អានតួអត្ថបទ
សហភាពអឺរ៉ុប

ប្រទេស​ជា​សមាជិក​ទំាង​២៧ប្រទេស​បាន​អនុម័ត​មូលនិធិ​បម្រុង​មាន​ទឹកប្រាក់ ៧៥ម៉ឺនលាន​អឺរ៉ូ

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ទំាង​២៧​ រូប​របស់​សហភាពអឺរ៉ុប​ដែល​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី​៧ មិថុនា ឆ្នំា ២០១០ នៅ​ក្នុង​ប្រទេស​លុចសំបួរ បាន​អនុម័ត​មូលនិធិ​បម្រុង​មាន​ទឹកប្រាក់ ៧៥​ម៉ឺន​លាន​អឺរ៉ូ និង​ព្រមព្រៀង​គ្នា​បង្កើត​ឲ្យ​មាន​អភិបាលកិច្ច​សេដ្ឋកិច្ច​រួម​មួយ។ គោលដៅ គឺ​ដើម្បី​ព្យាយាម​ជួយ​ស្រោចស្រង់​តម្លៃ​ប្រាក់​អឺរ៉ូ​ដែល​កំពុង​បន្ត​ចុះ​ ថ្លៃ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិកំាង និង​រំងាប់​ភាព​ជ្រួល​ច្របល់​នៅ​លើ​ទីផ្សារ​ភាគហ៊ុន។ ជាមួយ​គ្នា​នេះ អឺរ៉ុប​ក៏​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ណា​ដែល​មិន​ព្រម​គោរព​តាម​ សន្ធិសញ្ញា​រួម​របស់​អឺរ៉ុប។

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ទំាង​២៧រូប​របស់​សហភាពអឺរ៉ុប​ជួបប្រជុំ​នៅ​ ប្រទេសលុចសំបួរ
រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ទំាង​២៧រូប​របស់​សហភាពអឺរ៉ុប​ជួបប្រជុំ​នៅ​ ប្រទេសលុចសំបួរ ©Reuters
ផ្សាយពាណិជ្ជកម្ម

07:38

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

បន្ទាប់​ពី​បាន​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​តាន​តឹង​អស់​ជា​ច្រើន​ម៉ោង ​មក រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ទំាង​២៧​រូប​របស់​សហភាពអឺរ៉ុប​បាន​ ព្រមព្រៀង​គ្នា​បង្កើត​ឲ្យ​មាន​អភិបាលកិច្ច​សេដ្ឋកិច្ច​រួម​មួយ។ ដំបូង មាន​សមាជិក​ជា​ច្រើន​ ពិសេស ប្រទេស​ដែល​ចាយ​ប្រាក់​អឺរ៉ូ​មិន​ចង់​ឲ្យ​មាន​ ភិបាលកិច្ច​សេដ្ឋកិច្ច​រួម​ទេ។ តែ​កាលៈទេសៈ​នៃ​​ស្ថានភាព​ប្រាក់​អឺរ៉ូ និង​ស្ថានភាព​ហិរញ្ញ​អឺរ៉ុប​បាន​បង្ខំ​ឲ្យ​ទំាង​អស់​គ្នា​ទទួល​យក។ យ៉ាង​ណា​ក៏​ដោយ អភិបាលកិច្ច​សេដ្ឋកិច្ច​រួម​នៅ​តែ​ជា​គ្រោង​ឆ្អឹង​នៅ​ឡើយ ព្រោះ​គេ​នៅ​មិន​ទាន់​បាន​លំអិត​អំពី​ខ្លឹមសារ របៀបវារៈ កាលវិភាគ និង​សមាសភាព។

និយាយ​ពី​ចំណុច​វិជ្ជមាន​វិញ កិច្ច​ប្រជុំ​បាន​អនុម័ត​ជា​ផ្លូវការ​លើ​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​បង្កើត ​មូលនិធិ​រួម​មួយ​ដែល​មាន​ទឹកប្រាក់​បម្រុង​ចំនួន ៧៥​ម៉ឺន​លាន​អឺរ៉ូ និង​ដែល​គេ​ឲ្យ​ឈ្មោះ​ជា​ផ្លូវការ​ថា « មូលនិធិ​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ​អឺរ៉ុប »។ គឺ​ជា​ប្រាក់​បម្រុង​ទុក​សម្រាប់​ជួយ​សង្គ្រោះ​ប្រទេស​សមាជិក​នៅ​ក្នុង​ តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​ជួប​វិបត្តិ​ខ្វះ​ប្រាក់​បង្វិល។

នៅ​ក្នុង​ចំនួន​ទឹក​ប្រាក់​ទំាង ៧៥​ម៉ឺន​លាន​អឺរ៉ូ មាន ៥០​ម៉ឺន​លាន​អឺរ៉ូ​ជា​ការ​រួម​ចំណែក​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប និង​នៅ​សល់ ២៥​ម៉ឺន​លាន​អឺរ៉ូ​ ជា​ការ​រួម​ចំណែក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ មូលនិធិ​រួម​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៥០​ម៉ឺន​លាន​អឺរ៉ូ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​ផ្នែក ទីមួយ៖ គឺ​ទឹក​ប្រាក់​ចំនួន ៦ម៉ឺន​លាន​អឺរ៉ូ​ដែល​ជា​ប្រាក់​កម្ចី​របស់​គណៈកម្មការ​អឺរ៉ុប និង​ចំនួន ៤៤​ម៉ឺន​លាន​អឺរ៉ូ ជា​ការ​រួម​ចំណែក​របស់​ប្រទេស​សមាជិក​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។

ជា​គោលការណ៍ « មូលនិធិ​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ​អឺរ៉ុប » នឹង​អាច​ចាប់​ផ្តើម​អនុវត្តន៍​ក្នុង​រង្វង់​ខែ​មិថុនា និង​តាម​គម្រោង ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​ដែល​កំពុង​ជួប​វិបត្តិ​ក្ស័យធន​អាច​នឹង​ទទួល​បាន​​ ប្រាក់​កម្ចី​រហូត​ដល់ ៤៤​លាន​អឺរ៉ូ។ ជា​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់ និង​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ។

លោក Herman Van Rompuy ប្រធានផ្លាស់វេនសហភាពអឺរ៉ុប
លោក Herman Van Rompuy ប្រធានផ្លាស់វេនសហភាពអឺរ៉ុប ©AFP/Georges Gobet

ទណ្ឌកម្មថ្មី​ ចំពោះ​សមាជិក​រឹងរូស

ជា​មួយ​នឹង​កិច្ច​ព្រមព្រៀង​ថ្មី សហភាពអឺរ៉ុប​បាន​ចាប់​បង្ខំ​ឲ្យ​សមាជិក​គោរព​តាម​សន្ធិសញ្ញា​រួម​ដែល​មាន​ ស្រាប់។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ទំាង​២៧​រូប​បាន​ព្រម​ព្រៀង​គ្នា​បង្កើត​ ឲ្យ​មាន​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ប្រឆំាង​នឹង​សមាជិក​ណា​ដែល​ទុក​បណ្តោយ​ឲ្យ​ ឱនភាពថវិកានិងបំណុល​របស់​ខ្លួន​កើន​ជ្រុស​ហួស។ គេ​នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់​អំពី​ប្រភេទ​ទណ្ឌកម្ម​ថ្មី​ទេ តែ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ទំាង​២៧​រូប​បាន​ដាក់​សំណើ​មួយ​ចំនួន​ទៅ ​កាន់​គណៈកម្មការ​អឺរ៉ុប​មាន​ដូច​ជា បញ្ឈប់ ឬ​មួយ​ក៏​ព្យួរ​ប្រាក់​ឧបត្ថម្ភធន​ដល់​សមាជិក​រឹងរូស​ដែល​បន្ត​រំលោភ​លើ​ សន្ធិសញ្ញា​រួម​អឺរ៉ុប។ មួយ​វិញ​ទៀត រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ទំាង​២៧​រូប​ក៏​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ គណៈកម្មការ​អឺរ៉ុប​ត្រួតពិនិត្យ​មើល​គម្រោង​ថវិកាជាតិ​របស់​ប្រទេស​ជា​ សមាជិក​នីមួយៗ​ជា​មុន​សិន មុន​នឹង​សភា​របស់​ប្រទេស​នោះ​អនុម័ត​ទទួល​យក។ នេះ​ជា​រឿង​ថ្មី​មួយ​ដែល​ពី​ពេល​មុន មាន​ប្រទេស​មួយ​ចំនួន ពិសេស​អាឡឺម៉ង់ និង​បារំាង​ធ្លាប់​បាន​ជំទាស់​យ៉ាង​ខ្លំាង។ ទីក្រុង​ប៉ារីស​ធ្លាប់​បាន​ប្រកាស​ក្តែងៗ​ថា មិន​មែន​គណៈកម្មការ​អឺរ៉ុប​ទេ ជា​អ្នក​សម្រេច​គម្រោង​ថវិកាជាតិ​របស់​ប្រទេស​បារំាង​នោះ។

ជា​រួម​ទៅ សហភាព​អឺរ៉ុប​រិះរក​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ចាប់​បង្ខំ​ប្រទេស​ជា​ សមាជិក​ឲ្យ​វិល​មក​គោរព​តាម​កតិកាសញ្ញា​ស្ថិរភាព​រួម​របស់​អឺរ៉ុប។ កតិកាសញ្ញា​ស្ថិរភាព​បាន​ចែង​យ៉ាង​ច្បាស់​ថា ប្រទេស​សមាជិក​នីមួយៗ​មិន​ត្រូវ​ឲ្យ​មាន​ឱនភាពថវិកាលើស​ពី ៣%នៃផលិតផលក្នុងស្រុកសរុបនិង​ក៏​មិន​ត្រូវ​ឲ្យ​មាន​ប្រាក់​បំណុល​លើស​ ពី៦០%នៃផលិតផលក្នុងស្រុកសរុប។ គួរ​ជម្រាប​ជូន​ថា ជាង ១០ឆ្នំា​កន្លង​ទៅ​នេះ ប្រទេស​អឺរ៉ុប​សឹង​តែ​ទំាង​អស់​មិន​បាន​អនុវត្តន៍​​ត្រឹម​ត្រូវ​នូវ​ គោលការណ៍​រួម​នោះ​ទេ។ មាន​ប្រទេស​ជា​ច្រើន​បាន​ទុក​បណ្តោយ​ឲ្យ​ឱនភាពថវិការបស់​ខ្លួន​បន្ត​កើន​ឡើង និង​ចាយលុយ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន​រហូត​ដល់​ជំពាក់​​បំណុល​​គេ​​វ័នក គ្មាន​លទ្ធភាព​សង ដូច​ករណី​ប្រទេស​ក្រិក​នា​ពេល​បច្ចុប្បន្ន។

ឃើញ​ថា តាម​រយៈ​វិធានការ​ថ្មី​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​តម្លែ​ប្រាក់​អឺរ៉ូ​នៅ​ ថ្ងៃ​អង្គារ ទី ៨ មិថុនា ឆ្នំា ២០១០ ងើប​ឡើង​វិញ​បន្តិច (១អឺរ៉ូ​ដូរ​បាន ១ដុល្លារ ២០​សេន) បើ​ប្រៀប​នឹង​ថ្ងៃ​ម្សិលមិញ រីឯ​ស្ថានភាព​នៅ​ផ្សារ​ភាគហ៊ុន​ក៏​ហាក់​ដូច​ជា​គ្រាន់​បើ​បន្តិច​ដែរ។ សំណួរ​ដែល​ចោទ តើ​វិធានការ​ទំាង​អស់​នឹង​អាច​ផ្តល់​ប្រសិទ្ធិភាព​កំរិត​ណា ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ