្នកជិតខាងខ្លួនទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ