rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិក វៀតណាម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក អំពាវនាវឱ្យចិនឈប់បញ្ចេញសកម្មភាពឈ្លានពានក្នុងដែន​សមុទ្ទចិនខាងត្បូង

media
រូបភាព​ឯកសាររបស់អាមេរិក ដែល​ថត​ឃើញ​ការ​តាំង​មូលដ្ឋាន​របស់​ចិន​នៅ​ប្រជុំកោះ​ស្ព្រាត់លី នៅឆ្នាំ​២០១៥ Reuters/U.S. Navy

រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន  នៅ​ចុង​សប្តាហ៍​នេះ បាន​សម្តែង​ក្តី​បារម្ភ​ ចំពោះ​សកម្មភាព​ឈ្លាន​ពាន​របស់​ចិន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​ ដោយសារតែ​សកម្មភាព​ជីកខួង​រុករកឧស្ម័ន និងការ​ដឹកប្រេង​ពី​សំណាក់​នាវា​ចិន​។ ក្តី​បារម្ភ​របស់​អាមេរិក គឺបន្ទាប់ពី​វៀតណាម​ប្រកាស​ចង្អុរ​មុខ​ចិន​ថា​បាន​ឈ្លាន​ពាន​ចូល​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន។


ការ​ទន្ទ្រាន​កាន់កាប់​ដែន​សមុទ្ទ​ចិន​ខាងត្បូង​ ដែល​ធ្វើ​ឡើង​ជារឿយៗពីសំណាក់​​ចិន គឺ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​សកម្មភាព​ទាញ​យក​ប្រេង​និង​ឧស្ម័ន​របស់​ប្រទេស​ជិត​ខាង​ផង ហើយ​វា​ក៏​ប៉ះពាល់​ដល់​សន្តិសុខ​ផ្នែក​ថាម​ពល​នៅក្នុង​តំបន់​ទាំងមូល​ផងដែរ​។ នេះ​គឺជាការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក​ Morgan Ortagus។

បន្ថែមពីនេះ រដ្ឋមន្ត្រី​ការបរទេស​សហ​រដ្ឋ​អាមេរិក​លោក Mike Pompeo បាន​សង្កត់ធ្ងន់ថា ចិន​បាន​រំខាន​គ្រប់​មធ្យោបាយ​ដល់​ប្រទេស​ជិតខាង​ ដើម្បី​អាច​ខ្លួន​ឯង​ទាញ​យក​ផល​ចំណេញ​​ផ្នែក​ថាមពល​ ដែល​វា​មា​នតម្លៃ​ ដល់ទៅជាង​២ពាន់​៥រយ​ពាន់លាន​ដុល្លារ​។ 

​ប្រមុខ​ការទូតអាមេរិក ថែមទាំង​ចោទប្រកាន់​ចិន​ថា​ប្រើ​ប្រាស់​កងនាវា​​ជីវពល​ ដើម្បី​បំភិត​បំភ័យ​ និង​ដាក់​សម្ពាធ​ដល់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជម្លោះ​ដែន​ទឹក​ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បួង​ ដែល​សកម្មភាព​ដូច្នេះ គឺ​អាមេរិក​ស្នើ​សុំ​ឱ្យ​ចិន​ឈប់​ជា​បន្ទាន់។​

សម្តី​ធ្ងន់​ៗ​របស់​អាមេរិក​បែបនេះ គឺ​ផ្ទុះ​ប្រតិកម្ម​ឡើង​ បន្ទាប់ពី​វៀតណាម​ជា​សម្ព័ន្ធ​មិត្ត​ បាន​ស្រែក​ប្រកូក​ប្រកាស​កាលពីថ្ងៃ​សុក្រ ថា​នាវា​ចិន​បាន​រុករុល​ឈ្លាន​ពាន​ចូល​ដែនអធិបតេយ្យ​ភាព​របស់​ខ្លួន នៅក្នុង​ប្រជុំ​កោះ​ស្ព្រាត់លី (Spratly)។

ចំណែក​ភាគី​ចិន​វិញ គឺ​ច្រាន​ចោល​រាល​ការ​ចោទ​ប្រកាន់ ហើយ​នៅតែអះអាង​ថា​ ចិន​បាន​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ខ្លួន។ ចិន​ក៏​ប្រាប់​ឱ្យ​វៀតណាម​ស្ងាត់​មាត់​ និង​កុំ​កកូរកកាយ​នាំឱ្យ​ស្ថានការណ៍​ធ្ងន់​ធ្ងរ​ជាងនេះ។

គួរគូស​​បញ្ជាក់​ថា ក្នុង​សំណុំរឿងដែន​សមុទ្ទ​ចិន​ខាង​ត្បួង មហាយក្ស​​ចិនឈ្លោះ​គ្នា​​ជាមួយ​ប្រទេស​ជិត​ខាងជាច្រើន​ ដូចជា ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ វៀតណាម​។ ​ជម្លោះ​នេះ​ បាន​អូស​បន្លាយ​ច្រើន​ឆ្នាំ​មកហើយ​។ ហេតុ​ដែល​ពួក​ប្រទេស​ទាំងនេះ​ឈ្លោះ​គ្នា គឺរឿងធំ ​ចង់​ដណ្តើម​ភោគផលធម្មជាតិ​ ពិសេស រ៉ែ ឧស្ម័ន ប្រេង នៅក្នុង​ដែន​សមុទ្ទ​នេះ៕