អានតួអត្ថបទ
កាតា-វិបត្តិឈូងសមុទ្រ

វិបត្តិកាតា៖ អង្គការ​​សហប្រជាជាតិ​​អំពាវនាវ ឲ្យ​​ប្រទេស​ពាក់ព័ន្ធ​​ចរចា​​សម្រុះ​​សម្រួល​​គ្នា

ទាក់​ទិនទៅ​នឹង​វិបត្តិ ​រវាង​ប្រទេស​កាតា ​ជាមួយ​នឹង​ក្រុម​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ​ពែក្ស ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​ ទើប​បាន​អំពាវនាវ​ ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ​ធ្វើការ​ចរចា​ សម្រុះ​សម្រួល​គ្នា ​ដោយ​សន្តិវិធី ​ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង។ ក្នុង​ន័យ​នេះ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ចង់​សំដៅ​ថា ​ក្រុម​ប្រឹក្សា​សន្តិសុខ ​នឹង​មិន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ ណាមួយ​ទេ ​ទាក់ទិន​នឹង​បញ្ហា​នេះ។

លោក លីវ ជាយី អគ្គរដ្ឋទូតចិន​ប្រចាំអង្គការសហប្រជាជាតិ
លោក លីវ ជាយី អគ្គរដ្ឋទូតចិន​ប្រចាំអង្គការសហប្រជាជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

ខែកក្កដា ​នេះ គឺ​ដល់​វេន​ចិន​ដែល​ត្រូវ​ធ្វើ​​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ ទាក់ទិន​ទៅ​នឹង​វិបត្តិ​ រវាង​កាតា ​ជាមួយ​នឹង​ក្រុម​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ​បួន​ប្រទេស ​មាន​ អារ៉ាប៊ីសាអូឌីត ​បារ៉ែន​ អេមៀរ៉ាត់​អារ៉ាប់រួម​ និង​អេហ្ស៊ីប ​ លោក​ លីវ ជាយី ​ឯកអគ្គរដ្ឋ​ទូត​ចិន​ ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ថ្លែង​ថា ​ មធ្យោបាយ ​តែមួយ ​និង​ល្អ​បំផុត​ ដើម្បី​ចាក​ចេញ​ពី​វិបត្តិ​នេះ ​គឺ​ប្រទេស​ពាក់ព័ន្ធ​ទាំង​អស់ ​ត្រូវ​រៀបចំ​លើក​ឡើង​នូវ​សំណើរ​ដំណោះស្រាយ ​តាម​រយៈ​ការ​និយាយ​ចរចា​គ្នា។

តាម​រយៈ​សម្តី​របស់​លោក​អគ្គរដ្ឋទូត​ចិន ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ ​អង្គការ​សហ​ប្រជាជាតិ​នេះ ​គឺ​មាន​ន័យ​ថា ​ក្រុម​ប្រឹក្សា​សន្តិសុខ​ នឹង​មិន​បើក​ការ​ប្រជុំ​ ដើម្បី​ធ្វើ​សេចក្តី​សម្រេចចិត្ត​ណាមួយ ​ ​ក្នុង​ក្រម​ខណ្ឌ​អង្គការ​សហប្រជាជាតិ ​ឡើយ ​ទាក់ទិន​ទៅ​នឹង​វិបត្តិ​កាតា​នេះ។

សូម​បញ្ជាក់​ថា ​ការ​ប្រកាស​របស់​លោក​អគ្គរដ្ឋទូត​ចិន​នេះ ​ធ្វើឡើង ​បន្ទាប់​ពី​លោក​អគ្គរដ្ឋទូត​កាតា ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​បាន​ចូល​ទៅ​ប្រជុំ​ជាមួយ​នឹង​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ទូរទស្សន៍​Al-Jazeera​ បាន​ផ្សាយ​ថា​ លោក​ Mohammed Ben Abderrahmane al-Thani ​ឯកអគ្គរដ្ឋទូត​កាតា​ប្រចាំ​អង្គការ​សហប្រជាជាតិ ​ បាន​សំណូមពរ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ ​អំពាវនាវ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ ព្រមទាំង​សម្ព័ន្ធមិត្ត ​ដក​ទណ្ឌកម្ម​ចេញ​ពី​កាតា។

សូម​រំលឹក​ថា ​វិបតិ្ត​បាន​ផ្ទុះឡើង​ជា​ផ្លូវការ ​កាល​ពី​ថ្ងៃ​ទី​ ៥​ មិថុនា ​បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត ​បាន​ដឹកនាំ​ប្រទេស​៣ទៀត ​មាន​បារ៉ែន ​អេមៀរ៉ាត់​អារ៉ាប់រួម ​និង​អេហ្ស៊ីប ​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ការទូត ​និង​បិទ​ព្រំដែន​ជាមួយ​កាតា។ ប្រទេស​ទាំង​នេះ ​បាន​ចោទ​ប្រកាន់​កាតា ​ថា​បាន​ទំនុកបំរុង​គាំទ្រ ​ក្រុម​ចលនា​ភេរវកម្ម ​និងមាន​ទំនោរ​ខិត​ទៅ​រក​អ៊ីរ៉ង់ ​ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​អារ៉ាប៊ីសាអូឌីត។

ដោយ​មាន​ប្រទេស​កូវ៉េត​ ជាអ្នក​សម្របសម្រួល ​ប្រទេស​ទាំង​៤ ​បាន​ដាក់​លក្ខខណ្ឌ​១៣​ចំណុច ​ឲ្យ​កាតា​ធ្វើ​ឲ្យបាន​ក្នុង​រយៈពេល​១០​ថ្ងៃ។ កាតា​ទើបតែ​បាន​ឆ្លើយ​តប​ទៅ​វិញ ​កាល​ពី​ថ្ងៃចន្ទ ​ទី​៧​កក្កដា តែ​គេ​មិន​ទាន់​ដឹង​ថា ​ជា​ចម្លើយ​វិជ្ជមាន ​ឬ​អវិជ្ជមាន​ទេ។ តែ​បើតាម​ការ​តាមដាន​កន្លង​មក ​កាតា ​បាន​បរិហារ​ថា​​លក្ខខណ្ឌ​ទាំង​១៣​ចំណុច ​ដែល​គេ​ដាក់​មក​លើខ្លួន ​គឺ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព ​ក្នុង​នាម​ខ្លួន​ជា​ប្រទេស​ឯករាជ្យ។

ដោយឡែក​ លោក​ Sigmar Gabriel​ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច ​នៅ​អារ៉ាប៊ីសាអូឌីត​ អេមៀររ៉ាត់​អារ៉ាប់​រួម ​នឹង​បន្ត​ដំណើរ​ទៅ​កាតា​នៅ​ថ្ងៃ​ស្អែក​នោះ ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ ​តាំងចិត្ត​ធ្វើការ​ចរចា​សម្រុះ​សម្រួល​គ្នា ​ដើម្បី​បញ្ចប់​វិបត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ