អានតួអត្ថបទ
លីប៊ី-បារាំង

រដ្ឋាភិបាលលីប៊ី​ចោទថា​បារាំង​រំលោភ​អធិបតេយ្យភាព​​លីប៊ី​

ក្រោយ​រដ្ឋាភិបាល​បារាំង បាន​ប្រកាស​ពី​ការ​ស្លាប់​របស់​ទាហាន​បារាំង​៣នាក់ ក្នុងទឹកដី​លីប៊ី ថ្ងៃពុធ​២០កក្កដា ម្សិលមិញ រដ្ឋាភិបាល​​លីប៊ី បានសំដែង​ការ​ខឹងសម្បារ​ដោយ​​​ចោទ​​ថា បារាំង​រំលោភ​លើ​អធិបតេយ្យភាព​ ​លីប៊ី។ ម្សិលមិញ​ដែរ នៅតាមក្រុង​ច្រើនកន្លែង​នៅ​លីប៊ី​ ​មនុស្ស​រាប់រយនាក់​បាននាំគ្នា​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​យោធា​បារាំង ក្នុងស្រុក។​

នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ផ្លូវការ​លីប៊ី លោក​Fayez al-Sarraj
នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ផ្លូវការ​លីប៊ី លោក​Fayez al-Sarraj REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធ​ម្សិលមិញ ប្រធានាធិបតី​បារាំង​បានប្រកាស​ពី​ការស្លាប់​របស់​ទាហាន​បារាំង​៣នាក់ ក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ​ នៅ​​លីប៊ី។ ​រដ្ឋាភិបាល​​​លីប៊ី​​ដែល​ប្រទេស​ខាងលិច​ទទួលស្គាល់​​ បាន​​ប្រតិកម្ម​ចោទ​ទៅបារាំង​វិញថា បាន​រំលោភ​បូរណភាព​ដែនដី​លីប៊ី ព្រោះ​បារាំង​មិនបាន​សហការ​ រឺ​​ជូនដំណឹងជាមុន​ដល់​អាជ្ញាធរ​លីប៊ី ពី​សកម្មភាព​យោធា​ខ្លួន។

ការ​ប្រកាស​របស់​អជ្ញាធរ​បារាំង​ពី​មរណភាពទាហាន​បារាំង បានគូសបញ្ជាក់​ជាលើក​ដំបូង​ថា បារាំង​មា​ន​វត្តមាន​យោធា​​​នៅ​លីប៊ី។ ​​កន្លងមក​ ​បារាំង​មិនដែល​បញ្ជាក់​វត្តមា​នកងទ័ព​ពិសេស​ខ្លួន នៅ​លីប៊ី​ទេ។ ក្រោយ​ការ​ប្រកាស​របស់​អាជ្ញាធរ​បារាំង ប្រជាជន​លីប៊ីរាប់រយ​នាក់​បាន​នាំគ្នា​បាតុកម្ម ប្រឆាំង​​​វត្តមា​នយោធា​បារាំង ក្នុងស្រុក។ ​​ក្រុមបាតុករ​បាន​​ទាមទារ​អោយ​ប្រទេស​​​លោកខាងលិច​ឈប់​លូកដៃ​ចូលក្នុង​នយោបាយ​លីប៊ី។ លោក​សាឌីក ​អាល់​ហ្ការីយ៉ានី ជាអ្នក​មា​នឥទ្ធិពល​ខ្លាំង នៅ​លីប៊ី ​មកពី​ចលនា​ភាតរអ៊ីស្លាម​ បាន​សុំអោយ​រដ្ឋាភិបាល​​ចុះពីអំណាច​ និង​សុំអោយ​លីប៊ី​ធ្វើសង្គ្រាម​ប្រឆាំង​បារាំង។

តាំងពីរបប​លោកខាដាហ្វ៊ី​ដួលរំលំ​ ក្នុងឆ្នាំ២០១១មក​ លីប៊ី​ធ្លាក់​ក្នុង​អស្ថិរភាពសន្តិសុខ​​ធ្ងន់ធ្ងរ។ រដ្ឋាភិបាល​ផ្លូវការ​ដែល​ប្រទេស​លោកខាងលិច​ទទួលស្គាល់ និង​រដ្ឋាភិបាល​មិនផ្លូវការ​ដឹកនាំ​ដោយ​លោក​ខាលីហ្វា ហាហ្វតា នៅភាគខាង​កើតប្រទេស កំពុង​ឈ្លោះ​ដណ្តើម​អំណាច​គ្នា។ ​​ក្រុមភេរវជន​​រដ្ឋអ៊ីស្លា​មវិញ​ក៏ក៏​កំពុង​​ធ្វើសកម្មភាព​ក្នុងស្រុកដែរ។ អង្គការ​សហប្រជាជាតិ​បារម្ភ​ថា បើ​ក្រុមរដ្ឋអ៊ីស្លាម​​​​ត្រូវទាហាន​លីប៊ី​កំចាត់​បាន ក្រុម​នេះ​អាច​នឹង​បំបែក​សកម្មជន​ខ្លួនជាក្រុមតូចៗ ​រាយប៉ាយ​​​គ្រប់ទិសទី នៅ​លីប៊ី និង​​​អាហ្វ្រិកខាងជើង។ ​

នៅ​លីប៊ី យន្តហោះ​ទ័ព​បារាំង​​ធ្វើសកម្មភាព​ស៊ើប​ទីតាំង​ក្រុម​រដ្ឋអ៊ីស្លាម។ អាមេរិកក៏​មាន​ទ័ព​ពិសេស​ ​ធ្វើសកម្មភាព​ចារកិច្ចដែរ។ ​សារព័ត៌មា​ន​ផ្សេងៗ​ក៏ធ្លាប់​​លើកឡើង​ពី​វត្តមា​នទាហាន​ពិសេស​អង់គ្លេស​​នៅលីប៊ីដែរ។​ ​​​ប្រជាជន​លីប៊ី​ប្រឆាំងដាច់ខាត​​នឹង​អន្តរាគមន៍​បរទេស​ក្នុង​ស្រុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ