អានតួអត្ថបទ
ស៊ីរី

ការប្រយុទ្ធ​​រវាង​​ទាហាន​​ស៊ីរី​​និង​អ្នក​បះបោរ​​ប្រឆាំង​​បាស្ហារ​​អាល-អាស្សាដ​​ឈានដល់​​ដំណាក់​ការ​មួយថ្មី​​

ពួក​អ្នក​បះបោរ​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​ប្រកាស​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​ ពួកគេ​រៀបចំ​បង្កើត​ “​បេសកកម្ម​យោធា​ទ្រង់ទ្រាយ​ធំមួយ”​ ​ដែលមាន​ឈ្មោះថា​ “ភ្នំភ្លើង​នៃ​ទីក្រុង​ដាម៉ាស​ឬ​ការរញ្ជួយ​ដី​នៅ​ស៊ីរី”​ ​ ដើម្បី​ធ្វើការ​ផ្តួលរំលំ​របប​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ។

ការ​ប្រយុទ្ធ​គ្នា​​ដ៏​ហិង្សា​​រវាង​​ក្រុម​អ្នក​បះបោរ​​និង​​ទាហាន​​ស៊ីរី​​​​ឈាន​ចូល​​ដល់​សង្កាត់​តាដាមូន​នៃ​រដ្ឋធានី​​ដាម៉ាស​ថ្ងៃទី១៥​​កក្កដាឆ្នាំ២០១២
ការ​ប្រយុទ្ធ​គ្នា​​ដ៏​ហិង្សា​​រវាង​​ក្រុម​អ្នក​បះបោរ​​និង​​ទាហាន​​ស៊ីរី​​​​ឈាន​ចូល​​ដល់​សង្កាត់​តាដាមូន​នៃ​រដ្ឋធានី​​ដាម៉ាស​ថ្ងៃទី១៥​​កក្កដាឆ្នាំ២០១២ REUTERS/Shaam News Network
ផ្សាយពាណិជ្ជកម្ម

ជាលើក​ទីមួយ​នៅប្រទេស​ស៊ីរី​ចាប់តាំង​ពីមាន​ការបះបោរ​ប្រឆាំង​ទល់នឹង​អំណាច​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​នៅខែ​មីនា​ឆ្នាំ២០១១មក​ ​ ដែល​ការវាយ​ប្រយុទ្ធគ្នា​ដ៏​សែន​ហិង្សា​ រវាង​ក្រុម​អ្នកបះបោរ​និង​ទាហាន​ស៊ីរី​ ​ បាន​ឈាន​ចូល​ដល់​ក្នុង​រដ្ឋធានី​ដាម៉ាស។

មូលហេតុ​នេះហើយ​ដែលបាន​ធ្វើឲ្យ​គេ​ថ្លែងថា​ “ការប្រយុទ្ធ​រវាង​ទាហាន​ស៊ីរី​និង​អ្នក​បះបោរ​ប្រឆាំង​បាស្ហារ​អាល-អាស្សាដ​ឈាន​ដល់​ដំណាក់ការ​មួយ​ថ្មី”។​ នៅ​ល្ងាច​ថ្ងៃចន្ទ​ទី១៦​កក្កដា​ម្សិលមិញ​ ​ ក្រុមអ្នក​បះបោរ​ប្រឆាំង​ស៊ីរី​បាន​នាំគ្នា​ធ្វើការ​វាយប្រយុទ្ធ​មួយ​ដែលមាន​ទ្រង់ទ្រាយធំ​ ​ ហើយដែល​ពួកគេ​បាន​ឲ្យ​ឈ្មោះថា​ ​​ “ភ្នំភ្លើង​នៃ​ទីក្រុង​ដាម៉ាស​ឬ​ការរញ្ជួយ​ដី​នៅ​ស៊ីរី”។​ ពួក​អ្នកបះបោរ​ស៊ីរី​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ធ្វើការ​វាយប្រយុទ្ធ​សម្រុក​មួយ​នៅ​ទូទាំង​ប្រទេស​ ​ ទៅលើ​ប៉ុស្តិ៍​សន្តិសុខ​ ក៏​ដូចជា​ទៅលើ​ទីកន្លែង​ត្រួតពិនិត្យ​របស់​ប៉ូលិស​និង​ទាហាន។​ ​កងកម្លាំង​ស៊ីរី​សេរី​ចង់​ផងទៀត​ធ្វើការ​កាត់ផ្តាច់​ផ្លូវ​គមនាគមន៍​អន្តរជាតិ​ ​ ដើម្បី​កាត់ផ្តាច់​ផ្លូវ​ដែល​ផ្តល់​ស្បៀងអាហារ​ឲ្យ​រដ្ឋធានី​​ដាម៉ាស។

ម្យ៉ាងទៀត​ ​ ពួក​អ្នកបះបោរ​ស៊ីរី​បាន​ប្រកាស​ឲ្យដឹងថា​ ​ ពួកគេ​នឹង​បង្កើត​ឲ្យមាន​បេសកកម្ម​មាន​ “ទ្រង់ទ្រាយធំ”​ មួយ​ដើម្បី​ជួយ​ផ្តួល​រំលំ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​ ​ ដោយ​ប្រកាស​អំពាវនាវ​ឲ្យ​ “ប្រជាជន​ស៊ីរី​ទូទាំង​ប្រទេស​ឈប់​គោរព​រដ្ឋ​អំណាច​ផ្តាច់ការ”។ ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ ​ ពួកអ្នក​ប្រឆាំង​ស៊ីរី​បាន​អំពាវនាវ​ឲ្យ​ក្រុមទាហាន​ដែល​បម្រើ​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​ឲ្យ​រត់ចោលជួរ​ ​ ដែលគេ​កត់​សម្គាល់​ឃើញមាន​កាន់តែ​ច្រើនឡើង។​ ហើយផ្លូវ​គមនាគមន៍​សំខាន់ៗ​នឹង​ត្រូវ​កាត់ផ្តាច់​ ​ ដើម្បី​ធ្វើឲ្យ​ចលនា​របស់​ទាហាន​បម្រើ​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​នៅ​គាំងស្ទះ។​ គួរបញ្ជាក់ថា​ ​ កាលពី​ម្សិលមិញ​ផ្លូវ​តភ្ជាប់​ពី​ព្រលាន​យន្តហោះ​ទៅ​ទីក្រុង​ដាម៉ាស​បាន​ត្រូវ​កាត់ផ្តាច់​អស់​រយៈពេល​មួយម៉ោង​ ​ ហើយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​សន្តិសុខ​បាន​ត្រូវ​ទទួលរង​ការវាយ​ប្រហារ​ពុំឈប់ឈរ។​ បេសកកម្ម​អស់ទាំងនេះ​ទើបនឹង​កើតមាន​ជាលើក​ទីមួយ​ ចាប់តាំង​ពីមាន​ការបះបោរ​ប្រឆាំង​ទល់នឹង​អំណាច​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​នៅខែ​មីនា​ឆ្នាំ២០១១មក​ ​ បេសកកម្ម​ដែល​គេបាន​ឲ្យ​ឈ្មោះថា​ “ភ្នំភ្លើង​នៃ​ទីក្រុង​ដាម៉ាស​ឬ​ការរញ្ជួយ​ដី​នៅ​ស៊ីរី”​ ​ ដើម្បី​ធ្វើការ​ផ្តួលរំលំ​របប​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ។​ សេចក្តី​ថ្លែងការណ៍​នេះ​បានត្រូវ​ចុះ​ហត្ថលេខា​ដោយ​មេបញ្ជាការ​រួម​Homs-ASL ឬ​កងកម្លាំង​ស៊ីរី​សេរី។

ថ្ងៃចន្ទ​ទី១៦​កក្កដា​ឆ្នាំ២០១២​ ​ ជាលើក​ទីមួយ​នៅប្រទេស​ស៊ីរី​ចាប់តាំង​ពីមាន​ការបះបោរ​ប្រឆាំង​ទល់នឹង​អំណាច​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​នៅខែ​មីនា​ឆ្នាំ២០១១មក​ ​ ដែល​ការវាយ​ប្រយុទ្ធគ្នា​ដ៏​សែន​ហិង្សា​រវាង​ក្រុម​អ្នកបះបោរ​និង​ទាហាន​ស៊ីរី​ ​ បាន​ឈាន​ចូល​ដល់​ក្នុង​រដ្ឋធានី​ដាម៉ាស​ ​ និង​សង្កាត់​មួយចំនួន​ជិត​កណ្តាល​ទីក្រុង។​ រដ្ឋធានី​ដាម៉ាស​គឺជា​កំពែង​និងជា​និមិត្តរូប​ការពារ​អំណាច​ក្តោបក្តាប់​ដោយ​ប្រធានាធិបតី​បាស្ហារ​អាល-អាស្សាដ។

នៅ​លើ​សមរភូមិ​វិញ​ ​ កងកម្លាំង​រដ្ឋាភិបាល​នៅ​មាន​ប្រៀបជាង​កងកម្លាំង​បះបោរ​ ​ ទាំងចំនួន​ទាហាន​ ​ ទាំងគ្រឿង​សម្ភារៈ​យុទ្ធភ័ណ្ឌ។​ កងកម្លាំង​រដ្ឋាភិបាល​អាស្សាដ​មាន​តាំងពី​រថក្រោះ​ ​ ឧទ្ធម្ភាគចក្រ​ ​ កាំភ្លើងធំ​.....។ល។.....​ ​ ដូច្នេះ​បើ​ប្រសិនជា​មាន​ការ​វាយ​ប្រឈមមុខ​ដាក់គ្នា​ដោយចំៗ​ ​ កងកម្លាំង​ស៊ីរី​សេរី​ ASL ពុំអាច​យក​ជ័យជំនះ​បានឡើយ។

ក៏​ប៉ុន្តែ​ កងកម្លាំង​ស៊ីរី​សេរី​ ASL ​អាច​ធ្វើការ​វាយ​ប្រហារ​ឡោមព័ទ្ធ​ពុំ​ឈប់ឈរ​ទៅលើ​កងកម្លាំង​រក្សា​សន្តិសុខ​របស់​បាស្ហារ​អាល-អាស្សាដ​ជា​រៀងរាល់​ថ្ងៃ។​ ជាក់ស្តែង​ ១៦ខែ​ក្រោយពី​មានការ​ងើប​បះបោរ​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ ​ ហើយនិង​ក្រោយពី​មាន​ការ​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​ ​ ពួក​អ្នក​បះបោរ​ស៊ីរី​នៅតែ​បន្ត​ធ្វើការ​វាតទី​កន្លែង​កាន់កាប់​របស់​ខ្លួន​កាន់តែ​ខ្លាំងឡើងៗ​ ​ រហូត​ដល់​មាន​ការវាយ​ប្រយុទ្ធគ្នា​ដ៏​សែន​ហិង្សា​ រវាង​ក្រុម​អ្នកបះបោរ​និង​ទាហាន​ស៊ីរី​ ​ ឈាន​ចូល​ដល់​ក្នុង​រដ្ឋធានី​ដាម៉ាស​ផងទៀត។

បច្ចុប្បន្ននេះ​ យុទ្ធជន​នៃ​ កងកម្លាំង​ស៊ីរី​សេរី​ ASL ​ជាច្រើន​បាន​នាំគ្នា​មក​ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីក្រុង​ដាម៉ាស​ ​ ហើយពួកគេ​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​ទាហាន​រដ្ឋាភិបាល​រហូត​ដល់​ជាយទីក្រុង​និង​កណ្តាល​ទីក្រុង​ដាម៉ាស។​ នេះ​ជា​យុទ្ធសាស្ត្រ​របស់​ កងកម្លាំង​ស៊ីរី​សេរី​ ASL ​។​ ហើយ​កាលពី​ល្ងាច​ម្សិលមិញ​ កងកម្លាំង​ស៊ីរី​សេរី​ ASL ​បាន​វាយ​ក្តោបក្តាប់​កាន់កាប់​សង្កាត់​មីដាន​ តាដាមូន​ផងទៀត​ ​ ទីក្រុង​ដាម៉ាស​ដែល​តែង​ល្បីថា​ ​ ជាកំពែង​ការពារ​ដ៏មុតមាំ​អំណាច​របស់​បាស្ហារ​អាល-អាស្សាដ។

ក្នុង​ខណៈពេល​ដែល​ការវាយ​ប្រហារគ្នា​ដ៏​ហិង្សា​កំពុង​កើតមាន​នៅ​ទីក្រុង​ដាម៉ាស​ ​ ការរិះរក​ដំណោះ​ស្រាយ​តាមរយៈ​ផ្លូវទូត​នៅតែ​ជួបនឹង​ការគាំងស្ទះ។​ ប្រទេស​រុស្ស៊ី​នៅតែ​បន្ត​ធ្វើការ​ខាឃាំង​ពុំឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​ថ្កោលទោស​និង​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ ​ ដោយប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​របស់ខ្លួន​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​។​ នៅថ្ងៃ​អង្គារនេះ​ បេសកជន​ពិសេស​របស់​អ.ស.ប.លោក​កូហ្វី​អាណាន​អញ្ជើញ​ទៅ​ទីក្រុង​ម៉ូស្គូ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី​ ពូទីន​ ពី​ការ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។

មុន​ការអញ្ជើញ​មកដល់​ទីក្រុង​ប៉េកាំង​ដោយ​លោក​ បាន​ គីមូន​ អគ្គលេខាធិការ​នៃ​អ.ស.ប.​ដែល​គ្រោង​ទាមទារ​ឲ្យ​ប្រទេសចិន​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ធ្វើឲ្យ​របប​គ្រប់គ្រង​ស៊ីរី​បច្ចុប្បន្ន​ប្តូរប្រែ​ឥរិយាបថ​របស់ខ្លួន​ ​ ដើម្បី​ឈាន​ទៅរក​ការដោះស្រាយ​វិបត្តិ​ ​ ប្រទេសចិន​តាម​រយៈ​សារព័ត៌មាន​ប្រជាជន​បាន​ថ្លែង​ឲ្យដឹងថា​ ​ ទីក្រុង​ប៉េកាំង​ប្រឆាំង​ទល់នឹង​រាល់​អន្តរាគមន៍​បរទេស​នៅក្នុង​ប្រទេស​ស៊ីរី។

ទីក្រុង​វ៉ាស៊ីនតោន​​ឯណោះវិញ​ ​ កងកម្លាំង​ម៉ារីន​អាមេរិកាំង​បាន​ពន្លឿន​ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​អាមេរិកាំង​ទៅកាន់​ដើមបូព៌ា​ ​ ដើម្បី​ធ្វើការ​ប្រឈមមុខ​ទល់នឹង​ភាព​តានតឹង​ដែល​កើតមាន​ក្នុង​តំបន់​ ​ ជាពិសេស​វិបត្តិ​នៅ​ប្រទេស​អ៊ីរ៉ង់​និង​នៅ​ប្រទេស​ស៊ីរី។​ នេះ​ជាការ​គូស​បញ្ជាក់​ដោយ​លោក​ George Little អ្នកនាំពាក្យ​នៃ​មន្ទីរ​ប៉ង់តាហ្គោន​នៅ​ថ្ងៃចន្ទ​ម្សិលមិញ។

បើ​ប្រសិនជា​ ស្ថានភាព​ធ្លាក់​ចុះ​កាន់តែ​ដុនដាបទៅៗ​ ​ ដើម្បី​បន្ត​ក្តោប​ក្តាប់​អំណាច​ ស្ហារ​អាល-អាស្សាដ​ អាច​​យក​អាវុធ​គីមី​មកប្រើ​ប្រឆាំង​ទល់នឹង​ប្រជាជន​ខ្លួនឯង។​ នេះជាការ​ថ្លែង​បញ្ជាក់​ប្រាប់​ដោយ​Nawaf Farès ​អតីត​ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់​ដែលបាន​រត់ចោល​របបគ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​នៅ​ថ្ងៃទី​១១កក្កដា​ឆ្នាំ២០១២​កន្លងទៅ​ ​ តាមរយៈ​វិទ្យុ​អង់គ្លេស​ BBC ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ