rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ដើមបូព៌ា នយោបាយ បាតុកម្ម សភា អាហ្វ្រិក អេហ្ស៊ីប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​​ម័រស៊ី​​ធ្វើផ្គើន​​​យោធា​​ដោយចេញ​​ក្រឹត្យ​​រៀបចំ​​សភា​​អេហ្ស៊ីប​​ឲ្យមាន​​សុពលភាព​​ឡើងវិញ​​

media
ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​ លោក​ ម៉ូហាមេដ​ ម័រស៊ី​ © REUTERS

៨ថ្ងៃ​ក្រោយពី​បាន​ចូល​កាន់កាប់​តំណែង​ ​ ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​លោក​ ម៉ូហាមេដ​ ម័រស៊ី​ ដែលជា​អ្នក​អ៊ីស្លាមនិយម​ ​ បាន​សម្រេច​ចេញក្រឹត្យ​ប្រកាស​ដាក់​សភា​អេហ្ស៊ីប​ឲ្យ​មាន​សុពលភាព​និង​មាន​សកម្មភាព​ប្រក្រតី​ឡើងវិញ។​ សភា​អេហ្ស៊ីប​ដែល​បាន​ត្រូវ​រំលាយ​ដោយ​សេចក្តី​សម្រេចចិត្ត​របស់​តុលាការ។​ សេចក្តី​សម្រេចចិត្ត​នេះ​បាន​បណ្តាល​ឲ្យ​ក្រុម​ភាតរបុត្រ​អ៊ីស្លាម​កើតមាន​ក្តី​ក្រេវក្រោធ​យ៉ាងខ្លាំង។​

ដូច្នេះ​នៅ​ថ្ងៃអង្គារ​ទី១០​កក្កដា​នេះ​ ប្រទេស​អេហ្ស៊ីប​ពិតជា​ឋិត​នៅក្នុង​ស្ថានភាព​នយោបាយ​មួយ​ដ៏សែន​តានតឹង។


ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​លោក​ ម៉ូហាមេដ​ ម័រស៊ី​ ពុំឲ្យ​ខាតបង់​ពេលវេលា​ឡើយ​ ​ ៨ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​បាន​ចូល​កាន់កាប់​តំណែង​ ​ លោកបាន​បញ្ចេញ​សំញែង​អនុភាព​របស់​អ្នក​អ៊ីស្លាម​និយម​អេហ្ស៊ីប​ដាក់​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា។​ ចប់ហើយ​សុន្ទរកថា​ដែល​ពោរពេញ​ដោយ​ការ​សម្រាល​ភាពតានតឹង​នាឱកាស​ថ្លែង​ឡើង​កាន់​អំណាច​នៅថ្ងៃ​ទី៣០​មិថុនា​កន្លងទៅ។​ នៅថ្ងៃ​អាទិត្យ​ទី៨​កក្កដា​ឆ្នាំ២០១២​ នៅ​ខណៈពេល​ដែល​ ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​លោក​ ម៉ូហាមេដ​ ម័រស៊ី​ បាន​ធ្វើការ​ប្រកាស​ចេញក្រឹត្យ​ដាក់​សភា​អេហ្ស៊ីប​ឲ្យ​មាន​សុពលភាព​និង​មាន​សកម្មភាព​ប្រក្រតី​ឡើងវិញ​ ​ គឺ​លោកប្រធានាធិបតី​អេហ្ស៊ីប​ពិតជា​ចង់​សំញែង​កម្លាំង​និង​អនុភាព​របស់​អ្នក​អ៊ីស្លាមនិយម​អេហ្ស៊ីប​ដាក់​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា​ដែល​ជាអ្នក​គាំទ្រ​សេចក្តី​សម្រេចចិត្ត​របស់​តុលាការ​ជាន់ខ្ពស់​អេហ្ស៊ីប​ដែល​បាន​ប្រកាស​រំលាយ​សភា​អេហ្ស៊ីប។

 
រឿងរ៉ាវ​អស់ទាំងនេះ​កើតមាន​តាំងពី​ថ្ងៃទី​១៥​មិថុនា​កន្លងទៅ​ ​ នៅពេល​ដែល​តុលាការ​ជាន់ខ្ពស់​ធម្មនុញ្ញ​អេហ្ស៊ីប​បាន​ប្រកាស​សម្រេច​ពី​ “អសុពលភាព”​ នៃ​រដ្ឋសភា​អេហ្ស៊ីប​ ​ ដោយហេតុ​ថា​ ​ “​មាន​អាសនៈ​មួយ​ចំនួន​បាន​ត្រូវ​កាន់កាប់​ដោយ​អ្នកតំណាង​រាស្ត្រ​ដែល​គ្មាន​សិទ្ធិ​គ្រប់គ្រាន់​មក​ឈរឈ្មោះ​ចូល​រួម​ធ្វើការ​បោះឆ្នោត”។
 
ទាំងនេះហើយ​ដែលបាន​ធ្វើឲ្យ​ក្រុម​ភាតរបុត្រ​អ៊ីស្លាម​អេហ្ស៊ីប​ខឹង​ក្រេវក្រោធ​យ៉ាងខ្លាំង។​ ក្រុម​អ៊ីស្លាម​និយម​អេហ្ស៊ីប​ដែល​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​អេហ្ស៊ីប​បាន​មើលឃើញ​ថា​ ​ សេចក្តី​ប្រកាស​សម្រេច​ពី​ “អសុពលភាព”​ នៃ​រដ្ឋសភា​អេហ្ស៊ីប​ដោយ​តុលាការ​ជាន់ខ្ពស់​ធម្មនុញ្ញ​អេហ្ស៊ីប​គឺជា​ទង្វើ​របស់​ក្រុមយោធា​អេហ្ស៊ីប​ដែល​នៅ​ពីក្រោយ​ហើយ​ចង់នៅ​បន្ត​ក្តោប​ក្តាប់​កាន់កាប់​រដ្ឋអំណាច។​ ក្រុម​ភាតរបុត្រ​អ៊ីស្លាម​អេហ្ស៊ីប​បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​ជាច្រើន​ថ្ងៃ​នៅ​ទីលាន​សេរីភាព​ “តាហ៍រា”​ នៅ​ទីក្រុង​គែរ។​ ចន្លោះ​ពេលនោះ​ ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អេហ្ស៊ីប​បាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី១៦និង១៧​មិថុនា​ឆ្នាំ២០១២។​ ពេញ​មួយ​សប្តាហ៍​ ​ ប្រទេស​អេហ្ស៊ីប​ទាំងមូល​ឋិត​នៅ​ក្នុង​សភាព​ពុំ​ជាក់ច្បាស់​ ​ ដោយ​គេ​ពុំ​ដឹងថា​ ​នរណា​ជាអ្នក​ឈ្នះឆ្នោត។​ ហើយបន្ថែម​ពី​លើនេះ​ ​ ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា​អេហ្ស៊ីប​បាន​ឆ្លៀត​ដាក់​កម្រិត​ទៅលើ​ “អំណាច​របស់​ប្រធានាធិបតី”។
 
ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ ម៉ូហាមេដ​ ម័រស៊ី​ ក្រោយពី​បាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​អេហ្ស៊ីប​បានតែ​៨ថ្ងៃ​ប៉ុណ្ណោះ​ ​ ក៏​បាន​ចេញ​ក្រឹត្យ​ប្រកាស​ដាក់​សភា​អេហ្ស៊ីប​ឲ្យ​មាន​សុពលភាព​និង​មាន​សកម្មភាព​ប្រក្រតី​ឡើងវិញ។​ តើ​ទាំងនេះ​ ដើម្បី​អ្វី?​ ​ ទាំងនេះ​គឺ​ពិតជា​ដើម្បី​ខាឃាំង​កុំឲ្យ​រដ្ឋអំណាច​ធ្លាក់​ទៅក្នុង​កណ្តាប់​ដៃ​របស់​ ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា​អេហ្ស៊ីប​តទៅទៀត។
 
ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា​អេហ្ស៊ីប​បាន​ជួប​ប្រជុំគ្នា​ជាបន្ទាន់​​ ​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​មាន​សេចក្តី​សម្រេចចិត្ត​របស់​ប្រធានាធិបតី​អេហ្ស៊ីប​ ​លោក​ម៉ូហាមេដ​ម័រស៊ី​ ​ ហើយ​ក្រុម​យោធា​បាន​ថ្លែង​គូស​បញ្ជាក់​ពី​ “សារៈសំខាន់​ក្នុងការ​គោរព​រដ្ឋធម្មនុញ្ញ”​ ។​ ទាំងនេះ​បាន​សេចក្តី​ថា​ ក្រុមយោធា​ចង់និយាយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ពួក​គេ​បាន​ធ្វើការ​កែទម្រង់​ ​ ដើម្បី​ឲ្យ​ក្រុម​យោធា​អេហ្ស៊ីប​អាច​បន្ត​ក្តោបក្តាប់​កាន់កាប់​អំណាច​តទៅទៀត។
រីឯ​តុលាការ​ជាន់ខ្ពស់​ធម្មនុញ្ញ​វិញ​ ​ បាន​​ប្រកាស​តាមរយៈ​សេចក្តី​ថ្លែងការណ៍​ថា​ ​ “រាល់​សេចក្តី​សម្រេចចិត្ត​របស់​ តុលាការ​ជាន់ខ្ពស់​ធម្មនុញ្ញ​ ពុំ​អាច​តវ៉ា​ប្រកែកបាន​ឡើយ​ ​ ហើយត្រូវ​តែ​គោរព​ដោយ​គ្រប់​ស្ថាប័ន​របស់​រដ្ឋ”។
 
ទោះជា​យ៉ាងណា​ក៏ដោយ​ ប្រធាន​សភា​អេហ្ស៊ីប​ លោក​ Saad al-Katani ​ដែល​ចេញ​ពី​ក្រុម​អ៊ីស្លាម​ភាតរបុត្រ​បាន​ចេញ​ប្រកាស​កោះហៅ​ឲ្យ​មាន​កិច្ចប្រជុំ​នៅ​សភា​អេហ្ស៊ីប​នៅ​ថ្ងៃ​អង្គារ​ទី១០​កក្កដា​ឆ្នាំ២០១២នេះ។
 
ចំណែកឯ​អ្នកតំណាងរាស្ត្រ​ចេញពី​បក្ស​យុត្តិធម៌​និង​សេរីភាព​ ​ ដែលជា​ទូកញ្ចក់​នយោបាយ​របស់​ពួក​អ៊ីស្លាម​ភាតរបុត្រ​ថ្លែង​ប្រកាសថា​ ​"ពួកគេ​គាំទ្រ​​ ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​លោក​ ម៉ូហាមេដ​ ម័រស៊ី ​ ១០០%"។
 
ដូច្នេះ​ ​ ប្រទេស​អេហ្ស៊ីប​ពិតជា​កំពុង​ឋិត​នៅ​ក្នុង​ស្ថានភាព​ “អស្ថិរភាព​នយោបាយ”​ មួយ​ដ៏​គួរឲ្យ​សែន​បារម្ភ។​ ចំណែកឯ​អ្នកឯកទេស​ខាងច្បាប់វិញ​ ​ ក៏មាន​ខ្វែង​គំនិត​នឹងគ្នា​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​សភា​អេហ្ស៊ីបនេះ។
 
សូមបញ្ជាក់ថា​ ​ ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​លោក​ ម៉ូហាមេដ​ ម័រស៊ី ​បាន​ថ្លែង​សន្យា​នៅ​ថ្ងៃអាទិត្យ​ទី៨​កក្កដា​ម្សិលម៉្ងៃ​ថា​ ​ នឹង​ប្រកាស​ឲ្យ​មាន​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ថ្មី​ពីរខែ​ក្រោយពី​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​ដើម្បី​អនុម័ត​ទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី៕