rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ាឡេស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ម៉ាឡេស៊ី មាន​គម្រោងថ្មី កែ​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា ឲ្យ​ក្លាយ​ជា​ មនុស្ស​ធម្មតា

media
Nisha Ayub បុរសប្តូរភេទជានារី ដែល​ទទួល​ពានរង្វាន់ International Women of Courage ប្រចាំ​ឆ្នាំ​២០១៦ @youtube

នៅថ្ងៃទី​៣០ធ្នូ ម៉ាឡេស៊ី បាន​ដាក់​គម្រោង​ថ្មីមួយ ដើម្បី​ជួយ​លើកទឹកចិត្ត​ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឲ្យ​ត្រឡប់​ក្លាយទៅជា «មនុស្សធម្មតា» វិញ។ គម្រោង​នេះ ត្រូវ​អ្នក​ការពារសិទ្ធិ​មនុស្ស​ភេទទី៣ រិះគន់ជាខ្លាំង។ 


គម្រោង​ថ្មី​មួយនេះ គឺ​ប្រមូល​ផ្តុំ​ដោយក្រុម​អ្នក​ជំនាញ​ថ្នាំពេទ្យ គ្រូពេទ្យ​ចិត្ត​សាស្ត្រ និង​អ្នក​ជំនាញ​ខាង​សាសនា ដើម្បី​ជួយ​អប់រំ​តម្រែតម្រង់​ក្រុម​មនុស្ស​ភេទទី៣ ឲ្យ​ប្រែក្លាយមាន​​ជីវិត ទៅជាមនុស្ស​ធម្មតា។ នេះការ​បញ្ជាក់​របស់​សមាជិក​ក្រុមប្រឹក្សាម្នាក់ របស់​រដ្ឋាភិបាល Terengganu ដែលជា​រដ្ឋ​មួយរបស់​​សហព័ន្ធ​ម៉ាឡេស៊ី​។ លោក Ghazali Taib ​បាន​​បង្ហើបទៀត​​ថា គម្រោង​នេះ នឹង​ត្រូវ​អនុវត្ត នៅ​ឆ្នាំថ្មី ឆ្នាំ​២០១៨ខាងមុខ​ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទទី៣​ចូលរួម​ដោយ​ការ​ស្មគ្រ​ចិត្ត គ្មាន​ចាប់​បង្ខិត​បង្ខំឡើយ។

សមាជិក​រដ្ឋាភិបាល​រូប​នោះ បន្ថែមទៀតថា «ទោះបី​ជា មនុស្ស​ភេទទី៣ ឬ​អ្នកប្តូរ​ភេទ ក៏ដោយ ក៏​ជា​មនុស្ស​រស់​នៅ​ក្នុង​សង្គម​ម៉ាឡេស៊ី​ដែរ។​ ដូច្នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ ដែល​ត្រូវ​ផ្តល់​ផ្លូវ​​មួយ ដើម្បី​ឲ្យ​ពួក​គេ​មាន​ជម្រើ​ស​ជីវិត​​ត្រឹម​ត្រូវ​ល្អ​ប្រសើរ ទៅថ្ងៃ​ខាង​មុខ​»។

បើ​ទោះបី​ជា​ថ្លែង​ដូច្នេះ​ក្តី តែ​អ្ន​កការពារសិទ្ធិមនុស្ស យល់ថា គម្រោង​នេះ គឺ​ចង់​កែប្រែ​មនុស្ស​ឲ្យ​ខុស​ធាតុ​ដើម​របស់​ពួក​គេ​ទៅវិញទេ។ ធម្មតាមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​​កើត​មក​តាម​​ធម្មជាតិ​ដូច្នេះទៅហើយ​ ប្រសិន​បើ​កើត​មក ​ជាមនុស្ស​ភេទទី៣ គឺ​នឹង​រស់​នៅ​ជា​មនុស្ស​បែប​នោះ​ហើយ មិន​អាច​ផ្លាស់ប្តូរ​បាន​ទេ​។ នេះជាយល់ឃើញ​របស់ Nisha Ayub ដែល​ជា​បុរស​ប្តូរ​ភេទ​ជា​នារី ហើយដោយសារតែ​សកម្មភាព​សិទ្ធិរបស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គាត់​បានទទួល​​ពានរង្វាន់​ ស្ត្រី​ក្លាហាន​អន្តរជាតិ កាលពីឆ្នាំ​២០១៦។ Nisha Ayub បាន​ថ្កោលទោស​គម្រោង​ថ្មី​របស់​រដ្ឋាភិបាល និង​បាន​ចាត់ទុកថា ជាការ​រំលោភ​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ជាមនុស្ស​របស់​ពលរដ្ឋ​ម៉ាឡេស៊ី។

សូម​ជម្រាបដែរថា ​ម៉ាឡេស៊ី ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​រឹងតឹង។​ ​អង្គការ​ការសិទ្ធិមនុស្ស Human Rights Watch នៅក្នុង​របាយការណ៍​​ឆ្នាំ​២០១៧ បានរិះគន់​ម៉ាឡេស៊ីជាខ្លាំង ពីការ​រើសអើស​ធ្ងន់ធ្ងន់​ទៅមនុស្ស​ស្រឡាញ់ភេទដូចគ្នា ឬLGBT។ ច្បាប់​របស់​ម៉ាឡេស៊ី បាន​ហាមឃាត់និង​ដាក់​ទោស​ចំពោះ​ការ​រួមភេទ​តាម​រន្ធគូទ ហើយទង្វើ​នេះ អាចត្រូវ​រង​ទទួល​ទណ្ឌកម្ម​លើ​រាងកាយ និងអាច​មា​នទោស​ជាប់គុក ​ទៀត​ផង៕​