rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី អ៊ីស្រាអែល ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កងទ័ពស៊ីរី ថា​បាន​ស្ទាក់​កំទេ​ច​ មីស៊ីល​របស់​អ៊ីស្រាអែល​ជាច្រើន​គ្រាប់

media
តំបន់ Jamraya ទីតាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​វិទ្យសាស្ត្រ​​ស៊ីរី ដែល​ក្លាយ​​ជា​​​ផ្ទាំង​ស៊ីប​​របស់ មីស៊ីល​អ៊ីស្រាអែល​ AFP

នៅព្រឹកថ្ងៃពុធ​ទី​ ៧ កុម្ភៈនេះ កងទ័ពស៊ីរី បានអះអាងថា ខ្លួនបានស្ទាក់កំទេច មីស៊ីលរបស់អ៊ីស្រាអែល ជាច្រើនគ្រាប់ ដែលបានបាញ់សំដៅមកលើទីតាំងយោធា និងកន្លែងស្តុកអាវុធ របស់​កងទ័ពស៊ីរី នៅក្បែរ រដ្ឋធានីដាម៉ាស។ យ៉ាងណា ក៏ដោយសម្រាប់ពេលនេះ គេនៅមិនទាន់ទទួលបានការបញ្ជាក់ ពីសំណាក់ ក្រសួងការពារជាតិ អ៊ីស្រាអែលទេ។


យោងតាមការលិខិតប្រកាស​ របស់ក្រសួងការពារជាតិស៊ីរី ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន SANA បានឲ្យដឹងថា នៅទៀបភ្លឺ ថ្ងៃទី៧កុម្ភៈ មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានហោះ សំដៅមករដ្ឋធានីដាម៉ាស ដោយឆ្លងកាត់ ដែនអាកាសរបស់លីបង់។ កងទ័ពស៊ីរីអះអាងថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញ ពីដីអ៊ីស្រាអែល​​ ដែលសំដៅមកកំទេច ទីតាំងឈរជើងរបស់កងទ័ពស៊ីរី និងទីតាំងស្តុកអាវុធនៅ​ក្បែរ​​ក្រុង​​ដាម៉ាស។ ប្រភពពីកងទ័ពស៊ីរី ដដែលបញ្ជាក់ថា គ្រាប់មីស៊ីលមួយចំនួនធំ ត្រូវ​បាន​កងទ័ព​ស៊ីរី ស្ទាក់ និងកំទេចបានទាន់ពេលវេលា។

ដោយឡែក អ្នកនាំពាក្យទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រចាំក្រុងដាម៉ាស បានអះអាង​ថា នៅវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺ គេពិតជាបានឮសម្លេងផ្ទុះផ្ទួនៗគ្នា កក្រើកទីក្រុង។ បើយោងតាមលោកប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី មានគ្រាប់មីស៊ីល​ខ្លះ ពិតជាត្រូវបានកងទ័ពស៊ីរី ស្ទាក់កំទេចបានទាន់ពេលវេលាមែន។ ក៏ប៉ុន្តែនៅមានមីស៊ីលខ្លះទៀត បានធ្លាក់ផ្ទុះ នៅឯបន្ទាយស្តុកគ្រឿងសព្វាវុធ ក្បែរតំបន់ Jamraya ចំងាយប្រមាណជា១០គីឡូម៉ែត្រ ភាគពាយ័ព្យរដ្ឋធានីដាម៉ាស។

គឺតំបន់ Jamraya នេះហើយ ដែលជាទីតាំងរបស់ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រស៊ីរី SSRC។ មជ្ឈមណ្ឌល​នេះ ធ្លាប់ត្រូវបានសហគមអន្តរជាតិ សង្ស័យថាគឺជាទីកន្លែង ស្រាវជ្រាវ និងផលិតអាវុធគីមីដ៏សាហាវ ដែលកងទ័ពរដ្ឋាភិបាលស៊ីរី ធ្លាប់បានប្រើ យកទៅ​​ទំលាក់សម្លាប់ប្រជាពលរដ្ឋខ្លួន។ យ៉ាងណាមិញ នៅថ្ងៃពុធនេះដែរ លោក រដ្ឋមន្ត្រីការបរទេសបារាំង បានអះអាងតាមកញ្ចក់ទូរទស្សន៍បារាំងថា គេមានភស្តុតាង​ជាច្រើន ដែលបញ្ជាក់ថា កងទ័ពរដ្ឋាភិបាលស៊ីរី ទើបតែបានទំលាក់គ្រាប់បែកគីមី ផ្ទុកដោយសារធាតុ ក្លរ ទៅលើក្រុង Idlep កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា​ នេះមិនមែនជាលើកទីមួយទេ ដែលអ៊ីស្រាអែល បាញ់មីស៊ីល សំដៅទៅស៊ីរី។​ អ៊ីស្រាអែល និង និងរដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោកបាឆា អាល់អាសាដ ស្ថិតក្នុង​កាលៈទេសៈ​សង្រ្គាម ប្រឈមមុខនឹងគ្នារាប់សិបឆ្នាំមកហើយ។ ស្ថានការណ៍នេះកាន់តែ​ធ្ងន់ធ្ងរ ក្រោយពេលដែល ក្រុមហេសបូឡាលីបង់ និងកងទ័ពអ៊ីរ៉ង បានចូលទៅ​ជួយ​កងទ័ពរដ្ឋាភិបាលស៊ីរី។ ដោយសង្ស័យ ថាអ៊ីរ៉ង់ បញ្ជូនសព្វាវុធ ទៅឲ្យក្រុម​ហេសបូឡា​ អ៊ីស្រាអែល​ បានបាញ់មីស៊ីលកំទេចក្បួនដឹកអាវុធ ក្នុងទឹកដីស៊ីរី ជាច្រើនលើក​មកហើយ៕