អានតួអត្ថបទ
អង់គ្លេស

អតីតភ្នាក់ងារចារកិច្ច​ដែល​ធ្លាប់​លួច​យក​ការណ៍​ពីរុស្ស៊ីឲ្យអង់គ្លេស ​ត្រូវ​រង​ថ្នាំពុល

នៅ​ទីក្រុង​ឡុងដ្រ៍ អតីត​ភ្នាក់​ងារ​​ចារកិច្ច​​ជនជាតិរុស្ស៊ីម្នាក់​ ដែល​ធ្វើការ​ឲ្យ​ភ្នាក់ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​របស់​អង់គ្លេស ត្រូវប៉ូលីស​សង្ស័យ​ថា មាន​​គេលួច​​បំពុល។ សាក្សី​នៅកន្លែង​កើត​ហេតុ​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ជន​រងគ្រោះ​ ទំនង​ជា​បាន​ទទួល​រង​សារធាតុ​ពុលកម្រិត​ខ្លាំង។

លោក​ Serguï Skripal អតីតភ្នាក់ងារចារកិច្ច ដែលធ្លាប់លួចយកការណ៍ពីរុស្ស៊ីឲ្យអង់គ្លេស
លោក​ Serguï Skripal អតីតភ្នាក់ងារចារកិច្ច ដែលធ្លាប់លួចយកការណ៍ពីរុស្ស៊ីឲ្យអង់គ្លេស REUTERS
ផ្សាយពាណិជ្ជកម្ម

លោក សែកហ្គីយ ស្គ្រីប៉ាល់ (Serguï Skripal) អាយុ​ប្រមាណ​៦០ឆ្នាំ ជា​អតីត​វរសេនីយ៍យោធារុស្ស៊ី តែ​បាន​លួច​ធ្វើ​​ការ​ឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។ កាលពី​ជាង​១០ឆ្នាំមុន​ ភ្នាក់​ងារ​សម្ងាត់អង់គ្លេស បាន​​ផ្តល់​លុយឲ្យ​​លោក​ជាង​១០ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ប្រគល់​ឲ្យ​អង់គ្លេស នូវ​បញ្ជីឈ្មោះ​ភ្នាក់​ងារ​សម្ងាត់​រុស្ស៊ី ដែល​កំពុង​ស៊ើប​ការ​ណ៍​នៅ​អ៊ឺរ៉ុប។ អតីត​វរសេនីយ៍យោធារុស្ស៊ី រូប​នេះ ត្រូវ​រុស្ស៊ីចាប់ខ្លួន​​បាន និងកាត់ទោស​ឲ្យ​ជាប់​គុក ចំនួន​​១៣ឆ្នាំ កាលពី​ឆ្នាំ​២០០៦។ ក៏ប៉ុន្តែ ជាប់ពន្ធនាគារ​បា​ន៤ឆ្នាំ លោក សែកហ្គីយ ស្គ្រីប៉ាល់ ក៏​បាន​ត្រូវ​រុស្ស៊ី​បញ្ជូន​ទៅ​ឲ្យ​អង់គ្លេស​ នៅក្នុង​ក្រប​ខណ្ឌ​ចុះ​កិច្ចព្រម​ព្រៀង​ដោះដូរផ្នែក​ចារកិច្ច​។​

នៅពេល​នេះ លោក សែកហ្គីយ ស្គ្រីប៉ាល់ ​ត្រូវ​គេ​យកព្យាបាលនៅ​មន្ទីរពេទ្យ ដោយ​អាការៈ​ជំងឺ​កំពុង​តែ​ដុបដាប​ខ្លាំងមែនទែន​។​ ប៉ូលីស​អង់គ្លេស បាន​ប្រទះ​ឃើញ​រូប​លោក​ជាមួយ​នឹង​ស្រី​ម្នាក់ អាយុ​ប្រហែល​៣០ឆ្នាំ នៅ​បង់​អង្គុយ​មួយ​កន្លែង ក្បែរ​ផ្សារ​ទំនើប ជាយ​ក្រុង​ទីក្រុង​ឡុង។ ពេល​ដែល​ប៉ូលីស​រក​ឃើញអ្នក​​​ទាំង​ពីរនោះ គឺ​​ពួក​គេបាន​បាត់​បង់​ស្មារតី​ទៅហើយ តែក្រោយ​ការពិនិត្យ​ជា​បឋម​​​ គឺ​គ្មាន​ស្លាកស្នាមជាំឬ​របួស​លើរាង​កាយ​អ្វីទេ។​ ​ប៉ូលីសគិត​ថា​ អ្នក​ទាំងពីរ​អាច​ជាមនុស្ស​ធ្លាប់​ស្គាល់​គ្នា។​

នៅ​ល្ងាច​ថ្ងៃអង្គារ៍ ទី​៦មីនា រដ្ឋមន្ត្រីការ​បរទេស​អង់គ្លេស បាន​បញ្ជាក់ថា ​បុរស​ដែល​ត្រូវ​ថ្នាំពុល​នោះ គឺជា​អតីត​ភ្នាក់ងារ​ចារកិច្ច អាយុ​៦៦ឆ្នាំ​ ហើយ​មនុស្ស​ស្រី​វ័យ​៣០ឆ្នាំនោះ គឺ​ជា​កូន​ស្រី​របស់​គាត់។​ ប្រមុខការទូតអង់គ្លេស លើកឡើងដែរថា បើ​ការ​ស៊ើប​អង្គេត រកឃើញថា រដ្ឋ​ឬ​បុគ្គលណា​នៅ​ពីក្រោយអំពើនេះ គឺនឹងត្រូវ​ទទួល​​ការ​ឆ្លើយតប​វិញ យ៉ាង​តឹង​រឹង។

ហេតុ​ការណ៍នេះ ​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​អង់គ្លេស និង​សាធារណមតិ នឹក​គិត​ទៅដល់ការ​បំពុលសម្លាប់​ជនជាតិ​រុស្ស៊ី​ម្នាក់ទៀត គឺ​​លោក លីត៍វីនែនកូ​ (Alexandre Valtérovich Litvinenko) កាលពី​ឆ្នាំ​២០០៦ នៅ​ទីក្រុងឡុងដ្រ៍​។ លោក លីត៍វីនែនកូ ក៏​ធ្លាប់​បានសហការ​ជាមួយ​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​អង់គ្លេស ដើម្បី​ស៊ើប​អង្កេត​ពី​ទំនាក់​ទំនង​របស់​​រុស្ស៊ីជាមួយ​ក្រុម​ជន​អន្ធពាល​ Mafias៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ