អានតួអត្ថបទ
ហុងកុង

ហុង​កុង៖ តុលាការច្រាន​ចោល​សំណើ​របស់​​តំណាង​រាស្ត្រ​ប្រឆាំង ដែល​សុំ​ឱ្យ​លុប​ចោល​ច្បាប់​ធ្វើ​បាតុកម្ម​ត្រូវ​ដោះម៉ាស​បិទមុខ​

តុលាការហុងកុង​​ បា​នសម្រេច​ទាត់​ចោល​សំណើ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​។ ពីសៅរ៍ទី​៥តុលា ​សមាជិក​សភាពហុងកុង​ជាច្រើន​នាក់ បាន​ដាក់​សំណើប្តឹងទៅ​តុលាការ ដើម្បី​សុំ​ឱ្យ​លុប​ចោល​ក្រឹត្យ​​របស់​ថ្នាក់​ដឹកនាំ​ លោក ស្រី ការី ឡាំ ដែល​ចេញ​ច្បាប់​ថ្មី​យ៉ាង​ប្រថុច​ញ៉ុច ហាម​ប្រាម​បាតុករ​មិន​ឱ្យ​ពាក់​ម៉ាស ​ពេល​ធ្វើ​បាតុកម្ម​។ សេចក្តី​សម្រេច​របស់​តុលាការ គឺ​ធ្វើឡើង​នៅពេល​ដែល​បាតុករ​រាប់​ពាន់​នាក់ កំពុងតែ​បន្ត​ស្រែក​ទាមទារ​ ទាំង​នៅក្រោម​តំណក់​ទឹកភ្លៀង​ផង​ នា​ថ្ងៃអាទិត្យ​ ទី៦តុលា​។​

បាតុកម្ម​នៅហុង​កុង ថ្ងៃអាទិត្យ​ទី​៦តុលា
បាតុកម្ម​នៅហុង​កុង ថ្ងៃអាទិត្យ​ទី​៦តុលា REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ក្រឹត្យ​ច្បាប់​ថ្មី​​របស់​ថ្នាក់​ដឹកនាំស្វ័យ​ត​ហុងកុង​​ បាន​ប្រកាសចេញ​ជា​បន្ទាន់ និង​ចូល​ជា​ធរមាន​ដោយ​ប្រថុចញ៉ុច នៅ​ពាក់កណ្តាល​អធ្រាត្រ​ ពី​យប់​ថ្ងៃសុក្រ ដោយ​គ្មាន​បាន​ឆ្លង​កាត់​ការ​ជជែក​ដេញ​ដោល​នៅ​រដ្ឋសភាជាតិសោះ​ឡើយ។​ ដ្បិត​អង្គនីតិប្រតិបត្តិរបស់​លោក ស្រី ការី ឡាំ ​យល់ថា ជាការ​ប្រញាប់​បន្ទាន់​បំផុត​ ត្រូវ​តែ​អនុវត្ត​ភ្លាមភ្លេត​សម្រាប់​ដោះស្រាយ​​ស្ថានភាពដ៏​​អាសន្ន​និង​ដ៏​​ចាំបាច់​មែនទែន​។ ក៏ប៉ុន្តែ ក្រុម​អ្នក​តំណាង​រាស្ត្រ​ជាច្រើន​មកពីបក្ស​ប្រឆាំង​ ដែល​ជា​ក្រុម​អ្នក​គាំទ្របាតុករ​ដើម្បី​លិទ្ធ​ប្រជាធិបតេយ្យ​ បាន​សម្តែង​មតិ​មិន​ជំទាស់​មិន​សប្បាយ​នឹង​ច្បាប់​ដ៏​អាសន្ន​នេះ ហើយសមាជិក​សភាទាំង​នោះ​ បាន​ប្តឹង​ឡើង​តុលាការ​ហុងកុង ​ឱ្យ​សើរើ​មើល​ឡើងវិញ ចំពោះ​ក្រឹត្យ​ច្បាប់​នេះ និង​ពួក​គេ​សុំ​អង្គ​តុលាការ​ឱ្យ​លុប​រំលាយ​ច្បាប់​ថ្មី​នេះ​​ តែម្តង​ទៅ។

តែ​ផ្ទុយស្រឡះ សាលា​ជម្រះ​ក្តី​ជាន់​ខ្ពស់​ហុងកុង​ បែរ​ជា​ច្រាន ​ទាត់​ចោល​សេចក្តី​ស្នើ​របស់អ្នក​តំណាង​រាស្ត្រ​ហុង​កុង​ទៅវិញ។ ការ​តស៊ូ​ទាមទារ​របស់​អ្ន​កច្បាប់​និង​បាតុករ​ហុងកុង មិន​បាន​ផល តែ​ពួក​គេ​នៅតែ​បន្ត​ការ​ទាមទារ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដូច​សព្វដង ដែល​ថ្ងៃអាទិត្យ​នេះ​ ស្ថិតនៅ​ក្រោម​ដំណក់ទឹក​ភ្លៀងយ៉ាង​ជោកជាំ​ និងក្រោម​គ្រាប់​​ផ្សែងឧស្ម័ន​​បង្ហូរទឹក​ភ្នែក​ ដែល​បាញ់​ចេញដោយ​ប៉ូលីស​ហុង​កុង​ផង​។

នៅ​ក្នុង​សប្តាហ៍​នេះ មជ្ឈដ្ឋាន​បាតុករ​និង​មតិសាធារណជន​ជាច្រើន បាន​ថ្កោលទោស​នគរ​បាល​ហុង​កុង​ ដែល​បា​នប្រើ​គ្រាប់​កាំភ្លើង​ពិត​ បាញ់​ទៅ​លើ​យុវជន​បាតុករ​ វ័យ​១៤ឆ្នាំម្នាក់ កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​កាលពីថ្ងៃ​អង្គារ ទី​១តុលា ចំពេល​ខួប​កំណើត​៧០ឆ្នាំ​របស់​បក្ស​កុម្មុនីស្ត​ចិន​ ប៉ូលីសហុងកុង​ ក៏​បាន​បាញ់​គ្រាប់​ពិត​មួយ​គ្រាប់​ដែរ ទៅលើ​យុវជន​ហុងកុង​វ័យ​១៨ឆ្នាំ បណ្តាល​ឱ្យ​របួស​ធ្ងន់។​

ក៏ប៉ុន្តែ ក៏​មាន​ការ​រិះគន់​បាតុករ​ហុង​កុង​វិញ​ខ្លះដែរ ដែល​ហាក់​ដូច​ជា​មាន​សញ្ញាណ​ហិង្សា​កាន់តែ​ច្រើន​ឡើងៗ តាមរយៈ​ការ​វាយ​ដំ​ទាត់​ធាក់​លើប៉ូលីស កម្ទេច​បំផ្លាញ​ហាង​ទំនិត​របស់ចិន និង​វាយ​ដំដាល់​ពួក​​ជនជាតិ​ចិន​តែម្តង។ នៅ​តាម​បណ្តាញ​សង្គម​ នៅថ្ងៃអាទិត្យទី​៦តុលា គេ​បាន​ផ្សាយ​វិដេអូ​ពី​បុរស​ជន​ជាតិ​ចិនម្នាក់ ជាបុគ្គលិក​ធនាគារ​ចិននៅ​ហុងកុង​ ត្រូវវាយ​ដាល់​​ដោយ​​បាតុករ​ម្នាក់​ពាក់​ខោអាវខ្មៅ បិទមុខ​ជិត​។ បុរសចិន​​នោះ ស្រែកជាភាសា​ចិន​ថា «យើង​ជា​ជន​ជាតិ​ចិន​ទាំង​អស់​គ្នា​តើ!» តែ​បាតុករហុងកុង​ដែល​កំពុង​ព័ទ្ធ​ជុំទិស បាន​​ឆ្លើយ​បកវិញថា «យើង​ជា​ហុងកុង! ឯង​ត្រឡប់​ទៅ​ផ្ទះ​របស់​ឯង នៅ​ស្រុក​ចិន​វិញទៅ​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ