អានតួអត្ថបទ
ហ្វីលីពីន

ជនជាតិ​​​ហ្វីលីពីន​​រាប់រយនាក់​​ធ្វើ​​បាតុកម្ម​​ប្រឆាំង​​លោក​​ដូណាល់ ត្រាំ​ នៅ​​ទីក្រុង​​ម៉ានីល​​

ថ្ងៃសុក្រ​២០មករា​នេះ ​ប្រជាជន​ហ្វីលីពីន​រាប់រយ​នាក់​បាន​នាំគ្នា​បាតុកម្ម​នៅ​ពីមុខ​ស្ថានទូត​អាមេរិក នៅ​ទីក្រុង​ម៉ានីល ក្នុង​ទិសដៅ​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ។ ពួកគេ​បាន​ចោទ​លោកត្រាំ ថា​រើសអើង​ពូជសាសន៍ មើលងាយ​ស្ត្រីភេទ ​រឺ​ក៏​ស្អប់​ជន​បរទេស​ជាដើម។

បាតុកម្ម​ប្រឆាំង​លោក​ដូណាល់ ត្រាំ នៅ​ហ្វីលីពីន
បាតុកម្ម​ប្រឆាំង​លោក​ដូណាល់ ត្រាំ នៅ​ហ្វីលីពីន Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ក្រុង​ម៉ានីល មនុស្ស​ប្រមាណ​៣០០នាក់​ បាន​ជុំគ្នា​ ធ្វើ​បាតុកម្ម​ប្រឆាំង​​​ប្រធានាធិបតី ​​ដូណាល់ ត្រាំ។ ពួកគេ​លើក​បដា​ សរសេរ​ពាក្យថា “ ត្រាំ សំរាម !”។ ក្រុមបាតុករថែមទាំង​​បាន​នាំគ្នា​បោះចោល​រូបថត​លោត្រាំ ​ក្នុង​ធុងសំរាម​ទៀតផង។ ​

ក្រុមបាតុករ​បានចោទ​លោកត្រាំ​ថា មាក់ងាយ​ស្ត្រីភេទ ​ប្រកាន់ពូជសាសន៍ ស្អប់​ជនបរទេស។ ទាក់ទង​រឿងចោទ​ថា​​លោកត្រាំ​ស្អប់​ជន​បរទេស​ ​​ ​បាតុករមួយចំនួន​​បាន​សំដែង​ការ​បារម្ភ​ចំពោះជនរួមជាតិ​​ហ្វីលីពីន ​ដែល​កំពុង​រស់​នៅសហរដ្ឋ​អាមេរិក ដែល​អាច​នឹង​រងគ្រោះពី​ការរើសអើង​ពូជសាសន៍។ ​ក្រៅពី​តវ៉ាប្រឆាំង​នឹង​លោកត្រាំ ​ក្រុមបាតុករ​បានដុត​ទង់ជាតិ​អាមេរិក និង​បាន​​​ទាមទារ​អោយ​កងទ័ព​អាមេរិក​​ចាកចេញពី​ទឹកដី​ហ្វីលីពីន​ផងដែរ។

ហ្វីលីពីន​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​របស់​អាមេរិក។ ប្រទេស​ទាំង២​មាន​ទំនាក់ទំនង​ល្អ​នឹងគ្នា​ផ្នែក​វប្បធម៌​និង​សេដ្ឋកិច្ច​។ ​​​ហ្វីលីពីន​និង​អាមេរិក​ភ្ជាប់ទំនាក់ទំនង​ការពារ​ជាតិ​នឹង​គ្នា​តាមរយៈ​សន្ធិសញ្ញា​ការពារជាតិ​​រួមគ្នា​មួយ។ ច្រើនឆ្នាំ​មកនេះ ​អាមេរិក​បាន​ចូលរួមក្នុង​​​កិច្ចការយោធាជាច្រើន​​ជាមួយ​ហ្វីលីពីន។ តាំង​ពី​លោក​ឌុយទែរតេ ចូលកាន់​អំណាច​នៅ​ហ្វីលីពីន​មក​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​​​មិនសូវ​ល្អ​ដូចមុនទេ ដោយសារ​តែ​លោក​ឌុយទែរតេ​មាន​ទំនោរ​ទៅរក​ចិន និង​រុស្ស៊ី។

ក្រុមបាតុករ​ដែល​ប្រឆាំង​លោក​ត្រាំ នៅ​មុខ​ស្ថានទូត​​អាមេរិក នៅ​ក្រុង​ម៉ានីល ថ្ងៃសុក្រ​នេះ ជាក្រុម​ឆ្វេងនិយមហ្វីលីពីន។ ​ចលនា​ឆ្វេងនិយមជាច្រើន​នៅ​​ហ្វីលីពីន មាន​នយោបាយ​ប្រឆាំង​នឹង​​បែបផែន​មូលធនរបស់​​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ