អានតួអត្ថបទ
បាតុភូតធម្មជាតិ-ការកើនឡើងកំដៅផែនដី

បាតុភូតអេលនីញ៉ូនឹងបណ្តាលឲ្យមានគ្រោះរាំងស្ងួតនិងទឹកជំនន់នៅចុងឆ្នាំ២០១៤

យោង​តាម​ការ​ព្យាករណ៍​របស់​អង្គការ​ឧតុនិយម​អន្តរ​ជាតិ ​​ លទ្ធភាព​ដែល​អាច​កើត​មាន​បាតុភូត​អេលនីញ៉ូ​ អាច​នឹង​ឈាន​ឡើង​ដល់​៨០​ភាគរយ​ នៅ​ចុង​ឆ្នាំ​២០១៤​នេះ។ អង្គការ​ឧតុនិយម​អន្តរជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ទី​ស្នាក់​ការ​របស់​ខ្លួន​ នៅ​ទី​ក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស។

ទឹកជំនន់នៅប៉េរូកាលពីឆ្នាំ៩៨បណ្តាលមកពីបាតុភូតអេលនីញ៉ូ
ទឹកជំនន់នៅប៉េរូកាលពីឆ្នាំ៩៨បណ្តាលមកពីបាតុភូតអេលនីញ៉ូ Domaine public
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ​ អង្គការ​ឧតុនិយម​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​រួច​មក​ហើយ​ថា ​បាតុភូត​អេលនីញ៉ូ​អាច​នឹង​កើត​មាន​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ។​ តែ​ពេល​នេះ​ក្រុម​អ្នក​ជំនាញ​ឧតុនិយម​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​មួយ​ទៀត​ថា​ បាតុភូត​អេលនីញ៉ូ​អាច​នឹង​កើត​មាន​ក្នុង​កម្រិត​គូរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ចុង​ឆ្នាំ​នេះ។ ​អ្នក​នាំ​ពាក្យ​របស់​អង្គការ​នេះ​ បាន​បញ្ជាក់​ថា​ មាន​ប្រទេស​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ត្រៀម​ខ្លួន​រួច​ទៅ​ហើយ​ ពី​ការ​មក​ដល់​នៃ​បាតុភូត​ធម្មជាតិ​នេះ។​ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​បាន​បន្ថែម​ថា ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ តំបន់​ណា​នឹង​ត្រូវ​ទទួល​រង​ការ​ប៉ះពាល់​ដោយ​សារ​បាតុភូត​នេះ​នៅ​ឡើយ​ទេ​ ​ព្រោះ​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​នូវ​ទិន្ន័យ​បាន​ច្បាស់​លាស់។

 
គួរ​បញ្ជាក់​ថា បាតុភូត​អេលនីញ៉ូ​គឺ​ជា​ បាតុភូត​ធម្មជាតិ​មួយ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​តាម​តំបន់​មួយ​ចំនួន។ ​បាតុភូត​នេះ​បណ្តាល​មក​ពី​ការ​ឡើង​កំដៅ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិច​ ដែល​កំដៅ​នោះ​នឹង​បង្ក​ជា​ចំហាយ​អណ្តែត​ទៅ​លើ​លំហ​អាកាស។​ ចំហាយ​ក្តៅ​ទាំង​នោះ​ នឹង​បណ្តាល​ឲ្យ​មាន​​សម្ពាធ​សីតុណ្ហភាព​ក្តៅ​ហួត​ហែង​ នៅ​តាម​តំបន់​ដែល​វា​ឆ្លង​កាត់ ​ហើយ​អាច​បង្ក​ជា​ខ្យល់​ព្យុះ​  រឺ​ភ្លៀង​ធ្លាក់​ជា​គំហុក។​ ពោល​គឺ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់ ឯ​តំបន់​ខ្លះ​ទៀត​ជួប​គ្រោះ​រាំង​ស្ងួត​ក្តៅ​ហួត​ហែង។ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ជំនាញ បាតុភូត​នេះ​កើត​ឡើង​នៅ​ចន្លោះ​ពី​២​ ទៅ​ ៧​ឆ្នាំ​ម្តង។ ​កន្លង​មក​ បាតុភូត​នេះ​បាន​កើត​ឡើង​កាល​ពី​ចន្លោះ​ឆ្នាំ​២០០៩-២០១០។ ​យោង​តាម​សម្តី​របស់​លោក​ ម៉ាក្ស ឌីលៃ ​ប្រធាន​ផ្នែក​ព្យាករណ៍​ឧតុនិយម​ បាតុភូត​លើក​នេះ​អាច​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តំបន់​ជា​ច្រើន។​ បាតុភូត​នេះ​ក៏​ជះ​ឥទ្ធិពល​ផង​ដែរ​ ទៅ​លើ​ការ​ឡើង​កំដៅ​ផែនដី​ គួប​ផ្សំ​ជា​មួយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​មាន​ទួនាទី​ស្រូប​យក​ឧស្ម័ន​កាបូនិក​ ដែល​ជា​ប្រភព​នៃ​កំណើន​សីតុណ្ហភាព​ក្នុង​បរិយាកាស។

ជា​ការ​ពិតណាស់ ​គ្រោះ​រាំង​ស្ងួត​ រឺ​ទឹក​ជំនន់​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​សង្គម​ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ក្រី​ក្រ ​ដែល​ភាគ​ច្រើន​ ប្រជាពលរដ្ឋ​ទាំង​នោះ​ពឹង​ផ្អែក​ទៅ​លើ​របរ​កសិកម្ម។​ ​គ្រោះ​ទឹក​ជំនន់ រឺ​គ្រោះ​រាំង​ស្ងួត​ នឹង​បំផ្លាញ​ផល​ដំណាំ​កសិកម្ម ហើយ​តំលៃ​គ្រាប់​ធុញ្ញជាតិ​នឹង​ឡើង​ថ្លៃ  ព្រោះ​ថា​តម្រូវ​ការ​នឹង​កាន់​តែ​កើន​ឡើង​លើស​ពី​ការ​ផលិត​បាន។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ទឹក​ជំនន់​នឹង​បំផ្លាញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ស្ពាន​ ថ្នល់​ជា​ដើម។ នេះ​នៅ​មិន​រាប់​ទាំង​ការ​រីក​រាល​ដាល​ នូវ​ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ហួតហែង​ រឺ​ទឹក​ជំនន់​ ​ដូច​ជា​ជំងឺ​អាសន្នរោគ រឺ​ជំងឺ​គ្រុន​ចាញ់​ជា​ដើម។

ស្រប​ពេល​ដែល​វិទ្យាសាស្រ្ត​មាន​ការ​ជឿន​លឿន ​ការ​ព្យាករណ៍​បាតុភូត​ធម្មជាតិ​កាន់​តែ​មាន​ភាព​​ច្បាស់លាស់។​ ការ​ព្យាករណ៍​ទុក​មុន​នេះ​នឹង​អាច​អនុញ្ញាត​ ឲ្យ​ប្រទេស​ទាំង​អស់​ត្រៀម​ខ្លួន​ចាត់​វិធាន​ការ​ទប់​ស្កាត់​ រឺ​បន្ធូរ​បន្ថយ​ផល​ប៉ះពាល់ ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្លួន។ ​តែ​ទោះ​ជា​យ៉ាង​ណា មាន​តែ​បណ្តា​ប្រទេស​ដែល​មាន​លទ្ធភាព​ ​និងមាន​​ធន​ធាន​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​ ដែល​អាច​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ​សម្រាប់​ប្រទេស​ក្រីក្រ​ ហើយបើ​​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ទៀត​នោះ ប្រជាជន​មាន​តែ​សង្ឃឹម​លើ​មេឃ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ