តើការចម្លងប្រាសាទអង្គរវត្តជាការរំលោភកម្មសិទ្ធិបញ្ញាដែរឬទេ?
ព័ត៌មានស្តីពីការណ៍ដែលអង្គការក្រៅរដ្ឋាភិបាលមួយ នៅឥណ្ឌា កំពុងរៀបចំសាងសង់ប្រាសាទ ដោយចម្លងតាមទាំងស្រុងពីប្រាសាទអង្គរវត្តរបស់កម្ពុជា កំពុងតែធ្វើឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ការបញ្ចេញយោបល់ប្រឆាំងនឹងការចម្លងនេះក៏កំពុងតែផុសផុលខ្លាំង ក្នុងចំណោមប្រជាជនកម្ពុជាជាទូទៅ។ ចំណែកក្នុងជួរមន្រ្តីរដ្ឋាភិបាលកម្ពុជាវិញ គេឃើញមានការបញ្ចេញយោបល់ខុសៗគ្នាជុំវិញបញ្ហានេះ។ សំណួរសួរថា តាមផ្លូវច្បាប់ តើការចម្លងប្រាសាទអង្គរវត្តនេះ គឺជាការរំលោភលើកម្មសិទ្ធិបញ្ញាដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៥:៥៣
ការសង់ប្រាសាទថ្មី ដោយចម្លងតាមប្រាសាទអង្គរវត្ត ដែលគេកំពុងធ្វើនៅឥណ្ឌា នៅពេលនេះ គឺចូលក្នុងករណីចម្លងស្នាដៃស្ថាបត្យកម្ម ដែលជាផ្នែកមួយ នៃសិទ្ធិអ្នកនិពន្ធ។ នៅក្នុងក្របខ័ណ្ឌច្បាប់កម្ពុជា ស្នាដៃស្ថាបត្យកម្ម ទទួលបាននូវការការពារពីសំណាក់ច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣។
នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ សិទ្ធិអ្នកនិពន្ធទទួលបាននូវការការពារពីសំណាក់អនុសញ្ញាសំខាន់ៗពីរ គឺអនុសញ្ញាក្រុងប៊ែន (Berne Convention 1886) និងអនុសញ្ញាក្រុងហ្សឺណែវ ស្តីពីសិទ្ធិជាសកលនៃអ្នកនិពន្ធ (Universal Copyright Convention 1952)។ កម្ពុជា និងឥណ្ឌា គឺជាសមាជិកនៃអនុសញ្ញាក្រុងហ្សឺណែវនេះ។ ម្យ៉ាងទៀត ប្រទេសទាំងពីរសុទ្ធសឹងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ។ ដូច្នេះ ឥណ្ឌាមានកាតព្វកិច្ចគោរពសិទ្ធិអ្នកនិពន្ធ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា។
ក៏ប៉ុន្តែ ទាំងនៅក្នុងច្បាប់កម្ពុជា និងនៅក្នុងអនុសញ្ញាអន្តរជាតិ ស្នាដៃស្ថាបត្យកម្មមិនទទួលបាននូវការការពារជារៀងរហូត ដោយគ្មានកាលកំណត់នោះទេ។ ច្បាប់របស់កម្ពុជា (ក៏ដូចជាអនុសញ្ញាក្រុងប៊ែន) បានកំណត់ថា សិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធទទួលបានការការពារតែក្នុងរយៈពេល ៥០ឆ្នាំប៉ុណ្ណោះ ក្រោយពីការស្លាប់របស់អ្នកនិពន្ធ។
ដូច្នេះ ស្នាដៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលសាងសង់ដោយអតីតព្រះមហាក្សត្រខ្មែរ តាំងពីរាប់រយឆ្នាំមកហើយនោះ ប្រាកដជាត្រូវហួសពេលកំណត់ ដែលការពារដោយច្បាប់ហើយ។
នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូវិញ ប្រាសាទអង្គរវត្ត ដែលត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទទួលបាននូវការការពារពីសំណាក់ អនុសញ្ញា ឆ្នាំ១៩៧២។ ក៏ប៉ុន្តែ អនុសញ្ញានេះ មានចែងតែអំពីការការពារ និងការអភិរក្សប្រាសាទ កុំឲ្យបាក់បែក ឬខូចខាតតែប៉ុណ្ណោះ មិនមានចែងអំពីការការពារស្នាដៃស្ថាបត្យកម្ម ពីការថតចម្លងនោះទេ។
នៅក្នុងការអនុវត្តជាក់ស្តែង ការចម្លងសម្បត្តិវប្បធម៌ ដែលជាបេតិកភណ្ឌពិភពលោក មិនមែនទើបតែនឹងកើតមានឡើង ចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជានៅពេលនេះទេ។ Tour Eiffel របស់បារាំងត្រូវបានគេចម្លងប្រមាណជា ៣០ ដូចជា Tour Eiffel នៅកាស៊ីណូ Las Vegas (សហរដ្ឋអាមេរិក) ដែលជាការចម្លងដូចបេះបិទ គ្រាន់តែមានទំហំទាបជាងពាក់កណ្តាល។ អង់តែន Tokyo Tower នៅជប៉ុន សង់យកលំនាំតាម ហើយមានកម្ពស់ខ្ពស់ជាង Tour Eiffel មែនទែន ដោយគ្រាន់តែលាបពណ៌ខុសគ្នា (ពណ៌ស លាយក្រហម)។
ករណីសង់ចម្លងក្នុងទំហំប៉ុនរបស់ដើម គេក៏ធ្លាប់មានដែរចំពោះ Stonehenge របស់អង់គ្លេស (សង់ចម្លងនៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក) Parthenon របស់ក្រិក (សង់ចម្លងនៅទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក)។ Taj Mahal របស់ឥណ្ឌាខ្លួនឯងក៏ត្រូវបានគេសង់ចម្លងដូចគ្នាបេះបិទដែរ នៅក្នុងប្រទេសបង់ក្លាដែស។
គួរបញ្ជាក់ថា ការសង់ចម្លង Taj Mahal នៅបង់ក្លាដែស គឺជាគម្រោងរបស់មហាសេដ្ឋី ជាម្ចាស់ផលិតកម្មភាពយន្តជនជាតិបង់ក្លាដែសម្នាក់ ដោយត្រូវចំណាយលុយប្រមាណ ៥៨លានដុល្លារសហរដ្ឋអាមេរិក និងរយៈពេលសាងសង់ប្រមាណ ៥ឆ្នាំ ហើយចាប់បើកទ្វារឲ្យទេសចរចូលទស្សនា នៅឆ្នាំ២០០៩។
ការសង់ចម្លង Taj Mahal នៅបង់ក្លាដែស ក៏បានធ្វើឲ្យមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាដែរ ទាំងពីសំណាក់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសបង់ក្លាដែសថែមទាំងបានគំរាមប្តឹងអ្នកចម្លងនេះទៀតផង ដោយចោទពីបទរំលោភលើកម្មសិទ្ធិបញ្ញា។ ក៏ប៉ុន្តែ អ្នកច្បាប់ឥណ្ឌាជាច្រើនបានពន្យល់ថា សិទ្ធិលើស្នាដៃស្ថាបត្យកម្ម Taj Mahal បានហួសរយៈពេលកំណត់នៃការការពារដោយអនុសញ្ញាអន្តរជាតិហើយ។
បើទោះជាមិនអាចដាក់បណ្តឹងតាមផ្លូវច្បាប់ ក៏នៅតែមានមតិជាទូទៅ នៅឥណ្ឌា នាំគ្នាតវ៉ាប្រឆាំងនឹងការចម្លង Taj Mahal នៅបង់ក្លាដែស ដោយលើកឡើងថា ការចម្លងនេះអាចនឹងធ្វើឲ្យទេសចរទៅទស្សនា Taj Mahal មែនទែន នៅឥណ្ឌាត្រូវធ្លាក់ចុះ។ ក៏ប៉ុន្តែ ទីបំផុត នៅក្រោយពេលដែល Taj Mahal នៅបង់ក្លាដែសសាងសង់រួច ហើយបើកទ្វារឲ្យទេសចរចូលទស្សនា គេមិនឃើញមានផលប៉ះពាល់ដល់ចំនួនអ្នកទៅទស្សនា Taj Mahal មែនទែន នៅឥណ្ឌា ភាពចម្រូងចម្រាសក៏បានស្ងប់ទៅវិញ។
តាមការសង្កេតកន្លងមក ការសង់ចម្លងអច្ឆរិយវត្ថុសំខាន់ៗ ដូចជា Tour Eiffel, Stonehenge និង Parthenon ជាដើម ហាក់ដូចជាមិនបានធ្វើឲ្យប៉ះពាល់ដល់ចំនួនអ្នកទៅទស្សនាអច្ឆរិយវត្ថុមែនទែន នៅកន្លែងដើមនោះទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ភាពចម្រូងចម្រាសជុំវិញកម្មសិទ្ធិបញ្ញាលើអច្ឆរិយវត្ថុក៏តែងតែកើតមានជារឿយៗដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ